អាកាសធាតុ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​នឹង​បន្ត​ចុះត្រជាក់​នៅ​ក្នុង​សប្ដាហ៍​នេះ

ទាហាន​ខ្មែរ​ឈរ​យាម​នៅ​លើ​ដី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ២០០៨។ (REUTER)

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតាមបណ្តាខេត្តមួយចំនួន ក្នុងតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និង​តំបន់មាត់សមុទ្រ អាច​នឹង​ចុះត្រជាក់​ចន្លោះពី១៦ទៅ២២អង្សាសេទៅតាមតំបន់នីមួយៗ នៅក្នុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​ ស្តីពីស្ថានភាពអាកាសធាតុ ចុះ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យ​ដឹង​ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កម្ពុជា​នឹង​​បន្ត​​ទទួលរង​ឥទ្ធិពល​​ពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតបង្គួរ និងខ្យល់មូសុង​ឦសាន ក្នុងកម្រិតមធ្យម​ ដែលស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់​មាត់សមុទ្រ នឹងបន្តចុះត្រជាក់។

ប្រភពដដែលបន្តថា ​​​សម្រាប់នៅតំបន់ខ្ពង់រាប ដែលមានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ​ និងឧត្ដរមានជ័យ​ អាកាសធាតុអាច​នឹងចុះត្រជាក់អប្បបរមា​ក្នុង​រង្វង់ពី១៥ទៅ២២​អង្សាសេ ក្នុងនោះ នៅពេល​ព្រឹក និងពេល​យប់ អាចត្រជាក់ក្នុងរង្វង់១៥ទៅ១៧អង្សាសេ ខណៈសីតុណ្ហភាពអតិបរមាមានចន្លោះពី២៨ទៅ៣២អង្សាសេ។

នៅតំបន់ទំនាបកណ្តាល ក្រសួងថាអាចមានសីតុណ្ហភាពអប្បបរមា ក្នុងចន្លោះពី១៨ទៅ២២អង្សាសេ និង​សីតុណ្ហភាពអតិបរមាមានចន្លោះពី២៨ទៅ៣២អង្សាសេ។

ចំណែកតំបន់មាត់សមុទ្រ ក្រសួងថា សីតុណ្ហភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៩ទៅ​២២អង្សាសេ និង​សីតុណ្ហភាពអតិបរមាមានចន្លោះពី២៩ទៅ៣២អង្សាសេ។

ករណីនេះ ក្រសួង​បន្ត​អំពាវនាវ​ដល់ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ថែរក្សា​សុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ