តុលាការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ដោយថាសំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅ «ជំនុំជម្រះ»

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការសម្រេចបន្តឃុំខ្លួនប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ក្រោមហេតុផលថា សំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅជំនុំជម្រះ ដោយចោទប្រកាន់ពីបទ «បំពានលើបម្រាមដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ» ខណៈសង្គមស៊ីវិលថា ការសម្រេចនេះជារឿងមិនត្រឹមត្រូវ ព្រោះនេះមិនមែនជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ តែជាកំហុសនីតិវិធីរបស់តុលាការ ដែលមិនបានផ្តល់ដំណឹងពាក់ព័ន្ធដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការទៅកញ្ញា និងមេធាវី។

ការសម្រេចនេះកើតឡើងបន្ទាប់ពីប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម សុីថរ ចូលសវនាការនៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ ខណៈកញ្ញាត្រូវគេឃុំខ្លួនជាលើកទី២ តាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលត្រលប់មកពីកិច្ចប្រជុំអន្តរជាតិនៅប្រទេសអូស្រ្តាលីវិញ។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សវនាការនាព្រឹកថ្ងៃពុធនេះ ជាសវនាការអសាធារណៈ ដូច្នេះមានតែកញ្ញា ឈឹម ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញាទេ ដែលអាចចូលសវនាការនោះបាន។

បើទោះជាយ៉ាងនេះក្តី លោក អំ សំអាត ថា នៅពេលដំណាក់កាលប្រកាសសាលដីកា គឺលោកបានស្តាប់ឮការប្រកាស។ ក្នុងនោះ ក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំទេ ក្រោមហេតុផលចំនួន៣ រួមមាន ទី១ សំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅជំនុំជម្រះ, ទី២ រក្សាកញ្ញាទុកក្នុងពន្ធនាគារដើម្បីជំនុំជម្រះ និងទី៣ កញ្ញារងការចោទប្រកាន់ពីបទ «បំពានលើបម្រាមដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ»

ក្នុងនាមស្ថាប័នការពារសិទ្ធិមនុស្ស ដែលតាមដានលើករណីនេះយ៉ាងសកម្ម លោកចាត់ទុកការសម្រេចនេះថាជារឿងមិនត្រឹមត្រូវ ដោយថា នេះមិនមែនជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ ពីព្រោះទាំងកញ្ញា និងមេធាវី មិនទទួលបានការជូនដំណឹងនូវដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការទាល់តែសោះ។ លោកថា នេះជាកំហុសនីតិវិធីរបស់តុលាការសុទ្ធសាធ។

លោកបន្ថែមថា៖ «អ៊ីចឹងកញ្ញា ឈឹម ស៊ីថរ ចេញទៅក្រៅ ក៏មិនមែនជាកំហុសដែរ ពីព្រោះអត់មានការជូនដំណឹងពីការទទួលដីកាហ្នឹង។ ហើយទី២ បើសិនជាការចាប់ វាគួរតែឃាត់នៅពេលកញ្ញាចេញទៅ មិនមែនត្រលប់មកវិញហើយបានឃាត់ទេ។ អាហ្នឹងបើសិនជាពេលចេញទៅ ឃាត់ ហើយយកទៅតុលាការៗអាចបញ្ជាក់ថាមានដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ ឱ្យកញ្ញា ឈឹម ស៊ីថរ បានឃើញ និងទទួល គឺប្រហែលជាមិនមានរឿងអ៊ីចឹងបន្តទៅទៀតទេ។ អ៊ីចឹងនេះមិនមែនជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ វាជាកំហុសនីតិវិធីតុលាការតែម្តង។ តែយើងសោកស្តាយ កំហុសនីតិវិធីរបស់តុលាការ តែអ្នករងគ្រោះ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនឡើងវិញ»។

យ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះថា ក្រុមមេធាវីការពារក្តីឱ្យកញ្ញា ឈឹម ស៊ីថរ នឹងដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ពាក់ព័ន្ធការសម្រេចមិនឱ្យនៅក្រៅឃុំនេះ។

សម្រាប់លោក អំ សំអាត ការបន្តឃុំខ្លួនប្រធានសហជីពណាហ្គារូបនេះ គ្មានផលចំណេញដល់កម្ពុជាសោះ ខណៈសហគមន៍អន្តរជាតិកំពុងចាប់អារម្មណ៍ខ្លាំង និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីកញ្ញា។ ពួកគេទាមទារឱ្យមានការដោះលែងកញ្ញាដោយឥតលក្ខខណ្ឌ និងជំរុញឱ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ក្រោយការបន្តឱ្យកញ្ញាជាប់ឃុំពីសំណាក់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក អំ សំអាត ជំរុញសាលាដំបូងរាជធានីភ្នំពេញ ពន្លឿនការជំនុំជម្រះឱ្យបានឆាប់ និងទម្លាក់ចោលរាល់បទចោទប្រកាន់លើកញ្ញា ឈឹម ស៊ីថរ និងសហជីពផ្សេងទៀត ហើយដោះលែងពួកគេឱ្យមានសេរីភាព បានចូលបំពេញការងារជាសហជីពឡើងវិញ។

វីអូឌី នៅមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានទេ នៅថ្ងៃទី២៨ ខែធ្នូនេះ។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា ការចាប់ខ្លួនកញ្ញា ស៊ីថរ ដោយលើកយកមូលហេតុថា កញ្ញាមិនបានគោរពតាមលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅពេលដែលកញ្ញាមិនដែលទទួលបានការជូនដំណឹងពីអាជ្ញាធរ និងតុលាការ អំពីលក្ខខណ្ឌទាំងនោះ គឺជាការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោកស្នើឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

លោកបន្តថា ប្រសិនបើតុលាការឯករាជ្យ សុក្រឹត យុត្តិធម៌ កញ្ញា ឈឹម សុថរ គួរតែត្រូវបានការលើកកម្ពស់ និងការពារដោយច្បាប់។ លោកថា ការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូ​បនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយថា ការចោទប្រកាន់របស់តុលារការមិនបានផ្អែកលើមូលដ្ឋានច្បាប់។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ សកម្មភាពរបស់កញ្ញា ស៊ីថរ គឺជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងអនុសញ្ញាស្នូលរបស់អង្គការ ILO, ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជាសមូហភាពរបស់សមាជិក។

លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖ «ករណីនេះ ក្នុងនាមយើងជាអង្គការសង្គមសុីវិល ធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ ជំរុញឱ្យតុលាការធ្វើការពិចារណាទ្បើងវិញ ក្នុងការពិនិត្យមើលសំណុំរឿង​ការចោទប្រកាន់របស់តុលារការ​ ដើម្បីទម្លាក់ចោលបទចោទប្រកាន់មកលើមេដឹកនាំសហជីព និងសកម្មជនសហជីពដទៃទៀតដែលទទួលរងការចោទប្រកាន់ពីតុលាការដោយអយុត្តិធម៌»។

ចំណែកសកម្មជនសហជីពបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា លើកឡើងថា កញ្ញាក៏បានចូលរួមលើកទឹកចិត្តប្រធានសហជីព កញ្ញា​ ឈឹម ស៊ីថរ ពីខាងក្រៅសវនាការនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធនេះដែរ។

កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ថា៖ «យើងមើលឃើញថា ប្រព័ន្ធតុលាការ គឺអនុវត្តច្បាប់តែលើពួកយើងដែលជាបុគ្គលិក-កម្មករក្រីក្រទេ។ សម្រាប់អ្នកដែលមានធនធាន មានឋានៈ យសសក្តិ គឺមិនមានប្រព័ន្ធច្បាប់ណាទៅអនុវត្តទេ។ ជាក់ស្តែងដូចជារឿងថ្មីៗដែលបុកគេស្លាប់តាមផ្លូវហ្នឹង រកអត់ឃើញអ្នកបង្កហ្នឹងទេ ចាប់ខ្លួនអត់បានទេ។ ប៉ុន្តែសម្រាប់យើងវិញ បែរជាសុទ្ធតែថាយើងហ្នឹងលួចជិះយន្តហោះ ហើយល្មើសបម្រាម។ សួរថាមនុស្សដែលមានបម្រាមណាដែលដឹងថាខ្លួនឯងមានបម្រាមហើយល្មើស? គឺមានតែមនុស្សអត់ដឹងទេ បានគាត់ចេញទៅក្រៅស្រុកហ្នឹង។ ហើយបើសិនជាដាក់ទោស ស៊ីថរ ក៏ខ្ញុំស្នើទៅលោកតុលាការជាទីគោរពហ្នឹងដាក់ទោសមន្ត្រីរបស់គាត់ផង ព្រោះមន្ត្រីរបស់គាត់មិនបានធ្វើការ មិនបានបញ្ជូនឯកសារបម្រាម បងស៊ីថរ ហ្នឹងមកឱ្យគាត់[ឈឹម ស៊ីថរ] ឬក៏មេធាវីរបស់គាត់ទេ»។

កញ្ញាថា ត្រេកអរដែលបានឃើញកញ្ញា ឈឹម ស៊ីថរ មួយភ្លែត ពេលរថយន្តអាជ្ញាធរដឹកកញ្ញា ស៊ីថរ ចេញពីសាលាឧទ្ធរណ៍ក្រោយចប់សវនាការ ក្នុងនោះ គាត់ឃើញប្រធានសហជីពរូបនេះមានស្មារតីនឹងនរ រាដៃដាក់ពួកគាត់ពីក្នុងរថយន្ត និងមិនចុះញ៉ម បើទោះជាប់ឃុំជាលើកទី២ជាងមួយខែក៏ដោយ។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គារូបនេះថា ការសម្រេចបន្តឃុំខ្លួនកញ្ញា ស៊ីថរ គឺបង្ហាញថា តុលាការកម្ពុជាមិនគោរពស្មារតីនៃច្បាប់។

កញ្ញាថាបានគិតទុកមុនរួចហើយថា ការសម្រេចរបស់តុលាការ គឺប្រាកដជាបន្តឃុំខ្លួនកញ្ញា ស៊ីថរ ពីព្រោះឱ្យតែសហជីពណាដែលហ៊ានតវ៉ា គឺមិនដែលទទួលបានយុត្តិធម៌ពីតុលាការទេ។ បែបនេះក្តី កញ្ញាថា ពួកគាត់ទៅលើកទឹកចិត្តនៅពីមុខសាលាឧទ្ធរណ៍ ព្រោះចង់បង្ហាញថា ប្រធានសហជីពរបស់គាត់មិនឯកោទេ។ 

កូដករណាហ្គាវើលដ៍រូបនេះចង់ឃើញតុលាការអនុវត្តតាមស្មារតីនៃច្បាប់ ដោយមិនអនុវត្តក្រោមអំណាច ឬតាមតែការបញ្ជា ខណៈក្រុមសហជីពបានរងនូវទុក្ខលំបាក​ និងការរំលោភសិទ្ធិម្តងហើយម្តងទៀត។

ប្រធានសហជីព​ប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនកញ្ញានៅព្រឹកថ្ងៃដដែល ​ដោយចោទថាកញ្ញាបានល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។ ​

ការចាប់និងបញ្ជូនខ្លួនកញ្ញា ឈឹម ស៊ីថរ ​ទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។

​សមាជិក​សហ​ជី​ព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​បន្ទាប់ពី​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​ក្នុង​នោះ​ក៏មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ផងដែរ។​ ​កញ្ញា​ ​ស៊ីថ​រ​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីដើមឆ្នាំ២០២២នេះ​ អាច​ប្រឈមមុខនឹង​កា​រជាប់ពន្ធ​នាគា​រ​រយៈពេល​២​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​ពួកគេមានទោស​​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ