វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ២០២២៖ មហិច្ឆតា​ចង់​បាន​ដីធ្លី​ឈាន​ដល់​ការ​រំលោភ​ដីបឹង និងព្រៃធម្មជាតិ

ព្រៃនៅភ្នំតាម៉ៅត្រូវបានកាប់ឆ្ការសម្រាប់គម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងជាជម្រករបស់សត្វជិតផុតពូជ។ ផ្នែកជាច្រើននៃព្រៃនេះត្រូវបានធ្វើឯកជនភាវូបនីយកម្មដោយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យផ្អាកការឈូសឆាយ។ រូបថតនេះគឺជាសកម្មភាពប្រជាជនប្រមូលឈើដែលនៅសេសសល់យកមកធ្វើអុស។ (រូបថត៖ Andy Ball for Southeast Asia Globe)

តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។

មហិច្ឆតាក្នុងការលេបត្របាក់ដីធ្លីបានបង្កឱ្យមាន​ការ​ប្រណាំង​ប្រជែង​គ្នា​ឥត​ឈប់ឈរ​ ដើម្បី​កាប់​ព្រៃ​ និងលុប​បឹងបួនានា។

មហិច្ឆតាខាងលើនេះទៀតសោតក៏បានលុបបំបាត់​សហគមន៍​ជាច្រើន​ក្នុង​ឆ្នាំ២០២២ ខណៈ​ប្រព័ន្ធ​អេកូឡូស៊ី​ក៏ត្រូវ​បាន​បំផ្លាញ​ក្នុងដំណើរការនេះផងដែរ​។

ទាក់ទិននឹងករណីនេះ អ្នកល្បាតទាំងឡាយ ជានិច្ចកាល តែងតែរកឃើញនូវភស្តុតាងនៃសកម្មភាពកាប់ឈើដែលត្រូវបានរៀបចំទុកនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរការ តំបន់ការពារក្នុងខេត្តមណ្ឌលគិរី ភ្នំក្រវាញ និងភ្នំឱរ៉ាល់។

សហគមន៍ជនជាតិដើមភាគតិចនានាបានទទួលរងនូវសម្ពាធយ៉ាងខ្លាំង ក្នុងការលះបង់ដីរបស់ពួកគេ ដែលក្នុងនោះ សកម្មជនកួយក៏បានតវ៉ាទាក់ទងនឹងការបាត់បង់ដីដែន​ជម្រក​សត្វ​ព្រៃ «បឹង​ពែរ» ឱ្យទៅក្រុមហ៊ុន សម្បត្តិ ផ្លេធីអឹម (Sambath Platinum) ខណៈប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយ ក្នុងខេត្តកំពង់ស្ពឺ ក៏ធ្លាប់បានព្យាយាមបញ្ឈប់ការទន្ទ្រានធ្វើឡើងដោយក្រុមហ៊ុនមួយដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងក្មួយប្រុសរបស់លោក ហ៊ុន សែន ផងដែរ។

ជាមួយគ្នានេះ ក្រុមជនជាតិដើមភាគតិចមកពីខេត្តរតនគិរី មណ្ឌលគិរី និងព្រះវិហារ ក៏ប្រឈមមុខនឹងការកោះហៅដើម្បីសាកសួរ និងសម្ពាធពីតុលាការផងដែរ បន្ទាប់ពីពួកគេតវ៉ាប្រឆាំងនឹងក្រុមហ៊ុនផ្សេងៗ។

អាជ្ញាធរ​ក៏បាន​ចាត់វិធានការលើ​សហគមន៍​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពួកគេ​ពី​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ និង​ភូមិ​បណ្តែតទឹក​ក្នុងបឹង​ទន្លេសាប ហើយអ្នក​ដែល​ត្រូវបានគេ​បង្ខំ​ឱ្យ​ផ្លាស់ទៅ​រស់​នៅ​លើ​ដី​គោក​ ពីផ្ទះ​បណ្ដែត​ទឹក​ ក្នុង​ខេត្ត​កំពង់ឆ្នាំង ក៏ទទួលបាន​ផ្ទះ​ដែល​ស្ថិតនៅក្នុងតំបន់លិចទឹក។

ការបំពុល និងសំរាម គឺជាក្តីកង្វល់បរិស្ថានដ៏ធំរបស់ប្រជាជនកម្ពុជា ក្នុងនោះ យុទ្ធនាការស្ដារប្រឡាយក៏ចាប់ផ្តើមនៅឆ្នាំនេះផងដែរ។ ភាពអនាធិបតេយ្យត្រូវបានប្រើប្រាស់ជាហេតុផល ដើម្បីផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋចេញពីប្រឡាយ។

ទាក់ទិននឹងករណីនាំខ្សាច់ចេញទៅក្រៅប្រទេសវិញ ក្នុងនោះ កប៉ាល់​ដឹកខ្សាច់ក៏ត្រូវបានប្រទះឃើញដោយអ្នក​រាយការណ៍​ព័ត៌មាន​ ថាបាន​​ដឹក​​ខ្សាច់​​​ចេញ​​​ពី​​ទន្លេ​​មេគង្គទៅកាន់ប្រទេសវៀតណាមផងដែរ។​

អ្នកការពារបរិស្ថានដ៏ល្បីល្បាញមួយរូបគឺ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់អស់រយៈពេល១០ឆ្នាំមកហើយ ក្រោមរូបភាពដ៏គួរឱ្យសង្ស័យនៅជួរភ្នំក្រវាញ។ ទោះជាយ៉ាងណា ក្រៅពីការផ្ដល់តម្លៃដល់សកម្មជនទាំងឡាយ អ្នកការពារដីធ្លីជនជាតិដើមភាគតិចមួយរូបដែលហ៊ានលើកឡើងពីការពិត បែរជាត្រូវចាប់ខ្លួនដាក់ពន្ធនាគារទៅវិញ។

ឆ្នាំ​២០២២​នេះ​ បាន​បញ្ចប់​ដោយ​ការ​ភ្ញាក់ផ្អើលមួយសម្រាប់​ក្រសួង​កសិកម្ម​ ដែល​បាន​ខិតខំ​ប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ​រក្សា​មុខមាត់របស់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងមួយប្រឆាំងនឹងមន្ត្រីក្រសួងកសិកម្មពីររូប ពីបទ «ជួញដូរសត្វស្វាព្រៃសម្រាប់ការធ្វើពិសោធ» ដោយក្នុងនោះ មន្ត្រីសហរដ្ឋអាមេរិកក៏បានចាប់ខ្លួនប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល អំឡុងពេលលោក​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុតពូជ CITES (សាយតេស)។

បន្ទាប់ពីដឹងករណីនេះ អ្នកសារព័ត៌មានបានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីជួបជាមួយកម្មករនៅក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដែលមានកសិដ្ឋានចិញ្ចឹមស្វា និងអ្នកបរបាញ់សត្វស្វានៅស្រុកវាលវែង។

ទាក់ទិននឹងករណីនេះ ក្រុមហ៊ុនជួញដូរសត្វស្វាមួយរបស់អាមេរិកសម្រា​ប់គោលដៅវេជ្ជសាស្ត្រ បានឱ្យដឹងថា ការផ្គត់ផ្គង់សត្វស្វារបស់ខ្លួនពីកម្ពុជាក៏ត្រូវបានបញ្ឈប់ផងដែរ។ ទោះជាយ៉ាងណា សកម្មជនព្រៃឡង់នៅតែរកឃើញសញ្ញានៃអ្នកប្រមាញ់សត្វស្វានៅក្នុងតំបន់ការពារទាំងនេះដដែល។

វិវាទដីធ្លីធំៗ

រដ្ឋាភិបាល​បាន​បន្ត​បែងចែក​ដី​រដ្ឋ​ឡើងវិញ​ដល់​ឥស្សរជន ឧកញ៉ា និងក្រុមហ៊ុននានា តាមរយៈអនុក្រឹត្យ​ដែល​ចេញ​ជា​បន្តបន្ទាប់ ខណៈអ្នកទទួលដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំនេះ រួមមាន នាយកក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa), កំពូល​តារា​ចម្រៀងដ៏ល្បីល្បាញមួយរូប, កូនរបស់ឧកញ៉ាដ៏ល្បីម្នាក់, ឧត្តមសេនីយផ្កាយបួន, ប្អូនស្រីរបស់លោក ហ៊ុន សែន, ជំនួយការរបស់លោក ហ៊ុន សែន រួមនឹងឧកញ៉ាដែលជាម្ចាស់កាស៊ីណូ និងទីតាំងប្រតិបត្តិការឆបោក ជាដើម។

មន្ត្រីក្រសួងដែនដីមួយរូបបានលើកទឹកចិត្តឱ្យមានការចាក់ដីលុបបឹងតាមោក ដោយករណីនេះបានបង្កឱ្យមានជាការខកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅបឹងតាមោក ដោយសារតែបឹងនេះត្រូវបែងចែកទៅឱ្យឧកញ៉ា អ្នកមានអំណាច និងសមាជិកគ្រួសារមន្ត្រីរដ្ឋាភិបាល។

នៅក្នុងឆ្នាំនេះ ប្រជាពលរដ្ឋក៏បានតវ៉ា រួមទាំងជេរប្រមាថដល់មន្ត្រីដែលយកផ្ទះរបស់ពួកគេផងដែរ។

មហិច្ឆតាក្នុងការលេបត្របាក់ដីធ្លី ក៏បានងាកទៅរកតំបន់ធម្មជាតិនៅក្នុងខេត្តផ្សេងទៀត ដែលក្នុងនោះរួមមាន បឹងទ្រា ក្នុងខេត្តកណ្តាល និងរមណីយដ្ឋានទន្លេបាទី ក្នុងខេត្តតាកែវ។

ព្រៃ​មេត្តា​ធម្មជាតិ​ ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ គឺជាទីតាំងដ៏ស្ងប់ស្ងាត់មួយសម្រាប់ព្រះសង្ឃគង់នៅជាមួយធម្មជាតិ។​ ទោះជាយ៉ាងណា តំបន់នេះត្រូវបានឈូសឆាយ ដើម្បីយកដីសម្រាប់ផ្ដល់ជូនដល់គ្រួសារយោធា ខណៈអ្នកស្រុកលើកឡើងថា ការកាប់បំផ្លាញគឺត្រូវបានធ្វើឡើងហួសពីព្រំដែនដែលកំណត់។

ជាមួយគ្នានេះ ព្រះ​តេជព្រះគុណ ​ព្រំ សុជាតិ ជាព្រះសង្ឃមួយអង្គ​ដែល​គង់​នៅ​ក្នុង​ព្រៃ​មេត្តាធម្មជាតិ ក៏បាន​បាត់​បង់​អាស្រម​ដោយសារតែ​ការ​ឈូស​ឆាយផងដែរ។

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការបណ្ដេញចេញទ្រង់ទ្រាយធំនៅទូទាំងតំបន់រមណីយដ្ឋាន​អង្គរ ក្នុងខេត្តសៀមរាប ក្រោមហេតុផលថា អង្គការយូណេស្កូកាលពីពេលកន្លងទៅធ្លាប់លើកឡើងទាក់ទងនឹងផលប៉ះពាល់របស់អ្នករស់នៅក្នុងឧទ្យានអង្គរមកលើប្រាសាទ។

ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ ត្រូវផ្លាស់ប្ដូរទៅរស់នៅតំបន់រុនតាឯក ជាតំបន់ដាច់ស្រយាលមួយមានចម្ងាយ២៥គីឡូម៉ែត្រពីប្រាសាទ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថានឹងបង្កើតជា​ទីក្រុង​រណប​នៅក្នុងពេលអនាគត។

ទាក់ទិននឹងករណីខាងលើ អ្នកស្រុកជិត ១ម៉ឺននាក់ បានទទួលយកការផ្លាស់ប្តូរទីតាំងនេះ ខណៈអ្នកផ្សេងទៀតលើកឡើងថា ពួកគេមិនបានទទួលសំណង ឬបណ្ណកម្មសិទ្ធិដីធ្លីអ្វីនោះទេ ហើយ​មួយចំនួន​ទៀតក៏បាន​តវ៉ា​នឹង​ការ​ផ្លាស់​ប្ដូរទី​តាំងនេះផងដែរ។

ការបែងចែកដីមួយកន្លែងទៀតដែលបង្កឱ្យមានប្រតិកម្មខ្លាំងពីសំណាក់ពលរដ្ឋ បានកើតឡើង នៅពេលដែលលោក​​​ឧក​​​ញ៉ា ឡេង ណា​​វ៉ា​​ត្រា និងលោកឧកញ៉ា ឃុន សៀ ទទួលបានដីព្រៃភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈក្រុមការងារ​បាន​ឈូស​ឆាយ​ដីព្រៃ​ជាង ៥០០​ហិកតាយ៉ាង​ឆាប់​រហ័ស។

ទោះជា​​យ៉ាងណា ការដោះដូរ​និងអភិវឌ្ឍ​តំបន់ភ្នំតាម៉ៅ​នេះ ​បន្ទាប់មកត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​នេះ ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន និង​បញ្ជាឱ្យដំាដើម​ឈើ​ឡើងវិញ​។

បច្ចុប្បន្ន​នេះ ​តំប​ន់​​ភ្នំតាម៉ៅ មា​នស​ភាព​​ស្ង​ប់​ស្ងាត់ និងហាក់​ដូច​ជា​ប្រែក្លាយ​​​ទៅ​ជា​ឧទ្យានមួយ បន្ទាប់ពីអង្គភាព​អង្គ​រក្សរ​បស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីតំបន់នេះក្រោយ​កាន់​កាប់​អស់​រយៈ​ពេល​ប្រមាណជា១ខែ។

នៅក្នុងឆ្នាំ២០២២នេះផងដែរ រដ្ឋាភិបាលក៏បានបន្តការបង្ក្រាបការកាប់រានព្រៃលិចទឹក ការធ្វើកសិកម្ម និងការនេសាទនៅក្នុងបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក ខណៈអាជ្ញាធរក៏​បានដាក់​ពិន័យ​លើមន្ត្រី​មួយ​ចំនួនផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Greed for Land Consumes Lakes, Forests: Environment 2022

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ