លោក ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​និង​អាជ្ញាធរ​ចុះបញ្ជី​ក្បាលដី​ជូន​ពលរដ្ឋ​ឱ្យ​បាន​រួចរាល់​នៅ​ឆ្នាំ២០២៣

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យ​ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿន​​ការ​​​​ចុះ​បញ្ជីក្បាល​​ដី​ជូន​​ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាដីធ្លី​ និង​​​​អនុវ​​ត្តកា​រ​ងារ​​កាត់​ឆ្វៀល​ដី​តំបន់​បឹងទន្លេ​សាប​​ជូន​ប្រជាពលរដ្ឋឱ្យបាន​​​រួ​ចរា​ល់​នៅ​​​ឆ្នាំ២០២៣។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ក្រើនរំឭកដល់ក្រសួងពាក់ព័ន្ធ​ និង​​​​អភិបាលខេត្តទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើការ​ងារ​ចុះ​បញ្ជីក្បាល​​​ដី​ជូន​​ប្រជាពលរដ្ឋ​ ដោយ​ត្រូវពន្លឿនការ​ងារ​នេះឱ្យ​បាន​ ១០០ភាគ​រយ នៅ​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន​សម្រេចបានជាង ៩០ភាគរយ ​ទៅ​ហើយ​នោះ។

លោកបន្តថា ការ​​ពន្លឿន​ការ​​អនុវត្តផែន​ការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់​រដ្ឋ ដី​សម្បទាន​សេដ្ឋ​កិច្ច និង​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ធានានូវសុវត្ថិភាពនៃការកាន់កាប់​ដីធ្លី ដែលជាទុនសម្រាប់ការ​រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើត​មុខ​របរ និង​បង្កើន​ប្រាក់​ចំណូល។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់​ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះ ពន្យារ​នូវការ​ធ្វើ​រឿង​នេះ ទោះបីការ​ចុះបញ្ជី ឬធ្វើកម្មសិទ្ធិ ជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺ​ហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្តែធ្វើដោយ​មិនមាន គេហៅថាមិនមាន​​ការ​ជំរុញ គឺមិនមាន​សន្ទុះ ដែលធ្វើឱ្យ​ប្រជាជនរង់​ចាំរឿង​នេះ»។

លោកបន្ថែម​​​​​ថា៖ «ព្រោះរឿងនេះ វាជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋរបស់យើង​ នេះ​ជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀស​វាង​ការកើតឡើង​នូវ​បញ្ហានានា​ជាបន្តទៀត ​[…]​ ​ខ្ញុំសុំ​ឱ្យ​អស់​លោក​យកចិត្ត​ទុក​ដាក់ជំរុញ ជាពិសេស​អភិបាល​ខេត្ត​ដែលជាប្រធានគណៈកម្មការ​ដីថ្នាក់ខេត្ត មើលកិច្ចការងារនេះ​ឱ្យបានខ្ជាប់ខ្ជួន ដោះស្រាយបញ្ហាទាក់ទងជាមួយបញ្ហាដី។ ដី​​​របស់រដ្ឋ​ក៏ត្រូវ​មើល ដីសហគមន៍ក៏ត្រូវមើល ហើយ​ដីរបស់ប្រជាជនដែលមិនទាន់បានចុះបញ្ជីក៏ត្រូវធ្វើឱ្យ​ពួកគាត់ ចាត់ទុកថានេះជាសេវាចាំបាច់ ឬជាសេវាតម្រូវការតែម្តង បើមិនដូច្នេះទេ គឺថា​នៅអង្អែលៗហ្នឹងហើយ»។

ជាមួយគ្នានេះ លោក​​បានណែនាំ​ឱ្យ​អាជ្ញាធរ​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទក្រៅ​​ប្រព័ន្ធ​តុលាការ​ នៅថ្នាក់​មូ​​ល​​ដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើត​ភាព​សុខ​ដុម​រមនាសង្គម បង្ក​ភាព​អនុ​គ្រោះដ​ល់​ដំណើរ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចនៅតាម​មូលដ្ឋាន និងឈានទៅបង្កើនល្បឿន​នៃការកាត់បន្ថយភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​​បាន​​ណែនាំ​​ឱ្យ​​អាជ្ញាធរ​​​​បន្ត​ដោះ​ស្រាយ​បញ្ហា​​​ជូន​​ប្រជាពល​រដ្ឋ​​ដែល​​រស់​​នៅ​​ជា​ភូមិករ​ នៅជុំវិញបឹងទន្លេសាប ដោយ​ធ្វើ​បច្ចុប្បន្នភាពផែនទី​តាម​ខេត្តនីមួយៗ កែ​សម្រួល​​​​ព្រំប្រទល់តំបន់​៣ ព្រំប្រទល់​តំបន់​២ និង​កាត់​ឆ្វៀល​​ទីតាំង​​ដី​ដែល​ប្រជា​ពលរដ្ឋ​​​រស់​នៅ​ពី​យូរ​លង់​មក​ហើយ​ក្នុង​តំបន់ទាំង​​​២នេះ​ ឱ្យ​បាន​រួចរាល់ត្រឹមខែឧសភា មុន​​​ការ​​បោះ​​ឆ្នោត​សកល ​​​​ឆ្នាំ​​២០២៣។

ភ្លាមៗ​បន្ទាប់​ពីការ​ណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងរៀបចំដែនដី បាន​ចេញសេចក្តីប្រកាស​​ព័ត៌​មានមួយ​​ដោយ​គូសបញ្ជាក់ថា ​ទិស​ដៅ​ការងារសម្រាប់​​ឆ្នាំ២០២៣ ក្រសួង​នឹង​បន្ត​​អនុវត្ត​ផែន​កា​រ​ចុះបញ្ជីដីធ្លី រួមទាំងការ​ចុះបញ្ជីដីរដ្ឋ ដីសាធារណៈ​របស់រដ្ឋ ដី​សម្បទានសេដ្ឋកិច្ច ដីរដ្ឋ​ជុំវិញបឹងទន្លេសាប និង​ដីស​ហគមន៍ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានានូវសុវត្ថិភាពនៃការ​កាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ។

ក្រសួងរៀបចំដែនដី ក៏បានបង្ហាញពីការ​ប្ដេជ្ញាក្នុងការ​​​​ជំរុញការដោះស្រាយ​វិវាទដីធ្លី​ក្រៅប្រព័ន្ធតុលាការ ដោយ​ឈរ​លើគោ​លការណ៍​​អព្យាក្រឹត មិន​លម្អៀងលើ​ភាគីវិវាទ​ណា​មួយ ដើម្បីពង្រឹង​​សុវត្ថិ​ភាព​នៃកា​រ​កាន់​កាប់​ដី បង្កើត​​ភាព​សុខ​ដុមរមនាសង្គម និង​បង្ក​ភាពអនុគ្រោះដល់​ដំណើរ​ការ​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅតាមមូលដ្ឋាន។ ក្រៅពីនោះ ក្រសួងក៏នឹងបន្តដោះស្រាយ និងកាត់ឆ្វៀលទីតាំងដីដែលប្រជាពលរដ្ឋរស់នៅ​ជាយូរលង់មក​ហើយ ​​ក្នុងតំបន់៣ និង​តំបន់២ នៅជុំវិញបឹងទន្លេសាប ឱ្យចប់ត្រឹមខែឧសភា ឆ្នាំ២០២៣ ផងដែរ​។

ប្រជា​ពលរដ្ឋ​​រស់នៅ​ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្តាល អ្នកស្រី​ ម៉ុត ចាន់​សុផាននី​ ដែលកំពុងបារម្ភពីការបាត់បង់ដីធ្លី និងផ្ទះសម្បែងដោយសារការអភិវឌ្ឍព្រលាន​យន្តហោះថ្មី បាន​សាទរ​ចំពោះការណែនាំ​របស់​នាយករដ្ឋមន្ត្រី ដែលជំរុញឱ្យ​ពន្លឿន​ការ​ចុះបញ្ជី​ដីធ្លីជូនពលរដ្ឋ។

អ្នកស្រីមានប្រសាសន៍នៅថ្ងៃពុធ​នេះ​​ថា ​​ថ្មីៗនេះ បុគ្គលិក​របស់​ក្រុម​ហ៊ុន​ដែល​សាង​សង់​ព្រលា​ន​យន្តហោះថ្មី និងអាជ្ញាធរ​មូល​​ដ្ឋាន បា​ន​​ចុះទៅបង់​លេខផ្ទះ ស្រង់ទិន្នន័យប្រជាពលរដ្ឋ និងកំណត់​ថ្ងៃឱ្យ​ពលរដ្ឋមួយចំនួន​នៅឃុំកណ្តោក និង​ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ​ ​រុះរើផ្ទះដោយ​ពុំបានបញ្ជាក់ពីមូល​ហេតុឡើយ ដែលករណីនេះបានធ្វើឱ្យពលរដ្ឋប្រមាណ ៤៦០គ្រួសារ បារម្ភពីការបណ្តេញចេញ​ដោយ​បង្ខំ។

អ្នកស្រី សុផាននី និយាយថា៖ «បើសិនជាលោក [នាយករដ្ឋមន្ត្រី​]​ មានប្រសាសន៍បែបនេះហើយ បើសិនជាលោកអាចផ្តល់​ឱ្យប្រជាជនបាន​ គឺប្រជាជនត្រេក​អរយ៉ាង​​ខ្លាំង […] បើសិនជា​អាចមាន​ប្លង់​មែន គឺ​​ប្រជាជន​​មានភាពកក់ក្តៅមួយក្នុងការ​រស់នៅលើដីដែលខ្លួនរស់នៅ​ ព្រោះខាងព្រលាន គឺគាត់មក គាត់សួររកតែប្លង់កម្មសិទ្ធិៗ ដែល​ប្រជាជនពួកយើងពីដើម​មក​មិនដែលទាមទារប្លង់កម្មសិទ្ធិទាំងអស់ហ្នឹង​ទេ​​ ព្រោះគិតថា​យើង​ជាប្រជាជន​ដែលរស់នៅលើទឹកដីកម្ពុជាទាំងអស់គ្នា»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មាន​ប្រសាសន៍ថា សាររបស់នាយករដ្ឋមន្ត្រីជាសញ្ញា​ល្អមួយស​ម្រាប់​ប្រជាពល​រដ្ឋ។ ប៉ុន្តែលោកនៅ​មានក្តីបារម្ភជុំវិញការ​ចុះ​​វាស់វែងដីសម្រាប់ចុះបញ្ជី​ដីធ្លី ដែលអាចនឹង​មានជន​​ឆ្លៀត​ឱកាស​មួយចំនួនត្រូវរ៉ូវគ្នារំលោភ​យក​​ដីរដ្ឋ ឬ​ដីប្រជាពលរដ្ឋ​បន្ថែមទៀត​ ដែលធ្វើ​ឱ្យ​វិវាទដីធ្លីនៅបន្តកើតមាន។

មួយ​វិញទៀត លោកក៏បានសាទរចំពោះការណែនាំរបស់នាយករដ្ឋមន្ត្រី ដែល​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទដីធ្លី​​ក្រៅប្រព័ន្ធ​តុលាការ ខណៈយន្តការ​នេះមានភាពអសកម្មនាពេលកន្លងមក។

លោកថា៖ «ជា​ការកត់សម្គាល់ ដោយ​សារ​តែការ​គ្រប់គ្រងដីធ្លីរបស់យើង​​ហ្នឹងពុំមានតម្លាភាព ឬក៏មានអតុល្យភាពក្នុងការគ្រប់គ្រង យើងសង្កេតឃើញជាក់ស្តែង​ហើយ​ បើសិនជាដី​ឧកញ៉ា ឬមួយ​ដី​​​ក្រុម​ហ៊ុន​​អ្នក​មាន​អំណាចអ៊ីចឹង​ទៅ គឺថា​​គេ​អ្នក​​មាន​ប្រៀប​ជាង​ប្រជា​​ពលរដ្ឋ គេដោះស្រាយបាន គេទទួលបានដីធ្លី តែប្រជាពលរដ្ឋអត់ទទួលបាន​ទេ បែរទៅ​ជាមានការ​ចោទប្រកាន់ ដូចជា​តំណាង​សហគមន៍មួយចំនួនត្រូវ​បាន​ចោទប្រកាន់​​ ហើយ​ចាប់ដាក់ពន្ធនាគារអ៊ីចឹង»។​

លោក វណ្ណ សុផាត ក៏បានជំរុញឱ្យ​មានយន្តការ​ក្នុងការ​តាមដានការអនុវត្ត​របស់មន្ត្រី​ថ្នាក់ក្រោម ក្រោយពីមានការ​ណែនាំរបស់នាយករដ្ឋមន្ត្រីផងដែរ ដើម្បីឱ្យ​ការ​ងារ​ចុះបញ្ជីដីធ្លី និង​ការ​ដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ​មានប្រសិទ្ធភាព។

លោកថា៖ «ជា​ពិសេស​លោកនាយករដ្ឋមន្ត្រីហ្នឹងគួរមានយន្តការ​បន្ថែមទៀត ឬវិធាន​ការ​បន្ថែម​​ទៀត​ ដើម្បីពិនិត្យ​មើលលើ​ការ​អនុវត្ត​ទៅតាមប្រសាសន៍ ឬក៏សារ​​របស់គាត់ បើមិនអ៊ីចឹងទេ ឃើញថាគ្រាន់តែទម្លាប់មួយ​ គ្រាន់តែ​ជាប្រពៃណីមួយ ក្នុងការ​​បំផុសប្រជាពលរដ្ឋ ឬមួយក៏​លើក​ទឹក​​ចិត្ត​​ប្រជាពលរដ្ឋ​​ឱ្យ​ជឿ​មួយពេលៗនៅមុន​ពេលបោះឆ្នោត»។

បើតាមសេច​ក្តីប្រកាសព័ត៌មាន​របស់​ក្រសួងរៀបចំដែនដី ការចុះបញ្ជីក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​សម្រេច​បានរហូត​មកដល់បច្ចុប្បន្នមាន​ចំនួនប្រមាណ ៦លាន៧សែនក្បាលដី ឬស្មើ​នឹង​​ ៩៦,២០​​ភាគរយ នៃក្បាលដី​ប៉ាន់ស្មាន​ដំបូង ៧លានក្បាលដី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ