ក្រសួងអំពាវនាវដល់ពលរដ្ឋដែលចង់ធ្វើប្រហុកផ្អក អាចទៅរកទិញត្រីបានចាប់ពីថ្ងៃស្អែកទៅ

ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវទៅប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចរកទិញត្រីបាន​ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ ដោយសារជារដូវត្រី ឬអ្នកនេសាទនឹងរកត្រីបានច្រើន។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា រដូវនេសាទ ឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេ​សាប ទន្លេ​មេគង្គ និងទន្លេបាសាក់ ដែលអំណោយផល​ដល់​ការ​ធ្វើនេសាទបាន​ត្រីច្រើន ជាពិសេសគន្លងដាយត្រី​តាម​ដង​ទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង​រាជធានីភ្នំពេញ។

ករណីនេះ រដ្ឋបាលជលផល បាន​អំពាវនាវទៅប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ​ត្រីឆ្អើរ ឬ​ទឹក​ត្រី​ ឱ្យរួសរាន់ទៅទិញត្រី នៅក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ប្រភពដដែលបន្តថា ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយ​ស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន​តាមការគួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ