មនុស្ស​១១នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ភ្លើងឆេះ​អាគារ​កាស៊ីណូ​នៅ​ក្រុងប៉ោយប៉ែត

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមតាំងពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ នេះ គេឃើញអាគារកាស៊ីណូដ៏ធំមួយឈ្មោះ «ហ្គ្រេនដាយមិន» ត្រូវបានភ្លើងឆាបឆេះចេញពីក្នុងអាគារ និងទីបំផុតត្រូវបានភ្លើងលេបត្របាក់ស្ទើរតែទាំងស្រុង។

ឃ្លីបវីដេអូខ្លះទៀតបានបង្ហាញរូបភាពមនុស្សដែលកំពុងជាប់នៅលើអាគារព្យាយាមបន្លាស់ទីគេចពីអណ្ដាតភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ក្នុងពេលអ្នកខ្លះទៀតដោយមិនអាចទ្រាំនឹងកម្ដៅភ្លើងដ៏ខ្លាំងនោះបាន ក៏លោតចុះពីលើអាគារមកលើដីដើម្បីផ្សងជីវិត ខណៈដែលពលរដ្ឋដែលកំពុងមើលពីក្រោមអាគារ និងពីចម្ងាយស្រែកដង្ហោយហៅសមត្ថកិច្ចឱ្យជួយបាញ់ទឹករារាំងភ្លើងកុំឱ្យឆាបឆេះអ្នកទាំងអស់នោះ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ។ ប៉ុន្តែបើតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដែលបានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ អះអាងថា ជារបាយការណ៍បឋម មានមនុស្សចំនួន ១១នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍នេះ។ ទោះជាយ៉ាងណា ស្នងការនគរបាលរូបនេះនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះបាននៅឡើយទេ គ្រាន់តែដឹងថា កាស៊ីណូ ហ្គ្រេនដាយមិន នេះមានបុគ្គលិកធ្វើការសរុបជាង៤០០នាក់។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម ឱ្យដឹងថា អគ្គិភ័យដែលលេបត្រ​​បាក់​​អា​គារកាស៊ីណូ ហ្គ្រេនដាយមិន បានកើតឡើងតាំងពីម៉ោង ១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែបើតាមឱ្យដឹងពីសមត្ថកិច្ច គិតមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ ភ្លើងនៅតែបន្តឆេះនៅឡើយ ហើយសមត្ថកិច្ចឱ្យដឹងថា ពួកគេកំពុងបន្តស្វែងរក និងជួយសង្គ្រោះជនរងគ្រោះបន្តទៀត។

ក្រោយហេតុការណ៍អគ្គិភ័យនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានធ្វើដំណើរចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះដែរ៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ