មានរឿងរ៉ាវជាច្រើនបានកើតឡើងពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២២នេះ និយាយដោយឡែក សម្រាប់ដំណើរការបោះឆ្នោត ដែលបណ្ដាលឱ្យមានអ្នកនយោបាយត្រូវជាប់ចោទ និងមានក្ដីក្ដាំនៅតុលាការ ដោយសារតែប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិរិះគន់ពីដំណើរការបោះឆ្នោត និងនីតិវិធីមួយចំនួនផង ថាគ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក សុន ឆ័យ អាចរាប់បានជាអ្នកនយោបាយមុនដំបូងគេហើយ ដែលត្រូវជាប់ចោទនៅតុលាការ ព្រោះតែប្រើសិទ្ធិរបស់ខ្លួនរិះគន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់។ ម្ចាស់បណ្ដឹងនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍នេះ មួយជាអាជ្ញាកណ្តាលក្នុងការកាត់សេចក្តីរឿងបោះឆ្នោត គឺស្ថាប័នជាតិ គ.ជ.ប. ហើយមួយទៀតគឺគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សគ្រប់គ្រងអំណាច បានប្តឹងលោក សុន ឆ័យ ទៅតុលាការ ទាក់ទងការថ្លែងរបស់លោកនៅតាមប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ក្រោយការបោះឆ្នោតបាន២ថ្ងៃ។ បួនថ្ងៃក្រោយពីរងបណ្តឹងរបស់គណបក្សកាន់អំណាចហើយ ស្ថាប័ន គ.ជ.ប. ក៏បានដាក់បណ្តឹងមួយថ្មីទៀតប្រឆាំងលោក សុន ឆ័យ ដែរ។

ក្រោមបទចោទដូចគ្នាពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបង្គាប់ឱ្យអ្នកនយោបាយចាស់វស្សា គឺលោក សុន ឆ័យ ត្រូវធ្វើលិខិតសុំទោសជាសាធារណៈ នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានទារសំណងជំងឺចិត្តចំនួន១លានដុល្លារអាមេរិក។
អ្នកជំនាញកិច្ចការបោះឆ្នោត ប្រៀបធៀបការប្រើយន្តការច្បាប់ប្រឆាំងអ្នកនយោបាយនៅក្នុងដំណើរការបោះឆ្នោតនេះ វាមិនខុសអីពីអាជ្ញាកណ្តាលប្តឹងកីឡាករនៅលើទីលានប្រកួតសន្លឹកឆ្នោតឡើយ។ បញ្ហានេះ វាក៏ជាផ្នែកមួយដែលចម្លែកណាស់ដែរ ក្នុងពេលដែលកម្ពុជាប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស តែបានប្រើប្រាស់តុលាការជាបង្អែក ក្នុងការបំបិទសិទ្ធិសេរីភាពរបស់គូភាគីដែលចូលរួមប្រកួតប្រជែងទៅវិញ ដែលនេះមើលឃើញពីការបាត់បង់តម្លាភាព និងអព្យាក្រឹត។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី ឱ្យដឹងថា កម្ពុជាមិនដែលមានប្រវត្តិប្តឹងផ្តល់អ្នកនយោបាយ ដោយគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន ទៅតុលាការដូច្នេះទេ។ លោកបន្តថា ការប្តឹងទៅតុលាការប្រឆាំងអ្នកនយោបាយ ព្រោះតែការយល់ឃើញពីភាពខ្វះចន្លោះនៃដំណើរការបោះឆ្នោតនេះ ជាសញ្ញាបង្ហាញពីការគាបសង្កត់ និងបិទសិទ្ធិសេរីភាព ដែលមិនគួរកើតមាននោះឡើយ។
លោកបន្តថា៖ «កន្លងមក ការបោះឆ្នោតឆ្នាំ២០២២ហ្នឹង ឃើញមានប្តឹង សុន ឆ័យ ហ្នឹង។ ប៉ុន្តែនេះ វាគ្រាន់តែប្លែក វាមិនដែលមាន គ.ជ.ប. ប្តឹងគណបក្សនយោបាយអ៊ីចឹងទេ តែលើកនេះគាត់ប្តឹង។ យើងសង្កេតឃើញមានការប្រែប្រួល និងប្លែកច្រើន។ ជាទូទៅ បណ្តាប្រទេសនានា គេក៏អត់ដែលប្តឹងអ៊ីចឹងដែរ។ គេជាអាជ្ញាកណ្តាល គឺអត់ប្តឹងកីឡាករអ៊ីចឹងទេ។ តែបើកីឡាករប្តឹងអាជ្ញាកណ្តាល មាន»។
ចំណែក អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ធ្លាប់ថ្លែងការពារពីការដាក់ពាក្យប្តឹងអ្នកនយោបាយទៅតុលាការនេះ។ លោកបានបញ្ជាក់ជំហររបស់ គ.ជ.ប. ក្នុងការប្តឹងផ្តល់នេះ គឺធ្វើឡើងដើម្បីការពារពីការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ។ ក្រៅពីនេះទៀត ប្រសិនបើស្ថាប័នជាតិរៀបចំការបោះឆ្នោត មិនប្តឹងទេ នាំឱ្យសាធារណជនយល់ឃើញថា អ្វីដែលអ្នកនយោបាយចោទប្រកាន់នោះ វាជាការពិត។
មិនមែនតែស្ថាប័ន គ.ជ.ប. ទេដែលយល់ឃើញការប្រើប្រាស់ប្រព័ន្ធតុលាការនេះជារឿងត្រឹមត្រូវ និងសក្តិសម ក្នុងការស្វែងរកយុត្តិធម៌លើគូប្រកួត។ លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា មានតែច្រកមួយនេះទេ ទើបអាចបិទមាត់អ្នកនយោបាយ រឿងយកលេសបោះឆ្នោតនេះមកទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាតទៅទៀតបាន។
ថ្លែងនៅចំពោះមុខសាធារណជន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ជំហរដោយមិនអនុគ្រោះទៀតឡើយ ប្រសិនបើរកឃើញអ្នករិះគន់រដ្ឋាភិបាលរបស់លោកថាមានភាពមិនស្មោះត្រង់ចំពោះសន្លឹកឆ្នោតទៀតនោះ។ ការព្រមានដ៏កម្រ ប្រឆាំងអ្នកចោទប្រកាន់គណបក្សកាន់អំណាចថាជាចោរលួចសន្លឹកឆ្នោតនេះ លោក ហ៊ុន សែន ចាត់ទុកវាថា វាជារឿងដែលធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទៀតទេ ចំពោះវប្បធម៌វាយប្រហារនៅក្រោយការបោះឆ្នោតបែបនេះ។

លោកបន្តថា៖ «បោះពីព្រឹកម៉ោង៧ព្រឹក នាំគ្នាចូលបោះ! ម៉ោង៣ល្ងាច បិទ! រួចហើយរាប់សន្លឹកឆ្នោតជាមួយគ្នា រួចវាថាឯងចោរលួចសន្លឹកឆ្នោត។ អ៊ីចឹងបើចោររហូត អាណានិយាយចោរ ប្តឹងអាហ្នឹង! ប្តឹងអាហ្នឹង! អត់មានទុកទេ ពីថ្ងៃនេះទៅ លេងអាហ្នឹងម្តង»។
បញ្ហាមួយទៀតដែលមានភាពប្រទាញប្រទង់គ្នា សម្រាប់ដំណើការបោះឆ្នោតនេះដែរ គឺទម្រង់១១០២។ ក្រោយពី គ.ជ.ប. សម្រេចកែសម្រួលសេចក្តីព្រាងបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយឈប់ចែកទម្រង់១១០២នេះដល់ភ្នាក់ងារគណបក្សនយោបាយនៅនឹងការិយាល័យបោះឆ្នោតដូចមុនទៀត ជំរុញឱ្យមានការតវ៉ាដល់ពេលបច្ចុប្បន្ន។
គេសង្កេតឃើញថា កាលពីចុងខែធ្នូ ឆ្នាំ២០២១ មានតំណាងគណបក្សនយោបាយ២ បានដើរតួនាទីមុនគេក្នុងការទាមទារឱ្យ គ.ជ.ប. រក្សាទុកគោលការណ៍នេះដូចមុន គឺគណបក្សកម្ពុជានិយមដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វីរៈ។
ការកែប្រែត្រង់ចំណុចនេះ នៅក្នុងបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ ត្រូវគេមើលឃើញថាបានកើតឡើងនៅក្នុងអាណត្តិនៃការដឹកនាំប្រធាន គ.ជ.ប. ថ្មីគឺលោក ប្រាជ្ញ ចន្ទ។ មន្រ្តីនាំពាក្យ គ.ជ.ប. ធ្លាប់ថ្លែងការពារថា ការដែលមិនចែកទម្រង់១១០២ ឬហៅថា «កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត» នេះ ក៏ព្រោះតែចៀសវាងកុំឱ្យមានកំហុសឆ្គងកើតឡើងដូចការបោះឆ្នោតលើកមុនៗទៀតប៉ុណ្ណោះ។
បើទោះបែបណា តំណាងគណបក្សនយោបាយដែលធ្លាប់ចូលរួមតស៊ូមតិ អំពីទម្រង់១១០២នេះ ថ្លែងការពារពីភាពត្រឹមត្រូវ និងភាពគ្មានកំហុសឆ្គងនៃប្រតិបត្តិការសម្រាប់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ។ មិនតែប៉ុណ្ណោះ ទម្រង់១១០២នេះ វាធ្វើឱ្យគូប្រកួតមានទំនុកចិត្ត និងបង្ហាញពីតម្លាភាពទៅវិញទេ។
លោក កន សាវាង្ស អ្នកសម្របសម្រួលជាន់ខ្ពស់ នៃអង្គការខុមហ្រ្វែល សង្កេតឃើញថា នៅក្នុងអាណត្តិនេះមានការតវ៉ាច្រើនពីតំណាងគណបក្សនយោបាយ អំពីទម្រង់១១០២ និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដែលពុំធ្លាប់មានពីមុនមក។ អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះក៏ឯកភាពដែរ ការប្តឹងអ្នកនយោបាយទៅតុលាការដោយប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ បានក្លាយជាកម្មវត្ថុថ្មីមួយដែរក្នុងពេលបច្ចុប្បន្ននេះ ហើយធៀបនឹងអាណត្តិមុនៗមិនមានទេ។
លោកបន្តថា៖ «នៅក្នុងអាណត្តិដែលប្រធាន គ.ជ.ប. បានទទួលតួនាទី និងសម្របសម្រួលសម្រាប់ការបោះឆ្នោតឆ្នាំ២០២២នេះមក ឃើញមានចំណុច២ដែលកើតឡើង ដែលខ្ញុំបានកត់សម្គាល់ ទី១ ការសម្របសម្រួលនៅក្នុងការកែសម្រួលបទបញ្ជា និងនីតិវិធី ដែលធ្វើឱ្យមានការលើកឡើង និងសម្ដែងការព្រួយបារម្ភរបស់គណបក្សនយោបាយ មុនការបោះឆ្នោត ទៅលើរឿងការបែងចែកទម្រង់១១០២អីជាដើម។ ហើយរឿងទី២ អ្វីដែលខ្ញុំមើលឃើញ គឺមានការកើតឡើងអំពីការប្តឹងផ្តល់ ដែលក្នុងនាមជាអាជ្ញាកណ្ដាល បានប្តឹងផ្តល់ទៅលើភាគីដែលពាក់ព័ន្ធនៃគណបក្សនយោបាយ»។
ក្រៅពីបញ្ហាធំៗទាំងពីរ គឺការប្តឹងអ្នកនយោបាយទៅតុលាការ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិបោះឆ្នោត និងឈប់ចែកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់១១០២នេះ ទាំងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សង្កេតឃើញ គឺការគំរាមកំហែង ទាំងមុននិងអំឡុងពេលបោះឆ្នោត ក៏មានរូបភាពលេចធ្លោណាស់ដែរនៅក្នុងការបោះឆ្នោតឃុំសង្កាត់លើកនេះ។
កម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះចំនួន៥លើកមកហើយ ដោយរាប់ទាំងលើកនេះផង។ ការបោះឆ្នោតទាំង៤លើក សម្រាប់ការបោះឆ្នោតឃុំសង្កាត់ គេសង្កេតឃើញថា អ្នកនយោបាយមិនត្រូវបានប្តឹងផ្តល់ចូលតុលាការទេ ហើយថែមទាំងនៅរក្សាការចែកទម្រង់១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយនៅក្នុងមណ្ឌលបោះឆ្នោតដែរ។
ការផ្លាស់ប្តូរដំណើរការបោះឆ្នោតនេះ ត្រូវគេមើលឃើញកើតឡើងក្រោយប្រធាន គ.ជ.ប. ថ្មី គឺលោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងកាលពីចុងខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ស៊ិក ប៊ុនហ៊ុក ដែលបានលាឈប់កាលពីដើមខែមិថុនា ព្រោះតែបញ្ហាសុខភាព។
បើទោះបែបណា លោក យ៉ែម បុញ្ញទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ អះអាងពីភាពចាំបាច់នៃទម្រង់១១០២នេះ ដោយចាត់ទុកវាគឺជាមូលដ្ឋាន និងជាទិន្នន័យដ៏ចាំបាច់ សម្រាប់ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបឋម ជាពិសេសវាជាភស្តុតាងរឹងមាំដើម្បីទុកតវ៉ាក្រោយលទ្ធផលឆ្នោតត្រូវបានគេប្រកាសហើយមានមន្ទិលសង្ស័យ។
លោកបន្តថា៖ «យើងមានការសោកស្តាយមែនទែន។ យើងនៅតែទទូចចង់ឱ្យមានការកែសម្រួលចែកដូចពីមុនៗ ដើម្បីបញ្ជាក់ពីតម្លាភាពចេញពីទីតាំងការិយាល័យបោះឆ្នោតដោយផ្ទាល់ និងជាការមួយដែលផ្តល់ទំនុកទុកចិត្តដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតផង។ ហើយចំណុចពិសេសមួយទៀតដែលយើងឱ្យឈ្មោះថាភ្នាក់ងារសង្កេតការណ៍ ដែលលោកចុះសង្កេតការណ៍ និងចុះហត្ថលេខាលើកំណត់ហេតុ១១០២នោះ គួរតែមានឯកសារមូលដ្ឋានមួយនៅក្នុងដៃ»។
បញ្ហាមួយផ្សេងទៀត នៅមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ ជាឆ្នាំដែលគេសង្កេតឃើញថាមានបញ្ហាស្មុគស្មាញជាច្រើនកើតឡើង ទាក់ទិនបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបេក្ខជនដែលឈរជាមេឃុំចៅសង្កាត់ សម្រាប់នីតិកាលទី៥។
មានបេក្ខជនប្រមាណ៣០០នាក់ មកពីគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។ ភាពប្រឈមមុខនៃការលុបឈ្មោះនេះ ដោយពួកគេរងការចោទប្រកាន់ថាមិនចេះអក្សរ បន្លំស្នាមមេដៃ និងធ្វើជីវប្រវត្តិក្លែង ជាដើម។ ក្រៅពីនេះ តំណាងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល ធ្លាប់បញ្ជាក់ពីការគំរាកំហែងតាមរូបភាពផ្សេងៗដោយអាជ្ញាធរមូលដ្ឋានរបស់បក្សកាន់អំណាច ដូចជា គំរាមដកបណ្ណក្រីក្រ មិនចុះបញ្ជីសៀវភៅគ្រួសារ ធ្វើបញ្ជីអត្រានុកូលដ្ឋាន និងមិនចែកអំណោយឱ្យ ជាដើម។
នៅក្រោយថ្ងៃបោះឆ្នោត គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងបក្សកែទម្រង់កម្ពុជា រិះគន់ការរៀបចំដំណើរការបោះឆ្នោតនេះថា ប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ តាមរយៈភ្នាក់ងារសង្កេតការណ៍របស់ខ្លួន រកឃើញពីភាពមិនប្រក្រតីកើតឡើងនៅតាមមណ្ឌលបោះឆ្នោត។ បញ្ហាដែលរកឃើញអំឡុងពេលបោះឆ្នោត ដូចជានៅមណ្ឌលបោះឆ្នោតខ្លះ ពេលប្រកាសលទ្ធផល បិទទ្វារបង្អួច និងអាជ្ញាធរឃុំសង្កាត់នៅចាំកត់ឈ្មោះអ្នកទៅបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោត។
ស្របពេលដែលស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបំភ្លឺថា ការបោះឆ្នោតឃុំសង្កាត់លើកនេះប្រព្រឹត្តទៅក្រោមបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានសណ្តាប់ធ្នាប់ល្អ គ្មានការគំរាមកំហែង និងដំណើរការទៅដោយរលូន គេឃើញគណបក្សនយោបាយចំនួន២ គឺគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ និងគណបក្សខ្មែរតែមួយរបស់លោក គុជ លី បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដាច់ដោយឡែកពីគ្នា ដោយហៅការបោះឆ្នោតនេះថាជាការបោះឆ្នោតមួយមានភាពល្អប្រសើរ និងគ្មានរូបភាពគំរាមកំហែង ហើយដំណើរការទៅមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បើទោះជាបែបណា កាលពីខែមិថុនា លោក សោម សូរីដា ធ្លាប់អះអាងថា ក្នុងនាមស្ថាប័ន គ.ជ.ប. បានដោះស្រាយបញ្ចប់ជាស្ថាពរហើយ នូវបណ្តឹងទាំង២០០បណ្តឹង សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២។ បើតាមអគ្គលេខាធិការរង គ.ជ.ប. រូបនេះ ម្ចាស់បណ្តឹងគឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ក្នុងពេល គ.ជ.ប. រងការរិះគន់ពីការរៀបចំការបោះឆ្នោតឃុំសង្កាត់នៅមិនបានល្អ គណបក្សនយោបាយចំនួន៤ មានដូចជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានរួមគ្នាក្នុងសំឡេងតែមួយ ដោយទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ តំណាងគណបក្សនយោបាយបានប្រាប់ពីជំហររបស់ស្ថាប័ន គ.ជ.ប. ពេលដែលជួបសន្ទនា ដោយបានត្រឹមសន្យានឹងពិនិត្យតាមសំណើ និងកង្វល់របស់គណបក្សក្រៅរដ្ឋាភិបាលទាំងនោះ។
ក្រៅពីតំណាងគណបក្សនយោបាយទាំង៤នេះ គណបក្សខ្មែររួបរួមជាតិ ក្រោយពីច្របាច់បញ្ចូលគ្នាជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ហើយ បក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានស្នើសុំជួបតំណាង គ.ជ.ប. ដែរ ដើម្បីពិគ្រោះយោបល់អំពីបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
បើទោះបែបណា ការអនុម័តចុងក្រោយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ទៅលើបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី៧នេះ គ.ជ.ប. នៅតែរក្សាជំហររបស់ខ្លួនក្នុងការបដិសេធអំពីទម្រង់១១០២ ដូចមុនដដែល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទុកពេល១៩ថ្ងៃ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យគណបក្សនយោបាយ អង្គការ សមាគម និងស្ថាប័នពាក់ព័ន្ធដទៃទៀត ផ្តល់យោបល់ត្រលប់មកវិញ អំពីបទបញ្ជានិងនីតិវិធីនេះឱ្យបានមុនថ្ងៃទី១៩ វិច្ឆិកា។
លោក ហង្ស ពុទ្ធា មន្រ្តីនាំពាក្យ គ.ជ.ប. បញ្ជាក់ជំហរកាលពីថ្ងៃទី២៣ ខែធ្នូ ថារាល់ការផ្តល់ធាតុចូលខ្លះ របស់ភាគីពាក់ព័ន្ធអំពីគោលការណ៍នេះ មានចំណុចខ្លះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតមិនទទួលដាក់បញ្ចូលទៅក្នុងខ្លឹមសារច្បាប់ទេ ព្រោះវាហាក់មិនចាំបាច់ ដូចជាទម្រង់១១០២ ជាដើម។ បើតាមអ្នកនាំពាក្យរូបនេះ ជាសរុប ក្រោយពីអនុម័តរួច បទបញ្ជានិងនីតិវិធីនេះត្រូវបានសម្រិតសម្រាំងប្រមាណ៣០០ទំព័រ។ ក្រោយពីបោះពុម្ពរួចរាល់ ស្ថាប័ន គ.ជ.ប. នឹងចែកចាយ ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង សម្រាប់បម្រើឱ្យការបោះឆ្នោតជាតិខាងមុខនេះ។
លោកបន្តថា៖ «ទម្រង់១១០២ រក្សាទុកដដែល ដោយច្បាប់តម្រូវធ្វើ ៣ច្បាប់! មួយច្បាប់ បិទនៅមាត់ទ្វារនៅនឹងការិយាល័យរាប់សន្លឹកឆ្នោត ហើយគណបក្សនយោបាយដែលចង់ទទួលយកបាន អាចថតតាមទូរសព្ទដៃ ឬទៅទទួលយកនៅគណកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត។ ការចម្លងដោយដៃច្រើនសន្លឹកដើម្បីចែកគ្នាហ្នឹង វាមានបញ្ហាច្រើន ដូចជា ការសរសេរទៅហ្នឹង វាវង្វេង និងមិនត្រឹមត្រូវតួលេខ ជាដើម»។
សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោត បង្ហាញការព្រួយបារម្ភចំពោះនិន្នាការប្រឆាំងអ្នកប្រើប្រាស់សិទ្ធិបញ្ចេញមតិ អំពីភាពមិនប្រក្រតីដំណើរការបោះឆ្នោត។ លោក សំ គន្ធាមី នាយប្រតិបត្តិអង្គការនិចហ្វិក យល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹតត្បិតផ្លូវដើររបស់អ្នកនយោបាយ វាជារឿងមួយដែលគួរឱ្យភ័យបំផុតសម្រាប់សិទ្ធិបញ្ចេញមតិនៅកម្ពុជា។ លោកបន្តថា ការគំរាមកំហែងនេះ វានឹងអាចជះឥទ្ធិពលកាន់តែអាក្រក់ទៅដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្រោយថ្ងៃ ២៣ កក្កដា ២០២៣។
លោកបន្តថា៖ «ខ្ញុំបារម្ភដែររឿងហ្នឹង! ខ្ញុំខ្លាចថានឹងមានរឿងដដែលអ៊ីចឹងទៀតហ្អា! នៅពេលការបោះឆ្នោតឆ្នាំក្រោយ នឹងមានការរិះគន់ពីគណបក្សនយោបាយក្តី អំពីភាពមិនប្រក្រតីកើតឡើង។ យើងនឹងនៅចាំមើលមួយដំណាក់កាលទៀត [ថា]តើ គ.ជ.ប. គាត់យ៉ាងម៉េចទៀតហ្អា៎! ជំហររបស់គាត់ ខ្ញុំចង់និយាយអ៊ីចឹងហ្អា៎»៕