ការបៀតបៀនផ្លូវភេទនៅទីសាធារណៈជាអាវុធនៃការបង្ខាំងមនុស្ស

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

អាកាសត្រជាក់ព្រឺឆ្អឹងខ្នង ស្បៃរាត្រី​បានគ្រប​ដណ្ដប់​យ៉ាង​ឆាប់រហ័ស។ ខ្ញុំ​បាន​ដើរយ៉ាង​លឿន ពីព្រោះ​បុរស​ចម្លែក​​​៣នាក់ដើរតាម​ពីក្រោយ​ខ្ញុំ ​បន្ទាប់ពី​ពួកគេបាននិយាយលេបខាយ​ដាក់ខ្ញុំ។ ខ្ញុំភ័យខ្លាច ប៉ុន្តែខ្ញុំប្រឹងធ្វើហាក់​ដូចជា​មិនមាន​អ្វី​កើត​ឡើង។ ខ្ញុំ​គិតថា ​​ខ្ញុំ​ល្ងង់ណាស់ដែល​ដើរ​តាម​ផ្លូវដ៏ស្ងាត់​នេះ។

ការបៀតបៀនផ្លូវភេទ មិនត្រឹមតែកើតឡើងនៅកន្លែងធ្វើការប៉ុណ្ណោះទេ គឺវាអាចកើតឡើង និងបានកើត​ឡើង​នៅ​គ្រប់កន្លែង មិនថានៅទីសាធារណៈ ឬកន្លែងឯកជននោះទេ។

ការបៀតបៀនផ្លូវភេទនៅទីសាធារណៈ រាប់ចាប់តាំង​ពីការស្រែកហៅតាមផ្លូវ ឬការហួចដាក់ ការ​ស្ទាប​អង្អែលផ្លូវ​​ភេទដែលមិន​ត្រូវ​តាម​ចំណង់​​នៅតាមកន្លែង​មួយ​ចំនួន​ ដូចជា តាមដងផ្លូវ តាមមធ្យោបាយធ្វើដំណើរសាធារណៈ កន្លែងអនាម័យសាធារណៈ តាមសួនច្បារ និងនៅតាម​ព្រឹត្តិការណ៍សាធារណៈ ជាដើម។ ទោះ​ជាយ៉ាង​ណា នៅ​មិន​ទាន់​មាន​និយមន័យ​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ។

ការសិក្សា​របស់​អង្គការ ActionAid ទៅលើស្ត្រីកម្ពុជា ចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រី​ម្នាក់​ ក្នុងចំណោម ៥នាក់ (ឬ ២២ ភាគរយ) ត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀន​រាងកាយនៅកន្លែងសាធារណៈ ជាមធ្យម៥ដង នៅក្នុងឆ្នាំ២០១៤។ ក្នុងនោះ បុរសប្តូរ​ភេទទៅជាស្រី្ត ​បាន​រងគ្រោះ​ច្រើន​ជាង​គេ។ ជាង៩០ភាគរយនៃពួកគេបាន​ជួប​ប្រទះការយាយីនៅកន្លែងសាធារណៈជាច្រើនដង។

យើងត្រូវមានការសន្ទនាជុំវិញបញ្ហានេះ និង​យល់​ពី​បញ្ហានេះឱ្យ​បានកាន់តែ​ទូលំទូលាយ ពីព្រោះថា ការបៀតបៀន​ផ្លូវ​ភេទ​នៅ​ទី​សាធារណៈ ជាញឹកញាប់ត្រូវជនល្មើសប្រើជាអាវុធដើម្បីបង្ខាំងជនរងគ្រោះ ដែលភាគច្រើនជាស្ត្រី នៅក្នុង​កន្លែងរបស់ពួកគេទាំងក្នុងន័យធៀប និងន័យត្រង់

ការឃុំឃាំងក្នុងន័យធៀប៖ ចំពោះអ្នកដែលមាន​មុខ​តំណែង​ទាបជាង

ការបៀតបៀនផ្លូវភេទជាសាធារណៈ គឺជាឧបករណ៍ដែលជនល្មើសប្រើប្រាស់ ដើម្បីបង្ហាញពីអំណាច​របស់​ពួក​គេ​គ្រប​លើជនរងគ្រោះ និងរំលឹកជន​រងគ្រោះអំពីតួនាទីក្រោមបង្គាប់របស់ពួកគេ។

កាយវិការនៃការបៀតបៀននៅទីសាធារណៈដោយបុរសមួយ​ចំនួន បង្ហាញពី​គំនិតនៃ​​អំណាច​របស់​បុរស និង​ទស្សនៈ​​របស់ស្ត្រី​ដែល​ហៅថាជា «មនុស្សបើកចំហ»។ បុរស​ដែល​​ជឿថា​ពួកគេ​​មាន​អំណាច​លុប​លើ​ស្ត្រី គិតថា ពួកគេ​ត្រូវ​​តែ​មាន​សិទ្ធិ​​​​ប្រើប្រាស់​ស្ត្រី ខណៈដែលស្ត្រី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «មនុស្ស​បើកចំហ» ត្រូវបានបុរសចូល​ទៅជិត និង​យាយីតាម​អំពើចិត្ត។ ការមើល​ឃើញ​ស្ត្រីជា «មនុស្សបើកចំហ» ធ្វើឱ្យ​ពួក​នាង​បាត់បង់​នូវ​អំណាច​របស់​ខ្លួន​។

ការសិក្សាមួយលើប្រធានបទនៃការយាយីផ្លូវ​ភេទជាសាធារណៈ បានរកឃើញថា បុរសដែលបាន​អះអាង​ថាបាន​ប្រព្រឹត្ត​​​ការស្រែកបង្កូកហៅស្ត្រីតាមដងផ្លូវ ដែលជាទម្រង់មួយនៃការយាយីផ្លូវភេទនៅទីសាធារណៈ ក្នុងនោះ​រួមមាន​ការ​ប្រើពាក្យ ការហួច ការប្រើសំឡេង ឬកាយវិការ ដែលកំណត់និយមន័យស្ត្រីជាឧបករណ៍កម្សាន្តផ្លូវភេទ បង្ហាញ​ឱ្យឃើញកម្រិតកាន់តែខ្ពស់នៃអរិភាពផ្លូវភេទ នៃការតាំងខ្លួនជាបុរស និងការតម្រង់ឆ្ពោះទៅ​រកការ​ត្រួតត្រា​​សង្គម។

ដើម្បី​ទប់​ទល់នឹងរចនាសម្ពន្ធអំណាចនេះ និងទប់​ទល់​ចំណង់​ផ្លូវ​ភេទ​ដែល​ពួកនាងមិន​ត្រូវ​ការ ស្ត្រីតែងតែ​ជ្រើសរើស​​យកការបដិសេធ ឬការបណ្តេញចេញ ដែលនាំ​ឱ្យ​មាន​ការ​បំពានបន្ថែមទៀត ដែលជា​ផលវិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ករណីមួយ​ចំនួន​ដូចជា ការដេញតាម ឬ​ការ​រំលោភ ឬក៏រាលដាលរហូតកើតចេញ​ជា​ស្ថានភាពកាន់តែហិង្សា។

ការឃុំឃាំងក្នុង​ន័យត្រង់៖  ការឃុំឃាំងក្នុង​លំហ

ខណៈដែលជនល្មើសប្រើការបៀតបៀនផ្លូវភេទជាសាធារណៈ ដើម្បីរក្សាជនរងគ្រោះនៅក្នុងទី​ដែល​ចាត់ទុកថា​ជា​កន្លែង​​របស់ពួកគេ ជនល្មើសក៏អនុវត្តយុទ្ធសាស្ត្រ ដើម្បីបង្ខាំងជនរងគ្រោះក្នុងទីកន្លែង​​ណា​មួយ​ ដោយទុក​ពួកគេ​ចោល​ តាមរយៈការធ្វើឱ្យពួកគេមានអារម្មណ៍​មិនស្រណុក​ក្នុង​ខ្លួននៅ​ទីសាធារណៈ។

នៅក្នុងសង្គមបិតាធិបតេយ្យ បុរសមិនមែនមានសិទ្ធិត្រឹមតែចូលទៅកាន់ទីសាធារណៈ​ច្រើនជាងក្រុម​ផ្សេងទៀត​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានអំណាចដេញអ្នក​ដទៃចេញពីកន្លែងឯកជន​របស់ពួកគេនៅក្នុងទីសាធារណៈ​ផងដែរ​​ ទោះជា​ទីនោះ​ជា​សាលារៀន ផ្លូវថ្នល់ ផ្សារទំនើប ការដឹកជញ្ជូន ឬក៏​ក្លឹប​រាត្រី ជាដើម ហើយពួកគេ​ប្រើ​អំណាច [ចូលប្រើប្រាស់ និងដកចេញ] ទាំងនេះ រួម​ទាំងការប្រើប្រាស់ការបៀតបៀន​ផ្លូវភេទជា​សាធារណៈ​ជាយុទ្ធសាស្ត្រដើម្បីកំណត់ព្រំដែននៃ​បន្លាស់​ទី​របស់ស្ត្រីនៅ​ទីសាធារណៈ។

បុរសអាចប្រើយុទ្ធសាស្ត្របែបនេះ ដើម្បីធ្វើឱ្យស្ត្រីមានអារម្មណ៍មិន​ស្រួល​នៅទីសាធារណៈ ដែល​ជាហេតុ​ធ្វើឱ្យ​ស្ត្រី​ចៀសវាងកន្លែងទាំងនេះ។ ជាលទ្ធផល ស្ត្រីត្រូវបាន​ទាត់ចេញពី​កន្លែង​សាធារណៈ​មួយចំនួន​ដោយសារ​បុរស។

ស្ត្រី​ដែល​ធ្លាប់ជួបការ​យាយី​ជាសាធារណៈ​ ច្រើន​តែ​​រស់នៅ​ដូចជាទទួលរង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាពផ្លូវកាយ​ និង​​​​ផ្លូវចិត្ត ហើយដើម្បី​​ចៀសវាង​អារម្មណ៍​ទាំងនេះ​ ​ពួកគេលែងទៅ​កន្លែង​សាធារណៈ​នោះ​ទៀត​​។ ក្នុងករណីខ្លះ ស្ត្រី​ជ្រើសរើសផ្លាស់ប្តូរកន្លែងរស់នៅ និងប្តូរការងារ ឬដាក់កម្រិតពេលវេលារបស់ខ្លួននៅកន្លែង​សាធារណៈ​តែ​ម្នាក់​ឯង។

​ដោយជជែក​ជាមួយ​ស្ត្រី​​ខ្មែរ អំពី​បទពិសោធ​របស់​ពួកគេ ​ពាក់​ព័ន្ធនឹងការ​បៀតបៀន​ផ្លូវ​ភេទ​ជាសាធារណៈ ខ្ញុំ​បាន​និយាយ​ទៅកាន់​ស្ត្រីម្នាក់ដែល​បានរៀបរាប់​ប្រាប់ខ្ញុំ​ថា បន្ទាប់ពីបទពិសោធនៃ​​ការបៀតបៀនផ្លូវភេទនោះ នាង​បាន​ផ្លាស់ទៅរស់នៅកន្លែងថ្មី ដោយសារតែនាងមានអារម្មណ៍ថានាងកំពុងរស់នៅក្នុងភាពភ័យខ្លាច និង​ការបារម្ភ​នៅក្នុ​ង​ទីកន្លែង​ចាស់​របស់នាង។

នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច ពេល​ខ្ញុំ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង។ ខ្ញុំតែងកាន់កាំបិតនៅក្នុងដៃគ្រប់ពេល ដែលខ្ញុំឃើញមនុស្សប្រុសខ្លះជិះម៉ូតូនៅខាងក្រៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំក៏ឈប់ទៅកន្លែងនោះទៀតដែរ»។

ក្នុងន័យនេះ ការបៀតបៀនផ្លូវភេទបានកាត់បន្ថយសេរីភាពក្នុងការ​បន្លាស់ទីរបស់ស្ត្រី និងកុមារី ដោយកំណត់​ព្រំដែននៃការទទួលបានសេវាសាធារណៈសំខាន់ៗ និងភាពរីករាយផ្នែកវប្បធម៌ និងកម្សាន្ត របស់​ពួកគេ ឬការចូលរួមនៅ​ក្នុង​សាលារៀន ក្នុងការងារ និងក្នុងជីវិតសាធារណៈ។

សេចក្តីសន្និដ្ឋាន

ការបៀតបៀនផ្លូវភេទជាសាធារណៈ មានការរីករាលដាលយ៉ាងខ្លាំង ដែលវាត្រូវបានចាត់ទុក​ជាការធម្មតា​ទៅ​ហើយ ​​​ដែលជា​ផ្នែកមួយ​នៃ​ផ្ទាំង​ក្រណាត់​សង្គម​ក្នុង​ជីវភាព​​សាធារណៈ។ ​លុះត្រាតែវាកើនឡើងដល់កម្រិតនៃការប្រីអំពើហិង្សា បើ​ពុំនោះទេ ការបៀតបៀនផ្លូវភេទ​ជាសាធារណៈ​មិន​ត្រូវបានគេចាត់ទុកថាជា​ទង្វើខុសច្បាប់នោះទេ។ បុរស និងស្ត្រីមួយចំនួនថែមទាំងមើលឃើញថា វាជារឿងតូចតាច ឬជាការនិយាយលេងសើច។ អ្នកបង្កើត​គោល​នយោបាយជាច្រើន មើលឃើញថា វាមិនសមនឹងទទួលបានការពិភាក្សាអំពីគោលនយោបាយ​ស្តីពីបញ្ហា​នេះ​ឱ្យ​ស៊ីជម្រៅ​នោះទេ។

ប្រសិន​បើ​យើងត្រូវ​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ រដ្ឋាភិបាលត្រូវតែផ្តល់និយមន័យការ​បៀតបៀន​ផ្លូវ​ភេទ​ឱ្យ​បាន​ច្បាស់លាស់។ នា​ពេល​បច្ចុប្បន្ន មិនទាន់មានការឯកភាពគ្នាជុំវិញនិយមន័យនៃ​ការបៀតបៀនផ្លូវភេទ​ជា​សាធារណៈនោះទេ ហើយលទ្ធផល គឺថានៅសល់ចន្លោះសម្រាប់ការបកស្រាយបញ្ហានេះផ្សេងៗគ្នា​ រវាង​ជន​រងគ្រោះ​ ជនល្មើស និងអាជ្ញាធរពាក់ព័ន្ធ។

មន្ត្រីនគរបាលសង្កាត់នៅភ្នំពេញមួយ​រូប លោក ប៊ុន សុធារក្ស ដែលបានផ្តល់​បទ​សម្ភាសដល់កាសែត ខ្មែរថាមស៍ ​លើ​បញ្ហាកង្វះនិយមន័យច្បាស់លាស់នៃការបៀតបៀននោះ បាននិយាយថា ការមិនឯកភាព​គ្នា​រវាងស្ត្រីដែលអះអាង​ថា ការប៉ះណាមួយដោយគ្មានការអនុញ្ញាត គឺជាការបៀតបៀនផ្លូវភេទ និងបុរស​ដែល​អះអាងថាវាបានកើត​ឡើង​ដោយ​ចៃដន្យ ឬដោយគ្មានចេតនាអាក្រក់ ធ្វើឱ្យវា «ពិបាកខ្លាំងណាស់​ក្នុង​ការ​បញ្ជាក់ថាតើការប៉ះនោះ​មាន​លក្ខណៈ​គ្រប់គ្រាន់សម្រាប់ការបៀតបៀនផ្លូវភេទ» ឬទេ។

សម្រង់នេះ គឺជាករណីដែលប៉ូលិសមិនដឹងពីរបៀបដាក់ទោសទណ្ឌលើការបៀតបៀនផ្លូវភេទ ហើយ​សាធារណជន​មិនដឹងពីនិយមន័យនៃការបៀតបៀនផ្លូវភេទ ដោយសារមិនមានការណែនាំច្បាស់លាស់។ ឧទាហរណ៍ តើការយល់ព្រម ការប៉ះ ការយកចិត្តទុកដាក់ និងចេតនា គួរមានអត្ថន័យយ៉ាងណាក្នុងក្រមច្បាប់​នៃការបៀតបៀនផ្លូវភេទជាសាធារណៈ?

នៅក្នុងប្រទេសកម្ពុជា ក្រមច្បាប់ដែលទាក់ទងនឹងការបៀតបៀនផ្លូវភេទ ជាពិសេសគឺផ្តោតលើការបៀតបៀន​នៅ​កន្លែងធ្វើការ។ ឧទាហរណ៍ ច្បាប់ការងារ (មាត្រា១៧២) និងក្រមព្រហ្មទណ្ឌ (មាត្រា២៥០) ផ្តោតតែលើ​ការយាយី​នៅកន្លែងធ្វើការប៉ុណ្ណោះ។

ការបៀតបៀនផ្លូវភេទជាសាធារណៈ ត្រូវតែផ្ដល់និយមន័យឱ្យបានជាក់លាក់ ហើយច្បាប់ដែល​ដាក់ទណ្ឌកម្ម​បៀតបៀនផ្លូវភេទ​ជាសាធារណៈ គួរតែត្រូវបានព្រាង និងអនុវត្ត។ ល្គឹកណាយើង​មិនបាន​ដោះ​ស្រាយ​បញ្ហានេះ​ដោយ​ចេតនា ​និង​ដោយ​ការពិចារណា​នោះទេ ជន​រងគ្រោះ​នៃ​ការ​បៀតបៀនផ្លូវភេទនេះនឹងបន្តជាពលរដ្ឋលំដាប់ទីពីរនៅតាមទីសាធារណៈ៕


ដោយ ធាង សូរិយា / ខ្លឹមសារនៃអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ