បទយកការណ៍៖ ស្ថាប័នរដ្ឋត្រូវបានគេមើលឃើញថាកំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយផលិតផលស្រាបៀរឱ្យក្រុមហ៊ុនឯកជន

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលយកស្រាបៀរគ្រុឌ ចំនួន២០០០កេស (Vattanac Brewery) សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ (រដ្ឋបាលខេត្តពោធិ៍សាត់)

អ្នកឃ្លាំមើលបញ្ហាសង្គម និងពលរដ្ឋមួយចំនួនលើកឡើងថា ការផ្ដល់អំណោយជាស្រាបៀររបស់ក្រុមហ៊ុនឯកជនដល់ស្ថាប័នរដ្ឋ គឺជាការជួយធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យក្រុមហ៊ុនឯកជនទាំងនោះ និងជារូបភាពជំរុញឱ្យប្រជាពលរដ្ឋកាន់តែផុសផុលឡើងក្នុងការសេពគ្រឿងស្រវឹង។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរក្នុងស្រុកមួយឈ្មោះ Vattanac Brewery បានឧបត្ថម្ភស្រាបៀរចំនួន២ ០០០កេស ផ្តល់ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីអបអរទិវាចូលឆ្នាំសកល ដោយមានការទទួលយកពីអភិបាលខេត្តនេះដោយផ្ទាល់។ រូបភាពទទួលស្រាបៀរពីមន្ត្រីក្នុងខេត្តនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក Pursat Provincial Hall និងនៅលើគេហទំព័ររបស់ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

គណនីហ្វេសប៊ុកមួយចំនួនបានរិះគន់ចំៗចំពោះអំណោយជាសារធាតុស្រវឹងនេះ។ មតិខ្លះលើកឡើងពីបញ្ហាប្រឈមដែលបង្កឡើងដោយស្រាបៀរ និងមតិខ្លះទៀតថាមិនគួរប្រគល់ស្រាឱ្យស្ថាប័នរដ្ឋ ហើយផ្សព្វផ្សាយជាសាធារណៈបែបនេះទេ។

គណនីឈ្មោះ សន ស្រីលក្ខណ៍ ចោទជាសំណួរថា៖ «បើគេឱ្យហើយ បដិសេធមិនទទួលមិនកើត ម៉េចមិនសម្ងំផឹកស្ងាត់ៗទៅ? បង្ហោះផ្សព្វផ្សាយ ដូចជាត្រេកអរចំពោះអំណោយស្រាហ្នឹងដល់ហើយ។ រដ្ឋបាលខេត្តមួយទាំងមូល មិនគិតខ្លះទេ ថាវាជាគំរូអាក្រក់ដល់មហាជន? អ្នកណាសរសើរហ្នឹង?»

គណនីឈ្មោះ Kanika Sombat បញ្ចេញមតិថា៖ «ហ៊ឺ! គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹងច្រើនណាស់ បើចង់ជួយ សូមជួយជាអ្វីផ្សេងបានអត់

គណនីឈ្មោះ លោកតា រ័ត្ន សរសេរថា៖ «បើធ្វើអំណោយ ដោយការសាងសង់ហេដ្ឋារចនាសម្ពន្ធ ឬឧបត្ថម្ភទៅក្នុងវិស័យណាមួយប្រហែលជាល្អជាងនេះឆ្ងាយណាស់»។

គ្រឿងស្រវឹង បានក្លាយជាទីពេញនិយមមួយនៅពេលបច្ចុប្បន្ន ដោយសារពលរដ្ឋមួយចំនួន ជាពិសេសយុវជន តែងតែទទួលទានក្នុងពេលដែលមានការជួបជុំគ្នា ឬនៅពេលដែលពួកគេទទួលបានជោគជ័យអ្វីមួយ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានចែកស្រាបៀរកម្ពុជា (Cambodia beer) ជាង ១០ ០០០កេស ដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ក្រោយពេលដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តមួយនេះ។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង លោក ស្បោង សារ៉ាត់  ធ្លាប់បានបញ្ជាក់ប្រាប់វីអូឌីថា អំណោយស្រាបៀររបស់លោកស ខេង គឺដើម្បីលើកទឹកចិត្តដល់សមាជិកបក្សរបស់ខ្លួនដែលប្រឹងប្រែងធ្វើការរហូតទទួលបានសន្លឹកឆ្នោតឈ្នះលើបក្សដទៃទៀត។

លោក ស្បោង សារ៉ាត់ និយាយថា៖ «ពួកគេកំពុងតែរង់ចាំទទួលអំណោយនេះ ដែលផ្ដល់ដោយថ្នាក់ដឹកនាំដល់សមាជិកគណបក្សដែលបានខិតខំប្រឹងប្រែងបំពេញការងារ។ បើទោះបីជាវាចំនួនតិចតួចក្ដី ប៉ុន្តែពួកគេសប្បាយចិត្តនឹងទទួលយក ហើយពួកគេអាចប្រើប្រាស់សម្រាប់ការជួបជុំគ្នានៅតាមមូលដ្ឋានរបស់ពួកគេរៀងៗខ្លួន»។

ដោយឡែក នាយកដ្ឋានផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ពីការប្រគល់ស្រាបៀរ គ្រុឌ (Krud) ចំនួន៤០០កេស ដែលជាការឧបត្ថម្ភរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ចែកជូនដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ត្រៀមជប់លៀងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

បើតាមគេ​ហទំព័ររបស់ស្ថាប័នរដ្ឋមួយនេះ ស្រាបៀរទាំងនោះត្រូវបានតម្រៀបជាជួរនៅពីខាងក្រោយមន្ត្រីដែលមានពាក់ឯកសណ្ឋាននៃក្រសួងមហាផ្ទៃជាច្រើនរូប។ រូបភាពដោយមានការប្រគល់ស្រាបៀរលើកកាន់ជូនគ្នាទៅវិញទៅមកជាតំណាង បានផ្សព្វផ្សាយជាច្រើនសន្លឹកក្នុងគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ មួយនេះ។

ទាក់ទិនសកម្មភាពចែកស្រាបៀរជាបន្តបន្ទាប់នៅក្នុងស្ថាប័នរដ្ឋ ហើយត្រូវបានចែកចាយដោយចំហបែបនេះ ត្រូវបានអ្នកតាមដានបញ្ហាសង្គម បង្ហាញការសោកស្តាយ ដែលមន្ត្រីរាជការនៅកម្ពុជាអាចធ្វើសកម្មភាពទាំងនេះបាន ដោយថា ជារូបភាពធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ ជាពិសេសអូសទាញឱ្យយុវជនជំនាន់ក្រោយកាន់តែសកម្មសេពគ្រឿងស្រវឹងថែមទៀត។

នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកសកម្មភាពផ្តល់អំណោយជាគ្រឿងស្រវឹងទាំងនេះ គឺជាការជំរុញឱ្យពលរដ្ឋកម្ពុជាបន្តផឹកគ្រឿងស្រវឹងកាន់តែផុសផុលឡើងថែមទៀត និងបានបង្កផលប៉ះពាល់ដល់សុខុមាលភាពសង្គមយ៉ាងធ្ងន់ធ្ងរ។

លោកបន្តថា៖ «វាជារឿងដែលគួរឱ្យសោកស្តាយបំផុត ដែលស្ថាប័នរដ្ឋមួយទទួលគ្រឿងស្រវឹងពីឧស្សហកម្មគ្រឿងស្រវឹង។មែនទែនទៅ នៅលើពិភពលោកនេះ កម្រណាស់ កម្រមានប្រទេសណាដែលគេធ្វើអ៊ីចឹងណាស់ ពីព្រោះអាហ្នឹងវាមិនមែនជាគ្រឿងដែលជួយធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម នូវសុខភាពសាធារណៈ។ ស្រាហ្នឹង! វាបំផ្លាញសុខភាពសាធារណៈ បំផ្លាញទៅដល់សុខុមាលភាពសង្គម»។

អ្នកតាមដានបញ្ហាសង្គមរូបនេះមើលឃើញទៀតថា មន្ត្រីរាជការបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលស្រាបៀរឱ្យក្រុមហ៊ុនឯកជនទាំងនោះឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាងនេះទៅទៀត លោកយល់ថា សកម្មភាពនេះ គឺជារបៀបនៃការបង្អាក់ដំណើររដ្ឋាភិបាលមិនឱ្យរៀបចំគោលនយោបាយដើម្បីរឹតត្បិតការបញ្ចេញផលិតផលគ្រឿងស្រវឹងនៅលើទីផ្សារក្នុងសង្គមកម្ពុជា។

លោកថា៖ «ឧស្សាហកម្មគ្រឿងស្រវឹងហ្នឹង គេនឹងកាន់តែលក់ដាច់ទៀត។ គេទទួលបានចំណេញលើសដើម។ ជារបៀប ជា Tactic [យុទ្ធសាស្រ្ត] នៃការផ្សាយពាណិជ្ជកម្មមួយដែលមានប្រសិទ្ធភាព ហើយជារបៀបផ្សាយពាណិជ្ជកម្មមួយ ព្រួញមួយបាញ់បានសត្វពីរ។ ព្រួញទីមួយ គេធ្វើឱ្យអាជ្ញាធរសាធារណៈលែងហ៊ាននិយាយអីទាំងអស់ពីគ្រឿងស្រវឹង លែងហ៊ានរិះគន់ពីគ្រឿងស្រវឹង លែងហ៊ានប្រាប់បញ្ហាដែលកើតឡើងដោយគ្រឿងស្រវឹង»

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយ ភូមិ-ឃុំ-មានសុវត្ថិភាព ដោយផ្តោតចំណុចសំខាន់ៗជាច្រើន រួមមានដូចជា គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង​ខុសច្បាប់ ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ និងគ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម។

ប៉ុន្តែសារធាតុស្រវឹង ត្រូវបានរកឃើញថាជាមូលហេតុចម្បងមួយដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ​និងនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតមានឡើង។

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានផ្សាយរបាយការណ៍មួយស្ដីពី «គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឬ Road Traffic Accidents in Cambodia» បានសិក្សានៅចន្លោះឆ្នាំ២០១៤–២០១៩ រកឃើញថា ជនរងគ្រោះដែលស្លាប់និងរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនជាយុវជន ហើយមូលហេតុនៃគ្រោះថ្នាក់កើតឡើងដោយសារតែពួកគេមិនគោរពច្បាប់ចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹង។

លោក យង់ គិមអេង បានចាត់ទុកសកម្មភាពឱ្យអំណោយជាស្រាបៀរក្នុងជួរមន្ត្រីរដ្ឋាភិបាលនេះ គឺបានដើរបញ្ច្រាសពីគោលនយោបាយរដ្ឋាភិបាលដាក់ចេញនាពេលកន្លងមក ដោយថា ស្រាបៀរបានជំរុញឱ្យបាត់បង់ធនធានមនុស្ស មានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាន។

លោកថា៖ «ខ្ញុំឃើញថា ពេលខ្លះ ទង្វើអាជ្ញាធរអត់ស្របជាមួយនឹងវិធានការនិងគោលនយោបាយដែលធ្វើ។ យើងទទួលយកគ្រឿងស្រវឹង បានន័យថា យកគ្រឿង យករបស់ដែលជំរុញឱ្យកើតមានអំពើហិង្សាទៅវិញ»

ចំណែកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា អំណោយស្រាបៀរជូនស្ថាប័នរដ្ឋនេះ គឺហាក់បានបង្ហាញឱ្យឃើញពីភាពប្រមឹករបស់មន្ត្រីរាជការកម្ពុជា ដែលជាហេតុនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរក្នុងសង្គម។លោកថា គ្រឿងស្រវឹង ជាអាវុធមួយដ៏គ្រោះថ្នាក់ខ្លាំង ជាពិសេសគឺចំពោះយុវជនដែលជាធនធានមនុស្សក្នុងការកសាងសង្គមជាតិ។ ដូច្នេះ លោកថា មិនគួរឱ្យអំណោយជាស្រាបៀរបែបនេះទេ ផ្ទុយទៅវិញ គួរតែលុបបំបាត់សកម្មភាពទាំងនេះកុំឱ្យកើតមានបន្តទៀត។

លោកបន្តថា៖ «[ការផ្សព្វផ្សាយស្រាបៀរក្នុងស្ថាប័នរដ្ឋ]នេះ គឺជាសារមួយដែលឆ្លុះបញ្ចាំងអំពីរបៀបក្នុងការធ្វើការរបស់មន្រ្តីរបស់យើង ដែលឈ្លក់វង្វេងគ្រឿងស្រវឹង ជាជាងការដែលរៀបចំខ្លួនឱ្យក្លាយជាមនុស្សមានសីលធម៌ មានចរិយាធម៌ អាកប្បកិរិយាសមរម្យ និងមិនឱ្យគេមើលឃើញក្នុងការងារដែលពាក់ព័ន្ធជាមួយនឹងការយកគ្រឿងស្រវឹងធ្វើជាត្រីមុខ ជាដើម»។

លោកបន្ថែមថា៖ «នេះជាចំណុចអវិជ្ជមានដែលយើងមិនគួរឃើញ និងមិនគួរមានការចែកចាយជាសាធារណៈ អំពីអំណោយគ្រឿងស្រវឹងទៅដល់មន្ត្រីរាជការ តាមរយៈអង្គការ ឬក៏ក្រុមហ៊ុនឯកជនដែលផលិតអាហ្នឹងទេ ព្រោះវាធ្វើឱ្យបាក់មុខបាក់មាត់ទៅដល់ស្ថាប័នរបស់ខ្លួន»

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង បានថ្លែងថា ម្ចាស់ជំនួញស្រាបៀរធំៗនៅកម្ពុជាមួយចំនួនមានទំនាក់ទំនងជិតស្និទ្ធទៅនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងមានទំនោរគាំទ្របក្សកាន់អំណាច ដែលជាផ្នែកមួយជំរុញឱ្យរូបភាពជូនជាអំណោយស្រាបៀរកើតមានឡើងជារឿងធម្មតាសម្រាប់ពួកគេ។ កញ្ញាយល់ថា បើរូបភាពនៃអំណោយគ្រឿងស្រវឹងទាំងនេះនៅតែបន្តកើតមាន គឺហាក់ដូចជាការបណ្តុះផ្នត់គំនិតកុមារឱ្យគិតថា ការផឹកស្រានៅតាមទីសាធារណៈជារឿងធម្មតាសម្រាប់សង្គមកម្ពុជា។

កញ្ញា លី ស្រីស្រស់ បន្តថា៖ «ខ្ញុំគិតថា ការផ្សាយជាសាធារណៈរបស់មន្ត្រីសាធារណៈលើទិដ្ឋភាពហ្នឹងផងដែរ វាអាចមានឥទ្ធិពលទៅលើក្មេងៗខ្លះមួយចំនួន ដោយនាំគ្នាយល់ថា ការផឹកស្រា ឬចែកស្រាអីហ្នឹង វាគឺជាទិដ្ឋភាពទូទៅធម្មតារបស់សង្គម»។

អភិបាលរងខេត្តពោធិ៍សាត់ លោក គិត សុផា បានបដិសេធឆ្លើយតបសំណួរអ្នកសារព័ត៌មានវីអូឌី ជុំវិញសកម្មភាពទទួលស្រាបៀរនាពេលកន្លងទៅក្នុងខេត្តរបស់លោក ដោយថា លោកមិនទទួលបន្ទុកលើករណីនេះទេ។

លោកថា៖ «អូនឯង Call [ហៅទូរសព្ទ] ទៅខាងទទួលបន្ទុកព័ត៌មានទៅ! បងអត់ទទួលបន្ទុកព័ត៌មានផង!»

ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ លោក ង៉ែត សីលា អះអាងថា លោករវល់ប្រជុំ ដូច្នេះ លោកមិនអាចឆ្លើយតបបានទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងព័ត៌មានបានហាមផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុ ចន្លោះពីម៉ោង៦ ដល់ម៉ោង៨យប់ ដោយថា ជាពេលវេលាដែលមានអ្នកទស្សនា ឬអ្នកស្តាប់ច្រើន ដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងពីប្រជាពលរដ្ឋ។ មួយវិញទៀត លោកថា ក្រសួងមិនឱ្យមានការផ្សព្វផ្សាយខ្លឹមសារជំរុញទឹកចិត្តខ្លាំងឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។

ទោះជាបែបនេះក្តី ក្រុមហ៊ុនដែលផលិតស្រាបៀរបានខិតខំបង្កើតយុទ្ធសាស្រ្តទីផ្សារទាក់ទាញអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់រង្វាន់ប្រាក់លាន រង្វាន់ម៉ូតូ រង្វាន់ឡាន និងភ្ជាប់ជាសារថា “ផឹកស្រាមានមោទកភាពជាតិ” ជាដើម។ ក្រុមហ៊ុនខ្លះ បានជួលតារាល្បីៗក្នុងស្រុក ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធឃោសនានានា ឬការរចនាជាផ្ទាំងពាណិជ្ជកម្មធំៗនៅតាមដងផ្លូវសាធារណៈ ដើម្បីជំរុញឱ្យផលិតផលរបស់ខ្លួនកាន់តែលក់ដាច់នៅលើទីផ្សារថែមទៀត។

ជុំវិញប្រតិកម្មចំពោះការជូនអំណោយជាគ្រឿងស្រវឹង ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយស្ថាប័នរដ្ឋនោះ លោក មាស សុភណ្ឌ បានឆ្លើយតបថា សកម្មភាពចែកស្រាបៀរទាំងនោះមិនមែនជារឿងដែលខុសច្បាប់រដ្ឋធម្មនុញ្ញកម្ពុជានោះទេ។

លោកបញ្ជាក់ថា៖ «​​ក្នុង​ពេល​បច្ចុប្បន្ន​ យើងពុំទាន់មាន​ច្បាប់ដែល​ហាមឃាត់​មិន​ឱ្យទទួល​អំណោយ​ស្រប​ច្បាប់​ ដែលផ្តល់ដោយ​ស្ថាប័ន​ឬក្រុមហ៊ុនស្របច្បាប់ដែរ​ ហើយ​ក៏គ្មានការ​ហាមឃាត់​ មិនឱ្យទទួល​អំណោយ​ជាស្រាបៀរដែរ»។

យ៉ាងណាក្តី លោក ផៃ ស៊ីផាន ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា រដ្ឋាភិបាលគឺមិនបានគាំទ្រឱ្យមានសកម្មភាពចែកស្រាក្នុងស្ថាប័នរបស់រដ្ឋជាសាធារណៈនោះទេ។ លោកថា ទោះបីជាមិនមានច្បាប់ចែងមិនឱ្យទទួលអំណោយជាស្រាបៀរក៏ដោយ ប៉ុន្តែលោកថា ក្នុងនាមមន្ត្រីរាជការរបស់រដ្ឋមិនគួរនឹងផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនឯកជនណា ដោយបានភ្ជាប់ខ្លួនជាមួយស្ថាប័នដែលខ្លួនកំពុងបម្រើការនោះដែរ។

លោកថា៖ «ជាច្បាប់ វាអត់មានទេ! អត់មានបម្រាមហាមអីទេ! ក៏ប៉ុន្តែក្រមសីលធម៌ និងវិជ្ជាជីវៈ គឺយើងមិនអាចធ្វើទេ ពីព្រោះជាសាធារណៈ ជាផ្លូវការសាធារណៈរបស់រដ្ឋ។ ដូច្នេះ វាមិនមែនជាឯកជនសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអីនោះទេ មិនមែនថាជាស្រា គ្រឿងស្រវឹងអីនោះទេ។ គោលជំហររបស់រដ្ឋាភិបាលយើង ដឹងហើយថា ក្រសួងព័ត៌មានលោកហាមមិនឱ្យមានការផ្សាយតាមរយៈបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋ គឺអត់មានការផ្សាយជាគ្រឿងស្រវឹង។ នេះជាគោលជំហររបស់រដ្ឋាភិបាល»។

ទោះជាបែបណាក្តី លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា បានពន្យល់ថា សារធាតុដែលមាននៅក្នុងគ្រឿងស្រវឹង បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរនៅពេលដែលទទួលទានជាប្រចាំ រួមមានដូចជា ជំងឺមហារីក ជំងឺរលាកក្រពះ រលាកពោះវៀន និងខូចតម្រងនោម ជាដើម។ លោកថា តាមរយៈបទពិសោធលោកកន្លងមក មានស្រាបៀរខ្លះ គឺជាផលិតផលក្លែងក្លាយលាយបញ្ចូលសារធាតុគីមីខុសច្បាប់ ទោះបីជាមានអាជ្ញាបណ្ណពីក្រសួងពាក់ព័ន្ធហើយក៏ដោយ។

លោកមានប្រសាសន៍ថា ៖ «ក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់ ដែលខ្ញុំធ្លាប់មានបទពិសោធផ្នែកខាងអាហារូបត្ថម្ភ ដូចជាមានស្រាបៀរ ទឹកក្រូចហ្នឹង យើងសង្កេតឃើញថា ខាងផលិតស្រាបៀរហ្នឹង ក្រុមហ៊ុន [ខ្លះ] មកដំបូងសុំអាជ្ញាបណ្ណ គឺក្រុមហ៊ុនហ្នឹងយកផលិតផលរូបមន្តល្អ យកមកឱ្យចូលឡាបូ [កន្លែងពិសោធ] ឃើញថាវាល្អ [ក្រសួង] ចេញអាជ្ញាបណ្ណឱ្យ»។

លោកបន្ថែមថា៖ «ក្រោយមក ស្រាបៀរទាំងអស់ហ្នឹងក្លែងក្លាយសឹងតែទាំងអស់ ខ្ញុំធ្លាប់ពិសោធមើល ក្លែងក្លាយទាំងអស់នៅស្រុកខ្មែរយើងហ្នឹង។ ញ៉ាំទៅ វាមានផលប៉ះពាល់ទៅដល់ពោះវៀន ទៅដល់ក្រពះ ហើយប្រជាជនខ្មែរយើងភាគច្រើនមានជំងឺក្រពះ និងពោះវៀន រលាករ៉ាំរ៉ៃ រហូតដលអាប់សែពោះវៀន អាចនឹងមហារីកពោះវៀនធំ»

របាយការណ៍​របស់​មូលនិធិ​អាស៊ី ​ចេញផ្សាយក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា បុរស​កម្ពុជា​បាន​ផឹកស្រា​ដែល​មាន​ជាតិ​អាល់កុល​សុទ្ធ​ចំនួន ៩,៧លីត្រ​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​នេះ​លើស​ពី​កម្រិត​មធ្យម​នៃ​ការ​ទទួលទានគ្រឿងស្រវឹង​ប្រចាំ​ឆ្នាំ​របស់​មនុស្សម្នាក់ៗ​ក្នុង​ពិភពលោក​ ដល់​ទៅ ​៣,៥លីត្រ។ ប្រភពដដែលបញ្ជាក់ថា ​មូលហេតុ​ដែល​ពលរដ្ឋ​កម្ពុជា​ពិសារ​គ្រឿង​ស្រវឹង​ច្រើន គឺ​ដោយសារតែ​​មិនមាន​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ មិនមានការរឹតត្បិតលើការផ្សាយពាណិជ្ជកម្ម និងស្រានៅកម្ពុជាមានតម្លៃថោក ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ