មេដឹកនាំកម្ពុជា បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរៀបចំយន្តការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងជំងឺសកលកូវីដ-១៩ ខណៈធ្លាប់អះអាងថា ពលរដ្ឋជិត៤លាន់នាក់នៅមិនទាន់មកទទួលដូសទី៣នៅឡើយ ដែលការណ៍នេះ លោកបង្ហាញពីហានិភ័យសុខភាពសាធារណៈចៃដន្យណាមួយអាចនឹងកើតឡើង។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ ក្នុងពេលដែលមានការបារម្ភថា ជំងឺកូវីដ-១៩ អាចផ្ទុះឡើងវិញជាថ្មី និងខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងជាថ្មីនៅក្នុងប្រទេសចិន។
ការបញ្ជាឱ្យរៀបចំយន្តការសម្រាប់ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នៅខេត្តកំពត ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយថា ការការពារជាមុន ប្រសើរជាងការទុកឱ្យកើតជំងឺរួចទើបដោះស្រាយជាក្រោយ។ លោកថា វាគឺជារឿងចាំបាច់ដែលមនុស្សត្រូវមានភាពស៊ាំក្នុងខ្លួនជានិច្ច ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ ដែលបន្តមានវត្តមាននៅក្នុងតំបន់ និងនៅក្នុងប្រទេស។
លោកថា កូវីដ-១៩ មានការបំប្លែងខ្លួនច្រើនប្រភេទ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ពីព្រោះសូម្បីមេរោគកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក៏អាចសម្លាប់មនុស្សបានដែរ បើគ្មានប្រព័ន្ធស៊ាំក្នុងរាងកាយនោះ។
បើទោះជាយ៉ាងនេះក្តី លោកថាមានពលរដ្ឋមួយចំនួនបានចាក់វ៉ាក់សាំងដល់ដូសទី៦ហើយ ប៉ុន្តែអ្នកមួយចំនួនមិនទាន់បានចាក់ដល់ដូសទី៣ នៅឡើយ។
លោក ហ៊ុន សែន ថាលោកបានសម្រេចតាមសំណើរបស់គណៈកម្មការជាតិប្រយុទ្ធកូវីដ-១៩ កាលពីម្សិលមិញ ដើម្បីរៀបចំឱ្យមានការចាក់ដូសទី៤ សម្រាប់កុមារវ័យ៣-៥ឆ្នាំ, ដូសទី៥ ស្រាប់វ័យ៥-១២ ឆ្នាំ និងដូសទី៦ សម្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋ។
លោក ហ៊ុន សែន ថា៖ «បើកាលណាកូវីដនេះមិនទាន់ចប់ទេ ហានិភ័យនៅតែមាន ត្រូវតែមានការប្រុងប្រយ័ត្ន។ វាជាការគួរឱ្យសោកស្តាយ ដែលមានមនុស្សមួយចំនួនមិនទាន់បានយកដូសទី៣ នៅឡើយទេ។ […] តែសុំឱ្យរៀបចំយន្តការសម្រាប់ការចាក់វ៉ាក់សាំងនេះ ព្រោះនេះជាកិច្ចការពារខ្លួន ការពារជីវិតរបស់យើងៗ កុំចាំដល់ចូលក្ដារមឈូស បានចាប់ផ្តើមនាំគ្នាសោកស្តាយថាមិនបានចាក់វ៉ាក់សាំង។ យើងត្រូវឃើញថា នៅក្នុងតំបន់របស់យើង នៅមានប្រទេសដែលមានឆ្លង មានការស្លាប់ ដែលយើងត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងវត្តមានដែលមិនទាន់អស់នៅឡើយនៃអាកូវីដនេះ ហើយកូវីដនេះ វាចេះតែដូររូបរាង»។
ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅសល់ពលរដ្ឋប្រមាណ៤លាននាក់ទៀតដែលនៅមិនទាន់ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី៣ នៅឡើយ ខណៈវ៉ាក់សាំងនៅសល់ក្នុងស្តុកមានប្រមាណ ៧លាន ៥សែនដូស។
ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសល់ប្រមាណ៤លាននាក់នោះ ទៅទទួលយកវ៉ាក់សាំងដូសទី៣ ខណៈអាកាសធាតុចុះត្រជាក់ ហើយវីរុសកូវីដ-១៩ បានបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន កម្ពុជាក៏បានស្នើដល់សហរដ្ឋអាមេរិក និងចិន ផ្អាកការដឹកជញ្ជូនជំនួយវ៉ាក់សាំងមួយចំនួនមកកម្ពុជាមួយរយៈសិន ក្រោយប្រទេសទាំងនោះប្រកាសផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កម្ពុជា ដោយសារកម្ពុជានៅមានវ៉ាក់សាំងចំនួនច្រើននៅក្នុងស្តុកនៅឡើយ។
ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងដែរថា រដ្ឋាភិបាលបាននិងកំពុងរៀបចំមន្ទីរពេទ្យថ្មីមួយដែលមានសមត្ថភាពដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់ទៅ១ម៉ឺនគ្រែ ហើយរូបលោក និងមន្ត្រីពាក់ព័ន្ធ គ្រោងនឹងទៅពិនិត្យមន្ទីរពេទ្យថ្មីនោះនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩។ ក្នុងនោះ មានប្រភពប្រាប់សារព័ត៌មាននេះថា គេពិតជាខ្លាចឆ្លងជំងឺកូវីដ-១៩ ព្រោះចំនួនអ្នកឆ្លងកំពុងកើនឡើងនៅក្នុងទីក្រុងប៉េកាំង។
ក្រៅពីនោះ វេជ្ជបណ្ឌិតម្នាក់ដែលធ្វើការនៅផ្នែកផ្លូវដង្ហើម នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ត្រូវបានស្រង់សម្តីដោយកាសែត Global Times កាលពីថ្ងៃទី២៥ ខែធ្នូ ថាចំនួនអ្នកជំងឺដែលរង់ចាំចូលសម្រាកព្យាបាលនៅគ្លីនិកសង្គ្រោះបន្ទាន់ និងគ្រុនក្តៅ កំពុងកើនឡើង។
បណ្ដាប្រទេសមួយចំនួន ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ជាដើម តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តរកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Shine នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និយាយថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អ្នកដំណើរដែលបានទៅ ឬស្នាក់នៅក្នុងប្រទេសចិនក្នុងរយៈពេល៧ថ្ងៃ នឹងតម្រូវឱ្យធ្វើតេស្តនៅពេលមកដល់ប្រទេសជប៉ុន ហើយប្រសិនបើធ្វើតេស្តឃើញវិជ្ជមាន ពួកគេនឹងត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ ប្រទេសជប៉ុនក៏កំពុងពិចារណាលើការកំណត់ចំនួនជើងហោះហើរពីប្រទេសចិនផងដែរ។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង បានបន្ថែមប្រទេសចិនទៅក្នុងបញ្ជីប្រទេសគោលដៅដែលត្រូវធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ហើយអ្នកដំណើរត្រូវតែមានសីតុណ្ហភាពរាងកាយមិនលើសពី ៣៧,៣អង្សាសេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។
ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ភ្ញៀវទេសចរមកពីចិនដីគោក ជប៉ុន ថៃ និងកូរ៉េខាងត្បូង នឹងតម្រូវឱ្យធ្វើតេស្ត RT-PCR នៅពេលចូលទៅកាន់ប្រទេសឥណ្ឌា ហើយអ្នកដែលមានរោគសញ្ញា ឬតេស្តឃើញវិជ្ជមាន នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក។
រីឯប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អាកាសយានដ្ឋានម៉ាលផេនសា (Malpensa) នៅទីក្រុងមីឡែន (Milan) បាននិងកំពុងធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ដោយមិនគិតពីសញ្ជាតិ។ គោលនយោបាយនេះមានសុពលភាពជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
លើសពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកធ្វើដំណើរពីចិនដីគោកទៅកាន់កោះតៃវ៉ាន់ នឹងត្រូវតម្រូវឱ្យធ្វើតេស្ត PCR និងតាមដានសុខភាពរយៈ៧ថ្ងៃ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី សាទរចំពោះការជំរុញរបស់នាយករដ្ឋមន្ត្រី ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដើម្បីការពារខ្លួនពីកូវីដ-១៩ ដោយថា ការជំរុញនេះ គឺជារឿងប្រសើរ ដើម្បីសុខភាពពលរដ្ឋ។ លោកថា ថ្នាក់ដឹកនាំ ក្នុងនាមឪពុកម្តាយ ពេលដែលកូនឈឺ គឺព្រួយបារម្ភហើយ ពោលពេលទៅរកពេទ្យ បើទោះពេទ្យឱ្យថ្នាំខុស ក៏ឱ្យកូនលេបសិនដែរ។
បើទោះជាយ៉ាងនេះក្តី លោកយល់ថា ចំណុចពិសេសសំខាន់មួយទៀត គឺរដ្ឋាភិបាលមិនអាចបិទខ្ទប់ទេសចរបានទេ ដូចជា អង្គរវត្ត ឆ្នេរសមុទ្រ ជាដើម ដែលជាផ្នែកជួយសេដ្ឋកិច្ច។ ដូច្នេះទាមទារឱ្យពលរដ្ឋក្នុងស្រុកចាក់វ៉ាក់សាំង មានភាពស៊ាំ ដើម្បីការពារខ្លួនពីជំងឺនាំចូល និងកុំឱ្យចម្លងទៅទេសចរផងដែរ។
លោក អ៊ូច វុទ្ធី ថា៖ «អត់ទាន់ធ្វើអីបានប៉ុន្មានទេ អ៊ីចឹងយើងរស់ឡើងដោយកសិកម្ម ដោយទេសចរណ៍ហ្នឹងហើយដែលសំខាន់បំផុត ហើយលោក[នាយករដ្ឋមន្ត្រី]ចង់ឱ្យចង្វាក់ទេសចរណ៍ហ្នឹងដើរឡើងវិញ។ ដើម្បីថវិកាជាតិចូលវិញ លុះត្រាតែយើងរួមគ្នាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ហើយការពារខ្លួនឱ្យបានគ្រប់គ្នា។ កន្លែងហ្នឹងហើយ ដើម្បីឱ្យទេសចរណ៍គេចង់មកលេងស្រុកយើង គេអត់មានភ័យខ្លាចរឿងឆ្លង។ ហើយយើងបើបានចាក់គ្រប់១៦លាននាក់មែន ជារឿងល្អប្រសើរ»។
ចំណែកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា ការដាក់ចេញបទបញ្ជាដើម្បីជំរុញឱ្យចាក់វ៉ាក់សាំងនេះ គឺជារឿងល្អ ព្រោះបរិបទបច្ចុប្បន្ន កម្ពុជាមានភាពជិតស្និទ្ធនឹងប្រទេសចិន ហើយជនជាតិចិនចេញ-ចូលមកកម្ពុជាក្នុងមួយឆ្នាំៗក្នុងចំនួនច្រើន បើទោះក្នុងពេលមានកូវីដ-១៩ក៏ដោយក៏មានចំនួនច្រើន។ លោកចាត់ទុកថា រឿងនេះជាក្តីព្រួយបារម្ភមួយ។
លោក សេក សុជាតិ ថា៖ «ជាតិចិនចេញ-ចូលមកប្រទេសកម្ពុជា នៅក្នុងមួយឆ្នាំៗ ទោះបីជាក្នុងពេលមានកូវីដ-១៩ក៏ដោយ ក៏មានចំនួនច្រើន ដែលយើងមើលឃើញថា វាគឺជាក្តីព្រួយបារម្ភមួយ ដោយសារបញ្ហាដែលមើលឃើញត្រង់ថា នៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃនៅក្នុងប្រទេសចិន គឺមានការផ្ទុះជំងឺកូវីដ-១៩ រហូតដល់ទៅជាង២០០លាននាក់។ ដូច្នេះហើយយើងខ្លាចបញ្ហានេះ វាអាចនឹងជះឥទ្ធិពលមកដល់កម្ពុជា។ សម្រាប់ខ្ញុំ ខ្ញុំនៅគិតថា នេះគឺជារឿងល្អ ហើយខ្ញុំគាំទ្រវិធានការនេះ»។
យ៉ាងណា លោកមើលឃើញថា វាមានចំណែកខ្លះពាក់ព័ន្ធជាមួយនឹងនយោបាយផងដែរ ខណៈគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច អាចនឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងបង្ហាញពីការបំពេញតួនាទីរបស់ខ្លួនចំពោះពលរដ្ឋផងដែរ៕