ស្របពេលដែលកម្ពុជាបានព្យាយាមបង្ហាញពីការងើបឡើងវិញនៃពាណិជ្ជកម្ម និងកំណើនផលិតផលក្នុងស្រុកសរុប ក្នុងនោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវសាធារណៈក្នុងឆ្នាំនេះ ជុំវិញការគាបសង្កត់នៅកន្លែងធ្វើការ និងទីតាំងប្រកបអាជីវកម្មរបស់ពួកគេ។
ឆ្នាំនេះបានបង្ហាញឱ្យឃើញពីការវិលត្រលប់ទៅរកចំណូល និងការហូរចូលនៃទំនិញយ៉ាងឆាប់រហ័ស ខណៈប្រទេសនេះប្រឈមនឹងរបាយការណ៍នៃការកើនឡើងនៃភាពក្រីក្រ និងការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យហិរញ្ញវត្ថុ។
ការនាំចូលកើនឡើងទ្វេដង បើធៀបនឹងពាក់កណ្ដាលឆ្នាំ២០២០ ហើយផលិតកម្មក្នុងស្រុកក៏បានពង្រីកសាជាថ្មីម្តងទៀតបន្ទាប់ពីករណីឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។ ការរឹតបន្តឹងលើជំងឺរាតត្បាតត្រូវបានលុបចោលសម្រាប់អ្នកដំណើរអន្តរជាតិដែលចូលមកកាន់ប្រទេសកម្ពុជា ខណៈការវិនិយោគរបស់ប្រទេសចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងជាច្រើនផ្សេងទៀតត្រូវបានប្រកាសដាក់បញ្ចូលនៅក្នុងវិស័យកំពង់ផែ និងវិស័យផ្សេងៗទៀត។
ប៉ុន្តែស្របពេលដែលទីផ្សារមានការប្រែប្រួល សម្ពាធក៏បានកើតមានឡើងលើប្រជាជនកម្ពុជាដែលលក់កម្លាំងពលកម្ម ឬផលិតផលរបស់ពួកគេ។ យោងតាមសេចក្តីរាយការណ៍របស់ វីអូឌី ក្នុងនោះ វិវាទរបស់កម្មករ ឬការបញ្ឈប់សហជីព បានកើតឡើងលើក្រុមប្រមាណជា២០ នៅឆ្នាំនេះ ដែលភាគច្រើននៅរោងចក្រកាត់ដេរ។ កម្មករជាច្រើនបានលើកឡើងថា ករណីកូវីដ-១៩ ត្រូវបានប្រើប្រាស់ជាហេតុផលដើម្បីបំផ្លាញដល់លក្ខខណ្ឌការងារ។
ភាពមិនប្រក្រតីនៃម៉ាក្រូសេដ្ឋកិច្ច
ការនាំចូលរបស់កម្ពុជាកើនឡើងដោយការហូរចូលនៃមាស ដោយក្នុងនោះ មានតម្លៃប្រមាណជា ៤ ពាន់លានដុល្លារក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ដែលច្រើនជាងការនាំចូលក្រណាត់ទៅកាន់ឧស្សាហកម្មកាត់ដេរចម្បងរបស់ប្រទេស ឬប្រមាណ ២០% នៃការនាំចូលសរុប។
អង្គការក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា FATF កំពុងតែធ្វើការស៊ើបអង្កេតលើប្រទេសកម្ពុជា ជុំវិញការលាងលុយកខ្វក់ បន្ទាប់ពីខ្លួនបានដាក់ប្រទេសនេះទៅក្នុង «បញ្ជីប្រផេះ» កាលពីប្រាំឆ្នាំមុន។ ការិយាល័យអង្គការសហប្រជាជាតិ ស្តីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) បានលើកឡើងថា ការកាប់ឈើខុសច្បាប់ កាស៊ីណូ ការផលិតគ្រឿងញៀន និងអំពើពុករលួយក្នុងចំណោមមន្ត្រី គឺស្ថិតនៅក្នុងហានិភ័យខ្ពស់។
តុលាការបានបន្តការចោទប្រកាន់ពីបទ «លាងលុយកខ្វក់» ប្រឆាំងនឹងជនសង្ស័យមួយចំនួនដែលត្រូវបានចាប់ខ្លួនចេញពីទីតាំងប្រតិបត្តិការឆបោកជាសកល និងការជួញដូរមនុស្សជាច្រើនកន្លែងនៅទូទាំងប្រទេស។
កម្ពុជា ហាក់ដកវិធានការរឹតបន្តឹងទាក់ទងនឹងវីរុសកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរមុនគេ ខណៈវិស័យទេសចរណ៍កំពុងងើបឡើងវិញជាបណ្តើរៗ។ ប៉ុន្តែជំងឺរាតត្បាតក៏បានបន្សល់ទុកនូវស្លាកស្នាមមួយ ដោយនៅក្នុងរបាយការណ៍មួយរបស់ធនាគារពិភពលោកបានលើកឡើងថា ប្រជាជនកម្ពុជាចំនួន ៤៦ ម៉ឺននាក់ បានធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ។
ការព្រួយបារម្ភលើបញ្ហាសិទ្ធិមនុស្ស
បំណុលក្នុងចំណោមគ្រួសារបន្តកើនឡើង ដែលប្រមូលផ្តុំកាន់តែខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ។ ធនាគារពិភពលោកក៏បានព្រមានកាលពីខែធ្នូ ដោយចាត់ទុកការពង្រីកឥណទានយ៉ាងឆាប់រហ័សថាជាការឈានជើងទៅរកវិបត្តិហិរញ្ញវត្ថុផងដែរ។
ការជាប់បំណុលកាន់តែច្រើន បានកើតមានឡើងស្របពេលដែលមានការចោទប្រកាន់កាន់តែទូលំទូលាយអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ការសិក្សាមួយដែលធ្វើឡើងដោយប្រទេសអាល្លឺម៉ង់ បានលើកឡើងថា មីក្រូហិរញ្ញវត្ថុបានចាកឆ្ងាយចេញពីការប្ដេជ្ញារបស់ខ្លួនក្នុងការជួយសង្គ្រោះភាពក្រីក្រ។
អ្នកខ្ចីប្រាក់ជាងមួយភាគបួន បានលើកឡើងថា ពួកគេមានបញ្ហាជាមួយនឹងការសងប្រាក់ត្រលប់ទៅវិញ ដែលក្នុងនោះមានប្រមាណជាជាង ១៦ ម៉ឺនគ្រួសារ ត្រូវបង្ខំចិត្តលក់ដីរបស់ខ្លួន។
ទាក់ទិននឹងករណីនេះ អង្គការក្រៅរដ្ឋាភិបាលបានបន្តស្វែងរកអ្នកផ្តល់មូលនិធិអន្តរជាតិនៃមីក្រូហិរញ្ញវត្ថុ ជុំវិញការរំលោភសិទ្ធិមនុស្ស ដោយដាក់ពាក្យបណ្តឹងទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក។
ទន្ទឹមនឹងនោះ ពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុល នៅតែជាក្តីកង្វល់មួយដ៏ធំនៅតាមទីតាំងសិប្បកម្មឡឥដ្ឋ និងការដ្ឋានសំណង់។
ការវិនិយោគ
ប្រជាជនកម្ពុជាដែលភាគច្រើនហាក់ចាប់អារម្មណ៍លើគម្រោងដើម្បីក្លាយជាអ្នកមានក្នុងរយៈពេលខ្លី បានជួបប្រទះនូវបញ្ហាក្នុងអាជីវកម្មដែលពួកគេធ្វើជាច្រើន៖
- បុរសវ័យ៤៣ឆ្នាំម្នាក់ នៅខេត្តក្រចេះ បានបោកប្រាស់ប្រជាពលរដ្ឋ ១៤២គ្រួសារ ដោយអះអាងថា ខ្លួនមកពីអង្គការអភិវឌ្ឍន៍មួយ។
- គេហទំព័រវិនិយោគ ក្រោមប្រធានបទ«បាល់ទាត់» បានទាក់ទាញអ្នកវិនិយោគឱ្យដាក់ប្រាក់ជាមុន ហើយក្រោយមកមិនអនុញ្ញាតឱ្យពួកគេដកប្រាក់វិញឡើយ។
- មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់បានប្រមូលប្រាក់តុងទីនជិត ២០ម៉ឺនដុល្លារ ពីអ្នកជិតខាងរបស់ខ្លួន ហើយមិនបានសងត្រលប់វិញនោះទេ។
- វិនិយោគិនបានទទួលយកសំណងត្រឹមតែ ៣០% បន្ទាប់ពីបាត់បង់ប្រាក់ទៅឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយបក្សកាន់អំណាច។
រដ្ឋាភិបាលត្រូវបានទាមទារឱ្យទូទាត់ថ្លៃចំណាយដល់កូនប្រសាលោក ជាម យៀប ដែលជាអនុប្រធានទី១ រដ្ឋសភា ក្នុងករណី «ការសាងសង់សំណង់មុន រួចទើបទូទាត់ថវិកាតាមក្រោយ» ដោយមិនមានការដាក់ដេញថ្លៃ និងពុំបានឆ្លងកាត់ការអនុញ្ញាតពីរដ្ឋាភិបាលថ្នាក់ជាតិ។
ការព្រួយបារម្ភរបស់កម្មករ
ស្របពេលដែលទីផ្សារហិរញ្ញវត្ថុឡើងកម្ដៅ កម្មកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវសាធារណៈ ជុំវិញការបញ្ឈប់សហជីព ការធ្លាក់ចុះនៃលក្ខខណ្ឌការងារ និងបញ្ហាកសិកម្ម ជាដើម។
រោងចក្រកាត់ដេរ និងផលិតស្បែកជើង ដែលរួមមាន Cinlon International, New Mingda, Bright Flushing, Eastcrown, Canteran, SYHJ, Can Sports Shoe, Qi Ming Xin, Roo Hsing, Hung Wah, Y&W, Hong Sen, Sepia Garment, Hi-Tech Apparel និង ML ត្រូវបានមើលឃើញថា មានការបញ្ឈប់សហជីព ដែលឈានដល់ការធ្វើកូដកម្ម ឬការតវ៉ារបស់កម្មកររាប់រយនាក់ ឬរាប់ពាន់នាក់ ហើយក្នុងនោះមានរោងចក្រយ៉ាងហោចណាស់ប្រាំផ្សេងទៀតក៏ប្រឈមនឹងបញ្ហាការចុះឈ្មោះសហជីពផងដែរ។
កម្មករសំណង់ និងអាជីវករលក់ដូរតាមទីផ្សារ ក៏បានតវ៉ាចំពោះការមិនទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់ ឬការផ្លាស់ប្តូរថ្លៃជួលទីតាំង ខណៈកសិករក្នុងខេត្តបាត់ដំបងរាប់រយនាក់ក៏ធ្លាប់បានតវ៉ាប្រឆាំងនឹងអាជ្ញាធរឱ្យប្រគល់រថយន្តដឹកលើសទម្ងន់របស់ថៃដែលដឹកកសិផលរបស់ពួកគេទៅកាន់ភាគីថៃវិញផងដែរ។
គួរបញ្ជាក់ថា វិវាទការងារដ៏លេចធ្លោបំផុតនៅក្នុងឆ្នាំនេះ គឺកើតឡើងនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានករណីបញ្ឈប់សមាជិកសហជីពចំនួន១ ១០០នាក់ រួមទាំងមេដឹកនាំកំពូលផងដែរ ក្នុងនោះ កូដករចំនួន ៩ រូបក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ករណីសមត្ថកិច្ច អាជ្ញាធរក្រុង និងមន្ត្រីសុខាភិបាល រារាំងអ្នកតវ៉ា និងអំពើហិង្សាដែលកើតឡើងជាបន្តបន្ទាប់៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Workers, Families Feel Rising Market’s Pressure: Economy 2022