ក្រុមយុវជនវប្បធម៌អំណាននៅខេត្តបាត់ដំបង កំពុងរៀបចំយុទ្ធសាស្រ្តធ្វើយ៉ាងណាដើម្បីកៀរគរយុវជន និងពលរដ្ឋឱ្យចាប់អារម្មណ៍និងស្រឡាញ់ការអាន ប្រយោជន៍ក្នុងការបណ្ដុះស្មារតីឱ្យមានទម្លាប់អានបានច្រើន មិនថានៅក្នុងផ្ទះ ឬនៅទីសាធារណៈនោះទេ ខណៈពលរដ្ឋកម្ពុជាសព្វថ្ងៃពុំសូវចាប់អារម្មណ៍ ឬមិនមានទម្លាប់នៃការអានសៀវភៅទេ ដោយប្តូរមកវិញពេលទំនេរប្រើប្រាស់ទូរសព្ទទំនើបជាការកម្សាន្តជំនួស។
លោក ប៊ឺប ផល្លី ជាប្រធានក្រុមយុវជនវប្បធម៌អំណាន បានឱ្យដឹងថា ក្រុមរបស់លោកមានសមាជិកចំនួន៥នាក់ ដែលសុទ្ធតែជាយុវជនស្ម័គ្រចិត្ត។ លោកបន្តថា កិច្ចការងារដែលពួកគេធ្វើនេះ គឺធ្វើដោយកម្លាំងចិត្ត និងចំណាយធនធានថវិកាដោយខ្លួនឯង ពុំមានការផ្តល់ប្រាក់លើកទឹកចិត្តពីខាងណានោះទេ។ មិនតែប៉ុណ្ណោះ ក្នុងពេលដែលកំពុងអនុវត្តកម្មវិធីលើកទឹកចិត្តឱ្យពលរដ្ឋស្រឡាញ់ការអានបណ្ដើរ ក្រុមការងារស្ម័គ្រចិត្តរបស់លោកក៏ព្យាយាមរកជំនួយបណ្ដើរដែរ ដើម្បីយកមកទ្រទ្រង់ឱ្យសកម្មភាពអំណាននេះអាចដំណើរការទៅមុខទៀតបាន។
![សៀវភៅជាច្រើនក្បាលត្រូវបានដាក់បង្ហាញជាសាធារណៈ ដោយក្រុមយុវជនវប្បធម៌អំណាន នៅសួនច្បារ ស ខេង ក្រុងបាត់ដំបង ដើម្បីចែកឱ្យយុវជន និងសាធារណជនអានដោយមិនគិតថ្លៃ។](https://www.vodkhmer.news/wp-content/uploads/2022/12/យុវជនវប្បធម៌អំណាន-02.jpg)
លោកបន្តថា៖ «ពួកយើងគ្មានការឧបត្ថម្ភពីខាងណាទាំងអស់ ពួកយើងមានតែកម្លាំងចិត្ត និងមនសិការចូលរួមជួយដល់សង្គម។ ពួកយើងស្វែងរកជំនួយតាមមធ្យោបាយផ្សេង ដើម្បីអនុវត្តសកម្មភាពទាំងនោះឱ្យបានល្អប្រសើរ និងទទួលបានផលល្អផងដែរ» ។
មិនខុសគ្នាទេ កញ្ញា ចិន្ដា សុជាតា អាយុ២១ឆ្នាំ ជាសមាជិកម្នាក់នៅក្នុងក្រុមយុវជនវប្បធម៌អំណាន អះអាងថា សៀវភៅដែលបានដាក់តាំងសម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យចល័តនេះ គឺទទួលបានពីសប្បុរសជនដែលបានជនបរិច្ចាគ សម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់ខ្លួន។ ប្រភពបន្តថា ការដាក់ឱ្យអាននេះ គឺពុំមានគិតថ្លៃអ្វីឡើយ ហើយភាគច្រើនគឺមានមនុស្សគ្រប់វ័យចូលរួមអាន។ បើតាមកញ្ញា សុជាតា រំពឹងថា ការអានសៀវភៅនេះនឹងក្លាយជាទម្លាប់មួយក្នុងសង្គម ជាពិសេសស្រទាប់យុវវ័យជំនាន់ក្រោយ។
កញ្ញាបន្តថា៖ «ការពិតទៅ គោលបំណងដែលពួកខ្ញុំធ្វើបណ្ណាល័យចល័តនេះ គឺចង់ចែករំលែកពីទម្លាប់នៃការអានសៀវភៅ នៅពេលដែលពួកគាត់មកលេងសួន គាត់អាចមានឱកាសអានសៀវភៅ» ។
គេសង្កេតឃើញថា នៅពេលបច្ចុប្បន្ននេះ ការអានសៀវភៅ វាហាក់ដូចមិនមែនជាទម្លាប់សម្រាប់ពលរដ្ឋកម្ពុជាទេ។ នៅពេលទំនេរពីកិច្ចការប្រចាំថ្ងៃ ជាពិសេសយុវជនភាគច្រើនប្រើប្រាស់ពេលវេលាដែលនៅសេសល់ទៅធ្វើរឿងផ្សេង ដូចជា ចូលរួមកម្មវិធីជប់លៀង ខួបកំណើត ឬបើទំនេរអត់ធ្វើអ្វីសោះ លេងហ្គេម និងមើលហ្វេសប៊ុក ជាដើម។
ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យមានវគ្គបណ្ដុះបណ្ដាលស្ដីពីការសរសេរគម្រោង និងវិធីស្វែងរកជំនួយ។ នៅបន្ទាប់ពីទទួលបានគោលការណ៍សម្រាប់បណ្ដុះបណ្ដាលនេះហើយ ក្រុមយុវជនវប្បធម៌អំណានប្រចាំខេត្តបាត់ដំបង សម្រេចជ្រើសរើសយកវិស័យអប់រំ តាមរយៈការដាក់ឱ្យមានជាបណ្ណាល័យចល័តនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ឱ្យកុមារនិងយុវជនស្រឡាញ់ការអាន ដោយមិនគិតថ្លៃ។
ទន្ទឹមនឹងនេះ ក្នុងនាមក្រុមវប្បធម៌អំណាន ក៏នឹងកៀរគរស្វែងរកជំនួយបន្ថែមដែរ ដើម្បីយកមកទ្រទ្រង់សកម្មភាពនេះឱ្យដំណើរការទៅមុខទៀត។
កញ្ញា លិម ស្រីនិច អាយុ២១ឆ្នាំ ជានិស្សិតមួយរូបដែលចូលចិត្តការអានសៀវភៅ បានគាំទ្រសកម្មភាពរបស់ក្រុមយុវជនវប្បធម៌អំណាននេះ។ ប្រភពបន្តថា ដើម្បីឱ្យយុវជនមានឱកាសទទួលបានការអានឱ្យបានច្រើន កញ្ញាចង់ឃើញសកម្មភាពរបស់ក្រុមយុវជនអំណាន រៀបចំទីតាំងជាបណ្ណាល័យចល័តនេះឱ្យបានច្រើនគោលដៅ ងាយស្រួលសម្រាប់អ្នកអានដទៃទៀត។
កញ្ញបន្តថា៖ «គួរបើកឱ្យប្រើប្រាស់បណ្ណាល័យខេត្ត នៅបរិវេណសួន ស ខេង ដែលទើបកសាងរួច ដើម្បីផ្តល់ផលប្រយោជន៍ ដល់មហាជន ពិសេសយុវជន-យុវនារី ដែលជាសិស្ស-និស្សិត ក៏ដូចជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត-ក្រុង ទៅលើការអាន លើកស្ទួយវិស័យអប់រំ»។
ចំណែកលោក កៅ គឹមចាន់ អនុប្រធានការិល័យយុវជន នៃមន្រទីអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង មានប្រសាសន៍ថា កម្មវិធីប្រកួតនេះ គឺរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះ ក្នុងខេត្តបាត់ដំបង មានក្រុមចូលរួមចំនួនបីក្រុម ហើយក្នុងចំណោមក្រុមទាំងបីនេះ នឹងត្រូវជ្រើសរើសយកមួយក្រុមដើម្បីទៅចូលរួមប្រកួតបន្តនៅភ្នំពេញ។ លោកបន្តថា ក្រុមដែលត្រូវប្រកួតប្រជែងសម្រាប់ជ្រើសរើសដើម្បីយកទៅប្រកួតបន្តនោះ មានដូចជា ក្រុមបរិស្ថាន ដែលដាំកូនឈើនៅតាប៉ុន, ក្រុមកសិកម្មសហគមន៍ចិញ្ចឹមឃ្មុំ នៅស្រុកសំឡូត និងក្រុមអំណាន នៅក្រុងបាត់ដំបង។ លើសពីនេះទៀត ក្រសួងក៏បានបើកវគ្គបណ្ដុះបណ្ដាល ដើម្បីជាជំនួយស្មារតីសម្រាប់ក្រុមនីមួយៗទាំងនោះបានជាមូលដ្ឋាន មុននឹងត្រូវចូលរួមក្នុងវគ្គប្រកួតប្រជែងចាប់ផ្តើម។
លោកបន្តថា៖ «កម្មវិធីនេះផ្តល់ប្រយោជន៍ឱ្យពួកគាត់ចូលរួមសកម្មភាពនៅក្នុងសហគមន៍ និងជាបទពិសោធនពួកគាត់ផងដែរ»។
ជាមួយគ្នានេះ កញ្ញា លាង សុភ័ក្ត្រ ជាយុវជនអង្គការតម្លាភាព ខេត្តបាត់ដំបង យល់ឃើញថា ការបើកបណ្ណាល័យចល័តនៅតាមទីសាធារណៈដូច្នេះ គឺបានផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់សង្គម ជាពិសេសក្មេងៗដែលធ្វើដំណើរឆ្លងកាត់ ដោយពួកគេមិនចាំបាច់ទៅស្វែងរកទីតាំងណាផ្សេង។ ប្រភពបន្តថា ក្នុងពេលដែលមានកម្មវិធីលើកកម្ពស់វប្បធម៌អំណានបែបនេះ ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរក្នុងមូលដ្ឋាន និងសមត្ថកិច្ច គួរជំរុញនិងលើកទឹកចិត្តឱ្យយុវជនស្រឡាញ់ការអាន។ បន្ថែមពីលើនេះ ការបំផុសពួកគេឱ្យចូលចិត្តការអានកាន់តែច្រើន វាជាផ្នែកមួយជួយបង្កើនចំណេះដឹង និងលើកស្ទួយទៅដល់វិស័យអប់រំដែរ។
កញ្ញាបន្តថា៖ «វាជាការបណ្ដុះយុវជនដែលល្អមួយ និងជួយដល់ប្រទេសជាតិរបស់យើង»។
បើតាមកញ្ញា លាង សុភ័ក្ត្រ ការអាន ឬអំណាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិ ព្រោះថា បើចង់បំផ្លាញវប្បធម៌នៃសង្គមមួយ គេពុំចាំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់ទេ។ ប៉ុន្តែគ្រាន់តែធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងចង់អានសៀវភៅ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញប្រទេសមួយទៅហើយ។
គេសង្កេតឃើញថា នៅក្រុងបាត់ដំបង ក៏ធ្លាប់មានក្រុមយុវជនផ្សេងៗទៀតបើកបណ្ណាល័យចល័តនៅតាមទីសាធារណៈដែរ ដូចជា នៅទីតាំងបរិវេណសួនច្បារ ស ខេង, សួនផ្លូវលេខមួយ និងស្ពាននៅមុខសាលាខេត្ត ជាដើម។
នៅពេលមានកម្មវិធីលើកកម្ពស់ការអានដូច្នេះ អ្នកធ្វើដំណើរឆ្លងកាត់បណ្ណាល័យចល័តនេះ ពួកគេក៏ឆ្លៀតចូលអានសៀវភៅ និងគាំទ្រឱ្យមានយុទ្ធនាការនៃកម្មវិធីអំណាននេះដែរ៕
ដោយ៖ គឹម មករា