សង្គម​ស៊ីវិល​​ថា​ ការ​ព្រមាន​របស់​អាជ្ញាធរ​លើ​អ្នក​សម្ដែង​មតិ​ដោយ​សន្តិវិធី​ផ្ទុយ​ពី​ច្បាប់​ជាតិ​និង​អន្តរ​ជាតិ​

ទិដ្ឋភាពសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សកម្មជនដីធ្លី គ្រូបង្រៀន កម្មករ ព្រមទាំងពលរដ្ឋជាច្រើននាក់ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងការងារគ្រូបង្រៀន លើកឡើងស្រដៀងគ្នាថា  ការព្រមានចាត់វិធានការច្បាប់លើអ្នកសម្ដែងមតិដោយសន្តិវិធីពីសំណាក់សាលារាជធានីភ្នំពេញនោះ  បានធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីច្បាប់អន្តរជាតិ។

ការលើកឡើងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញលិខិតមួយដោយបានព្រមាន ចាត់វិធានការតាមច្បាប់ចំពោះបាតុកម្មខុសច្បាប់របស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលធ្វើឡើងនៅក្បែរទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។

សាលាក្រុងថា ការដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្វើបាតុកម្មលើ ទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញនោះ ថាជាសកម្មភាពមិនស្របច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

សកម្មភាពមិនស្របនឹងច្បាប់ដែលសាលារាជធានីភ្នំពេញលើកឡើងនោះ ដោយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនជូនដំណឹងជាថ្មីទៀតមកអាជ្ញាធរ។

សាលារាជធានីភ្នំពេញថា៖«មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកស្រីមិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី  លើកឡើងថា សមាគមបានជូនដំណឹងទៅសាលារាជធានីភ្នំពេញទៅតាមច្បាប់ស្ដីបាតុកម្មរួចហើយ ដូច្នេះ លោកស្រីគ្មានអ្វីត្រូវព្រួយបារម្ភចំពោះការព្រមានរបស់សាលារាជធានីភ្នំពេញឡើយ។

លោកស្រីថា៖«ចំពោះខ្ញុំសាលារាជធានីភ្នំពេញចេញសេចក្ដីព្រមានមកនេះ គឺផ្ទុយពីនាយករដ្ឋមន្ត្រីប្រកាសប៉ុន្មានថ្ងៃមុនថា កុំឱ្យយកប្រព័ន្ធតុលាការ កុំឱ្យយកតួនាទីបង្ខូចឈ្មោះរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីផ្ទាល់ ​។ ជាធម្មតាគេតែងចោទប្រកាន់ថា មកពីនាយករដ្ឋមន្ត្រី នេះជាមុខមាត់រដ្ឋាភិបាលហើយ។ អ្វីដែលធ្វើគឺរំលោភបំពានមកលើសមាគហើយ។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រធានសមាគមសូមឱ្យនាយករដ្ឋមន្ត្រីហ្នឹង​ជួយធ្វើយ៉ាងណាកុំឱ្យអាជ្ញាធរមកគំរាមកំហែងចំពោះការសម្ដែងមតិ ការតវ៉ា ទាមទារអ្វីមួយព្រោះ​អីមានចែងក្នុងច្បាប់រួចរាល់ហើយ»។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីម្សិលមិញបានប្រមូលផ្ដុំគ្នាសម្ដែងមតិនៅខាងមុខទៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងអ្នកជាប់ឃុំមនសិការក្នុងនោះ មានគ្រូបង្រៀន ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ, មេធាវីអន្តរជាតិកញ្ញា សេងធារី លោក អៀ ចាន់ណា ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយជាច្រើនផ្សេងទៀត។

ការឈរជួបជុំគ្នា សម្ដែងមតិនៅខាងមុខនោះ បន្ទាប់ពីអាជ្ញាធរបានបរិវេទទីលានប្រជាធិបតេយ្យ។ ការបិទនេះ ក្រោយពីសាលារាជធានីភ្នំពេញស្នើឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្អាកការរៀបចំសម្ដែង​មតិ​នៅទីលានប្រជាធិបតេយ្យ ដោយលើ​កហេតុផលថា ​សំណើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ទុយទៅនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីឈរសម្ដែងមតិហើយ សមាគមគ្រូបង្រៀនក៏បានដើរថ្មើរជើងពីទីលានប្រជាធិបតេយ្យកាន់សាលាដំបូងរាជធានីភ្នំពេញ និងគ្រោងទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិ ទាមទារដោះលែងអ្នកជាប់ឃុំមនសិការ។

ញត្តិដែលខាងសមាគមគ្រូបង្រៀនត្រូវបានមន្ត្រីតុលាការ និងមន្ត្រីខុទ្ទកាល័យមកទទួលនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរបានហាមមិនឱ្យដើរថ្មើរជើងទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីទៀតនោះ។

ប្រធាន​សមាគមការពារសិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា  មានប្រសាសន៍ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានទៅរំលោភឬ បំពានគោលការណ៍ច្បាប់ស្ដីពីបាតុកម្មឡើយ ផ្ទុយទៅវិញសាលារាជធានីភ្នំពេញទេដែលកំពុងរំលោភទៅលើច្បាប់ស្ដីពីបាតុកម្មនោះ។

លោកបញ្ជាក់ថា បើតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលលោកបានឃើញនោះ គឺបានជូនដំណឹងទៅសាលារាជធានីភ្នំពេញហើយ ខណៈច្បាប់ស្ដីពីបាតុកម្ម បើជូនដំណឹងហើយ គឺអាចធ្វើបានហើយ ដោយមិនចាំបាច់ទៅជជែករហូតមានការឯកភាពីសាលាក្រុងឡើយ។

លោកថា«ក្រុមគ្រូបង្រៀនបានជូ​នដំណឹងម្ដងហើយ ប៉ុន្តែនៅពេលជូនដំណឹងទៅខាងសាលាក្រុងបានហៅទៅជជែកគ្នា អាហ្នឹងវាបង្ហាញពីការរឹតត្បិតមួយទៅហើយ។ យើងមិនចាំបាច់គិតអីទៅដល់វែងឆ្ងាយទេ ​ពីព្រោះនៅក្នុងគោលការណ៍ច្បាប់បាតុកម្មនៅពេលដែលគេធ្វើបាតុកម្មដែលមានគ្នាដូចជាក្រោម ២០០ នាក់ ​គេមិនចាំបាច់រហូតអីទៅដល់ថ្នាក់ទាល់តែមានការជជែកឯកភាពគ្នាហ្នឹងទេ គឺគ្រាន់តែជូនដំណឹងទៅគឺបានហើយ។ ប៉ុន្តែ​ជាទូទៅសាលាក្រុងនៅតែព្យាយាមហៅក្រុមបាតុករទៅជជែក ដើម្បីរកការឯកភាព។

លោកថា៖«ដូច្នេះ កាលណារកការឯកភាពវាតែងមានបញ្ហា សាលាក្រុងប្រើប្រាស់គោលការណ៍នេះ គោលការណ៍នោះ ​ខុសនេះខុសនោះអ៊ីចឹងទៅ។ អាហ្នឹងវាជាការ​បង្ហាញពីការឹតត្បិត​ទៅហើយ ដូច្នេះយើងអត់មានអីទេ ។ ដូច្នេះការដែល​សាលាក្រុងលើកឡើងនេះ វាគ្រាន់តែជាលេសមួយ ដើម្បីទម្លាក់បន្ទុក ទម្លាក់កំហុសទៅលើអ្នកធ្វើបាតុកម្ម ផ្ទុយទៅសាលាក្រុងខ្លួនកំពុងបង្ហាញពីការឹតត្បិតសេរីភាពីអ្នកធ្វើបាតុកម្មទាំងអស់ហ្នឹងហើយ ដែលកំពុងដើរប្រាស់ចាកពីគោលការប្រជាធិបតេយ្យផង និងច្បាប់យើងផង»។

លោក នី សុខា   បន្តថា ប្រទេសកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរី ដូច្នេះ ​របបប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការ ​បញ្ចេញមតិ ក្នុងការជួបជុំដោយសន្តិវិធី ដែលនេះ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខណៈរដ្ឋធម្មនុញ្ញក៏បានធានាអំពើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិដែរ។

លោកចាត់ទុកការព្រមានរបស់សាលារាជធានីភ្នំពេញ ទៅកាន់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ ជាការរឹតត្បិតសេរីភាព ក្នុងការជួបជុំសម្ដែងមតិដោយសន្តិវិធី បង្ហាញឆ្លុះបញ្ចាំឱ្យឃើញថា កម្ពុជាមិនទាន់បាន​អនុវត្តលទ្ធិប្រជាធិបតេយ្យស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញនោះទេ។ 

មាត្រា​ ៣៥​ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ