ប្រធាន IMF ថាឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ចូលរួមសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំមួយនៅអធិការបតីសហព័ន្ធនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Michele Tantussi)

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនសេដ្ឋកិច្ចយឺត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។

នាយកគ្រប់គ្រងអង្គការ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយថា នៅឆ្នាំ២០២៣នេះគឺជា «ឆ្នាំដ៏លំបាក» ដោយមួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ។

លោកស្រីបន្តថា មូលហេតុគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចកំពូលទាំងបី រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន កំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។

ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ IMF កាលពីខែតុលា បានព្យាករថា កំណើនសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះពី ២,៩ភាគរយ [ការព្យាករកាលពីខែកក្កដា] មកត្រឹម ២,៧ភាគរយ ចំពេលមានភាពបញ្ហាប្រឈមជាច្រើន រួមទាំងសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងខ្ពស់នៃអត្រាការប្រាក់។

លោកស្រី Georgieva បាននិយាយថា ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក ទំនងជានឹងធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ ដោយការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក្រោយពីដកចេញនូវគោលនយោបាយ «សូន្យកូវីដ»

លោកស្រីបន្តថា៖ «ករណីនេះមិនធ្លាប់មានពីមុនមកទេ ហើយនៅឆ្នាំក្រោយ [២០២៣] សម្រាប់រយៈពេល៣, ៤, ៥, ឬ៦ខែ ការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នឹងនៅតែជាបញ្ហាចោទនៅទូទាំងប្រទេសចិន។ ខ្ញុំ​នៅទីក្រុងមួយក្នុង​ប្រទេស​ចិន​ កាល​ពី​សប្តាហ៍​មុន ជាកន្លែង​ដែល​មានវិធានការ “សូន្យ​កូវីដ” ត្រូវបានដាក់ចេញ។ ប៉ុន្តែនោះមិនទាន់ចប់នៅឡើយទេ នៅ​ពេល​ដែល​ប្រជាជន​ចិន​ចាប់ផ្តើម​ធ្វើ​ដំណើរ​»​។

លោកស្រី Georgieva បាននិយាយថា លោកស្រីរំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងប្រសើរឡើងនៅចុងឆ្នាំនេះ ប៉ុន្តែលោកស្រីព្រួយបារម្ភថា វិបត្តិនេះនឹងមានរយៈពេលវែង។

លោកស្រីបន្ថែមថា៖ «មុនពេលមានជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចរបស់ចិនមានចំនួន ៣៤, ៣៥, ៤០ ភាគរយ នៃកំណើនពិភពលោក តែពេលនេះមិនដូចមុនឡើយ។ វា​ពិត​ជា​មាន​ការលំបាក​សម្រាប់ […] សេដ្ឋកិច្ច​នៅតំបន់អាស៊ី។ ពេល​ខ្ញុំ​និយាយ​ជាមួយ​មេដឹកនាំបណ្តាប្រទេស​អាស៊ី ពួកគេ​សួរ​ថា “តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ប្រទេស​ចិន​? តើ​ប្រទេស​ចិន​នឹង​វិល​ទៅ​រក​កំណើនសេដ្ឋកិច្ចដូចកាលពីមុន?”»

លោកស្រីបន្តថា ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុបបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសង្គ្រាមនៅអ៊ុយក្រែន ដោយពាក់កណ្តាលនៃប្លុកនេះត្រូវបានព្យាករថានឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ [២០២៣]។

ទោះយ៉ាងណា ប្រធាន IMF រូបនេះ និយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងអាចងើបផុតពីវិបត្តិនៅឆ្នាំនេះ។

លោកស្រីបានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកមានភាពធន់មាំបំផុត ហើយនឹងអាចចៀសផុតពីវិបត្តិសេដ្ឋកិច្ច»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ