ពិធីបុណ្យសពអតីតសម្ដេចសង្ឃប៉ាប Benedict នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

រូបថតឯកសារ៖ សម្ដេចប៉ាប Benedict XVI ធ្វើដំណើរចាកចេញនៅចុងបញ្ចប់នៃពិធីបុណ្យណូអែលក្នុង Saint Peter’s Basilica នៅបុរីវ៉ាទីកង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។ (REUTERS/Max Rossi)

ព្រះសពរបស់អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ទី១៦ (Pope Benedict XVI) ដែលសុគតក្នុងព្រះជន្ម៩៥ព្រះវស្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នឹងត្រូវតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ មុនពេលដែលពិធីបុណ្យសពរបស់ទ្រង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា សប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងករណីនេះ សាធារណជនទូទៅអាចចូលទៅមើលព្រះសពរបស់ទ្រង់ និងចូលរួមគោរព​ព្រះ​វិញ្ញាណក្ខន្ធបានចាប់ពីវេលាម៉ោង៩ព្រឹក (0800 GMT) រហូតដល់ម៉ោង៧យប់ (1800 GMT) ក្នុងថ្ងៃទី២ ទី៣ និងទី៤ ខែមករា ខណៈព្រះសពតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ខាងលើ។

ឈានចូលដល់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ពិធីបុណ្យព្រះសពរបស់ទ្រង់នឹងត្រូវធ្វើឡើងនៅទីលាន St. Peter’s Square ទល់មុខព្រះវិហារ Basilica ខណៈពិធីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង៩និង៣០ព្រឹក (0830 GMT) ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចប៉ាប Francis

ជាមួយគ្នានេះ អ្នក​នាំពាក្យ​បុរីវ៉ាទីកង់ (Vatican) ​លោក Matteo Bruni ក៏បានឱ្យដឹងដែរថា ដោយផ្អែកតាមការចង់បានរបស់សម្ដេចសង្ឃប៉ាប បេណេឌីគ ពិធីបុណ្យព្រះសពរបស់ទ្រង់នឹងត្រូវប្រព្រឹត្តទៅក្រោមលក្ខណៈសាមញ្ញ និងស្ងប់ស្ងាត់បំផុត។

ប្រភពដដែលបន្ថែមថា បន្ទាប់ពីនេះ សាកសពរបស់ទ្រង់នឹងត្រូវបញ្ជូនចូលមកក្នុងព្រះវិហារ St. Peter’s Basilica វិញ ដើម្បីបញ្ចុះនៅក្នុងទីតាំង Vatican Grottoes ខាងក្រោមព្រះវិហារ ជាកន្លែងដែលមានវត្តមានសម្តេចប៉ាបជាង៩០ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ដែលមានសញ្ជាតិអាល្លឺម៉ង់ គឺជាសម្ដេចសង្ឃកាតូលិកដំបូងគេបំផុតនៅក្នុងមជ្ឈិមសម័យ ដែលបានលាលែងចេញពីតំណែងជាមេដឹកនាំសាសនាគ្រិស្ដនិកាយកាតូលិក កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ