លោក ហ៊ុន សែន ណែនាំអភិបាលខេត្តចំនួន ២ ពង្រឹងការអភិរក្សសត្វផ្សោត

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដាស់តឿន​​​​អាជ្ញាធរ​ខេត្ត​ចំនួន​ ២ ឱ្យ​​បង្កើនការយកចិត្តទុក​ដាក់​​អភិរក្ស​សត្វ​​​ផ្សោត​ ក្នុង​នោះ​ត្រូវ​បង្កើត​តំបន់ស្នូលអចិន្ត្រៃយ៍​នៅតំបន់ដែលផ្សោត​រស់នៅ ដើម្បីធានា​បាន​ថាគ្មានការនេសាទខុសច្បាប់​​ដែលប៉ះពាល់ដល់សត្វផ្សោត និងត្រី​មួយចំនួនដែលជិតផុតពូជ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅ​ខេត្តក្រចេះ និងផ្លូវ​តភ្ជាប់​ក្រោមឥណទាន​សម្បទាន​ពីរដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានថ្លែង​ថា ក្នុងប៉ុន្មានសប្តាហ៍មុននេះ មាន​សត្វផ្សោតបានងាប់ដោយសារ​តែជាប់មង ដែលករណីនេះ លោក​ដាស់តឿនដល់អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និងក្រចេះ ត្រូវ​បង្កើនការ​យក​ចិត្តទុកដាក់ក្នុង​ការ​អភិរក្ស​ និងដាក់ចេញវិធានការ​ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់​ នៅតំបន់អន្លង់ផ្សោត។

លោកថា៖ «​​រៀបចំយ៉ាងម៉េច ដើម្បីធានាថាសត្វផ្សោត​ទាំងនេះមិនត្រូវបានជាប់មង ឬក៏ត្រូវបាន​​ការ​ធ្វើរបៀប​ គេ​ហៅថា​ រំខានដល់វានោះទេ។ អ៊ីចឹង​ត្រូវរៀបចំតាមអ្នកបច្ចេកទេស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់​​ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​ទាំង២ ត្រូវសហការគ្នា​​រៀបចំ​តំបន់​ស្នូល​អចិន្ត្រៃយ៍ នៅកន្លែងសត្វផ្សោតរស់នៅផងដែរ។

លោក​បន្តថា៖ «ត្រូវមានតំបន់ គេហៅថា តំបន់ស្នូលអចិន្ត្រៃយ៍ អាតំបន់ស្នូលអចិន្ត្រៃយ៍ហ្នឹង​ត្រូវ​តែមាន​គំនូស រួចហើយខ្ញុំគិតថាទម្លាក់ទៅ បើតំបន់ស្នូលអចិន្ត្រៃយ៍នៅក្នុងទន្លេអ៊ីចឹង​ ដើម្បីឱ្យប្រជាជនបានដឹង យើងទម្លាក់ពោង ដាក់យុទ្ធនាការ ​​ទម្លាក់ពោងនៅកន្លែងហ្នឹង អត់មា​នឱ្យចូល ​អត់មានឱ្យនេសាទអីទាំងអស់ គឺដាច់ខាត ដាច់ខាតតែម្តង អាហ្នឹងត្រូវធ្វើឱ្យបានជាក់លាក់ […] អ៊ីចឹងទំហំប៉ុន្មាន តំបន់ណា ពីត្រឹមណាទៅត្រឹមណា ហាមអត់ឱ្យមានទៅរាយមងរាយ​អីនៅក្នុងនោះ​ទេ ដែលវាអាចនាំទៅដល់ការផុតពូជ»។

បើតាមលោក​នាយករដ្ឋមន្ត្រី ការការពារនិងអភិរក្ស​សត្វ​ផ្សោត​បានគង់វង្ស នឹង​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ដែលរស់នៅតំបន់​ដែលមានសត្វផ្សោត​រស់នៅ​ ទទួលបានផលប្រយោជន៍ច្រើន​ពីភ្ញៀវទេសចរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះត្រូវ​ចូលរួម​អភិរក្ស​សត្វផ្សោត និងមិនត្រូវ​ចូល​ទៅនេសាទនៅតំបន់ដែលសត្វផ្សោតរស់នៅផងដែរ។

លោកបន្ថែមថា៖ «បើសិនជាយើងបណ្ដោយឱ្យអ្នកនេសាទចូលទៅកន្លែងហ្នឹង [តំបន់​ដែលផ្សោត​រស់នៅ] គឺបំផ្លាញ។ បានតែអ្នកនេសាទប៉ុន្មាន​នាក់​ហ្នឹង​តើ! ប៉ុន្តែវាខូចខាតនៅកន្លែងដែល​យើងត្រូវអភិរក្ស។ អ៊ីចឹងតាំងពីព្រំដែនឡាវ រហូត​ចុះមកដល់ខេត្តក្រចេះនេះ ត្រូវតែជាតំបន់ដែលត្រូវប្រុងប្រយ័ត្ន។ អ៊ីចឹងត្រូវយកចិត្តទុកដាក់​ឱ្យបានដិតដល់បំផុតទៅលើការការពារលើតំបន់នេះ។»

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានធ្វើឡើង​ក្រោយពីមានករណីសត្វផ្សោត​បានងាប់ជាបន្តបន្ទាប់ ដោយសារតែការនេសាទ​ខុសច្បាប់ និងក្រោយពីការអំពាវនាវរបស់អង្គការអភិរក្សសត្វផ្សោត ឱ្យរដ្ឋាភិបាលជួយចាត់វិធានការការពារសត្វផ្សោតដែលកំពុងតែនៅសល់តិចតួចនៅកម្ពុជា។

កាលពីថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ដែលមានអាយុ​ចន្លោះពី ១៥ឆ្នាំ ទៅ២០ឆ្នាំ និងមានទម្ងន់ ១៦២គីឡូក្រាម ត្រូវបាន​ប្រទះឃើញងាប់នៅក្បែរ​អន្លង់មួយជាប់ព្រំប្រទល់រវាង​ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយសារជាប់មងនេសាទ។

ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សត្វ​​​ផ្សោត​​​​ញី​​ពេញ​វ័យ​មួយ​ក្បាលទៀតដែល​​​មាន​អាយុ​​ចន្លោះ ៧ឆ្នាំ​ ទៅ ១០​ឆ្នាំ​ ទម្ងន់​ប្រហែល​ ៨៥គីឡូ​ក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹក​ នៅ​ចំណុចឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ ដោយសារ​តែជាប់មងនេសាទដូចគ្នា​ដែរ។​

បើតាម​អង្គការ​មូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ (ហៅកាត់ថា WWF) ក្នុងឆ្នាំ២០២២ កន្លង​ទៅនេះ មានសត្វ​ផ្សោត​ចំនួន១០ក្បាលបានងាប់ និង ២៨ក្បាលបាន​ងាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ករណីនេះ អង្គការ WWF បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ រៀប​ចំដាក់​ចេញ​នូវ​វិធាន​ការ​សមស្រប​បន្ទាន់ ដើម្បី​បញ្ឈប់កុំឱ្យ​​សត្វ​ផ្សោត​រង​គ្រោះថ្នា​ក់​ងាប់​បន្ត​ទៀតដោយ​សារ​ការ​នេសាទខុសច្បាប់ ដូចជា​ ការប្រើមង​នេសាទ និង​ឧបករណ៍​ឆក់ ដែលកំ​ពុង​ត្រូវបាន​ប្រព្រឹត្ត​នៅក្នុងតំបន់អភិរក្សសត្វផ្សោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ