អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែងសាជាថ្មីកាលពីថ្ងៃអាទិត្យ ក្រោយចេញពីពន្ធនាគារ និងបន្ទាប់ពីឈ្នះឆ្នោតទល់នឹងដៃគូប្រកួតប្រជែងរបស់លោក គឺលោក Jair Bolsonaro ដែលជាប្រធានាធិបតីផុតអាណត្តិ ហើយលោកបានប្តេជ្ញាជួយសង្គ្រោះប្រទេសដែលញាំញីដោយភាពអត់ឃ្លាន ភាពក្រីក្រ និងការប្រកាន់ពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ។
នៅក្នុងសុន្ទរកថាទៅកាន់សភាបន្ទាប់ពីការចូលកាន់តំណែងជាផ្លូវការ លោក Lula ដែលជាអ្នកឆ្វេងនិយម បាននិយាយថា លទ្ធិប្រជាធិបតេយ្យ គឺជាអ្នកឈ្នះពិតប្រាកដក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ខណៈលោកបានយកឈ្នះលោក Bolsonaro។
លោក Bolsonaro ដែលបានចាកចេញពីប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បន្ទាប់ពីបានបដិសេធទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត បានលើកឡើងថា កម្សោយក្នុងការបោះឆ្នោតនេះបង្កឱ្យមានចលនាហិង្សានៃអ្នកបដិសេធលទ្ធផលបោះឆ្នោត។
ងាកមកលោក Lula ដែលទើបស្បថចូលកាន់តំណែងឯណោះវិញ បានប្រាប់សមាជិកសភាថា៖ «លទ្ធិប្រជាធិបតេយ្យ គឺជាអ្នកឈ្នះដ៏អស្ចារ្យនៅក្នុងការបោះឆ្នោតនេះ ដោយបានយកឈ្នះ […] ការគំរាមកំហែងដោយហិង្សា ចំពោះសេរីភាពក្នុងការបោះឆ្នោត និងការសាបព្រោះការកុហក និងការស្អប់ខ្ពើម និងការធ្វើឱ្យម្ចាស់ឆ្នោតមានភាពអាម៉ាស់»។
លោក Lula បានថ្លែងដោយសំដៅលើលោក Bolsonaro ថា៖ «យើងមិនសងសឹកចំពោះអ្នកដែលព្យាយាមដឹកនាំប្រទេសតាមផែនការ និងមនោគមវិជ្ជារបស់ខ្លួនឡើយ ប៉ុន្តែយើងនឹងធានានូវនីតិរដ្ឋ។ អ្នកដែលប្រព្រឹត្តខុសនឹងត្រូវសារភាពកំហុសរបស់ខ្លួន»។
លោក Lula ក៏បានចោទប្រកាន់រដ្ឋបាលរបស់លោក Bolsonaro ពីបទប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍» ដោយមិនបានឆ្លើយតបឱ្យបានទាន់ពេលចំពោះជំងឺកូវីដ-១៩ ដែលបានសម្លាប់ប្រជាជនប្រេស៊ីលជាង ៦៨០ ០០០នាក់។
គួរបញ្ជាក់ថា លោក Luiz Inacio Lula da Silva អាយុ៧៧ឆ្នាំ ជាអតីតប្រធានាធិបតីប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១។ កាលពីឆ្នាំ២០១៨ លោកត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាង ១២ឆ្នាំ ពីបទ ប្រព្រឹត្តអំពើពុករលួយ។
ទោះយ៉ាងណា នៅខែមីនា ឆ្នាំ២០២១ ចៅក្រមតុលាការកំពូលប្រេស៊ីល បានសម្រេចលុបចោលទណ្ឌកម្មទាំងឡាយចំពោះលោក Lula។ លោកទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយប្រកាសឈរឈ្មោះបោះឆ្នោតម្តងទៀត។ ទីបំផុត លោកទទួលបានជ័យជម្នះនៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ដោយលោកទទួលបានសំឡេងឆ្នោត ៥០,៩% ទល់នឹងលោក Bolsonaro ដែលទទួលបានសំឡេងឆ្នោតតែ៤៩,១%៕











