សមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចអគារកាស៊ីណូហ្គ្រេនដាយមិន ក្រោយបិទបញ្ចប់ការរុករកនិងស្រាវជ្រាវ

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

សមត្ថកិច្ច​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ផ្ដើម​វាយ​កម្ទេច​អគារ​កាស៊ីណូ​ហ្គ្រេនដាយ​មិន​ ដែល​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​កា​​លពីចុងឆ្នាំ២០២២ ក្រោយ​បិទ​បញ្ចប់ការរុករក និង​ស្រាវជ្រាវ។

ប្រធាន​មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម បាន​ឱ្យដឹងនៅថ្ងៃអង្គារ​នេះ​​​ថា ការ​​វាយ​កម្ទេច​កា​ស៊ី​ណូ​ហ្គ្រេនដាយ​មិន បានចាប់ផ្តើមកាលពីថ្ងៃម្សិលមិញ ក្រោយសមត្ថកិច្ច​បិទ​បញ្ចប់ការរុករក និងស្រាវជ្រាវលើករណីអគ្គិភ័យនេះរួច។ លោក​បន្តថា ការ​វាយកម្ទេចអគារ​ដែលឆេះនេះ គឺដើម្បីសាងសង់ថ្មី និងប្រញាប់បើកច្រកព្រំដែនដើម្បី​​ឱ្យ​​ភ្ញៀវទេស​ចរអាច​ចេញ-ចូល​បានដោយងាយស្រួល​ឡើង​វិញ ក្រោយ​បាន​បិទ​​ជា​បណ្ដោះអាសន្នមួយ​រយៈបន្ទាប់ពីការឆេះ។

លោកថា៖ «រាជរដ្ឋាភិបាល​ស្រូត​វាយ និង​ផ្ដួល​​វា​ឱ្យ​អស់​ទៅ ដើម្បីធ្វើឱ្យច្រកទ្វារអន្តរជាតិ​ចេញចូលឆ្លងកាត់ ​ព្រោះភ្ញៀវចេញចូលឆ្លងកាត់ វាពិបាក! ច្រកហ្នឹង​រាល់​ថ្ងៃ​ យើងពង្វាង​អ្នកទេសចរ​ឱ្យឆ្លងទៅច្រកខាងដើមពុទ្រា ហើយទំនិញធំៗឱ្យឆ្លងតាមច្រកស្ទឹងបត់។ អ៊ីចឹងការរៀបចំវាយហ្នឹង​ត្រូវ​ហើយ គណៈកម្មការ​ខេត្ត​ ក៏​ដូច​អ្នក​បច្ចេក​ទេស វិស្វករ​ទាំង​អស់ហ្នឹង​ គេបាន​មក​សិក្សា​មើលអគារ​ដែល​ភ្លើង​ឆេះ​ខ្លាំង ​ត្រូវ​ទៅ​ទាញ​ផ្ដួល ដើម្បី​សាង​សង់ថ្មី។ ធ្វើ​លើក​នេះ ធ្វើ​ឱ្យ​មាន​ប្រព័ន្ធសុវត្ថិភាព​ត្រឹម​ត្រូវ ធ្វើ​ឱ្យតា​ម​​ស្ដង់​​ដារ»។

លោក​ សេក សុខុម បន្តថា ចំពោះសាក​សព​ចំនួន​៦នាក់ដែល​​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ គឺមាន​​ ៣នាក់​ អាចជាជនជាតិខ្មែរ ដែលក្រុម​គ្រួសារពួកគេ​កំពុងស្វែងរក។

លោក ឃឹម វង្ស ដែលមាន​ភរិយា​ធ្វើការ​នៅក្នុង​កា​ស៊ីណូ​ហ្គ្រេន​ដាយ​មិន ប្រាប់​វីអូឌី​ថា គិត​មក​ដល់ថ្ងៃ​នេះ រូប​លោក​នៅ​មិន​ទាន់​ទទួលបានដំណឹងពីសមត្ថកិច្ច ពាក់ព័ន្ធនឹងករណីបាត់ភរិយានៅឡើយ​ទេ។

បុរសអាយុ៣១ឆ្នាំ និង​មានកូន៣​នាក់រូបនេះ​ បាន​លើក​ឡើង​ថា ភរិយា​របស់​លោក​ឈ្មោះ សម ស្រីមុំ ធ្វើ​ការផ្នែកអនាម័យ​​​នៅ​កាស៊ីណូ​ហ្គ្រេនដាយមិន ដោយ​​ទទួ​ល​បាន​ប្រាក់ឈ្នួល​​​ជា​ង ២០០​ដុល្លារ​​ក្នុង​​មួយ​​​ខែ ហើយ​ធ្វើ​ការ​ចាប់​ពី​ម៉ោង៨យប់ ដល់ម៉ោង៨ព្រឹក។

ប្រធាន​អង្គការសិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ថា ការវាយកម្ទេចអគារកាស៊ីណូ​ដែល​ឆេះនាពេលថ្មីៗនេះ ហាក់​ដូច​ជាលឿន​ពេក ខណៈជនរងគ្រោះមួយចំនួន​​ដែល​បាត់​ខ្លួន​​ នៅ​​មិន​ទាន់​រក​ឃើញអត្តសញ្ញាណ​​នៅ​ឡើយ។

លោកថា៖ «ប្រសិនបើការរុករកហ្នឹង​វា​អស់​ហើយ ការ​ស្រាវជ្រាវហ្នឹង​សព្វ​គ្រប់​ និងមាន​តម្លាភាព​ត្រឹម​ត្រូវ អាហ្នឹង​វា​អត់​មាន​បញ្ហា​អី​ទេ ពីព្រោះ យើង​វាយ​កម្ទេច​ទៅ ក៏​ដើម្បីសា​ងស​ង់​ថ្មី ប៉ុន្តែ​លុះត្រាណាតែ​មាន​ការ​អស់មន្ទិល​សង្ស័យ។ រឿង​​សំខាន់ គឺអ្នកដែលបាត់ខ្លួន ដែល​បង​ប្អូន​ក្រុម​គ្រួសារ ​ដែល​មាន​ការ​សង្ស័យ ហើយ​មិន​​ទាន់ត្រូវបានរកឃើញ អាហ្នឹងវាជារឿងដែលសមត្ថ​កិច្ចគួរតែមានការបំភ្លឺ​ឱ្យបា​ន​ច្បាស់​លាស់​ចំពោះ​បញ្ហា​ហ្នឹង​ដែរ បើមិន​អ៊ីចឹង​ទេ វាធ្វើឱ្យមានមន្ទិល​សង្ស័យ ហើយវាកើតជារឿងផ្សេង»។

លោកសង្កេតឃើញថា ក្នុង​​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជា អគារ​​ខ្ព​ស់​ៗបាន​រីក​ដុះដាលច្រើន ហើយ​បញ្ហាក៏បានកើតឡើង​​​ច្រើន​ផងដែរ រួមទាំងករណីអគ្គិភ័យ។ លោក​បន្តថា ករណីអគ្គិភ័យនៅកាស៊ីណូហ្គ្រេនដាយ​មិន ដែលមានកម្ពស់ច្រើន​ជាន់ និង​បណ្តាល​ឱ្យ​​មនុស្ស​ជាង​២០​នាក់​​ស្លាប់​​នេះ ជាបទ​ពិសោធមួយ ដែលស​មត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេត និង​ស្រាវ​ជ្រាវ​ចងក្រង​ជា​ឯកសារ​ទុក ដើម្បីកុំឱ្យបញ្ហាទាំងអស់នេះកើតឡើងដដែលបន្តទៀត​​។

លោកថា៖ «រហូតដល់មានការឆេះ មិន​អាច​រំលត់​បាន​ទាន់​ពេល​វេលា បណ្ដាលឱ្យមានមនុស្សមិនអាច​ចេញ​រួចពីអគារទៅទៀត រហូតទៅដល់ស្លាប់ក្នុងអគារ។ នេះជារឿងមួយដែលយើងទុក​ជា​មេរៀន ហើយ​កសាងនូវ​ឯកសារ​ច្បាស់លា​ស់។ ដើម្បីឱ្យកសាងឯកសារបានត្រឹមត្រូវ ច្បាស់លាស់ វាត្រូវឱ្យមានការស៊ើបអ​ង្កេត​ឱ្យបានគ្រប់សព្វជ្រុងជ្រោយ និងឱ្យបានច្បាស់លាស់ដែរ អំពីរបាយការណ៍ស៊ើបអង្កេត ដើម្បីឱ្យយើងទុកជាមូលដ្ឋាន ធ្វើជាបទពិសោធ សម្រាប់កិច្ចការងារទៅក្រោយៗទៀត»។

លោក នី សុខា បន្ថែមថា៖ «ការងារ​ទៅ​ថ្ងៃ​ក្រោយៗទៀត សមត្ថកិច្ចត្រូវយកអាហ្នឹង ដើម្បីជាមូលដ្ឋានក្នុងការ​ពិនិត្យឱ្យបានម៉ត់ចត់ ចំពោះ​អ្នកដែលកសាង​អគារក្ដី អ្នកដែល​ធ្វើទីតាំងកាស៊ីណូ​តទៅទៀតក្ដី មិន​ត្រឹម​តែ​កាស៊ី​ណូ វាអា​ច​មានទីតាំងផ្សេងៗដែល​ធំៗ ដែលមានមនុស្សចេញចូលច្រើន ត្រូវតែមានការធានាធ្វើម៉េច​ឱ្យ​ការ​កសាង​ធានា​សុវត្ថិភាព​ឱ្យបាន​ត្រឹម​ត្រូវ»។

បើតាមរយៈឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម តាំងពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គេឃើញអាគារកាស៊ីណូដ៏ធំមួយ​ឈ្មោះ ហ្គ្រេនដាយមិន ត្រូវបានភ្លើងឆាបឆេះចេញពីក្នុងអគារ និង​ទីបំផុតត្រូវបានភ្លើងលេបត្របាក់ស្ទើរតែទាំងស្រុង ហើយ​បណ្តាលឱ្យខូចខាតនូវអគារចំនួន៣ រួម​មាន អគារក្រុមហ៊ុនហ្គ្រេនដាយមិនស៊ីធី ចំនួន២ និង​ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី ​ចំនួន១​ថែម​ទៀត​ផង។ សមត្ថកិច្ចបញ្ជាក់ថា ការ​ឆាបឆេះកាស៊ីណូនេះបានកើត​ឡើង​ដោយសារ​ការឆ្លងចរន្តអគ្គិសនី។

បើតាមសមត្ថកិច្ច កា​ស៊ីណូដែល​ឆេះ​នោះបាន​បណ្ដាលឱ្យមនុស្ស​ចំនួន២៦​​នាក់​​ស្លាប់ ក្នុង​នោះ​​សាកសពចំនួន​​២៥នាក់​ត្រូវបានរកឃើញនៅកន្លែងកើត​ហេតុ​ និង​ម្នាក់​ទៀត​បាន​ស្លាប់ក្រោយ​បញ្ជូនទៅព្យាបាល​នៅ​មន្ទីរពេទ្យក្នុ​ង​ប្រទេសថៃ។ សាក​សពទាំង​២៦នាក់​​នោះ រួម​​មាន ជន​​ជាតិ​ថៃ១​៦នាក់ ម៉ាឡេស៊ីម្នាក់ នេប៉ាល់ម្នាក់ និង​៧នាក់​ទៀត មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ