លោក ចេន បៅរ៉ុង (Chen Baorong) ជាពាណិជ្ជករជនជាតិចិន ដែលដឹកនាំប្រតិបត្តិការជួយសង្គ្រោះកម្មកររាប់រយនាក់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា ត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ភរិយារបស់លោក ចេន បៅរ៉ុង គឺអ្នកស្រី នាង ស្រីលក្ខណ៍ អាយុ៣៨ឆ្នាំ បានបញ្ជាក់ពីការដោះលែងស្វាមីរបស់អ្នកស្រីនៅរសៀលថ្ងៃចន្ទ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តដែលគាត់ [លោក ចេន បៅរ៉ុង] ត្រូវបានដោះលែង។ គាត់បានមកជួបជុំគ្រួសារវិញ។ ខ្ញុំរីករាយ និងរំភើបណាស់ដែលបានឃើញប្តីរបស់ខ្ញុំត្រលប់មកផ្ទះវិញ»។
នៅពេលសួរថា តើស្វាមីរបស់អ្នកស្រីទទួលបានយុត្តិធម៌ឬយ៉ាងណានោះ អ្នកស្រី នាង ស្រីលក្ខណ៍ ឆ្លើយថា អ្នកស្រីមិនដឹងទេ។ ទោះយ៉ាងណា អ្នកស្រីបញ្ជាក់ថា ជីវិតរបស់អ្នកស្រីជួបការលំបាកក្នុងអំឡុងពេលដែលស្វាមីរបស់អ្នកស្រីនៅក្នុងពន្ធនាគាររយៈពេល១០ខែ។
អ្នកស្រីបន្ថែមថា៖ «គាត់ខំធ្វើការដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ […] [ដូច្នេះ] ជីវិតរបស់យើងជួបការលំបាក នៅពេលដែលគ្មានគាត់។ ខ្ញុំរំភើបពេក និយាយមិនចង់ចេញ រកគិតអ្វីមិនចេញ»។
លោក ចេន បៅរ៉ុង ដែលជាពាណិជ្ជករជនជាតិចិននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ បានដឹកនាំក្រុមអ្នកស្ម័គ្រចិត្តក្នុងការជួយសង្គ្រោះជនជាតិចិនដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការក្រោមលក្ខខណ្ឌការងារដ៏អាក្រក់ក្នុងប្រតិបត្តិការឆបោក។ កម្មករបម្រើការក្នុងប្រតិបត្តិការឆបោកបានរាយការណ៍ថា មានការរំលោភបំពាន ការធ្វើទារុណកម្ម និងលក្ខខណ្ឌការងារដោយបង្ខំនៅទីតាំងប្រតិបត្តិការឆបោក ដែលភាគច្រើនមានទីតាំងនៅក្រុងព្រះសីហនុ។
លោក ចេន បៅរ៉ុង និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងទៀតបានឆ្លើយតបនឹងការអំពាវនាវសុំជំនួយនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន និងបណ្តាញសង្គមហ្វេសប៊ុក។
លោកត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ និងបញ្ជូនទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីលោកបាននិយាយអំពីករណី «ទាសករលក់ឈាម» ដែលជនជាតិចិនម្នាក់បានអះអាងថា ឈាមរបស់គាត់ត្រូវបានបូមដើម្បីសងបំណុលថៅកែម្ចាស់ទីតាំងឆបោក។
លោក ចេន បៅរ៉ុង និងជំនួយការរបស់លោក គឺលោក ចេន ហ្សៅហ៊ូ (Chen Xiaohua) និងគ្រូពេទ្យម្នាក់នៅខេត្តព្រះសីហនុឈ្មោះ តាន់ ហ្សៅម៉ី (Tan Xiaomei) ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ កាលពីខែធ្នូ បានសម្រេចព្យួរទោសលោក ចេន បៅរ៉ុង ដោយបន្ថយមកនៅត្រឹមតែ១០ខែប៉ុណ្ណោះ។
អ្នកទាំងបីខាងលើត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទញុះញង់ឱ្យមានការរើសអើង ធ្វើសេចក្ដីប្រកាសមិនពិត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការប្រើប្រាស់វិញ្ញាបនបត្រវិជ្ជាជីវៈដោយខុសច្បាប់។ លោក តាន់ ហ្សៅម៉ី (Tan Xiaomei) ត្រូវបានចោទប្រកាន់ថាជាអ្នកញុះញង់ និងធ្វើសេចក្ដីប្រកាសមិនពិត។
លោក ចេន បៅរ៉ុង ជំនួយការរបស់លោក គឺលោក ចេន ហ្សៅហ៊ូ (Chen Xiaohua) និងគ្រូពេទ្យឈ្មោះ តាន់ ហ្សៅម៉ី (Tan Xiaomei) ក៏ត្រូវបានដោះលែងកាលពីថ្ងៃចន្ទផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន។
បន្ទាប់ពីសំណុំរឿង «ទាសករលក់ឈាម» ធ្វើឱ្យមានការចាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអាជ្ញាធរចិនជួយលុបបំបាត់ពាក្យចចាមអារ៉ាមនេះ និងជួយកម្ពុជាក្នុងការស្តារមុខមាត់របស់ខ្លួនឡើងវិញលើឆាកអន្តរជាតិ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Chinese Scam Rescuer Released From Prison After 10 Months