បុរសមានភរិយាធ្វើការនៅកាស៊ីណូដែលឆេះនៅប៉ោយប៉ែតនិយាយថា «ខ្ញុំកំពុងរង់ចាំប្រពន្ធខ្ញុំ»

ឃឹម វង្ស កាន់រូបថតភរិយាលោក សម ស្រីមុំ ដែលបាត់ខ្លួនក្រោយភ្លើងឆេះកាស៊ីណូ Grand Diamond City ជាមួយកូនទាំងបីនាក់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ (Michael Dickison/VOD)

លោក ឃឹម វង្ស អាយុ៣១ឆ្នាំ មិនបានទទួលដំណឹងជាផ្លូវការអំពីអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែតឡើយកាលពីសប្ដាហ៍មុន ឬអំពីភរិយារបស់លោកដែលបម្រើការនៅខាងក្នុងកាស៊ីណូនោះឡើយ ហើយលោកមិនបានឃើញភរិយារបស់លោកចាប់តាំងពីពេលនោះមក។

​នៅ​មិន​ទាន់​មាន​ចំនួនអ្នកស្លាប់ជាជនជាតិខ្មែរដែលត្រូវបានបញ្ជាក់ជាផ្លូវការឡើយ ហើយ​ការ​ស្វែងរក​សាកសព​ត្រូវ​បាន​បញ្ឈប់។

ទោះយ៉ាងណា អ្នកស្រី សម ស្រីមុំ ភរិយា​របស់លោក ឃឹម វង្ស មិនបាន​ត្រលប់​មកផ្ទះ​វិញ​ទេ​ ចាប់តាំងពី​អ្នកស្រី​ធ្វើការ​វេន​យប់​នៅ​កាស៊ីណូ ហ្គ្រេនដាយមិន ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រុម​គ្រួសាររបស់លោក ​ឃឹម វង្ស និយាយ​ថា ពួកគាត់​មាន​អារម្មណ៍​ថា គេមិនខ្វល់ខ្វាយចំពោះគ្រួសាររបស់គាត់ឡើយ ខណៈ​ពួក​គាត់ជួប​ជុំ​គ្នា​នៅគេហដ្ឋានរបស់​ប្ដីប្រពន្ធទាំងពីរនេះ​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ធ្វើ​ពិធី​បុណ្យតាម​ព្រះពុទ្ធ​សាសនា​ពេល​ព្រឹក​ដើម្បី​បួង​សួង​ឱ្យអ្នកស្រី សម ស្រីមុំ

លោក ឃឹម វង្ស បានដឹង​អំពីអគ្គិភ័យនោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ [ទី២៩ ខែធ្នូ ឆ្នាំ២០២២] លោកក៏​ប្រញាប់​ទៅ​កាស៊ីណូ​ដើម្បី​យកភរិយារបស់លោកមក​ផ្ទះ។ លោកបានឃើញភាពវឹកវរនៅទីនោះ ប៉ុន្តែមិនឃើញភរិយានៅទីនោះឡើយ។

ក្រុម​គ្រួសារ​របស់លោក ឃឹម វង្ស បាន​ទៅ​សាលា​ក្រុង [ប៉ោយប៉ែត] ​ដើម្បី​ប្រគល់​រូប​ថតភរិយារបស់លោកទៅអាជ្ញាធរ​ដើម្បី​ជួយ​ស្វែងរក។ ពួកគេ​បាន​ទៅ​វត្តមួយនៅ​ក្នុង​មូលដ្ឋាន​​ដែល​សាកសពត្រូវ​បាន​គេ​យក​មក​រក្សា​ទុកនៅទីនោះ ហើយ​ពួកគេបានឃើញ​រូបថត​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ ៤ ឬ ៥ នាក់ ​ដែល​គេ​សង្ស័យ​ថា​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែមិនឃើញសាកសពអ្នកស្រី សម ស្រីមុំ ឡើយ។

លោក ឃឹម វង្ស រម្លឹក​ថា​៖ «គាត់​ [អ្នកស្រី សម ស្រីមុំ] ពាក់​អាវ​ខ្មៅ​»។

លោកបន្ថែមថា​ លោក​មិន​​បោះបង់​ចោល​ឡើយ។ លោកថា «យើង​បួងសួងឱ្យគាត់​ត្រលប់​មក​ផ្ទះ​វិញ»។

កូនតូចៗទាំង៣នាក់របស់លោក ឃឹម វង្ស ប្តូរវេនគ្នាដេកលើអង្រឹង ហើយសម្លឹងមើលភ្ញៀវទៅលេងផ្ទះ។

អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ពី​ដំបូង​ថា អាច​មាន​សាកសព​រាប់​សិប​នាក់​ជាប់​គាំង​នៅ​ខាង​ក្នុង ប៉ុន្តែ​មន្ត្រីកំពុងពន្លឿនក្នុងការបិទបញ្ចប់ករណីនេះ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃសៅរ៍ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម មានប្រសាសន៍ថា មនុស្ស ២៦នាក់បានស្លាប់ ដែលក្នុងចំណោមសាកសពទាំងនេះ ២៥នាក់ត្រូវបានរកឃើញ និងម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យប្រទេសថៃ។ សាកសពទាំង២៥នាក់នោះ រួមមាន ជនជាតិថៃ១៦នាក់ ម៉ាឡេស៊ីម្នាក់ នេប៉ាល់ម្នាក់ និង៧នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។

លោក គន់ គីម មានប្រសាសន៍ថា៖ «យើង​សង្ស័យ​ថា​ពួកគេ [សាកសព] ​មិន​មែន​ជា​ជនជាតិខ្មែរឡើយ។ យើង​សង្ស័យ​ថា​ពួកគេ​ទំនង​ជា​ជនជាតិ​ថៃ​ច្រើនជាង»។

លោក គន់ គីម បន្ថែមថា កិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះត្រូវបានបញ្ឈប់ ដោយសារតែ «យើងបានស្វែងរកគ្រប់បន្ទប់ទាំងអស់» ទោះបីជាអាជ្ញាធរធ្លាប់បាននិយាយថា អគារនោះអាចប្រឈមនឹងការដួលរលំក៏ដោយ។

នៅក្នុងការពិភាក្សាអំពីរយៈពេលរក្សាទុកសាកសពដែលមិនស្គាល់អត្តសញ្ញាណ ដោយអាជ្ញាធរនិយាយថាតម្រូវឱ្យរក្សាទុក៤៥ថ្ងៃ លោក គន់ គីម សម្រេចបូជាសាកសពឱ្យបានឆាប់ ដោយសារកង្វះថវិកាដើម្បីរក្សាទុកសាកសពទាំងនោះឱ្យកក។

លោកបន្ថែមថា៖ «តើ​យើង​បានលុយ​ពី​ណា​មកសម្រាប់​សាំង​ឡាន? ក្នុងរយៈពេល៤៥ថ្ងៃ អ្នកដែលឈរជើងជាមួយរថយន្តដឹកទំនិញ និងអ្នកបើកបរនឹងត្រូវស្លាប់។»

តំណាង​ខាងភាគីថៃ​និយាយ​នៅ​ក្នុង​សន្និសីទ​ថា គ្រួសារជនជាតិ​ថៃ​៤នាក់​កំពុង​តាម​រក​សាច់ញាតិ​ដែល​បាត់​ខ្លួន។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម ថ្លែងនៅថ្ងៃចន្ទនេះថា នៅសល់សាកសពមិនទាន់ស្គាល់អត្តសញ្ញាណចំនួន៦នាក់ទៀត ហើយ៣នាក់អាចជាជនជាតិខ្មែរ ដោយសារក្រុមគ្រួសារបានមកស្វែងរកពួកគេ។ លោកបន្ថែមថា ទីតាំងកាស៊ីណូកំពុងត្រូវបានរៀបចំសម្រាប់វាយកម្ទេច។

នៅ​គេហដ្ឋានរបស់លោក​ ឃឹម វង្ស សាច់ញាតិ​ដែល​នៅ​ជុំវិញ​លោក​លាន់មាត់ថា «គ្រួសារ​ឆ្ងល់​ថា​តើមានអ្វីលាក់បាំង»។ ស្រ្តីចំណាស់ម្នាក់បន្ថែមថា «​ប្រសិនបើ​អាជ្ញាធរ​ពិតជា​យកចិត្តទុកដាក់ មេ​ឃុំ​គួរតែ​មក​សួរនាំ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​កាស៊ីណូ​»​។

សាច់ញាតិ​ជាបុរសម្នាក់​និយាយ​ថា៖​ «​ពួកគេ​ [អាជ្ញាធរ] មិន​ខ្វល់​ពី​មនុស្ស​ដែលបានបាត់ខ្លួន​នោះ​ទេ​»​

លោក ឃឹម វង្ស និយាយថា ភរិយារបស់លោកធ្វើ​ការ​នៅ​ជាន់​ទី​មួយ​នៃកាស៊ីណូ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ខាងកាស៊ីណូមិនទាន់​ទាក់ទង​មកលោក​ទេ។ លោកបន្តថា ស្ត្រី​ម្នាក់​ដែលធ្វើការជាមួយអ្នកស្រី សម ស្រីមុំ ក៏​បាត់​ខ្លួន​ដែរ។

លោក ឃឹម វង្ស និយាយថា ភរិយារបស់លោកជាបុគ្គលិកអនាម័យ និង​ទទួលបានប្រាក់ឈ្នួល​ជាង២០០ដុល្លារ​ក្នុង​មួយ​ខែ ធ្វើ​ការ​ចាប់​ពី​ម៉ោង៨យប់ ដល់ម៉ោង៨ព្រឹក ដោយសម្អាតនៅជាន់ទី៣ នៃកាស៊ីណូ។ លោកបន្ថែមថា កាស៊ីណូបានផ្តល់ការងារ ប៉ុន្តែការអភិវឌ្ឍដែលកំពុងរីកដូចផ្សិតនៅជុំវិញក្រុងប៉ោយប៉ែតមាន «ហានិភ័យខ្ពស់»។ លោកឆ្ងល់​ថា​តើហេតុអ្វីបានជា​កាស៊ីណូ​មិនអាចគ្រប់គ្រងអគ្គិភ័យបាន។

លោក ឃឹម វង្ស មាន​ទឹក​មុខ​មាំ ខណៈ​លោក​រៀបរាប់​ថា ភរិយារបស់លោកមានឆន្ទៈ​មោះមុត។

លោកបាននិយាយថា៖​ «​គាត់ [អ្នកស្រី សម ស្រីមុំ] មាន​ចិត្តសប្បុរស​»។

លោកបន្ថែមថា៖ «ខ្ញុំកំពុងរង់ចាំដំណឹងរបស់ភរិយាខ្ញុំ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘I’m Waiting for My Wife’: Cambodian Victims of Poipet Fire Are Unaccounted for

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ