ពលរដ្ឋ​ជាង​៤០០គ្រួសារ​រស់នៅ​ជាប់​ព្រលានយន្តហោះថ្មី បារម្ភ​ខ្លាំង​ពី​ការ​បណ្ដេញ​ចេញ​ទាំងបង្ខំ

ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅ​​ជាប់​ព្រលាន​យន្ត​ហោះថ្មី បានទៅប្រមូលផ្តុំនៅមុខសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិ ខណៈពួកគេ​បារម្ភខ្លាចមានការបណ្តេញចេញដោយ​បង្ខំ ក្រោយ​បុគ្គលិក​ព្រលាន​យន្តហោះ និងអាជ្ញាធរមូល​ដ្ឋាន ​ចុះទៅស្រង់ទិន្នន័យ​ និងហាមសាងសង់​សំណង់ថ្មី។ (ហ៊ី ឆាយ)

ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅ​​ជាប់​ព្រលាន​យន្ត​ហោះថ្មី​​ នៅខេត្តកណ្ដាល អះអាងថា អ្នកភូមិកំពុងមានសម្ពាធធ្ងន់ធ្ងរ និងចេញប្រកបរបររកស៊ីទាំងអារម្មណ៍មិននឹងនរ ដោយសារបារម្ភថានឹងត្រូវគេឈូសឆាយបណ្តេញចេញពីផ្ទះទាំងបង្ខំ ខណៈមានគេមកប្រាប់ជាច្រើនលើកច្រើនសាឱ្យពួកគាត់រុះរើរោងចិញ្ចឹមសត្វចេញពីដីផ្ទះ និងហាមសង់សំណង់ថ្មីជាដើម ស្របពេលអាជ្ញាធរខេត្តមិនទាន់ឆ្លើយតបជាវិជ្ជមាននូវការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។

ការបារម្ភនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ៤៦០គ្រួសារ រស់នៅភូមិសាស្ត្រ​​ជាប់​ព្រលាន​យន្ត​ហោះ​​ដែលកំពុងសាងសង់ថ្មី​​ បាននាំគ្នា​ទៅប្រមូលផ្តុំ​នៅមុខរដ្ឋបាលខេត្តកណ្តាល ដើម្បី​​ស្នើ​ដល់​​អភិបាល​ខេត្ត​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដល់​ពួកគេ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយ​ ខណៈពួកគេ​បារម្ភខ្លាចមានការបណ្តេញចេញដោយ​បង្ខំ ក្រោយ​បុគ្គលិក​ព្រលាន​យន្តហោះ និងអាជ្ញាធរមូល​ដ្ឋាន ​ចុះទៅស្រង់ទិន្នន័យ​ និងហាមសាងសង់​សំណង់ថ្មី។

ពលរដ្ឋនៅទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី អួង ស៊ីម ថ្លែងប្រាប់វីអូឌីកាលពីថ្ងៃទី៣ ខែមករា ថាគាត់បានរស់នៅលើដីនេះជាង២០ឆ្នាំមកហើយ ខណៈមិនទទួលបានបណ្ណកម្មសិទ្ធិដីធ្លី។ អ្នកស្រីប្រាប់ថា គាត់បានស្នើសុំបណ្ណនោះដែរ តែត្រូវអាជ្ញាធរបដិសេធ ដោយថានោះជាដីរដ្ឋ។

យ៉ាងណា អ្វីដែលអ្នកស្រីព្រួយបារម្ភ គឺក្រោយឃើញមានអ្នកស្លៀកឯកសណ្ឋានជាបុគ្គលិកព្រលានយន្តហោះ មកប្រាប់អ្នកភូមិជាច្រើនលើកច្រើនសាឱ្យរុះរើរោងសត្វចិញ្ចឹមដែលនៅលើដីរបស់ពួកគាត់ចេញ ក្រោមហេតុផលថា ដីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនហើយ។ អ្នកស្រីនិយាយថា អ្នកភូមិមិនបានធ្វើតាមឡើយ ហើយក្រោយមកមានគេមករុះរើរោងសត្វចិញ្ចឹមរបស់អ្នកភូមិជាថ្មីទៀត។

ក្រោយមកទៀត មានបុគ្គលិកព្រលានបាននាំគ្នាមកដោយមានអេស្កាវ៉ាទ័រជីកដី ឬអាអ៊ិច ចូលក្នុងភូមិ។ ក្រៅពីនោះ អ្នកស្រីថា គេហាមអ្នកភូមិមិនឱ្យសង់សំណង់ថ្មីលើដីរបស់ខ្លួនថែមទៀត។

អ្នកស្រីនិយាយថា៖ «គាត់ប្រាប់ថា ដីហ្នឹងគឺដីរបស់ក្រុមហ៊ុន ហើយខ្ញុំថាដីនេះជារបស់ប្រជាពលរដ្ឋ អត់ទាន់បានឱ្យលុយពួកគាត់ទេ។ ប៉ុន្តែដីនេះរបស់ពលរដ្ឋមែន ដីក្រោម ដីសាលក្រម។ គាត់នៅតែថាជាដីរបស់ក្រុមហ៊ុន! ខ្ញុំសួរថាក្រុមហ៊ុនណា? បើខ្ញុំអត់ដឹងផង។ ប៉ុន្តែគ្រាន់តែឃើញថា អ្នកដែលមកហ្នឹងគឺស្លៀកពាក់ឯកសណ្ឋានពួកព្រលាន»។

អ្នកស្រីប្រាប់ថា គាត់មានអារម្មណ៍មិននឹងនរ និងព្រួយបារម្ភមិនអស់មិនហើយ ដោយខ្លាចគេមករុះរើផ្ទះគាត់ និងបណ្តេញចេញទាំងបង្ខំនាពេលណាមួយ។

អ្នកស្រី អួង ស៊ីម បន្តថា៖ «ពួកខ្ញុំនេះបារម្ភណាស់ ព្រោះឃើញគេធ្វើអ៊ីចឹង យើងខ្លាចគេមករុះថ្ងៃណាមួយ ខ្លាចគេមករុះដល់ផ្ទះយើងអ៊ីចឹងទៀតហ្នឹង ចេះតែបារម្ភអ៊ីចឹង។ ឥឡូវនេះ ប្រជាជនមានទុក្ខដូចទូលភ្នំអ៊ីចឹង ទៅណា ទៅរក [ប្រកបរបរ] អី ក៏គិតតែរឿងផ្ទះសម្បែងដែរ គិតខ្លាចគេរុះ។ អ្នកខ្លះគ្នាធ្វើការរោងចក្រអ៊ីចឹង គ្នាបិទទ្វារចាក់សោរ ដល់ពេលធ្វើៗទៅ គិតផ្ទះ មិនដឹងម៉េច! វរៗគេមករុះអស់ទៅ មិនដឹងធ្វើម៉េចទេ។ ប្រជាជនគាត់ខ្វល់ខ្លាំងណាស់ ខ្វល់ហ្មង ខ្វល់អារឿងផ្ទះសម្បែងហ្នឹង»។

អ្នកស្រីទទូចឱ្យរដ្ឋាភិបាលដោះស្រាយផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ និងស្នើអភិវឌ្ឍនៅនឹងកន្លែង បើមិនដូច្នេះទេ ពលរដ្ឋនឹងគ្មានកន្លែងជ្រកកោន ហើយប្រឈមនឹងភាពក្រីក្រកាន់តែខ្លាំងឡើងមិនខាន។

ស្ត្រីវ័យ៦២ឆ្នាំរូបនេះ ប្រាប់ថា សព្វថ្ងៃ គាត់ប្រកបរបររកត្រី និងដាំបន្លែ ហើយមានតែដីលំនៅឋានមួយកន្លែងនេះសម្រាប់រស់នៅប៉ុណ្ណោះ បើគ្មានដីនោះ គាត់មិនដឹងថាត្រូវទីពឹងអ្វីទេ។

បើទោះជាយ៉ាងនេះក្តី អ្នកស្រីថា អ្នកភូមិបានទៅប្រមូលផ្តុំនៅមុខសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិ តែអាជ្ញាធររដ្ឋមិនបានឆ្លើយតបនូវសំណើរបស់ពួកគាត់នៅឡើយ។ យ៉ាងណា អ្នកស្រីអះអាងថា អ្នកភូមិមិនបញ្ឈប់ការតវ៉ាទេ បើសិនអាជ្ញាធរមិនដោះស្រាយជូនពួកគាត់នោះ។

ពលរដ្ឋម្នាក់ទៀត លោក សុខ ប៊ុនធី ប្រាប់ថា ថ្មីៗ មានគេមករុះរើរោងសត្វចិញ្ចឹមរបស់អ្នកភូមិមួយគ្រួសារ និងប្រុងរុះរើបន្តនៅផ្ទះអ្នកផ្សេងទៀត តែពលរដ្ឋបានចោមរោមតវ៉ា ដែលធ្វើឱ្យពួកគេបញ្ឈប់។ យ៉ាងណា លោកថា ពលរដ្ឋនៅតែឆ្ងល់ រោងសត្វស្ថិតលើដីពួកគាត់ ថាហេតុអីសន្តិសុខព្រលានមកប្រាប់ឱ្យរុះរើឱ្យរុះរើដើម្បីពង្រីកផ្លូវ ខណៈលោកថា ការពង្រីកផ្លូវគួរតែធ្វើឡើងពីខាងក្នុង តែនេះបែរជាមកប៉ះពាល់ជាមួយដីពលរដ្ឋមិនទាន់ដោះស្រាយទៅវិញ។

ពលរដ្ឋរូបនេះចង់ឱ្យអភិបាលខេត្តកណ្តាល បើកវេទិកាសាធារណៈមួយបំភ្លឺឱ្យពលរដ្ឋអស់ចម្ងល់ ខណៈនៅតែបារម្ភពេលឃើញមានគេមកបាញ់ថ្នាំលេខរៀងនៅតាមផ្ទះពលរដ្ឋ ថតរូបពលរដ្ឋ ដែលធ្វើឱ្យពួកគាត់បារម្ភឥតស្រាកស្រាន្តថាដីរបស់ពួកគាត់នឹងត្រូវគេដណ្តើមយក។ ក្រៅពីនោះ លោកទទូចឱ្យអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងស្នើអភិវឌ្ឍនៅនឹងកន្លែង។

លោក សុខ ប៊ុនធី ថា៖ «[ចង់ឱ្យបំភ្លឺ ព្រោះខ្លាចបាត់បង់ដី ឬក៏យ៉ាងណា?] អាហ្នឹងអ៊ីចឹងហើយ ព្រោះអីយើងនៅយូរហើយ ដល់ពេលអ៊ីចឹង យើងភ័យខ្លាចគេយកដីយើងផង ណាមួយភ័យខ្លាចគេរុះរើអីផង។ ដល់ពេលអ៊ីចឹង វាមិនដឹងថាគេគិតអីទៅ ព្រោះគេដើរបាញ់ថ្នាំបាញ់អីអ៊ីចឹង។ ហើយសួរទៅ អត់មានខាងណាមួយគាត់ឆ្លើយប្រាប់យើងថាយ៉ាងម៉េចៗទៅ។ គាត់ឆ្លើយថាថ្នាក់លើគេឱ្យមកបាញ់ មកថត មកកត់អ៊ីចឹងទៅ។ ឥឡូវហ្នឹងកំពុងថាដាក់សំណើទៅឱ្យអភិបាលខេត្តគាត់ចុះបើកវេទិកាសាធារណៈ ដើម្បីសួរគាត់ឱ្យគាត់ឆ្លើយយ៉ាងម៉េចៗ បំភ្លឺកុំឱ្យយើងនៅតែមានការសង្ស័យតែរហូតអ៊ីចឹង»។

អភិបាលខេត្ត​កណ្ដាល​ លោក គង់ សោ​ភ័ណ្ឌ បដិសេធតបនឹងសំណួរវីអូឌី ពាក់ព័ន្ធការស្នើបើកវេទិកាសាធារណៈ និងដំណោះស្រាយទៅកាន់ពលរដ្ឋ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ដោយប្រាប់ថា លោកជាប់ប្រជុំ។

ដោយឡែក អភិ​បាលរង​ខេត្តកណ្តាល លោក នូវ​ប៉េង ច័ន្ទតារា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៣ ខែមករានេះថា អាជ្ញាធរមិនអាចផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋទាំងនោះបានទេ ពីព្រោះពួកគាត់រស់នៅលើដីទំនប់ ជាកម្មសិទ្ធិរបស់រដ្ឋ។

លោក នូវ​ប៉េង ច័ន្ទតារា ថា៖ «នរណាចេញបណ្ណកម្មសិទ្ធិឱ្យ បើដីទំនប់ ដីប្រឡាយ! អាហ្នឹងបើយើងចេញឱ្យគាត់ មានតែចេញខុសច្បាប់។ គិតមើលទៅ យើងនៅស្រុកខ្មែរ យើងដឹងហើយ បើគាត់អត់ធ្លាប់នៅស្រុកខ្មែរសោះ មកពីស្រុកក្រៅ អាហ្នឹងគាត់អត់យល់មែន តែបើយើងនៅស្រុកខ្មែរ យើងយល់ហើយ។ […] យើងចង់និយាយថា គាត់ចេះតែរស់នៅសិនទៅ តែរឿងចេញបណ្ណកម្មសិទ្ធិឱ្យ មិនអាចទេ តែមានន័យថា អាជ្ញាធរមិនមែនអនុញ្ញាតឱ្យគាត់រស់នៅទេ មិនទេ! គ្រាន់ថាគាត់រស់នៅម៉េច រស់នៅអ៊ីចឹងសិនទៅ តែរឿងសំណង់ថ្មី យើងអត់ឱ្យសាងសង់ទេ»។

យ៉ាងណា អភិ​បាលរង​ខេត្តកណ្តាលរូបនេះ អះអាងថា បច្ចុប្បន្នមិនទាន់ដល់ពេលដែលអាជ្ញាធរប្រាប់ឱ្យពលរដ្ឋទាំងនោះចាកចេញពីទំនប់នៅឡើយ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក ស៊ឹង សែនករុណា លើកឡើងថា នៅសង្គមកម្ពុជា ឱ្យតែតំបន់ណាមួយដែលរដ្ឋត្រូវការឱ្យទៅក្រុមហ៊ុនឯកជន ឬយកមកអភិវឌ្ឍ គឺតែងតែមានវិវាទកើតឡើង។

បែបនេះក្តី លោកថា កន្លែងណាមិនអនុញ្ញាតឱ្យពលរដ្ឋរស់នៅ រដ្ឋាភិបាលគួរមានការទប់ស្កាត់ជាលាយលក្ខណ៍អក្សរ និងពន្យល់តាំងពីពួកគាត់ទើបចាប់ផ្តើមទៅរស់នៅ។ លោកចាត់ទុកថា បញ្ហានេះកើតឡើងក៏បណ្តាលមកពីអាជ្ញាធរអនុវត្តតួនាទីរបស់ខ្លួនមិនបានត្រឹមត្រូរដែរ។

លោក ស៊ឹង សែនករុណា ថា៖ «បញ្ហាកើតមានឡើង គឺដោយសារតែអាជ្ញាធរនៅក្នុងតំបន់ហ្នឹង ក៏ជាមូលហេតុមួយដែលអនុវត្តតួនាទីរបស់ខ្លួនអត់បានត្រឹមត្រូវដែរ នៅក្នុងការឱ្យពួកគាត់ដែលរស់នៅក្នុងតំបន់ហ្នឹងហើយៗ ចុងក្រោយទៅជាតំបន់ដែលថាហាមឃាត់ទៅវិញ។ ហើយពួកគាត់ តែកាលណារស់នៅ ពួកគាត់ចាត់ទុកថាជាកម្មសិទ្ធិរបស់ពួកគាត់ហើយ ​ស្របច្បាប់អ៊ីចឹង។ ប៉ុន្តែដល់យើងជាអ្នកគ្រប់គ្រងហ្នឹងមិនមានវិធានការច្បាស់លាស់ទៅលើរឿងហ្នឹង ដែលជាហេតុធ្វើឱ្យគាត់រស់នៅ ហើយគាត់យល់ថា​វាជាកម្មសិទ្ធិស្របច្បាប់ទៅវិញ»។

លោក ស៊ឹង សែនករុណា ថា ដើម្បីបញ្ចប់បញ្ហានេះបាន រដ្ឋាភិបាលគួរតែសិក្សាស្រាវជ្រាវឱ្យបានច្បាស់ពីចំនួនគ្រួសារ និងសមាជិក ដើម្បីទទួលខុសត្រូវភារកិច្ចរបស់ខ្លួន ខណៈពួកគាត់ជាពលរដ្ឋរស់នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាល។ ក្រោយសិក្សា រដ្ឋអាចដោះស្រាយជាថវិកា ឬរកទីតាំងថ្មីឱ្យពលរដ្ឋរស់នៅ ជាដើម ដោយសួរពីការព្រមព្រៀងរបស់ពួកគាត់ គ្មានការបង្ខិតបង្ខំ ដើម្បីបានជម្រក បង្កបង្កើនផលចិញ្ចឹមជីវិតផងដែរ។

លោកបន្តថា៖ «អ៊ីចឹងនៅក្នុងច្បាប់ក៏មានចែងដែរពីការផ្តល់ដីសម្បទានសង្គមកិច្ចជូនទៅប្រជាពលរដ្ឋក្រីក្រ ខ្វះខាតដីធ្លីអីទាំងអស់ហ្នឹង។ ហើយគួរតែពិនិត្យមើលលទ្ធភាព បើសិនជាអាចផ្តល់ជាដីសម្បទានសង្គមកិច្ចជូនគាត់បាន អាហ្នឹងគួរតែពិនិត្យឱ្យទៅគាត់។ ហើយបើពិនិត្យឃើញថាអាចផ្តល់ជាថវិកាក្នុងការដោះស្រាយឱ្យបានសមរម្យណាមួយដែលពួកគាត់អាចទទួលយកបាន អាហ្នឹងក៏គួរតែធ្វើដែរ ដើម្បីធ្វើយ៉ាងម៉េចឱ្យពួកគាត់មានលទ្ធភាពក្នុងការផ្លាស់ប្តូរទីលំនៅទៅនៅទីតាំងណាមួយដែលគាត់អាចរស់នៅបាន មិនមែនបណ្តែតបណ្តោយ ឬបណ្តេញគាត់ចេញដោយមិនមានសំណង ឬមិនមានដំណោះស្រាយអីនោះទេ​ ពីព្រោះគាត់បានរស់នៅទីតាំងហ្នឹងយូរមកហើយដែរ»។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បន្ថែមថា បើបញ្ហាមិនត្រូវបានដោះស្រាយ នោះបញ្ហានៅតែជាបន្ទុករបស់ថ្នាក់ដឹកនាំ ហើយបើមានការតវ៉ាបន្តទៀត វានាំឱ្យកើតបញ្ហាផ្សេងៗអាចឈានដល់ប៉ះទង្គិច អំពើហិង្សា ប៉ះពាល់ដល់ពលរដ្ឋ ប៉ះពាល់គម្រោងអភិវឌ្ឍន៍ថែមទៀត ដែលនេះទាមទារឱ្យមានការសម្របសម្រួលរកចំណុចឯកភាពគ្នា។

ពាក់ព័ន្ធនឹងករណីនេះ​ កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល (SSCA) ដែលត្រូវចំណាយ​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ (១ ៥០០លានដុល្លារ) ហើយ​ត្រូវ​បានព្យាករថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅឃុំទាំង៤នោះ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។

តែយ៉ាងណា អាជ្ញាធរខេត្ត​បានដោះស្រាយ​​ផ្តល់​គោលនយោបាយ​ដល់ពលរដ្ឋ​មួយចំនួន​ហើយ នៅសល់ពលរដ្ឋមួយចំនួនទៀតដែលមិនទាន់អាចរកចំណុចឯកភាពបាន។

ជាការកត់សម្គាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ក្រើនរំលឹក​​​​​ដល់ក្រសួងពាក់ព័ន្ធ​ និង​​​​អភិបាលខេត្តទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើការ​ងារ​ចុះ​បញ្ជីក្បាល​​​ដី​ជូន​​ប្រជាពលរដ្ឋ​ ដោយ​ត្រូវពន្លឿនការ​ងារ​នេះឱ្យ​បាន​ ១០០ភាគ​រយ នៅ​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន​សម្រេចបានជាង ៩០ភាគរយ​ទៅ​ហើយ​នោះ។

លោកបន្តថា ការ​​ពន្លឿន​ការ​​អនុវត្តផែន​ការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់​រដ្ឋ ដី​សម្បទាន​សេដ្ឋ​កិច្ច និង​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ធានានូវសុវត្ថិភាពនៃការកាន់កាប់​ដីធ្លី ដែលជាទុនសម្រាប់ការ​រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើត​មុខ​របរ និង​បង្កើន​ប្រាក់​ចំណូល។

ជាមួយគ្នានេះ លោក​​បានណែនាំ​ឱ្យ​អាជ្ញាធរ​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទក្រៅ​​ប្រព័ន្ធ​តុលាការ​ នៅថ្នាក់​មូ​​ល​​ដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើត​ភាព​សុខ​ដុម​រមនា-សង្គម បង្ក​ភាព​អនុ​គ្រោះដ​ល់​ដំណើរ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន និងឈានទៅបង្កើនល្បឿន​នៃការកាត់បន្ថយភាពក្រីក្រ។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួ​ល​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ