នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងជួបលោក ចូ បៃដិន នៅឯសេតវិមាននៅសប្ដាហ៍ក្រោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ (Eugene Hoshiko/Pool តាមរយៈ REUTERS)

សេតវិមាន បាន​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅ​ឯសេតវិមាន​ នៅថ្ងៃទី​១៣ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​លើប្រធាន​បទមួយ​ចំនួនដែលទាក់ទង​នឹងប្រទេស​កូរ៉េខាង​ជើង អ៊ុយក្រែន ភាព​តាន​តឹង​រវាង​ចិនជាមួយតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកប​ដោយ​សេរី​និង​បើក​ចំហ។ នេះ​បើតាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌​មាន Reuters

ជាមួយគ្នានេះ ប្រភពដដែលបន្តថា មេដឹកនាំ​ទាំងពីរក៏នឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងករណីអាវុធប្រល័យលោកខុសច្បាប់ និងកម្មវិធីមីស៊ីលបាលិស្ទីករបស់សាធារណរដ្ឋប្រជាមានិត​ប្រជាធិប​តេយ្យ​កូរ៉េ សង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និង​ការ​រក្សា​សន្តិភាពនិង​ស្ថិរភាព​នៅទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់ផង​ដែរ។

ជំនួប​រវាង​មេដឹកនាំ​នៃ​ប្រទេសទាំង២​នេះ ក្នុង​ការ​​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃឥទ្ធិពលរបស់ចិននេះ ក៏កើតឡើងស្របពេលដែលកូរ៉េខាងជើង​បានបាញ់សាកល្បងម៉ីស៊ីលជាបន្តបន្ទាប់ និងគម្រោង​បង្កើន​ចំនួន​អាវុធ​នុយ​ក្លេអ៊ែររបស់ខ្លួន​ឱ្យកាន់​តែ​ច្រើន​ជាង​មុន ដែល​បាន​ធ្វើឱ្យ​​សម្ពន្ធមិ​ត្តអា​មេរិក​ព្រួយ​បារម្ភ​នៅក្នុងតំបន់។

យោងតាម​ការ​រាយ​ការណ៍​កាល​ពី​សប្តាហ៍​មុន​ដោយកាសែតជប៉ុន យ៉ូមីយូរី (Yomiuri) ដោយដក​ស្រង់ប្រភព​ពី​រដ្ឋាភិបាល​ បាន​ឱ្យដឹ​ង​ថា លោក​នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ក៏គ្រោងនឹងពិភាក្សាអំពីគោលនយោ​បាយ​សន្តិសុខ​ថ្មី​របស់​ទីក្រុង​តូក្យូ​ ទៅលើ​ការ​កសាង​យោធា​ដ៏ធំ​បំផុត​របស់ប្រទេសជប៉ុន ចាប់តាំង​ពីសង្គ្រាមលោកលើកទី២។

ទាក់ទិននឹង​ករ​ណី​នេះ សេតវិមាន​បាន​លើកឡើងថា លោក ចូ បៃដិន នឹង​បញ្ជាក់សា​​ជា​ថ្មី​ម្ត​ង​​ទៀត​នូវ​ការ​គាំទ្រ​ពេញ​លេញ​របស់​លោក ​ចំពោះ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​​របស់​ប្រទេស​ជប៉ុន ​ដែល​ទើបនឹងដាក់​​ចេញ​កាលពីពេល​ថ្មីៗ​នេះ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ លោក ចូ បៃដិន ក៏ធ្លាប់បានថ្លែងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោក ហ្វូមីអូ គីស៊ីដា ក្នុងការពង្រឹងសមត្ថភាពការពារ​ជាតិ​របស់ជប៉ុនផងដែរ។

ផែនការការពារជាតិ ក្នុងទំហំប្រាក់ចំនួន ៣២០​ពាន់លានដុល្លារ របស់ជប៉ុន រួមមាន ការ​ទិញ​មីស៊ីល​ដែល​​មាន​សមត្ថ​ភាព​វាយ​ប្រហារ​ចិន និងការត្រៀមខ្លួនក្នុងករណីដែលប្រទេសជាតិមានជម្លោះ ស្របពេលដែលមានការព្រួយបារម្ភថាការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីអាចជំរុញដល់ប្រទេសចិនឱ្យធ្វើសកម្មភាពប្រឆាំងនឹងតៃវ៉ាន់ ដែលជាប្រទេសជិតខាងរបស់ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ