បុគ្គលិកផ្នែករៀបចំបន្ទប់នៅកាស៊ីណូដែលឆេះនៅប៉ោយប៉ែតថា គាត់ជាប់នៅក្នុងអគ្គិភ័យរយៈពេល៣ម៉ោង

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) នៅព្រឹកថ្ងៃទី៣១ ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (Michael Dickison/VOD)

អ្នកស្រី សេង ហ័ង អាយុ៣១ឆ្នាំ ជាបុគ្គលិកផ្នែក​រៀបបន្ទប់​​នៅ​កាស៊ីណូ ហ្គ្រេនដាយ​មិន ដែលត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត ឱ្យដឹង​ថា មិន​មាន​នរណា​ម្នាក់​ជូន​ដំណឹង​ដល់​អ្នកស្រី​ថាមានអគ្គិភ័យឆាបឆេះនៅជាន់ក្រោមឡើយ។

ផ្ទុយទៅវិញ គឺម្តាយរបស់អ្នកស្រីដែលបានឃើញរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ បាន​បើក​ឆ្ពោះទៅ​កាស៊ីណូទាំងកណ្តាលអធ្រាត្រ​​ ហើយគាត់ព្យាយាមជូនដំណឹងដល់អ្នកស្រី។

អាជ្ញាធរបាន​ប៉ាន់​ប្រមាណ​ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះ​នៅម៉ោងប្រហែល ១១:៣០យប់​។ អ្នក​ស្រី ហ័ង បាន​ដឹង​ព័ត៌មានអំពីអគ្គិភ័យនោះពីអ្នក​​នៅខាងក្រៅ ប្រហែល​កន្លះ​ម៉ោងក្រោយ​​អគ្គិភ័យឆាបឆេះ។

នៅក្នុងហេតុការណ៍អគ្គិភ័យ​នោះ ទ្វារ​អេឡិច​ត្រូនិច​ជាប់​សោ និង​ដាច់​ភ្លើង ខណៈ​នៅក្នុងអគារខ្វះឧបករណ៍បាញ់ទឹក ឬផ្លូវសុវត្ថិភាព។ ទោះយ៉ាងណា អ្នកស្រី ហ័ង បាន​លើក​ឡើង​លើសពីចំណុច​ទាំ​ង​នេះ​ទៀត​ គឺនៅក្នុងកាស៊ីណូគ្មានប្រព័ន្ធ​ប្រកាស​អាសន្ន សូម្បីតែបុគ្គលិក​ក៏មិ​ន​ប្រាប់​​គ្នា ហើយក៏​មិន​បាន​ប្រាប់​ភ្ញៀវ​ថា​មាន​អគ្គិភ័យក្នុងអាគារដែរ។

អាជ្ញាធរ​កម្ពុជាលើកឡើង​​ថា មិន​មាន​ជន​ជាតិ​ខ្មែរ​​​​ស្លាប់​​ក្នុង​​អគ្គិភ័យ​​នោះ​ឡើយ ហើយ​​អ្នក​​រង​របួស​​ទាំង​​អស់​​ចេញពីមន្ទីរពេទ្យអស់ហើយ។ ទោះយ៉ាង​ណា គ្រួសារមួយ​ចំនួន​នៅ​តែ​បាត់មនុស្ស​ជា​ទី​ស្រឡាញ់ ខណៈ​អ្នក​ស្រី ហ័ង ដែល​ជា​បុគ្គលិក​អនាម័យ​នៅ​ក្នុង​កាស៊ីណូ នៅ​តែសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ កាលពីថ្ងៃសៅរ៍ [ទី៣០ ខែធ្នូ ឆ្នាំ២០២២] បន្ទាប់​ពីជាប់​ក្នុង​អគ្គិភ័យ​នោះ។

អ្នកស្រី ហ័ង បានគេងលក់នៅជាន់ទី៥ នៃកាស៊ីណូ នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅជាន់​ក្រោម។ រយៈពេល៣ម៉ោងក្រោយអគ្គិភ័យ អ្នកស្រី និងបុគ្គលិកមួយក្រុមតូច បានស្វែងរកផ្លូវចេញយ៉ាងអន្ទះសារ។

អ្នកស្រីបានរម្លឹកអំពីហេតុការណ៍ ខណៈអ្នកស្រីស្ថិតនៅលើគ្រែមន្ទីរពេទ្យ​នៅឡើយថា បន្ទាប់ពីម្តាយរបស់អ្នកស្រីទូរសព្ទមកប្រាប់ អ្នកស្រីបានចេញពី​បន្ទប់ [ក្នុងកាស៊ីណូ] ហើយ​បានឃើញ​ផ្សែង​ហុយ​ចេញ​ពី​ជណ្តើរ​យន្ត ហើយ​​ពេលនោះ អ្នកស្រី និងកម្ម​ករ​មួយ​​ក្រុម​​តូច​​ព្យាយាម​​រត់​ចុះ​ទៅ​ជាន់​​ក្រោម។

អ្នកស្រី​បាន​និយាយ​ថា៖​ «​មាន​​ផ្សែង​​ចេញ​​​ពី​ជា​ន់​ក្រោម ហើយ​យើងមើលអ្វីមិនឃើញឡើយ»។

អ្នកស្រី និងបុគ្គលិកផ្សេងទៀត ​បាន​បើក​ភ្លើងពិលចេញពីក្នុង​​ទូរសព្ទ​​(Flash) ដើម្បី​បំភ្លឺ​ផ្លូវ ហើយ​​ចូល​ទៅ​​ក្នុង​​បន្ទប់​​​មួយ​នៅ​​ជាន់​ទី៤។ ពួកគាត់បានជាប់គាំងនៅទីនោះអស់រយៈពេល២ម៉ោង។

អ្នកស្រីបន្ថែម​ថា៖«យើង​បាន​ព្យាយាម​២ដង ​ដើម្បី​រក​ផ្លូវ​ចេញ​ពី​បន្ទប់ ប៉ុន្តែ​យើង​មិនអាចរកផ្លូវចេញឡើយ ហើយ​យើង​បាន​ត្រលប់​មក​វិញ»

អគ្គិភ័យ​បាន​រាលដាល​យ៉ាង​ខ្លាំង​នៅ​ខាងក្រៅ​បង្អួច ហើយ​នៅ​ទី​បំផុត ​ជនជាតិថៃមួយក្រុមតូច​បាន​​សម្រេច​​ចិត្ត​​លោតចុះពីលើអគារ។

ទោះយ៉ាង​ណា​ អ្នកស្រី ហ័ង ស្ទើរ​តែ​ស្លាប់​ដោយសារ​ផ្សែង ហើយ​បុគ្គលិក​ជនជាតិថៃ​ ២​នាក់​បាន​អូស​អ្នកស្រី​ឡើង​ទៅ​​ជាន់​​ទី​៧ ដែល​មាន​មនុស្ស​ប្រហែល៣០​នាក់​ជាប់នៅទីនោះ។

អ្នកស្រី​បាន​និយាយ​ថា៖​ «​ខ្ញុំ​មិន​ស្គាល់​ពួកគេ​ទេ ប៉ុន្តែ​ពួកគេ​បាន​ជួយ​ខ្ញុំ​។ ខ្ញុំអាចនឹងស្លាប់នៅទីនោះ ប្រសិនបើមិនមានពួកគេជួយ»។

នៅ​ជាន់​ទី​២ អ្នកស្រី ហ័ង បាន​ទូរសព្ទ​ទៅ​ម្តាយ ​និង​ប្តីរបស់អ្នកស្រី ដោយ​គិត​ថា ​គ្មាន​សង្ឃឹមឡើយ។

អ្នកស្រី​បន្ថែមថា៖ «​មនុស្សគ្រប់​គ្នា​យំ ហើយ​បួងសួង»។

អាក្រក់ជាងនេះទៅទៀត អ្នក​ស្រីឃើញ​គេយ​ក​តែ​របស់​របរ​​ក្រុមហ៊ុនចេញពីអគារ។

អ្នកស្រីបន្ថែម​ថា៖​ «​ដំបូង​គេ​យកតែរបស់របររបស់ពួកគេចេញ ពួកគេ​មិន​យក​មនុស្សចេញ​ទេ​។ យើងត្រូវរង់ចាំនៅជាន់ទី៧ យ៉ាងយូរ»។

នៅទីបំផុត ប្រហែល៣ម៉ោង​បន្ទាប់​ពី​អគ្គិភ័យឆាបឆេះ ក្រុមអ្នកជួយសង្គ្រោះបាននាំអ្នកស្រីចុះពី​អគារដោយសម្រូតតាមខ្សែពួរ។ អ្នកស្រីបា​នសន្លប់​បាត់​ស្មារតីនៅតាមផ្លូវទៅមន្ទីរពេទ្យដោយសារឈ្លក់ផ្សែង។

ស្ថិតនៅខាងក្រៅកាស៊ីណូដែលត្រូវបានអគ្គិភ័យឆាបឆេះ អ្នកស្រី ហេង ឡៃស៊ាន ដែលធ្វើការនៅទីនោះ១០ឆ្នាំ បាននិយាយថា អ្នកស្រីមានថៅកែល្អ ប៉ុន្តែ​អ្នកស្រីទទួលស្គាល់ថាមិនមានប្រព័ន្ធប្រកាសអាសន្នអគ្គិភ័យនៅក្នុងអគារនោះឡើយ។ អ្នកស្រីថា កន្លងមក ធ្លាប់មានអគ្គិភ័យនៅកាស៊ីណូនេះ​កាលពីប៉ុន្មានឆ្នាំមុន និងនៅដើមឆ្នាំ២០២១។

សហសេវិកម្នាក់របស់អ្នកស្រី ហេង ឡៃស៊ាន ដែលសុំមិនបញ្ចេញឈ្មោះ ខណៈ​គាត់​កំពុងស្វែង​រក​ការ​ងារ​ថ្មី​នៅក្នុង​ឧស្សាហកម្ម​នេះ [កាស៊ីណូ] បាននិយាយថា គាត់​ស្ថិត​នៅកន្លែង​លេងល្បែង​នៅ​ជាន់​ផ្ទាល់​ដី ​នៅ​ពេលដែ​លអ​គ្គិភ័យ​បាន​ចាប់​ផ្តើម​ឆាប​ឆេះ។ កាមេរ៉ា​សុវត្ថិភាព​នៅជ្រុង​​ម្ខាងចាប់ផ្តើមហុយផ្សែង ហើយភ្លាមៗនោះមានអណ្តាតភ្លើងរាលដាលពេញ​ពិ​ដាន។ គាត់​បន្ត​ថា សន្តិសុខ​​បាន​​ព្យាយាម​​ពន្លត់​ភ្លើង​ដោយ​ប្រើ​​បំពង់​​ពន្លត់​​អគ្គិភ័យ ប៉ុន្តែ​អណ្តាត​​​ភ្លើងឆេះ​កាន់តែខ្លាំងឡើង។

គាត់បន្តថា៖ «អណ្តាតភ្លើង​បន្ត​រាល​ដាល​ឆេះពេញ​ពិដាន ហើយ​យើងក៏រត់ចេញភ្លាម។ តែមួយពព្រិចភ្នែក វា [អគ្គិភ័យ] រាលទៅគ្រប់កន្លែង»។

គាត់បាន​បន្ថែម​ថា គាត់​ខ្លាច​ពេក មិនដឹងថាមានអ្វីកើត​ឡើង​នៅ​ជាន់​លើទេ។

គាត់បន្ថែមថា៖ «គ្រប់​គ្នា​ត្រូវ​ជួយ​ខ្លួន​ឯង។ យើងស្ទើរតែរត់ជាន់គ្នា»។

លោក គង់ ជា អាយុ៤៨​ឆ្នាំ បាន​មក​ដល់​ក្រុម​ហ៊ុន​រថយន្តក្រុងរបស់លោក​នៅជិតព្រំដែន នៅម៉ោង​ប្រហែល៤​ទៀបភ្លឺ ​ថ្ងៃ​ព្រហស្បតិ៍ [ទី២៩ ខែធ្នូ ឆ្នាំ២០២២] ដើម្បី​រកមើលកាស៊ីណូដែលលេបត្របាក់ដោយ​អគ្គិភ័យ។ លោក​​ថា លោកមិនយល់ថាហេតុ​អ្វី​បាន​ជា​អគ្គិភ័យ​អាច​ឆេះ​រាល​​ដាល​ពេញស្ពានឆ្លងអគារ​ និង​ឆ្លង​​​ទៅ​អគារ​នៅសងខាង​​ផ្លូវ។

លោក​បាន​និយាយ​ថា៖​ «​មនុស្ស​ជា​ច្រើន​និយាយ​​ដូច​​ខ្ញុំ ប៉ុន្តែ​និយាយ​ដោយ​សម្ងាត់​»​

នៅព្រឹក​ថ្ងៃសៅរ៍ អាជ្ញាធរបានធ្វើសន្និសីទសារព័ត៌មានមួយអំពីការបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះរយៈពេល៣៩​ម៉ោង។ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម បាន​ទទួល​ស្គាល់​ថា អគារ​ទាំង​នោះ «មិន​រៀប​រយ» និង​ត្រូវ​កែ​លម្អនៅពេលអនា​គត។

លោក​បន្ត​ថា៖ «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី ត្រូវពិភាក្សាគ្នានៅពេលសាងសង់ឡើងវិញ ដើម្បីកុំឱ្យមានសំណង់បែបនេះទៀត ហើយត្រូវយកចិត្តទុកដាក់លើអគ្គិភ័យ និងទឹក និងអ្វីៗទាំងអស់»

លោកបន្ថែមថា អាជ្ញាធរខេត្តនឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន។

លោក គន់ គីម បាននិយាយថា ក្រុម​អ្នកជួយសង្គ្រោះបានបញ្ចប់ការស្វែងរកតាមបន្ទប់ទាំងអស់ ហើយមនុស្សសរុបចំនួន២៦នាក់បានស្លាប់ ក្នុងនោះមាន​​សាកសពមិនស្គាល់អត្តសញ្ញាណ​ចំនួន៧នាក់ គិតត្រឹមថ្ងៃសៅរ៍ [ទី៣១ ខែធ្នូ ឆ្នាំ២០២២]។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ​​មាន​ប្រសាសន៍​ថា តាម​លោក​ដឹង ជន​រង​គ្រោះដែល​​ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​បានចេញពីមន្ទីរពេទ្យអស់ហើយ។

ទោះយ៉ាង​ណា អ្នកស្រី ហ័ង ស្ថិតនៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​នៅឡើយ នៅ​ថ្ងៃ​ដដែល​នោះ [ថ្ងៃកើតហេតុ]។ ក្រៅ​ពី​សន្លប់បាត់​ស្មារតី ​ខណៈ​​ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់ដឹកចេញពីកន្លែងកើតហេតុ ដៃ​របស់​អ្នកស្រីបាន​រង​របួស​នៅពេល​អ្នកស្រី​ដួល​ក្នុង​អំឡុង​ពេលព្យាយាម​​រក​​ផ្លូវរត់ចេញ។

អ្នកស្រីបាននិយាយថា៖ «ពួកគេ [ជនជាតិថៃដែលជួយសង្រ្គោះអ្នកស្រី​] លូកដៃចូលបំពង់ករបស់ខ្ញុំ​ ដើម្បី​ឱ្យ​ផ្សែងចេញ និង​ធ្វើឱ្យខ្ញុំក្អួត​ ដើម្បីឱ្យបានធូរ»។

អ្នកស្រីបាន​និយាយ​​ថា អ្នកស្រី​ធ្វើការនៅ​កាស៊ីណូនេះទើបតែបាន៦ខែប៉ុណ្ណោះ ជាអ្នក​រៀបចំបន្ទប់​​ដែល​​​​ប្រើ​​​សម្រាប់​​ការ​ងារ «តាម​អ៊ីនធឺណិត» ដែល​​អ្នក​ស្រីមិ​នយល់​ថា ការងារ​នោះ​ជា​អ្វីឡើយ។

អ្នកស្រីបាននិយាយថា៖ «នៅជាន់ទី៥ ដែលខ្ញុំទទួលខុសត្រូវ គឺប្រើសម្រាប់ល្បែងតាមអនឡាញ ហើយ​ខ្ញុំ​មិន​ដឹងថាវា​ជាអ្វី​ឡើយ គ្រាន់តែដឹងថា គេធ្វើនៅលើកុំព្យូទ័រ ហើយឆ្លើយឆ្លង និងនិយាយ​គ្នា […] ខ្ញុំ​​មិ​ន​ដឹង​​ថា​​គេ​លេង​វា​យ៉ាង​ម៉េច​​ទេ។ យើង​គ្រាន់​តែ​ធ្វើ​ការងារ​របស់​យើង»

អ្នកស្រីបន្ថែមថា ទ្វារ​អេឡិចត្រូនិចនៅក្នុងអគារត្រូវ​​ស្កេន​ក្រយៅដៃ ​ដើម្បីរឹតបន្តឹងសុវត្ថិភាព។

ជារឿយៗ ការ​ងារ «តាមអ៊ីនធឺណិត» ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង​ខុស​ច្បាប់​តាម​អ៊ីន​ធឺណិត ឬ​ប្រតិបត្តិការឆបោកជាសកល ដែលសម្បូរ​ទៅដោយ​ការ​ជួញ​ដូរ​ពលករបរទេស និងត្រូវបានបង្ខាំងមិនឱ្យចាកចេញពីបរិវេណ។

សម្រាប់​​អ្នក​ស្រី ហ័ង អ្វីដែល​ជារឿង​ហួសហេតុ​នោះ គឺ​​មិនមាននរណាម្នាក់​ជូន​ដំណឹង​ដល់​បុគ្គលិក​ថា​មាន​អគ្គិភ័យឡើយ។ អ្នកស្រីថា ប្រហែលជាក្រុមហ៊ុនគិតថាពួកគេអាចពន្លត់ភ្លើងបានដោយមិនចាំបាច់ឱ្យនរណាម្នាក់ដឹង។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំ​គេង​មិន​លក់ ​ព្រោះ​​ខ្ញុំ​​នៅតែ​គិត​​​ថា ​ហេតុ​​អ្វី​បាន​​ជា​គេ​មិន​ប្រាប់​យើង? ហេតុ​អ្វី​បាន​​ជា​គេ​មិន​ប្រាប់​អ្នកនៅ​ជាន់​​លើ? […] ខ្ញុំនៅតែមិនយល់ពីរឿងនេះ នឹងមិនមានរឿងអ្វីកើតឡើងចំពោះខ្ញុំឡើយ ប្រសិនបើគេប្រាប់យើង ប៉ុន្តែគេមិនប្រាប់។ យើងដឹងដោយខ្លួនឯងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។ ប្រសិន​បើគេប្រាប់យើងនៅម៉ោង១១យប់ នោះយើងអាច​រក​ផ្លូវ​ចេញ»


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖​ Casino Cleaner Recalls Three Hours in Poipet Inferno

    រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

    សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
    ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

    អត្ថបទទាក់ទង

    សូមផ្ដល់មតិយោបល់លើអត្ថបទនេះ