WHO ទាមទារចិនឱ្យផ្ដល់ទិន្នន័យច្បាស់លាស់ទាក់ទងនឹងការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេស

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ (REUTERS)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ហាក់មិនសូវមានការយកចិត្តទុក​ដាក់​ពីភា​ព​ធ្ងន់​ធ្ងរ​នៃ​ការ​កើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេស ខណៈអ​ង្គការសុខភាពពិភពលោក (WHO) បាននិងកំពុង​ស្វែងរកព័ត៌មានលម្អិតអំពីការវិវត្តនៃមេរោគនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសដែលធ្វើឡើងនៅថ្ងៃអង្គារម្សិលមិញ អង្គការ WHO ក៏បានស្នើឱ្យប្រទេសចិន ចែករំលែកទិន្នន័យស្តីពីការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ការស្លាប់ និងការចាក់វ៉ាក់សាំងនៅក្នុងប្រទេសផងដែរ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ អ្នក​នាំ​ពាក្យ​របស់​អង្គការសុខភាពពិភពលោក បានលើកឡើងថា អង្គការរបស់ខ្លួននឹងចែករំលែកព័ត៌មាននៅ​ពេល​ក្រោយ ដែលអាចនឹងត្រូវបានធ្វើឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មានមួយ​នៅ​ថ្ងៃ​ពុធនេះ ដោយខ្លួនក៏រំពឹងថានឹងមាន​ការពិភាក្សា​លម្អិតមួយពីការ​ចរាចរនៃ​វីរុស​បំប្លែង​​ខ្លួ​ន​ថ្មី​នៅក្នុង​ប្រទេស​ចិន និង​ទូទាំង​ពិភព​លោក​ផង​ដែរ។

គួរបញ្ជាក់ថា ចិន កាលពីខែធ្នូកន្លងទៅ បានសម្រេចលុបចោលគោលនយោបាយ​កូវីដសូន្យរបស់ខ្លួន ដែលករណីនេះបានបណ្ដាលឱ្យសញ្ញាឆ្លងរីករាលដាលនៃជំងឺមួយនេះកំពុងតែ​ចាប់ផ្ដើមហក់ឡើងវិញនៅក្នុងប្រទេស​។

ទាក់ទិន​នឹង​ករណី​នេះ បណ្ដាប្រទេសមួយចំនួន ដែលរួមមានសហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ក្នុងពេលបច្ចុប្បន្នក៏បានតម្រូវឱ្យអ្នកដំណើរទាំងឡាយដែលមកពីប្រទេសចិន ត្រូវ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើតេស្តកូវីដ-១៩ មុនពេលទៅដល់ប្រទេសរបស់ពួកគេផងដែរ។

ទោះជាយ៉ាងណា​ ប្រទេសចិន បានចេញមុខរិះគន់ចំពោះ​គោលការណ៍តម្រូវឱ្យមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលត្រូវបានកំណត់​ដោយប្រទេសមួយចំនួននេះ សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ខណៈខ្លួនក៏បានព្រមានថាអាចនឹងចាត់វិធានការឆ្លើយតបផងដែរ។

គិតរហូតមកដល់ពេលបច្ចុប្បន្ន ចិនមានការឆ្លងវីរុសកូវីដ-១៩សរុប នៅក្នុងប្រទេសជិត២​លាន​ករណី ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងប្រទេសមួយនេះមានត្រឹមតែ ៥ ២៥៣នាក់​ប៉ុណ្ណោះ ដោយវាត្រូវបានចាត់ទុកថាជាតួលេខដ៏ទាបមួយ​ បើធៀបនឹងចំនួនប្រជាជន ១,៤​ពាន់​លាន​នាក់​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ