រដ្ឋមន្ត្រីកសិកម្មថា តម្រូវការក្នុងស្រុកខ្ពស់ធ្វើឱ្យការនាំឈើពីក្រៅប្រទេសកើនឡើង

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី/ VOD)

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការប្រើប្រាស់ឈើច្រើនជាងមុន សម្រាប់សាងសង់ផ្ទះ ធ្វើជន្លង់ ធ្វើចន្ទល់ ឬរបងផ្សេងៗ​ ព្រមទាំងធ្វើជាអុស ឬជាធ្យូង ជាដើម។ លោកបញ្ជាក់ថា តម្រូវការរបស់ប្រជាពលរដ្ឋកើនឡើងនេះ បានបង្កើតជាសម្ពាធមួយចំនួនទៅលើធនធានធម្មជាតិនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកថា៖ «អ៊ីចឹងតម្រូវការផ្សេងៗគ្នានេះ គឺបង្កើតជាសម្ពាធមួយចំនួនទៅលើធនធានធម្មជាតិយើងដែលមាន។ អ៊ីចឹងការវាយតម្លៃអំពីតម្រូវការជាក់ស្ដែង គឺជាផ្នែកមួយនៃការរៀបចំទស្សនទានថ្មី ប៉ុន្តែទន្ទឹមនេះ ក៏យើងកត់សម្គាល់ឃើញដែរថា និន្នាការនៃការប្រើប្រាស់ឈើនាំចូលមានការកើនឡើង។ ខ្ញុំគិតថាមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនប្រាកដជាភ្ញាក់ផ្អើល បើដឹងថា ​សព្វថ្ងៃនេះ ​កម្ពុជាមានលទ្ធភាព​ក្នុងការនាំចូលឈើមកប្រើប្រាស់ផ្ទាល់ ហើយឈើទាំងនោះមានដូចជា ធ្នង់មកពីអាហ្រ្វិក ​មានឈើមកពីចិន មកពីម៉ាឡេ អ៊ីចឹងទាំងប្រភេទឈើឧស្សាហកម្ម​ ដូចជា ឈើកិន និងកុងផ្លាកេ ជាដើមហ្នឹង រហូតដល់ឈើប្រណិតមួយចំនួនផងដែលនាំចូល»។

លោក ឌិត ទីណា បន្តថា ប្រជាពលរដ្ឋបានកែប្រែទម្លាប់ក្នុងការប្រើប្រាស់ឈើ ​ដោយបានផ្លាស់ប្តូរពីការប្រើប្រាស់ឈើប្រណិត មកប្រើប្រាស់ឈើដែលមានគុណភាពប្រហាក់ប្រហែលគ្នា ពោលគឺពីបេង នាងនួន និងគ្រញូង មកប្រើធ្នង់ គគីរ ឈ្លិច ផ្ចឹក និងប្រភេទឈើនាំចូលដើម។

របាយការណ៍ UN Comrade  បានបង្ហាញថា នៅឆ្នាំ២០២១ កម្ពុជា​បាននាំឈើ​ចូលពីក្រៅប្រទេស មានទំហំទឹកប្រាក់ជាង៣០០លានដុល្លារ ខណៈឆ្នាំ២០២០ ទឹកប្រាក់ជាង២៣០លានដុល្លារតែប៉ុណ្ណោះ។ ចំនួននេះ បើប្រៀបធៀបនឹងកាលពីឆ្នាំ២០០០ កម្ពុជានាំឈើចូលពីក្រៅប្រទេសមានទឹកប្រាក់តែជិត ៤សែនដុល្លារ ប៉ុណ្ណោះ ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា  អ៊ឹម រចនា បានទេ គិតមកដល់ម៉ោងផ្សាយនេះ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ យល់ថា ឈើនៅកម្ពុជាអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ដោយមិនចាំបាច់ត្រូវនាំចូលពីក្រៅប្រទេសនោះឡើយ បើរដ្ឋាភិបាលទប់ស្កាត់បទល្មើសឈើ និងការនាំឈើចេញពីកម្ពុជាទៅលក់នៅក្រៅប្រទេសបាននោះ។

លោកថា៖ «រដ្ឋាភិបាលខ្លួនឯងហ្នឹងជាអ្នកដែលបណ្ដោយ​មានការដឹកជញ្ជូនឈើចេញពីកម្ពុជាយកទៅលក់ និងផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិ ដូចជាទៅប្រទេសវៀតណាម និងអឺរ៉ុបជាដើម។ ជាចុងក្រោយ ក្រសូងកសិកម្ម ខ្ញុំគិតថាមិនចាំបាច់នាំឈើពីក្រៅចូលក្នុងប្រទេស ក៏ឈើក្នុងប្រទេសកម្ពុជាក៏អាចផ្គត់ផ្គង់បានដែរ។ បើសិនរដ្ឋមន្ត្រីក្រសួងកសិកម្ម គាត់ថាត្រូវការឈើមកពីខាងក្រៅប្រទេសផ្គត់ផ្គង់ អាហ្នឹងវាហាក់បីដូចជាមើលងាយនៅក្នុងប្រទេសខ្លួនឯង ព្រោះប្រទេសខ្លួនឯងជាប្រទេស​មួយដែលមានព្រៃឈើរហូតដល់ ៧៣% រហូតមកដល់បច្ចុប្បន្ន រកតែ ២០% គ្មានផង គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបាននាំឈើពីប្រទេសកម្ពុជាទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ»។

ក្នុងសារជាសំឡេងមួយកាលពីខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

លោកបង្ហាញការឈឺចាប់ពេលនោះថា ការបាត់បង់ព្រៃឈើនៅកម្ពុជាច្រើន តែថវិកាចូលជាតិគ្មាន​ ដែលនេះគឺជារឿងខ្មាសអៀនមួយសម្រាប់ជាតិ ខណៈ​ប្រទេសជិតខាងបានរកចំណូលរាប់ពាន់លានដុល្លារពីវិស័យព្រៃឈើ។

យោងតាមទិន្នន័យពីផ្កាយរណបកាលពីឆ្នាំមុន បង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់មានការកាប់ឈើដ៏អាក្រក់បំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត ១ម៉ឺនហិកតា (៩ ១១៩) ក្នុងឆ្នាំ២០២០ ដែលកើនឡើង ២១ % បើធៀបនឹងឆ្នាំ២០១៩។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ