អាជ្ញាធរថាមិនជាប់ពាក់ព័ន្ធរឿងផ្ដល់សំណង ខណៈសាច់ញាតិកំពុងស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត

លោក គន់ គីម ថ្លែងក្នុងទៅកាន់អ្នកសារព័ត៌មាន ជុំវិញអគ្គិភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) និង ប៉ោយប៉ែតរីសត (Poipet Resort) ដែលបានកើតឡើងនៅពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី​២៩ ខែ​ធ្នូ នៅច្រកអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

អាជ្ញាធរខេត្តបន្ទាយមានជ័យ បដិសេធថា មិនពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​សំណង​ទៅ​ដល់​​​អ្នក​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​ឆេះ​អា​​គារ​​​កាស៊ីណូដ៏ធំមួយនៅជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែល​សាច់ញាតិរបស់ជន​​​រងគ្រោះ​ដែល​អះ​អាង​​​ពី​​កា​​រ​​​បា​​ត់ខ្លួនក្នុងពេលភ្លើងឆេះនោះ​ កំពុងបន្តស្វែងរកក្រុមគ្រួសាររបស់ពួកគេនៅឡើយ។

ប្រាប់ វីអូឌី នៅថ្ងៃនេះ ស្នងការខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បញ្ជាក់ថា ក្នុងនាមស្នងការខេត្ត​​មិន​​មាន​គោលការណ៍ផ្តល់សំណងសម្រាប់ជនរងគ្រោះទេ​​។ លោកបន្តថា នីតិវិធីនៃការផ្តល់សំណង​​ទៅឱ្យ​​​ជន​រង​​គ្រោះ​​​នេះ គឺ​ហួស​ពី​​កិច្ច​​​​​ការដែលសមត្ថកិច្ចត្រូវទទួលខុសត្រូវហើយ។

លោកបន្តថា៖ «អូ! អាហ្នឹងខ្ញុំសូមមិនដឹងទេ។ រឿងសមត្ថភាព វាមិនមែនជាសមត្ថភាពរបស់ខ្ញុំទេ»។

មិនខុសគ្នាទេ ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាល​​ខេត្តបន្ទាយមានជ័យ លោក សេក សុខុម បដិសេធ​ដែរ​ថា ក្នុងនា​ម​អាជ្ញាធរខេត្ត គ្មានគោលការណ៍ទូរទាត់​ថ្លៃសំណង​សម្រាប់​​ជ​ន​រង​គ្រោះ​ដោយ​​កា​រ​​​ឆេះ​​​​​​អាគារ​​​កាស៊ីណូនេះទេ។ ក៏ប៉ុន្តែនៅចំពោះមុខនេះ លោកថា ផ្នែក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដូច​ជា​ភាគី​ក្រុម​ហ៊ុន​ ជាដើម កំ​​ពុង​ពិ​​​និ​​ត្យ​ចំពោះករណីនេះនៅឡើយ ហើយ​ថា​តើ​ត្រូវ​រក​ច្រក​ចេញ​ដោយ​របៀប​ណា​បន្ត​ទៀត​។

លោកបន្តថា៖ «អត់ទាន់ដឹងថាគេដោះស្រាយ​របៀប​ម៉េច​ទេ ​រឿង​ហ្នឹង! ក្រុមហ៊ុន​ជាមួយ​នឹង​គណៈ​កម្ម​ការ​ចម្រុះ​អន្តរ​ក្រសួង ​គេ​កំពុង​តែ​សិក្សាស្រា​វជ្រាវ​តាមទិដ្ឋភាពច្បាប់ ត្រូវ​ធ្វើយ៉ាងម៉េចយ៉ាងម៉ាបន្ត»។  

កាលពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ២០២២ អាគារកាស៊ីណូ«ហ្រ្គេនដាយមិន» ចំនួន៣​​អាគារ ត្រូវបាន​​​ភ្លើ​ង​​ឆាបឆេះស្ទើរទាំងស្រុង។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប​​ញ្ជា​​ក់​​ថា មូលហេតុដែលនាំឱ្យ​ភ្លើងឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅលើ​ពិដាន​នៅ​​ជាន់ទី២។

គណៈកម្មការចម្រុះ ដែលសិក្សាជ្រាវជ្រាវ​ក្នុងឧបទ្ទវហេតុនេះ បាន​បិទការរុករកអ្នកបាត់ខ្លួនហើយ​កាលពីល្ងា​​​ចថ្ងៃទី៣១ ​ខែ​ធ្នូ ឆ្នាំ២០២២។ របាយការណ៍​ដែល​ចេញ​ដោយ​ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យ​​ដឹង​ថា គ្រោះអគ្គិភ័យនេះមាន​មនុស្ស​ចំនួន​២៦នាក់​ស្លាប់ ក្នុងនោះ ១៦នាក់ជាជនជាតិថៃ និងមានអ្នករងរបួសធ្ងន់ស្រា​​លចំនួន៥៧នាក់។

ប៉ុន្តែលោក ថាវ៉ាត់ឆៃ (Thawatchai Boonsang) អភិបាលរងស្រុកអារ៉ាញ់ប្រាថេត និង​ជានាយកស្តីទី​នៃមជ្ឈ​​​​មណ្ឌ​​ល​​​ប្រតិបត្តិ​​ការជួយសង្រ្គោះជនជាតិថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់​សម្ដីមក​ចុះផ្សាយ កា​​​​ល​ពីថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២៣ ​ថាជនជាតិថៃដែលបាន​ស្លាប់​ក្នុ​ងហេតុការណ៍ឆេះអគារ​កាស៊ីណូនោះ មានចំនួន១៩នាក់ ហើយ​សាកសពត្រូ​​​វ​​បានបញ្ជូនទៅឱ្យក្រុមគ្រួ​​​សា​​រនិងសាច់ញាតិធ្វើបុណ្យនៅក្នុងប្រទេសថៃអស់ហើយ។ ក៏ប៉ុន្តែគិតមកដល់ថ្ងៃទី៣ ខែមករានោះ​ លោកថានៅមានមនុស្ស៩នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ​​។

ចំណែកលោក សុទ្ធិព​ល (Suthipol) អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការធានារ៉ាប់រង ដែលហៅ​​កាត់​​​ថា OIC ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដដែលស្រង់សម្ដី​មកចុះផ្សាយ​ថា ក្នុង​នាម​ស្ថាប័ន​ដែល​ផ្តល់​សេវា​​​កម្ម​​​ស​​ម្រា​​​ប់​​​​ធានារ៉ាប់រង នឹងដោះស្រាយចំពោះបញ្ហានេះជាមួយក្រុមគ្រួសារ។ បើតាមលោក សុទ្ធិពល ក្នុ​​​ង​​​​ចំណោ​​ម​​​​អ្នកស្លាប់ដែលជាជនជាតិថៃ គឺមាន២នាក់បានទិញធានារ៉ាប់រងអាយុជីវិត ២សែន​បាត និ​​ង​​១​​ម៉ឺន​​​បាត​​ទៀ​​ត​​​​សម្រាប់ថ្លៃព្យាបាល​​។

ប្រភពបន្តថា ចំណែកជនរងគ្រោះ១០នាក់​ផ្សេង​ទៀតទទួលបានគោលការណ៍ផ្តល់​​សំណងពី​​​ក្រុម​​ហ៊ុ​​​ន​​ចំ​​នួ​​​ន​៣ ក្នុងទឹកប្រាក់សរុប​ ១លាន​ ៣៣ម៉ឺនបាត ក្នុងនោះ ១លានបាតសម្រាប់ធានារ៉ាប់រងអាយុជីវិត និង ២​​ពា​​ន់​​​​បាត​ទៀតជាសំណងប្រចាំខែ។

ស្របពេលជនរងគ្រោះ និងអ្នកបាត់បង់ជីវិតខាងភាគីថៃ ទទួលបានសំណងដោយគ្រោះថ្នាក់ការងារ ស​​ម្រា​​ប់​​​​​អា​​​ជ្ញា​ធរកម្ពុជាបាន​បដិសេធពីផែនការនៃការទូរទាត់ទៅលើថ្លៃសំណងសម្រាប់​អ្នក​​បម្រើ​​ការ​​ងារ​​ជាជន​​ជាតិ​​​ខ្មែរ​នៅក្នុង​កាស៊ីណូ​ហ្រ្គេនដាយមិននេះ។

​​មន្រ្តី​​រដ្ឋបាល​​​ខេត្តបន្ទាយមានជ័យ បានលើក​​ឡើង​​ថា នៅចំពោះ​​មុខ​​នេះ ភាគី​ដែល​ពាក់​ព័ន្ធ រួមមានទាំង​ក្រុម​ហ៊ុន និង​​​គ​ណៈកម្មការចម្រុះ កំពុង​​តែសិក្សា​​ពី​ផល​​ប៉ះ​​ពា​ល់នេះ​​នៅ​​ឡើយ​​។

យ៉ាងនេះក្តី សម្រាប់លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីពចលនាកម្មករកម្ពុជា ថ្លែង​ថា ជា​ចាំបាច់ ​ជន​​រង​​​​​គ្រោះ​​ត្រូវតែទទួលបានសំណង ទោះស្ថិតនៅក្នុងលក្ខខណ្ឌបែបណាក៏ដោយ។ លោកបន្តថា ប្រសិនបើ​និ​​យោ​​ជិ​​តមិនបានបំពេញកាតព្វកិច្ចក្នុងការទិញធានារ៉ាប់រងអាយុជីវិតទេ នោះជាបន្ទុក​​ទាំងស្រុង​​របស់​​ថៅ​​កែ។

លោកបន្តថា៖ «បើយើង​និយាយ​អំពី​ផ្លូវ​ច្បាប់ កា​រ​ធ្វេសប្រហែសរបស់និយោ​​ជក[ថៅកែ] បណ្តាល​ឱ្យ​មាន​​មនុស្សស្លាប់​អីហ្នឹង គឺវា​មាន​នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​បាន​ចែង​ ​ដែល​និយោជក​ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​សំណង។ ហើយ​មួយ​ទៀត យើងយោងទៅលើច្បាប់ស្តីពីការងារ គឺគ្រោះថ្នាក់ការងារជាបន្ទុករបស់ ប..ស ជា​អ្នក​​​ចំ​​ណា​​ទៅលើបុណ្យសព និងបង់​តាវកាលិក បានន័យ​​ថា ប្រាក់សម្រាប់សាច់ញាតិ​​ជន​រង​គ្រោះ​ដែល​ត្រូវ​​​ទទួ​​បន្តពីជនរងគ្រោះដែលបានបាត់បង់​ជីវិត​​ហ្នឹង។ ប្រសិនបើក្រុមហ៊ុនអត់​បាន​ចុះ​បញ្ជី​​បុគ្គលិក​របស់​​​ខ្លួន​នៅក្នុ..ស ទេ បានន័យថា បន្ទុកគឺជានិ​​យោជកជាអ្នករ៉ាប់រងបន្ទុក​​ទាំងស្រុងតែម្ដង»។

នាយកប្រតិបត្តិកាស៊ីណូហ្គ្រេនដាយមិន ​ខាងភាគីកម្ពុជា លោក សឿ សាអ៊ីម បានបដិសេធ​ក្នុង​ការ​ផ្តល់​សម្ភាសនៅថ្ងៃនេះ ដោ​​យ​​លោក​​​​អះ​​អាងថា លោកកំពុងមានបេសកកម្មនៅក្រៅប្រទេសនៅឡើយ។

ច្បាប់ស្តីពីការងារ បញ្ញត្តិមាត្រា២៤៨ ចែងថា ​ដែលចាត់ទុកថា​ជាគ្រោះថ្នាក់ការងារ គឺ​គ្រោះថ្នាក់នោះ​​កើត​​ឡើង​​ដោយ​​ធ្វើការ ឬ​​​ក្នុងពេល​ធ្វើការ ដោយ​​​ហេតុ​​ណាក៏ដោយ ទោះមានឈ្នួលក្តី ឥតឈ្នួលក្តី និង​កាន់​មុខ​ងារ​អ្វី នៅ​ទីកន្លែង​​​​ណា​​ក៏ដោយ។ មួយវិញទៀត ដែលចាត់ទុកថាគ្រោះថ្នាក់ការងារដែរ គឺគ្រោះថ្នាក់នោះកើត​ឡើង​ពេលធ្វើដំណើរពីលំនៅឋានទៅកន្លែង​​ការ​​ងារ និងដោយជំងឺជាដើម។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីចុងខែ​ធ្នូ ឆ្នាំ២០២២​ ថា ម្ចាស់កាស៊ីណូ​ហ្រ្គេនដាយមិន និង​​​កា​ស៊ី​​ណូប៉ោយប៉ែតរីសតនេះ មាន​ឈ្មោះ វឌ្ឍនា អៈស្វាហំ​(Vatana Asavahame) ជាជនជាតិថៃ។ ប្រភពដដែលបន្តថា ម្ចាស់កាស៊ីណូរូបនេះ គឺ​​​ជា​អតីត​មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃថៃ មាន​វ័យ​ជាង៨០ឆ្នាំ កំពុង​​រស់​នៅដោយ​និរទេស​ខ្លួន មុន​តុលាការថៃផ្តន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ។ បច្ចុប្បន្ន អ្នកគ្រប់​​​គ្រ​​ង​​កាស៊ីណូនេះ គឺជាកូនប្រុសទី២របស់លោក វឌ្ឍនា អៈស្វាហំ ឈ្មោះ ឃុន ចាវ ក្រោយពីអ្នកគ្រប់​គ្រង​ទី​​១ ​ដែលជាកូនប្រុសរបស់លោកដែរឈ្មោះ ឃុន អ៊យ បានទទួលមរណភាព​ទៅ។

បើទោះជាបែបណា មកដល់ពេលនេះ មន្រ្តីនាំពាក្យរដ្ឋបាល​ខេត្ត និង​ស្នងការនគរបាលខេត្តបន្ទាយ​មានជ័យ សុទ្ធតែបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍នោះ គឺមិនមានជនជាតិខ្មែរទេ ភាគច្រើ​ន​​​​គឺជនជាតិថៃ។

យ៉ាង​នេះក្តី សម្រាប់អ្នកដែលបាត់បង់សមាជិកគ្រួសារជាជនជាតិខ្មែរ​ ដែល​បម្រើការងារ​នៅក្នុងកាស៊ីណូ ហ្គ្រេនដាយមិន និ​​ង​​​​កាស៊ីណូប៉ោយប៉ែតរីសតនេះ លើកឡើង​ថា សាច់ញាតិរបស់ពួកគេបន្តបាត់ខ្លួននៅឡើយ ក្រោយហេតុ​ការណ៍នេះកើតឡើង។

លោក ហួត ហឿន ដែលអះអាងថាត្រូវជាបងថ្លៃរបស់ឈ្មោះ អ្នកស្រី សំ ស្រីមុំ បានលើកឡើង​​ពីការបាត់សមា​​ជិក​​របស់ខ្លួនដែលកំពុងបម្រើការងារ​នៅក្នុងកាស៊ីណូនេះ។ លោកបន្តថា នៅថ្ងៃកើតហេតុ ប្អូនថ្លៃរបស់​លោកបាន​ទៅ​ធ្វើការវេនយប់ នៅ​ជាន់ទី៣។ លោក​បន្ត​ថា មកដល់ពេលនេះ ក្រុមគ្រួសារបានបាត់ដំណឹងរហូត ដោយមិនដឹងមូលហេតុ។

លោកបន្តថា៖ «យើងអត់ទាន់បានដឹងដំណឹង​អី​ទេ​បង! និយាយ​រួមទៅ យើងនៅចាំតែខាងស្រះកែវមួយទៀត​ទេ ហើយ​ប្អូនខ្ញុំគាត់ធ្វើលិខិតឆ្លងដែន[Border Pass] ​ប្រហែលជាស្អែក វាចូលទៅ​​អារ៉ាញ់ ហើយ​​ដើរ​រក​​​តា​ម​​ពេទ្យ។ បើនៅនេះ យើងអត់បានទទួលដំណឹងអីបានទេ»។

ទាំងស្នងការនគរបាលខេត្ត និងសាលាខេត្តបន្ទាយមានជ័យ បានបដិសេធថា ពួកគេមិនបានទទួល​​​​ដំណឹ​ង​​​​​ពី​​ការបាត់ខ្លួនរបស់សមាជិកគ្រួសារ​​នៅឡើយទេ។ តែយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏​មិន​ជំ​​ទាស់​​​ដែរ​ថាអាចនឹងមិនមានអ្នកដែល​​បាត់ខ្លួននៅ​ក្នុងហេតុការណ៍​​ឆេះអាគា​​រនោះ។

​​លោក ស៊ុំ ចន្ទគា មន្រ្តីសម្របសម្រួល​សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើង​ថា ក្នុង​នាម​អង្គការមិនមែនរដ្ឋាភិបាល ស្នើឱ្យអ្នកបាត់សមាជិក​ក្នុងគ្រួសារ ​គួរ​ដាក់​​​​បណ្តឹង​ទៅ​​ស្នង​កា​​​រនគ​​រ​បាលខេត្ត ឬអាចស្នើសុំការពិគ្រោះយោបល់​​ផ្នែកច្បាប់ពីសមាគម​​អាដហុក​បាន​​។ លោកបន្ត​​ថា កា​​រធ្វើ​​ដូច្នេះ គឺ​ងាយស្រួលតាមដាន និង​​ស៊ើ​ប​​​អង្កេតរកការពិត ប្រសើរជាជាងការដែល​​លើក​ឡើង​ពី​កា​​​របាត់​​ស​​មា​​ជិក តែមិនមានភស្តុតាងរឹងមាំ។

លោកបន្តថា៖ «គាត់ដាក់​ពាក្យ​ទៅ​ខាង​អាជ្ញាធរ​ ឱ្យ​មាន​លាយ​លក្ខណ៍​អក្សរ​គ្រប់​គ្រាន់​ទៅ​ ថា​ទៅ​ពួក​គាត់​ដែល​បាត់​ខ្លួន​បាត់​អីហ្នឹង នៅក្នុងកាស៊ីណូហ្នឹង ឬនៅកន្លែងផ្សែង ហើយអាជ្ញាធរគួរតែពិនិត្យ​​ថាតើ​នៅ​ក្នុ​​ហ្នឹង​​មានបញ្ជីឈ្មោះអ្នកដែលចូលនៅក្នុងហ្នឹង ហើយពិតជាមានបាត់ខ្លួនមែនដែរទេ»។

គិតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយដែលបានបង្ហាញ​​ពីទំហំនៃការខូចខាតអាគារកា​​ស៊ី​​​​ណូ​នេះនៅឡើយទេ។ អាគារកាស៊ីណូ ដែលមានទាំងសណ្ឋាគារ និងកន្លែងលេងល្បែងផងនេះ បាន​​​ដំ​​ណើ​​​រការ​អាជីវកម្មរបស់​​ខ្លួនតាំងពីឆ្នាំ២០០១មក និងមានបុគ្គលិកបម្រើការងារ​​ប្រមាណ ២ ០០០​នាក់។

បើទោះបែបណា ស្នងការនគ​​រ​​បា​​ល​​ខេត្ត​​បន្ទាយ​​មានជ័យ បញ្ជាក់ថា បច្ចុប្បន្ននេះនៅ​មាន​សាក​សព​ចំនួន ៦នាក់​ទៀត​​ដែលមិនដឹង​អត្ត​​​សញ្ញា​​ណ ហើយកំពុងតម្កល់ទុក​នៅក្នុងទូត្រជាក់នៅឡើយ ដើម្បី​ធ្វើកោ​សលវិច័យ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ