លោក ស៊ី ជីនពីង៖ ចិនត្រៀមបន្តការចរចាប្រេងនិងឧស្ម័នឡើងវិញជាមួយហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថតរូបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងពិធីស្វាគមន៍នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ (REUTERS)

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងនៅថ្ងៃពុធម្សិល​មិញ​ថា ប្រទេសចិន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្តកិច្ចចរចាលើប្រេង ឧស្ម័ន និងការគ្រប់គ្រងបញ្ហាដែនសមុទ្រឡើងវិញ ​ជាមួយ​ប្រទេសហ្វីលីពីន។ នេះបើយោងតាមទូរទស្សន៍រដ្ឋចិន ដែលត្រូវបានយកមកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការលើកឡើងរបស់​ប្រធានាធិបតីចិនបានធ្វើឡើង ខណៈរូបលោកជួប​ពិភាក្សា​ជាមួយ​នឹងប្រធា​នា​ធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ជំនួបរវាង​មេដឹកនាំ​នៃ​ប្រទេសទាំ​ង​ពីរ ក៏កើតឡើងស្របពេលដែលហ្វីលីពីនបានលើកឡើងពីការព្រួយបារម្ភលើសកម្មភាព​សាងសង់​របស់ចិ​ន ​នៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូងដែល​មាន​ជម្លោះផងដែរ។

ទាក់ទិន​នឹង​ករណី​នេះ លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអ បានថ្លែងប្រាប់អ្នក​យក​ព័ត៌​មានថា​៖ «យើងក៏បានពិភាក្សាអំពីអ្វីដែលយើងអាចធ្វើបាន ក្នុងដំណើរការឆ្ពោះទៅមុខ ដើម្បីចៀសវាងកំហុស និងការយល់ច្រឡំណាមួយដែលអាចកើតមានឡើងបាន និងអាចបង្កឱ្យមានបញ្ហាធំជាងអ្វីដែលយើងមានរួចទៅហើយ»។

លោក​បន្ថែមថា រូបលោក​ក៏បាន​ទទួល​ការ​សន្យា​ពីសំណាក់​លោក​ប្រធានាធិបតី ស៊ី ជីនពីង សម្រាប់​ការ​​សម្រុះ​សម្រួល និង​ដំណោះស្រាយ ​ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​នេសាទ​ហ្វីលីពីន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ដែន​នេសាទ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេផងដែរ។

ថ្លែងប្រាប់លោក ម៉ាកូស នៅថ្ងៃពុធដដែលនេះ លោក ស៊ី ជីនពីង បានឱ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការរុករកធនធានប្រេង និងឧស្ម័នរួមគ្នានៅក្នុងតំបន់គ្មានជម្លោះនៃសមុទ្រ ក៏ដូចជាសហការជាមួយហ្វីលីពីនលើថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងបង្កើនការនាំចូលផលិតផលនេសាទ។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយ​ការិយាល័យប្រធានាធិបតីហ្វីលីពីន បាន​ឱ្យដឹង​ថា ប្រទេស​ទាំង​ពីរ​ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ នៅក្នុងជំនួបកាលពីថ្ងៃពុធផងដែរ ដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ពន្ធ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សន្តិសុខដែនសមុទ្រ និងទេសចរណ៍។

ជាមួយគ្នានេះ ប្រធានាធិបតីចិន ក៏បានសន្យាផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ពីការគាំទ្រសម្រាប់ការវិនិយោគរបស់ចិនទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសជិតខាងរបស់ខ្លួនក្នុងការអភិវឌ្ឍភូមិ និងបច្ចេកវិទ្យាកសិកម្ម ការអប់រំជាមូលដ្ឋាន ឧតុនិយម លំហអាកាស និងវ៉ាក់សាំងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ