បារាំង​នឹង​បញ្ជូន​រថក្រោះ​លើកដំបូង​ទៅ​អ៊ុយក្រែន ដើម្បី​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្ដាប់តាមរយៈវីដេអូភ្ជាប់ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងសុន្ទរកថាក្នុងអំឡុងសន្និសីទបារាំង-អ៊ុយក្រែន សម្រាប់ភាពធន់ និងការកសាងឡើងវិញ នៅក្រសួងសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (Ludovic Marin/Pool តាមរយៈ REUTERS)

មន្ត្រីបារាំង បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron) បាន​ថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈទូរសព្ទ​ថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ដើម្បីជួយឱ្យប្រទេសនេះ​អាចតទល់នឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្តថា៖ «សកម្មភាពនេះក៏ជាលើកទីមួយផងដែរ ដែល​រថក្រោះផ​លិត​ដោយ​លោក​ខាង​លិច​ ត្រូវបានបញ្ជូនជាជំនួយដល់កងទ័ពអ៊ុយក្រែន»។

ទោះជាយ៉ាងណា នៅពេល​ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួន ឬពេលវេលាជាក់លាក់នៃការដឹកជញ្ជូនដែលបានគ្រោងទុកនោះទេ ដោយគ្រាន់តែបញ្ជាក់​ថា ការ​ពិភាក្សានឹ​ង​បន្ត​ធ្វើឡើងទាក់ទងនឹងការបញ្ជូននេះ។

ជាការឆ្លើយតប លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង សម្រាប់ការប្រកាសនេះ ដោយ​វា​ពិត​ជា​បាន​បង្ហាញ​ពី​តម្រូវ​ការ​អាវុធរបស់អ៊ុយក្រែនពីប្រទេសដទៃទៀត។

លោកបន្ថែមថា៖ «យើងត្រូវបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីឱ្យបាននៅក្នុងឆ្នាំនេះ ដោយក្នុងនោះ រថពាសដែកទំនើបៗ និងរថក្រោះដែលផលិតដោយលោកខាងលិច គឺពិតជារបស់ដ៏សំខាន់ដែលអ៊ុយក្រែនត្រូវការចាំបាច់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើប្រព័ន្ធតេឡេក្រាម (Telegram) លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងផងដែរថា មេដឹកនាំទាំង២ ក៏បានយល់ព្រមលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីពង្រឹងការការពារដែនអាកាស និងសមត្ថភាពការពារផ្សេងទៀតរបស់យើងផងដែរ។

យោង​តាម​គេហទំព័រ​ក្រសួង​កងកម្លាំង​ប្រដាប់​អាវុធ​បារាំង រថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ផលិត​នៅ​ប្រទេស​បារាំង ​ដែលនឹងត្រូវផ្ដល់ជូនប្រទេសអ៊ុយក្រែននេះ ត្រូវបានស្គាល់ថាជា​ប្រភេទរថក្រោះមួយដែល​មាន​ការ​ចល័ត​ខ្ពស់​ និងអាច​ដាក់​មនុស្ស​បានចំនួន៤​នាក់។

រុស្ស៊ី​ បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីខែកុម្ភៈឆ្នាំមុន ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង។

ទាក់ទិននឹងករណីនេះ បារាំង រួមនឹងបណ្ដាប្រទេសលោកខាងលិច ​ក៏បានខិតខំធ្វើសកម្មភាពជាច្រើនក្នុងការឆ្លើយតបជាអន្តរជាតិ ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលក្នុងនោះរួមមានការផ្តល់ជំនួយផ្នែកយោធា ការជំរុញឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ