តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនដីធ្លី២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែនេះ

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង លើកបង្ហាញដីកាតុលាការពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង (រូបពីហ្វេសប៊ុក សហគមន៍ ឡពាង)

សាលាដំបូង​​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅសកម្មជន​ដីធ្លី​ចំនួន២នាក់​នៅសហគមន៍ឡពាង ឱ្យចូលសវនា​ការនៅ​ពាក់​កណ្ដាល​ខែ​មករានេះ ពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លី​កាល​ពី​ឆ្នាំមុន ​នៅ​ភូមិ​តាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្ត​កំពង់​ឆ្នាំង។

ក្នុងដីកា​កោះហៅចុះថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០២២​ ដូចគ្នា ដែលវីអូឌីទើបទទួលបាននៅថ្ងៃព្រហស្បតិ៍​​នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ទេព មុនិន្ទ បាន​កោះហៅតំណាងសហគមន៍ឡពាង ​អ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ឱ្យចូល​សវនាការ​នៅថ្ងៃទី​១៨ ខែ​មករា ឆ្នាំ២០២៣ ក្រោម​បទ​ចោទ «សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា» ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​កន្លែងស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី កាលពីដើមឆ្នាំ២០២២។

តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី ប្រាប់វីអូឌីថា ករណី​តុលាការចោទប្រកាន់ពួកគាត់នេះជារឿងមិនពិត និង​អយុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ជា​ពលរដ្ឋក្រីក្រ និង​រងគ្រោះដោយសារ​​រឿង​ដីធ្លី។ អ្នក​ស្រី​ថា ពួក​គាត់​នឹង​ចូល​ទៅឆ្លើយបំភ្លឺនៅ​ចំពោះមុខ​តុលាការ​ ដោយបានអះអាងថា​ ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

តំណាងសហគមន៍ឡពាងរូបនេះ អះអាង​​ថា ក្រោយជម្លោះដីធ្លីនេះ គឺស​មត្ថកិច្ចបានឃុំខ្លួនពួកគាត់​បង្អត់​បាយ​ទឹក​ ៣ថ្ងៃ និងបាន​ដក​ហូតសម្ភារមួយចំនួន​ដូចជា ទូរសព្ទ​ដៃ និង​ម៉ូតូរបស់ពួកគាត់ ដែលរហូតមកដល់ពេលនេះ មិនទាន់បានប្រគល់​ឱ្យ​វិញ​នៅ​ឡើយ​ទេ។

អ្នកស្រី​បន្ថែម​ថា៖ «ថ្ងៃ​សវនាការ​ ពួក​ខ្ញុំ​នឹង​ទៅ​ ព្រោះពួ​ក​ខ្ញុំ​មិន​បាន​ប្រព្រឹត្តអ្វីដូច​តុលាការ​លោក​ចោទ​ប្រកាន់ទេ។ ហើយខ្ញុំសង្ឃឹមថា តុលាការនឹងជួយរកយុត្តិធម៌ដល់ពួកខ្ញុំ ហើយផ្តល់សម្ភារទាំងអស់ហ្នឹងមកឱ្យពួកខ្ញុំវិញ ព្រោះខ្ញុំត្រូវការទូរសព្ទ និង​ម៉ូតូ​​សម្រាប់​ប្រើ​ដឹក​កូនទៅរៀន និងរកស៊ី»

តំណាងសហគមន៍ឡពាងម្នាក់ទៀត លោក ស្ងួន ញឿន ឱ្យដឹង​ថា ពួកគាត់ជាប់បណ្តឹងនៅតុលាការនេះ កើតឡើងក្រោយពេល​ពួក​គាត់​ទៅ​ថត​រូប​ពី​សកម្មភាពអ្នកភូមិមានជម្លោះដីធ្លី និង​ទីតាំង​ដី​ទំនាស់ ស្ថិត​នៅ​ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល​គិរី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គម។

លោក​បន្តថា ក្នុងរឿងជម្លោះនោះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋ​ ៣នាក់ មាន​រូប​លោក អ្នក​ស្រី អ៊ុំ សុភី និង​អ្នក​ស្រី​ ទួន សេង ប៉ុន្តែ​រូប​លោក និង​អ្នកស្រី អ៊ុំ សុភី ត្រូវ​បាន​ដោះលែង​ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ខណៈអ្នក​ស្រី ទួន សេង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារអស់រយៈពេល៥ខែ​។

លោក ស្ងួន ញឿន ចាត់​ទុក​ករណីសមត្ថកិច្ច​ប្តឹង​ពួកគាត់ទៅតុលាការ​នេះ​ ថា​ជា​ការគំរាមកំហែងដល់ពួកគាត់​ដែល​សកម្មចូល​រួម​តវ៉ា​ទាម​ទារ​សិទ្ធិដីធ្លី។ លោក​ថា សមត្ថកិច្ចនៅស្រុកជលគិរី បាន​​គំរាម​កំហែង និង​បាន​បង្ខិត​បង្ខំ​ឱ្យរូបលោក និងភរិយា​ ផ្តិតមេដៃទទួលកំហុស ទាំងមិនបានប្រព្រឹត្តកំហុស។

លោកបន្ថែមថា៖ «ពេលដែលខ្ញុំមិនផ្តិតមេដៃ​លើកំណត់ហេតុដែលសរសេរ​ដោយ​សមត្ថកិច្ច​នោះ ប៉ូលិស​មួយ​នោះ​ស្ទុះ​មកវាយខ្ញុំ គាត់​និយាយ​ថា អាហ្អែងអត់ព្រមផ្តិតមេដៃ អាហ្អែង​ចង់ម៉េច? អាហ្អែងចង់មើលងាយសមត្ថកិច្ច! ខ្ញុំថា ខ្ញុំ​អត់មើល​ងាយ​បង​ទេ តែ​បង​សរសេរសំ​ណុំរឿ​ង​មិន​ត្រឹម​ត្រូវ ព្រោះបងមិនបា​ន​អាន​សំណុំរឿងនោះឱ្យខ្ញុំស្តាប់ផង។ គាត់​ថាខ្ញុំ​ជា​អ្នករួម​គំនិត បើខ្ញុំអត់មានរួមគំនិតផង ឱ្យខ្ញុំផ្តិតមេដៃយ៉ាងម៉េច?»

យ៉ាងណា អធិការនគរបាលស្រុកជលគិរី លោក ហ៊ឹម យុង ធ្លាប់​ប្រាប់​វីអូឌី​ថា សមត្ថកិច្ចពិត​ជាចាប់ខ្លួនប្រជាពលរដ្ឋទាំងនោះ ពាក់ព័ន្ធរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

មេធាវីការពារក្តីឱ្យពលរដ្ឋទាំង៣នាក់នោះ គឺលោក ជូង ជូងី មាន​ប្រសាសន៍​ថា ការ​កាត់ក្តី​កន្លង​មក កូនក្តីរបស់​លោក​គួរ​តែរួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ដោយថា ការដាក់កូនក្តីរបស់លោកស្ថិតក្រោមការតាមដាន និងការចោទប្រកាន់នោះ​ជារឿង​មិនត្រឹមត្រូវឡើយ។ លោកបន្ត​ថា រឿងក្តីនេះជារឿងរដ្ឋប្បវេណី​ ពាក់ព័ន្ធការ​ដណ្តើម​ដីធ្លី​គ្នារវាង​អ្នកស្រី ទួន សេង និងភាគី​ម្ខាង​ទៀត ដោយ​មិនជាប់ពាក់ព័ន្ធជាមួយអ្នកស្រី អ៊ុំ សុភី និងលោ​ក ស្ងួន ញឿន ឡើយ។

លោកបន្ថែមថា៖ «​អាហ្នឹងបញ្ជាក់ថាមានភាពមិនប្រក្រតី​របស់​មន្ត្រី​អនុវត្តច្បាប់​ ដែលគាត់ធ្វើអ៊ីចឹង ហើយ​គាត់អត់មានការទទួល​ខុសត្រូវ ហើយចៅហ្វាយនាយ​ ឬប្រធានស្ថាប័នរបស់​គាត់​អត់​មាន​មើល​កូនចៅ​របស់ខ្លួនធ្វើការទេ ចេះតែពួយតែ​ម្តង! ចាប់ប្រជាពលរដ្ឋទាំងបំពាន គេអត់មានខុសអីផង ហើយក៏ដាក់ឱ្យមានការទទួលខុសត្រូវទៀត។ នេះហើយជាការអនុវត្តច្បាប់នៅស្រុកយើងបច្ចុប្បន្ន»

ពាក់ព័ន្ធរឿងនេះ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានចាត់ទុក​ថាជាការគំរាមកំហែង និង​ជាការរំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និង​ផ្សព្វផ្សាយព័ត៌មាន ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា​៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋ​ខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់​ខ្លួន សេរីភា​ពខាង​សារព័ត៌​មាន សេរីភាព​ខាង​បោះពុ​ម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ