ក្រសួងយុត្តិធម៌ ណែនាំស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តនីតិវិធីរឿងក្ដីព្រហ្មទណ្ឌលើជនរងគ្រោះជា «អនីតិជន»

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងយុត្តិធម៌ បានណែនាំស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តនីតិវិធីសម្រាប់ជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដូចជា ចៀសវាងចម្លើយក្នុងស្ថានភាពតក់ស្លុត ការតទល់រវាងជនល្មើសនិងជនរងគ្រោះ ជាដើម ដើម្បីបញ្ចៀសនូវផលប៉ះពាល់ដល់ប្រសិទ្ធភាពស្រាវជ្រាវ និងសតិអារម្មណ៍របស់ជនរងគ្រោះ ខណៈក្រសួងកត់សម្គាល់ថា កន្លងមក ការអនុវត្តនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងតុលាការ ជាពិសេសចំពោះភាគីជនរងគ្រោះជាអនីតិជន នៅមានចំណុចខ្វះខាត។

ការនេះធ្វើឡើងតាមរយៈសេចក្តីណែនាំស្តីពី «នីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ» របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

សេចក្តីណែនាំលើកឡើងថា កន្លងមក ក្រសួងយុត្តិធម៌កត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដី បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដើម្បីស្រាវជ្រាវរកការពិត និងផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធ ធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

យ៉ាងណា ក្រសួងអះអាងថា ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបទៅនឹងសំណូមពរនៃស្ថានភាពពិសេសមួយចំនួននៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេសចំពោះភាគីជនរងគ្រោះជាអនីតិជន។

ក្រសួងយុត្តិធម៌ថា៖ «ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរនៃស្ថានភាពពិសេសដោយឡែកជាក់ស្ដែងមួយចំនួននៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការពារដោយច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង»

ក្រសួងយុត្តិធម៌ថា ដូច្នេះ ដើម្បីធានាដំណើរការល្អប្រសើរនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ទាំងប្រសិទ្ធភាពនៃការស្រាវជ្រាវស្របតាមបទប្បញ្ញត្តិ ទាំងការការពារប្រយោជន៍របស់ជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងផង ក្រសួងយុត្តិធម៌បានណែនាំពីនីតិវិធីមួយចំនួនឱ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ ក្នុងដំណាក់កាលស៊ើបអង្កត ស៊ើបសួរ និងជំនុំជម្រះ។

ប្រភពដដែលបន្តថា ក្នុងដំណាក់កាលស៊ើបអង្កត ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់អនុវត្តនីតិវិធីតាមច្បាប់ ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ឬឈរលើការពិតជាក់ស្តែង ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីឱ្យជនរងគ្រោះជាអនីតិជនអាចបំភ្លឺ និងផ្ដល់ចម្លើយបានច្បាស់លាស់ រកឱ្យឃើញការពិត ដោយចៀសវាងនូវការផ្ដល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ។

ក្នុងករណីចាំបាច់ ចំពោះជនរងគ្រោះជាអនីតិជនដែលស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេសសម្រាប់អនីតិជនដែលមានអាយុក្រោម ១០ឆ្នាំយ៉ាងតិច ព្រះរាជអាជ្ញាអាចចុះទៅកាន់លំនៅឋាន ឬទីកន្លែងដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ និងអនុវត្តកិច្ចនីតិវិធីចាំបាច់ផ្សេងទៀត។

ក្នុងការស្ដាប់ចម្លើយរបស់ជនរងគ្រោះជាអនីតិជន, ព្រះរាជអាជ្ញាត្រូវយកចិត្តទុកដាក់លើកំណត់ហេតុមួយឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ទាំងលើសំណួរ ចម្លើយ ក៏ដូចជាការកត់សម្គាល់នានានៅពេលស្តាប់ចម្លើយ ដើម្បីអាចយកធ្វើជាមូលដ្ឋានសម្រាប់ការប្រើប្រាស់នៅគ្រប់ដំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌនាពេលក្រោយមកទៀត។

ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ ត្រូវបំពេញកិច្ចស៊ើបសួរទាំងអស់ដែលខ្លួនយល់ថាមានប្រយោជន៍ សម្រាប់បង្ហាញឱ្យឃើញការពិត ដោយអនុលោមតាមច្បាប់ ស្របតាមមាត្រា១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងចំណុចចាំបាច់តាមនីតិវិធីច្បាប់។

ក្នុងដំណាក់កាលជំនុំជម្រះ ជនរងគ្រោះជាអនីតិជនអាចត្រូវបានអមដោយមេធាវី ឬអាចត្រូវបានតំណាងដោយមេធាវី ឬអ្នកតំណាងស្របច្បាប់របស់ខ្លួន ក្នុងពេលសវនាការ ស្របតាមមាត្រា៣១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

បន្ថែមលើនីតិវិធីផ្សេងទៀតដែលបានអនុវត្តដោយតុលាការតាមក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមជំនុំជម្រះ ត្រូវជូនដំណឹងដល់មេធាវី ឬតំណាងស្របច្បាប់អំពីសិទ្ធិនេះ ដើម្បីជនរងគ្រោះចូលរួមក្នុងសវនាការដោយផ្ទាល់ អមដោយវត្តមានរបស់មេធាវី ឬអាចឱ្យមេធាវី ឬតំណាងស្របច្បាប់របស់ខ្លួនផ្សេងទៀតចូលរួមជំនួសក្នុងសវនាការ ដោយអនុលោមតាមមាត្រា៣១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងករណីមានភាពចាំបាច់បំផុតក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនល្មើស ក៏ដូចជាការបំភ្លឺលើចំណុចលម្អិតមួយចំនួន ដែលជាមូលដ្ឋានចាំបាច់ក្នុងការបង្ហាញឱ្យឃើញការពិតក្នុងរឿងក្ដី ចៅក្រមជំនុំជម្រះ ត្រូវរៀបចំដំណើរការនីតិវិធី ដោយប្រើប្រាស់វិធីសាស្ត្រប្រយោល តាមរយៈការប្រើប្រាស់របាំង ឬរូបថត ជាដើម។ ការនេះ គឺធ្វើយ៉ាងណាចៀសវាងឱ្យបានជាអតិបរមា ឬអស់លទ្ធភាពនូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន ដែលអាចបង្កឱ្យជនរងគ្រោះមានការភ័យខ្លាច ឬតក់ស្លុត ដែលអាចប៉ះពាល់ដល់ការស្វែងរកការពិតផង និងប៉ះពាល់ដល់ជនរងគ្រោះខាងផ្នែកសតិអារម្មណ៍ផង។

ក្រសួងយុត្តិធម៌បន្ថែមថា ដើម្បីធានាដល់ការការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ជនរងគ្រោះជាអនីតិជន ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ពិចារណាអំពីការរៀបចំដំណើរការសវនាការជាអសាធារណៈ ស្របតាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្រសួងយុត្តិធម៌ បានប្រាប់ឱ្យប្រធានសាលាដំបូង និងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ត្រូវចាត់ចែងអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព ស្របតាមគោលបំណងនិងស្មារតីនៃច្បាប់ សំដៅបង្កើនប្រសិទ្ធភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត គាំទ្រចំពោះការណែនាំរបស់ក្រសួងយុត្តិធម៌ ដោយថា តាមពិត ក្រមនីតិវិធីព្រហ្មទណ្ឌមានចែងទៅហើយ ពោលចំពោះអនីតិជន គឺហាមឃាត់មិនឱ្យចូលទៅក្នុងតុលាការ។

យ៉ាងណា លោកថា កន្លងទៅ តុលាការនៅតែបន្តហៅជនរងគ្រោះជាអនីតិជនទៅសាកសួរ ហើយជួនកាលសវនាការត្រូវប្រឈមមុខជាមួយនឹងអ្នកប្រព្រឹត្តបទល្មើសទៅទៀត ដែលលោកចាត់ទុកថានេះវាបានប៉ះធ្ងន់ធ្ងរដល់សិទ្ធិកុមារ និងផ្នែកសុខភាពផ្លូវចិត្តរបស់កុមារ។

លោក សំអាត ថាការណែនាំបែបនេះ គឺផ្តើមចេញពីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ ខណៈមានការសំណូមពរពីអង្គការ AFESIP ពេលលោកទៅសម្ពោធអាគារនៅទីនោះ។ អង្គការនេះបានស្នើកុំឱ្យមានការយកអនីតិជនក្រោមអាយុ៥ឆ្នាំទៅតុលាការ ដោយបារម្ភថា អនីតិជនកាន់តែមានសម្ពាធធ្ងន់ធ្ងរនៅពេលនិងក្រោយប្រឈមមុខជាមួយជនប្រព្រឹត្តបទល្មើស។

លោកថា ដូច្នេះ គ្រប់ស្ថាប័នតុលាការចាប់ពីដំណាក់កាលអយ្យការ ចៅក្រមស៊ើប និងជំនុំជម្រះ ត្រូវគិតគូរពិចារណាទៅលើការលើកកម្ពស់សិទ្ធិ ការពារសិទ្ធិ និងផលប្រយោជន៍របស់កុមារ។ យ៉ាងណា អ្វីដែលសង្គមស៊ីវិលចង់ឃើញបន្ត គឺរដ្ឋាភិបាលគួរគិតគូរក្នុងការបង្កើតតុលាការជំនាញ គឺតុលាការកុមារ និងតុលាការស្ត្រី។

លោក អំ សំអាត ថា៖ «ឥលូវច្បាប់មានស្រាប់ យើងអនុវត្ត ហើយសេចក្តីណែនាំនេះក៏ជាការការពារ ប៉ុន្តែនៅស្រុកគេ ជាម៉ូឌែល [Model] ដែលគេមានតុលាការពិសេស គឺតុលាការជំនាញទៅលើស្ត្រី ទៅលើកុមារ។ អ៊ីចឹងគឺតុលាការជំនាញហ្នឹង គឺគេមាននីតិវិធីសម្រាប់កិច្ចការពារទៅលើកុមារ ឬក៏អនីតិជនហ្នឹង ឬលើស្ត្រី ថាត្រូវធ្វើរបៀបម៉េច អនុវត្តនីតិវិធីបែបម៉េច ដើម្បីការពារផលប្រយោជន៍របស់គាត់ កុំឱ្យមានការប៉ះទង្គិចទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ជាពិសេសគឺសុខុមាលភាពផ្លូវចិត្តរបស់អនីតិជន ឬកុមារហ្នឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ