ប្រជាពលរដ្ឋរស់នៅបុរីមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ពួកគាត់មិនបានទទួលបណ្ណកម្មសិទ្ធិផ្ទះ និងដីដែលពួកគាត់បានទិញពីក្រុមហ៊ុនឡើយ ដោយអះអាងថា ក្រុមហ៊ុនបានដាក់បញ្ចាំអចលនទ្រព្យរបស់ពួកគាត់។
ប្រជាពលរដ្ឋរស់នៅក្នុងបុរី វីអាយភី (VIP) នៅរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន R.N. VIP Real Estate បានឱ្យដឹងថា ពួកគាត់មិនបានទទួលបណ្ណកម្មសិទ្ធិផ្ទះ និងដីដែលពួកគាត់បានទិញពីក្រុមហ៊ុន ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យមួយនេះ ផ្តល់បណ្ណកម្មសិទ្ធិដី និងផ្ទះដែលបានសាងសង់ចប់សព្វគ្រប់ និងឱ្យបញ្ចប់ការសាងសង់ផ្ទះតាមកិច្ចសន្យា។
ក្រុមប្រជាពលរដ្ឋអះអាងថា ពលរដ្ឋប្រមាណ១ ០០០គ្រួសារកំពុងមានបញ្ហាជាមួយក្រុមហ៊ុន ហើយពលរដ្ឋដែលបានទិញដីនិងផ្ទះពីគម្រោងបុរី វីអាយភី (VIP) មួយផ្សេងទៀត នៅខេត្តព្រះសីហនុ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក៏បានចូលរួមការតវ៉ា ហើយកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានេះជាមួយក្រុមហ៊ុន។
អ្នកស្រី តេង ស្រីល័ក្ខ អាយុ៣១ឆ្នាំ បានមករស់នៅក្នុងបុរីនេះតាំងពីឆ្នាំ២០១៦ ហើយបានខ្ចីប្រាក់ពីធនាគារ ដោយដាក់ប្លង់ដីរបស់ឪពុកម្ដាយអ្នកស្រីដើម្បីធានា។ នៅពេលដែលអ្នកស្រីបានបង់ប្រាក់ចំនួន២៧ ០០០ដុល្លារ ដើម្បីទិញផ្ទះកាលពី៣ឆ្នាំមុន អ្នកស្រីមិនបានទទួលបណ្ណកម្មសិទ្ធិឡើយ ផ្ទុយទៅវិញ ក្រុមហ៊ុនតែងដោះសារអំពីមូលហេតុដែលមិនអាចចេញបណ្ណកម្មសិទ្ធិឱ្យបាន។
ក្រុមហ៊ុនបានប្រាប់អ្នកស្រីថា ពួកគេប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដោយសារតែជំងឺកូវីដ-១៩ ហើយក្រោយមក ក្រុមហ៊ុនបានពន្យារពេលបន្ថែមទៀត ដោយសារតែទឹកជំនន់ដែលបានវាយប្រហារខណ្ឌដង្កោ ក្នុងរដូវវស្សា។ ក្រោយមកទៀត ក្រុមហ៊ុនប្រាប់អ្នកស្រីថា បណ្ណកម្មសិទ្ធិបាត់ហើយ។
ទោះយ៉ាងណា ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្ចាស់ក្រុមហ៊ុនបានប្រាប់ប្រជាពលរដ្ឋថា ក្រុមហ៊ុនបានដាក់បញ្ចាំបណ្ណកម្មសិទ្ធិ។ ម្ចាស់ក្រុមហ៊ុនបាននិយាយថា ប្រជាពលរដ្ឋត្រូវបង់ប្រាក់ម្នាក់ចំនួន៣ ២៥០ដុល្លារ ដើម្បីទទួលបណ្ណកម្មសិទ្ធិមកវិញ។
អ្នកស្រី តេង ស្រីល័ក្ខ បាននិយាយថា៖ «ម្ចាស់បុរីមិនចង់ដោះស្រាយឱ្យប្រជាពលរដ្ឋឡើយ។ គាត់គ្រាន់តែលើកម្រាមដៃ១០ សុំឱ្យប្រជាពលរដ្ឋយោគយល់»។
ប្រជាពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា គាត់បានបង់ប្រាក់ប្រហែល៥ ០០០ដុល្លារ រួមទាំងថ្លៃចុះបញ្ជីបណ្ណកម្មសិទ្ធិផងដែរ ដោយសារគាត់ចង់មានភាពច្បាស់លាស់ក្នុងការកាន់កាប់ដីជាផ្លូវការ។
គាត់បាននិយាយថា៖ «ក្រុមហ៊ុនមានតែកុហកយើង ហើយប្រជាពលរដ្ឋមិនជឿពួកគេទៀតទេ»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ប្រជាពលរដ្ឋបានតវ៉ាចំពោះក្រុមហ៊ុននេះតាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយបានដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ក្នុងករណីនេះ។
លោក ហម រ៉ន និងលោក វន វណ្ណៈ គឺជានាយកក្រុមហ៊ុន R.N. VIP Real Estate ហើយលេខទូរសព្ទរបស់ពួកគេដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ទាក់ទងមិនបានឡើយ។
តំណាងក្រុមហ៊ុនដែលធ្លាប់និយាយជាមួយប្រជាពលរដ្ឋអំពីជម្លោះនោះ បានប្រាប់ វីអូឌី ថាពួកគេព្យាយាមដោះស្រាយបញ្ហា ហើយក៏បិទទូរសព្ទ។
អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានថ្លែងថា សាលារាជធានីភ្នំពេញ បានដោះស្រាយវិវាទនេះរួចហើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនបានលើកទូរសព្ទទេ កាលពីថ្ងៃពុធ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Residents Say Dangkao Borey Developer Pawned Their Land Titles