វិភាគ៖ អ្វីខ្លះនៅពីក្រោយការវាយកម្ទេចសំណង់បុរាណថ្មីៗនេះ?

ចេតិយបុរាណ​ ក្នុងស្ថានភាពក្រោយរង​ការ​វាយ​បំផ្លិច​បំផ្លាញ​នូវផ្នែកខ្លះ ជាចេតិយ​បុរាណ​​មាន​អាយុ​កាល​១២៣​ឆ្នាំ និង​មាន​ក្បាច់​រចនា​ល្អ​ប្រណិត ​ដោយមា​ន​បិទ​ផ្កា​ចន្ទន៍ ​ដែលជា​ប្រភេទ​កុលាល​ភា​ជន៍​ សេ​រ៉ា​មិច និង​មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាង​ត្បូង​ជាប់​នឹង​ព្រះ​វិហារវត្តបទុមវតី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ការ​វាយ​កម្ទេច​សំណង់​បុរាណដើម្បី​កសាង​សំណង់​ថ្មី តាម​កា​រ​យល់​ឃើញ​រប​​ស់​​​បុគ្គល​មួ​​យ​​ចំនួន​នា​ស​ម័​​​​​​យ​ទំ​នើ​បនេះ ហាក់​បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដើម្បី​ការ​ពារ​ម​រ​ត​​​ក​​​វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជាមរតក ឬព្រលឹងជាតិ។

ជ្រុងមួយនៃបញ្ហានេះ ព្រះវិហារបុរាណមួយនៅ «វត្ត​ឥន្ទ្រីយ៍សំវរៈ» ហៅ «​វត្ត​កំពង់ធំ» ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបានគេវាយកម្ទេចចោល អំឡុងខែសីហា ឆ្នាំ២០១៧ ដើម្បីកសាងព្រះវិហារថ្មី។ ​

ព្រះវិហារ​​ដែលគេវាយកម្ទេចនោះ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៤៨ និង​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ នៅ​ឆ្នាំ​២០០៧។

ដោយឡែក ភូមិបុរាណមួយមានអាយុប្រ​មាណ​​១ពាន់​ឆ្នាំ​មុន​គ.ស ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រា​ជ​​ធានីភ្នំពេញ ​ត្រូវបា​​ន​ក្រុមហ៊ុនឯកជនមួយ​​សាងសង់​អាគារបុរីនៅ​លើ​ភូមិបុរាណ​នោះទាំ​ង​ស្រុង។

ប៉ុ​ន្មា​នសប្តាហ៍មុននេះ កុដិបុរាណចំនួន៣ ក្នុងវត្តឧណ្ណា​លោម រាជធានីភ្នំពេញ ដែលមានអាយុកាលជិត១០០​ឆ្នាំ ​ក៏ត្រូ​​វបា​​​នគេវាយកម្ទេចចោល កាលពីដើមខែធ្នូ ឆ្នាំ២០២២ ដើម្បីយកទីតាំង​ធ្វើជា​ចេ​តិយ​​ស​ម្រា​ប់​​​​​ស​ម្ដេ​ច​សង្ឃ​រាជា​ធិបតី​ ទេព វង្ស​​

ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានបញ្ជាក់ក្នុងលិខិតមួយចុះថ្ងៃទី​៨ ខែធ្នូ​ ឆ្នាំ​២០២២ ថា​ខ្លួនមា​ន​ការសោកស្តាយចំពោះទង្វើនេះ ដោយថា កុដិដែលត្រូវបានគេវាយកម្ទេចនោះជាសម្បត្តិបេតិកភណ្ឌជាតិ ក​​សាងនៅអំឡុងឆ្នាំ​១៩៣០ និង​បានចុះបញ្ជីក្នុង​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ ​រាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៧។

ក្រ​សួងចាត់ទុក​ការវាយកម្ទេចកុដិចាស់ចោល ដោយពុំបានសិក្សា ពិគ្រោះ និង​អនុញ្ញាតពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈនេះ គឺ​ជាទង្វើផ្ទុយពីច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្ត។

ប៉ុន្តែជាការកត់សម្គាល់ ជិត១ខែមកនេះ គ្មានអ្នកពាក់ព័ន្ធណាម្នាក់ត្រូវបាននាំខ្លួនមកផ្តន្ទាទោស ដើម្បីទប់ស្កា​ត់កុំឱ្យទង្វើនេះកើតមាននៅទីតាំងផ្សេងទៀតនោះទេ។

ប៉ុន្មានថ្ងៃក្រោយមក នៅក្នុងខែធ្នូ ឆ្នាំ២០២២​​ ដដែល ចេតិយបុរាណមួយទៀតមានអាយុកាល១២៣​ឆ្នាំ ដែ​​​ល​​ស្ថាបត្យករខ្មែរ​បាន​សាង​សង់ក្នុង​វត្ត​បទុម​​​វតី ក៏​ត្រូវ​បាន​គេ​វាយ​បំបែក​ដែរ តែ​ករណី​នេះ គណៈ​សង្ឃនា​យក ឃឹម សន បក​ស្រាយ​ថា ភិក្ខុ​សង្ឃ​ដឹក​នាំកា​រ​ជួសជុលចេតិយ «ស្តាប់​ច្រឡំ»

បញ្ហាផ្ទួនៗដែលផ្តើមចេញពីវត្តអារាមនៅក្នុងរាជធានីភ្នំពេញនេះ ជំរុញឱ្យអ្នកជំនាញ និងអ្នកឃ្លាំមើលស​​ង្គ​​ម បារម្ភពីការបាត់បង់បេតិកភណ្ឌជាតិទៅថ្ងៃអនាគត បើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់ឱ្យមា​​នប្រ​សិ​​ទ្ធភា​ព។

អនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ចេញមតិលើកឡើងលើហ្វេសប៊ុកនៅថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០២៣​ ដោយ​ចោទ​ជា​សំណួរ​​ថា៖ «ហេតុអ្វីគេនាំគ្នាបំផ្លាញស្ថាបត្យកម្មដូនតាខ្មែរ​ ជាកេរដំណែល​ប្រវត្តិ​សាស្ត្រ? ចង់បំបាត់ដានប្រ​វត្តិ​សា​ស្ត្រ​ខ្មែរឬ?»។

ជុំវិញបញ្ហា​​នេះ អ្នក​ស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ជំរុញទៅរដ្ឋាភិបាលទប់ស្កាត់ទង្វើនេះ ដោយលើកឡើងលើបណ្តាញសង្គមថា៖ «វាពិតជាមានរឿងមិនធម្មតានៅពីក្រោយឆាក ដែលរដ្ឋត្រូវទទួលបន្ទុកពិនិត្យមើលឱ្យបានហ្មត់ចត់ឡើងវិញ»។

លោក ម៉ុត ចន្ថា ដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុ​លា​​ការបានរំលោយ ក៏បានជំរុញទៅរដ្ឋាភិបាលឱ្យចាត់វិធានការច្បាប់ទៅលើអ្នកពាក់ព័ន្ធដែរ ដើម្បីការពារនិ​ង​អភិរក្សសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ និង​សំណង់ប្រវត្តិសាស្រ្តនានា។

លោកគូសបញ្ជាក់ថា៖ «ការចាត់វិធានការច្បាប់ប្រឆាំង​នឹង​ជន​ទាំង​ឡាយណាដែល​បំផ្លាញ​សម្បត្តិបេតិក​ភណ្ឌ​ជាតិ គួរ​ត្រូវ​ចាត់​[វិធានការ​​]ឡើង ដើម្បីទុកជាការព្រមានទៅថ្ងៃក្រោយ»។

សំណួរនៅត្រង់ថា តើការវាយកម្ទេចសំណង់បុរាណផ្តើមចេញពីបញ្ហាចម្បងអ្វីខ្លះ?

អនុប្រធាន​​វិទ្យាស្ថាន​​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា របស់រដ្ឋាភិបាល និងជាអ្នកសរសេរនិក្ខេបបទ​លើ​ភូមិបុរាណ​ផងនោះ លោកបណ្ឌិត ធុយ ចាន់ធួន យល់ថា មានដើមហេតុ​ចំនួន​៣ ដែល​នាំ​ឱ្យ​មាន​ការវាយកម្ទេចសំណង់បុរាណដើម្បី​កសាង​សំណង់​ថ្មី។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា បញ្ហាទី១ មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដីឡើង​​ថ្លៃ ទំនិញឡើង​​​ថ្លៃ មនុស្ស​ចង់​បាន​របស់​ទំនើប អ្នក​​​នៅ​​ពីក្រោយ​​វិធាន​ការ​​កម្ទេច​មិ​ន​យល់​ដឹង​ថា​អ្វី​ជា​បេតិកភណ្ឌ និងអ្វីជាប្រវត្តិសាស្ត្រ និងបញ្ហា​មួយ​ទៀត គឺ​កង្វះនៃ​ការ​ផ្សព្វ​ផ្យាយ ដើម្បី​ឱ្យអ្នកមា​ន​សិទ្ធិ​សម្រេចចិត្ត យល់ដឹងពីគុណតម្លៃបេតិកភណ្ឌជាតិ។

លោកថា៖ «ចុះបញ្ជីរួច ហើយទៅវាយកម្ទេច មានន័យថាម៉េច? មានន័យថា អ្នក​បញ្ជា​ឱ្យ​វាយ​​ ​អ្នកដែល​នៅពីក្រោយខ្នងហ្នឹងអត់យល់ពីអារឿងហ្នឹង [ គុណតម្លៃបេតិកភណ្ឌ​]។ ប្រសិន​បើ​មនុស្ស​អត់​យល់ ​អត់​ចេះ ឱ្យ​ធ្វើ​ធំ​ទៀត ឱ្យកាន់​ការ​អស់​ហ្នឹង​ទៀត អានេះយើងនិយាយតាមច្បាប់ ក្នុងនាមអ្នកសិក្សាស្រាវជ្រាវ»។

ប៉ុន្តែលោកគិត​ថា កម្ពុជា​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន បើ​ក្រសួង​ពាក់​ព័ន្ធស្រាក់ដៃគ្នា​ពង្រឹង​ការ​អនុវត្តច្បាប់ ពង្រីក​ការ​ផ្សព្វ​ផ្សាយ ដើម្បីឱ្យកូនចៅចេះស្រឡាញ់​វប្បធម៌ អរិយធម៌ យល់ដឹងអំពីគុណតម្លៃមរតកដូនតា អ្វីខ្លះជាបេតិកភណ្ឌជាតិ និង​ទីតាំងប្រវត្តិសាស្ត្រ ដោយមិនសំដៅតែតំបន់ប្រាង្គ​ប្រាសាទ ឬ​ប្រាសាទអ​ង្គ​រ​វត្ត​​នោះ​ទេ។

លោកថា៖ «ប្រទេសមួយ បើ[ពលរដ្ឋ]អត់ចេះដឹងប្រវត្តិសាស្ត្ររបស់ខ្លួនទេ ប្រទេសនោះនឹងមិនដឹងថាអនាគតខ្លួនឯងនឹងដើរទៅណាពិតប្រាកដទេ! គ្រូមិននិយាយស្អីទៅនរណាទេ​! ដូចគ្នានឹងគ្រួសារដែរ បើគ្រួសារ​​ហ្នឹងមិនស្គាល់ពូជពង្ស ឪពុក​ម្តាយ កូន​ចៅ​ខ្លួន​ឯង​ទេ យើង​ហៅ​ក្រុម​គ្រួសារ​ហ្នឹង​យ៉ាង​ម៉េច? ​មនុស្សហ្នឹង​តយ៉ាង​ម៉េច?»

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌ផងនោះ គឺ​លោកបណ្ឌិត ប៉ា ចន្ទរឿន យល់​​ឃើញ​ថា ការ​វាយកម្ទេចកុដិបុរាណ​នៅ​វត្ត​ឧណ្ណាលោម និ​ងការ​វាយបំបែកចេតិយបែប​សំណង់បុរាណ រួម​ទាំង​ករណី​ដូច​គ្នានៅតាម​ខេត្ត​មួយ​ចំនួន ឆ្លុះ​បញ្ចាំង​បញ្ហា​ធំ​ៗចំនួន​៣ គឺ​វិបត្តិ​ធ្ងន់​ធ្ងរ​​ក្នុ​ង​វិស័យ​សាសនា ដោយ​មិនបានឱ្យតម្លៃសំណង់បុរាណដែ​លជា​មរតកជាតិ កង្វះការឱ្យតម្លៃពីស្ថាប័ន​អ្នក​ដឹ​ក​នាំ​ព្រះពុទ្ធ​សាសនា និង​កម្សោយការអនុវត្តច្បាប់​ពីក្រសួងពាក់ព័ន្ធ។

លោកថា៖ «ការវាយកម្ទេចកន្លងមកនេះ ក៏វាឆ្លុះបញ្ចាំងពីភាពធូររលុងនៃការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅក្នុងវិស័យពុទ្ធសាសនានៅតាមទីវត្តអារាម ហើយក៏វាឆ្លុះបញ្ចាំងពីភាពកម្សោយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌របស់ជាតិ ដោយក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធផងដែរ»។

លោកពន្យល់ដែរថា ព្រះវិហារ កុដិ ចេតិយ និងសំណង់សាសនាមួយចំនួនដែលមានអាយុកាលលើសពី៥០ឆ្នាំរហូត១០០ឆ្នាំ គេចាត់ទុកជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ លោកចាត់ទុកការវាយកម្ទេចសំណង់បុរាណ​ចោល ប្រៀបបាននឹងកម្ទេចវប្បធម៌បេតិកភណ្ឌ ឬព្រលឹងជាតិចោល។

លោកយល់ថា នៅប្រទេសជិត​ខាង គេរកប្រាក់ចំណូលចូលជាតិ និងបង្កើត​ការងារ​រកប្រាក់ចំណូលជូនប្រជាពលរដ្ឋគេបានច្រើន ដោយគ្រាន់តែពង្រឹងយន្តការអភិរក្ស ហើយ​បង្កើន​ការផ្សព្វផ្សាយពីភាពលេចធ្លោតំបន់ប្រវត្តិសាស្រ្តរបស់ប្រទេសគេ។ លោកបង្ហាញការសោក​ស្តាយ ដែល​កម្ពុជា​សម្បូរតំបន់ប្រវត្តិសាស្ត្រ និងសំ​ណង់​បុរាណ ប៉ុន្តែ​មិន​ត្រឹមតែមិន​អភិរក្ស តែបែរទៅជា​កន្លែងខ្លះ​ត្រូវបាន​បំផ្លាញ​ចោល​ទៅ​វិញ។

លោកថា៖ «សម្បត្តិបេតិកភណ្ឌរបស់ជាតិហ្នឹង វាមិនមែនមានន័យត្រឹមតែជាផ្នែកវប្បធម៌​ទេ​ វា​ក៏​ជា​កេរមរតក​ប្រវត្តិសាស្ត្ររបស់ជាតិដែរ ដែលជាតិមួយៗហ្នឹងត្រូវ​តែ​យកចិត្តទុកដាក់ថែរក្សា និងការពារសម្បត្តិវប្ប​ធម៌​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្ររបស់ខ្លួន បើមិនអ៊ីចឹងទេ យើងមិនដឹងថាយើងកំពុងមកពីណា ត្រូវទៅណា​​បន្ត​ទៀតទេ»។

វីអូឌី មិនអាចទាក់​ទង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ដើម្បី​សុំការពន្យល់ពីចំណាត់ការទៅលើ​អ្នកពាក់ព័ន្ធ​ ករណី​វាយ​កម្ទេច​កុដិ​បុរាណ​នៅ​វត្ត​ឧណ្ណាលោម និង​ករណី​វាយ​បំបែកចេតិយ​នៅ​វត្តបទុមវតី​បាន​ទេ ខណៈ​អ្នក​នាំ​ពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់​ថា​ជាប់រវល់។

ប៉ុន្តែបើយោងលើសារាចរណែនាំ ស្តីពី​ការ​ទប់​ស្កាត់​ការ​វាយ​កម្ទេច និង​បំផ្លិចបំផ្លាញសំណង់អាគារបេតិក​ភណ្ឌ​របស់​រដ្ឋាភិបាល​ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បាន​លើក​ឡើង​ថា ចំពោះ​សំណង់​អាគារបេតិក​ភណ្ឌដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌទីក្រុង និងតាមបណ្តារាជធានី-ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ មានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍ។

ហានិភ័យនេះ រដ្ឋាភិបាល​ដាក់ចេញវិធានការ៤ចំណុច ដើម្បីទប់ស្កាត់ ក្នុងនោះ​មាន​ទាំង​ហាមឃាត់ចំពោះការកែប្រែ ការ​ប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាព​ចំពោះសំណង់សាធារណៈ ភូមិឋាន​ និង​​ផ្ទះបុរាណ ស្របតាមច្បាប់ការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើនៅឆ្នាំ​១៩៩៦ ទប់​ស្កាត់​ការ​វាយ​ក​ម្ទេចបំផ្លិ​ចបំផ្លាញសំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ  សំណង់​បុរាណ និងសំណង់អាគារបេតិកភណ្ឌ ដើម្បីការ​ពារឱ្យ​បា​​ន​គង់វង្សជាដើម។

យ៉ាងណា អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា រដ្ឋាភិបាលនឹងមិន​ជោគជ័យ​លើ​វិធានការទប់ស្កាត់ការវាយកម្ទេចសំណង់បុរាណនេះ បើវិធានការមិនបានធ្វើឡើងដូចករណីរដ្ឋចាត់វិធានការទៅលើអ្នកធ្វើឱ្យខូចខាតស្តូបកម្ពុជា-វៀតណាម ដែលទើបកសាងនាសម័យថ្មីនេះ នៅតាមទីតាំងមួយចំនួន​នោះ។

លោកថា៖ «រឿងស្តូបរឿង​អី ប៉ះមិនបានទេ ​ស្រាវជ្រាវភ្លាម រកឃើញភ្លាម ហើយចាប់បានភ្លាម យកមកដាក់គុក​ហើយ។ ប៉ុន្តែ​រឿង​នេះ ខ្ញុំមិន​ជឿថា​នឹងមានវិធានការ​អី​ចុងក្រោយ​ ដែលធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត ហ្នឹងខ្ញុំមិន​ជឿទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ