បទយកការណ៍៖ សំណុំរឿងក្ដីបុរសស្លាប់នៅបាត់ដំបង បន្សល់ទុកសោកនាដកម្មសម្រាប់សាច់ញាតិជនរងគ្រោះ

សាកសពលោក ពេជ្រ ធា​រ៉េត ពេលបញ្ជូនមកផ្ទះវិញ ក្រោយពេលសមត្ថកិច្ចនាំខ្លួនលោកទៅ​សួរចម្លើយនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថាលោក​បាន​រាយ​ខ្សែភ្លើង​ឆក់​សម្លាប់​ប្រពន្ធរបស់ខ្លួន ខែមេសា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សេចក្ដីសន្និដ្ឋានចុងក្រោយរបស់ស្ថាប័នជំនាញ ពាក់ព័ន្ធសំណុំរឿងក្ដីបុរសម្នាក់ស្លាប់ក្នុងដៃសមត្ថកិច្ច ត្រូវបានបិទការស៊ើបអង្កេតកាលពីពេលថ្មីៗនេះ។ ករណីនេះបានបន្សល់ទុកសោកនាដកម្មជាថ្មីដល់សាច់ញាតិជនរងគ្រោះ ខណៈដែលមន្ត្រីសង្គមស៊ីវិលមើលឃើញថានៅមានភាពចម្រូងចម្រាសជាច្រើនដែលមន្ត្រីជំនាញមិនបានបកស្រាយ ហើយត្រូវបានកប់ទុកចោល។

«ជីវិតប្អូនខ្ញុំមួយស្លាប់នេះដូចគ្មានតម្លៃឱ្យគេរកយុត្តិធម៌ឱ្យ! ខ្ញុំអាណិតប្អូនខ្ញុំណាស់អូនអើយ!»

នេះជាការថ្លែងទាំងសំឡេងយំខ្សឹបខ្សួលរបស់អ្នកស្រី ពេជ្រ លីណា បង្ហាញក្ដីស្រណោះចំពោះប្អូនរបស់ខ្លួន គឺលោក ពេជ្យ ធារ៉េត ដែលបានស្លាប់នៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។ ក្នុងពេលថ្មីៗនេះ ស្ថាប័នជំនាញបានបិទបញ្ចប់ការស៊ើបអង្កេតក្ដីនេះ ដោយសន្និដ្ឋានថា លោក ពេជ្យ ធារ៉េត បានស្លាប់ដោយសារជំងឺគាំងបេះដូង ដែលផ្ទុយពីការរកឃើញជំហានដំបូង ថាជនរងគ្រោះអាចពាក់ព័ន្ធនឹងការធ្វើទារុណកម្មពីសមត្ថកិច្ចទើបបណ្ដាលឱ្យស្លាប់​។

ស្រ្តីដែលតែងតែសកម្មចេញមុខទាមទារយុត្តិធម៌ឱ្យប្អូនប្រុសរបស់ខ្លួន គឺអ្នកស្រី ពេជ្រ លីណា ចាត់ទុកការសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​នេះ ថាបានផ្តល់ការឈឺចាប់ជាថ្មីសម្រាប់ក្រុមគ្រួសាររបស់គាត់ ដោយថា លោក ពេជ្យ ធារ៉េត បានស្លាប់យ៉ាងអាណោចអាធ័ម និងគ្មានកំហុស។

នៅពេលផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន វីអូឌី តាមរយៈប្រពន្ធទូរសព្ទ អ្នកស្រី ពេជ្រ លីណា បានទ្រហោយំ នៅពេលរំលឹកពីការស្លាប់របស់លោក ពេជ្យ ធារ៉េត

អ្នកស្រីនិយាយថា៖ «ប្អូនខ្ញុំស្លាប់ទាំងវេទនា! ស្លាកស្នាមប្អូនខ្ញុំមុនដាច់ខ្យល់ គឺវេទនាខ្លាំងបំផុត! គឺវាយផង ឆក់ផង ទម្រាំតែគាត់ដាច់ខ្យល់។ សមត្ថកិច្ចប៉ូលិសទាំងអស់ហ្នឹងយកប្អូនខ្ញុំទៅសួរចម្លើយ ហេតុអីអត់មានក្ដីមេត្តាសោះអ៊ីចឹង? យកប្អូនខ្ញុំទៅវាយ ហើយយកមកវិញផ្លាស់ប្ដូរអាវប្អូនខ្ញុំទៀត»។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប៉ូលិសបានចាប់ឃុំខ្លួនលោក ពេជ្រ ធា​រ៉េត ​ដើម្បី​សួរចម្លើយ ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា លោក​បាន​រាយ​ខ្សែភ្លើង​ឆក់​សម្លាប់​ប្រពន្ធរបស់ខ្លួន។ ក្នុងរយៈពេលជាង ៣ម៉ោង នៃការសួរចម្លើយ លោកបានដាច់ខ្យល់ស្លាប់ដោយបន្សល់ទុកស្នាមជាំ និងរបួសលើខ្លួនប្រាណជាច្រើនកន្លែង។ ក្រុមគ្រួសារសពបានចោទមន្ត្រីនគរបាលពាក់ព័ន្ធថាបានធ្វើទារុណកម្មលើលោក ពេជ្រ ធារ៉េត រហូតបាត់បង់ជីវិត និងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវករណីនេះ។

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ប្រមាណជាង២ខែក្រោយមក ពោលគឺថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានស្នើទៅអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតបន្ថែម ដើម្បីរកការពិត បន្ទាប់ពីរកឃើញការសង្ស័យមួយចំនួនបញ្ជាក់ថា​ ករណីនេះពិតជាអាចជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មពីអាជ្ញាធរនៅពេលសួរចម្លើយ និងនាំខ្លួនមន្ត្រីពាក់ព័ន្ធមកទទួលទោសតាមច្បាប់។

បើតាមគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឱ្យដឹងថា ចំណុចសង្ស័យទាំងនោះរួមមានដូចជា មន្ត្រីប៉ុស្តិ៍ន​គរបាលម្នាក់ និងម្តាយក្មេកជនសង្ស័យ ឆ្លើយបំភ្លឺថា មុនពេលបញ្ជូនលោក ពេជ្យ ធារ៉េត ទៅអធិការដ្ឋាននគរបាលស្រុកសង្កែ គឺ​គ្មានស្នាមរបួស ឬត្រូវបានប្រជាពលរដ្ឋវាយនោះទេ ប៉ុន្តែលើសាកសពជនរងគ្រោះ បែរជាមានស្នាមជាំ និងរបួសជាច្រើនកន្លែងទៅវិញ។ ចំណុច​មួយទៀត បើតាមការសន្និដ្ឋានរបស់គណៈកម្មការកោសលវិច័យ​ បង្ហាញ​ថា អំឡុងនៃការឃាត់ខ្លួន សមត្ថកិច្ចពុំបានធ្វើតេស្តរកសារធាតុញៀននោះទេ ដែលផ្ទុយពីការរកឃើញថា «ជនសង្ស័យស្លាប់ដោយគាំងបេះដូង ក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនហួសកម្រិត»។ ជាមួយគ្នានេះ ក្នុងកំណត់ហេតុមួយចំនួនរបស់មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែ គឺមានការ​កោស​លុប​ ហើយមន្ត្រីសរសេរឈ្មោះឱ្យជនសង្ស័យ បញ្ជាក់​​ពីក្រោមស្នាមមេដៃនោះ​ថា «សាម៉ីខ្លួនពុំចេះអក្សរ» តែនៅពេល​ចុះទៅដល់​ផ្ទះជនសង្ស័យ​ គឺមានអក្សររបស់លោក ពេជ្យ ធារ៉េត សរសេរ​​បិទ​នៅ​ទ្វារ​ផ្ទះ។ ក្នុងនោះនៅមានចំណុចសង្ស័យចម្រូងចម្រាសជាច្រើនទៀត។

ទោះយ៉ាងណាក្តី ក្នុងពេលរង់ចាំលទ្ធផលស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម  អ្នកស្រី ពេជ្រ លីណា បានប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ឈ្មោះ Bopha Kropom សរសេរសំណេររៀបរាប់ពីការស្លាប់របស់លោក ពេជ្យ ធារ៉េត និងទាមទារឱ្យអាជ្ញាធរផ្តល់យុត្តិធម៌ចំពោះសាកសពប្អូនរបស់ខ្លួន ស្ទើរតែរៀងរាល់ថ្ងៃ ជិត២ឆ្នាំ។ ប៉ុន្តែលទ្ធផលចុងក្រោយ អ្នកស្រីចាត់ទុកថា យុត្តិធម៌ គឺស្ថិតក្នុងទីងងឹតសម្រាប់ពលរដ្ឋក្រីក្រមិនមានខ្នងបង្អែកដូចជាគ្រួសាររបស់គាត់។

អ្នកស្រី ពេជ្រ លីណា និងយុវជនឈ្មោះ ពេជ្រ ធារ៉េត (កាលនៅរស់)។ (ក្រុមគ្រួសារជនរងគ្រោះ ពេជ្រ ធារ៉េត)
អ្នកស្រី ពេជ្រ លីណា និងយុវជនឈ្មោះ ពេជ្រ ធារ៉េត (កាលនៅរស់)។ (ក្រុមគ្រួសារជនរងគ្រោះ ពេជ្រ ធារ៉េត)

អ្នកស្រីនិយាយថា៖ «ជិត២ឆ្នាំនេះ គឺមិនមានពន្លឺយុត្តិធម៌ទេសម្រាប់ការស្លាប់ដ៏អយុត្តិធម៌ប្អូនខ្ញុំ គឺមិនមានពន្លឺយុត្តិធម៌ទេ! ខ្ញុំខំប្ដឹងទៅសា្ថប័នធំៗ ដើម្បីឱ្យបានយុត្តិធម៌ពិតប្រាកដ តែដល់ពេលរបាយការណ៍ចុងក្រោយចេញមក បែរជាប្រាសចាកពីការពិត ខ្ញុំអស់សង្ឃឹម!»

ម្តាយជនរងគ្រោះ គឺអ្នកស្រី អ៊ុក សំណាង វ័យ៦២ឆ្នាំ បានប្រាប់វីអូឌីទាំងអួលដើមក ថាគាត់មិនអាចទទួលយកការលើកឡើងរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានទេ ដោយថា លទ្ធផលចុងក្រោយនេះ គឺជាការបំបិទសំណុំរឿងក្តីចោលទាំងអយុត្តិធម៌ ដោយបន្សល់ទុកការឈឺចាប់ជាថ្មីចំពោះគាត់ជាម្តាយជនរងគ្រោះ។

អ្នកស្រីថា៖ «ជីវិតកូនខ្ញុំ វាក្រ វាអត់មានលុយ អត់មានបុណ្យសក្តិ ស្លាប់ដូចខ្មោចឆ្កែ! អូនយល់ពីទឹកចិត្តម្ដាយ! ខ្ញុំអស់សង្ឃឹមហើយអូន អស់សង្ឃឹមតុលាការ [ការសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម] ដែលកាត់ក្តីមកនេះ គឺថាកូនខ្ញុំខុសទាំងស្រុង។ ខ្ញុំអស់ជំនឿហើយ អត់មានជំនឿតទៅទៀតទេ។ មានស្លាកស្នាមភស្តុតាងប៉ុណ្ណឹងហើយ នៅតែគេរកយុត្តិធម៌អត់ឃើញទៀត។ តើវាដល់កម្រិតណាបានរកភស្តុតាងឃើញ?»

ចំណែកអ្នកស្រី ពេជ្រ លីណា ជាបងស្រីបង្កើតវិញ បានប្រាប់ថា ការស្វែងរកកិច្ចអន្តរាគមន៍របស់គាត់នាពេលកន្លងមក បានជួបប្រទះការអូសទាញពីមន្ត្រីពាក់ព័ន្ធសំណុំរឿងក្តីនេះ ដោយពួកគេបានប្រើប្រាស់ជនទី៣ ប្រាប់ឱ្យគាត់បញ្ឈប់ការប្តឹងជាថ្នូរនឹងការបង្ហើបឱ្យប្រយោជន៍ដល់គាត់ ប៉ុន្តែអ្នកស្រី ពេជ្រ លីណា មិនព្រម។ លុះក្រោយមក រូបភាពនៃការគំរាមកំហែងពីសំណាក់ជនមិនស្គាល់មុខ បានកើតមានឡើងជាបន្តបន្ទាប់មកលើរូបគាត់។

អ្នកស្រីបន្តថា៖ «មានតាំងពីឡានជិះមកកាច់ជ្រុងផ្ទះខ្ញុំ តែកាលហ្នឹងផ្ទះខ្ញុំអត់មានកាមេរ៉ាទេ។ ហើយទៅឡានហ្នឹងវាឈប់ ហើយមានមនុស្សប្រុសស្លៀកឈុតខ្មៅ ហើយពាក់មួយសុវត្ថិភាព អារូបភាពហ្នឹងដូចបន្លាចយើងអ៊ីចឹង។ ប៉ុន្តែខ្ញុំមិនឈប់ ខ្ញុំចង់បានយុត្តិធម៌ឱ្យប្អូនខ្ញុំខ្លាំងណាស់»

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានបង្ហាញពីលទ្ធផលនៃការអង្កេតស្រាវជ្រាវចុងក្រោយ ដែលប្រើរយៈពេលជិត២ឆ្នាំ រកឃើញថា ករណីលោក ពេជ្យ ធារ៉េត បានស្លាប់ដោយសារជំងឺគាំងបេះដូង ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

សេចក្តីថ្លែងការណ៍ដដែលបានរៀបរាប់ថា លោក ពេជ្យ ធារ៉េត ទទួលរងការវាយតប់ពីប្រជាពលរដ្ឋ ទើបបណ្តាលឱ្យមានស្នាមឈាមនៅលើដងខ្លួន ចំណែកស្នាមរបួសនៅលើស្បែក បណ្ដាលមកពីការរើបម្រះពីការជាប់ខ្នោះ​ និងប៉ះទង្គិចជាមួយវត្ថុរឹង ដែលរបួសនោះមិនបណ្តាលឱ្យស្លាប់នោះទេ។

យ៉ាងណាក្តី ពាក់ព័ន្ធសំណុំរឿងនេះ អ្នក​សម្រប​សម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី សង្កេតឃើញថា ការស៊ើបអង្កេតរឿងក្តីនេះ គឺនៅមានភាពចម្រូងចម្រាសជាច្រើន ដែលបង្កជាមន្ទិលសង្ស័យច្រើនចំណុច និងមិនមានភាពស៊ីចង្វាក់គ្នាជាមួយភស្តុតាងដែលរកឃើញនោះទេ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធសើរើរឿងក្តីនេះឡើងវិញ ដើម្បីបង្ហាញពីតម្លាភាព និងផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។

លោកបន្តថា៖ «អ្វីដែលជាសំណូមពររបស់យើង ទាក់ទងទៅនឹងករណីទារុណកម្ម យើងចង់ឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់[នូវ]ទារុណកម្មពាក់ព័ន្ធការស្លាប់នេះ អង្កេតឱ្យច្បាស់លាស់ ទី១។ ទី២ យើងមិនត្រូវទុកសាកសពចោល រហូតទៅដល់មួយយប់អ៊ីចឹងទេ ពីព្រោះថា កាលណាទុកសាកសពអ៊ីចឹង លទ្ធផលនៃការពិនិត្យ គឺវាអត់បានផល»។

លោកបន្ថែមថា៖ «យើងចង់ឱ្យ[ពេលដែល]មានបញ្ហាហ្នឹងក្រោយៗ មានការធ្វើការអង្កេតឱ្យបានច្បាស់លាស់ ហើយកុំឱ្យអូសបន្លាយរឿងយូរពេក អូសបន្លាយរហូតទៅដល់មួយឆ្នាំ [ឬ] មួយឆ្នាំជាង បានចេញជាលទ្ធផល។ សួរថាមានលក្ខណៈស្មុគស្មាញ ឬយកករណីនេះទៅទុកចោល?»

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ការ​បង្ខិត​បង្ខំ កា​រធ្វើ​បាប​លើ​រូប​រាង​កាយ ត្រូវ​ហាម​ឃាត់ និងត្រូវផ្ដន្ទា​ទោសតាមច្បាប់។ ចំណែកមាត្រា​២១០ នៃ​ក្រម​ព្រហ្មទណ្ឌ ​​ចែង​​ថា «ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ»

អ្នកនាំពាក្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក ហ៊ី ព្រូ បានប្រាប់វីអូឌីថា លោកមិនមានអ្វីបកស្រាយបន្ថែមពីលើសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនោះទេ។ លោកថា មន្ត្រីជំនាញបានធ្វើកិច្ចការស្រាវជ្រាវទៅតាមបច្ចេកទេស និងស្របតាមនីតិវិធីច្បាប់រួចរាល់ហើយ។

លោកថា៖​ «អ្វីដែលយើងធ្វើ គឺគ្រប់ជ្រុងជ្រោយអស់លទ្ធភាពហើយ ព្រោះអ្វីដែលយើងឃើញនៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ យើងបានជូនហើយថា គណៈកម្មាធិការ មួយលើកហើយមួយលើកទៀត មិនអស់ចិត្ត មានការចុះបញ្ជាក់ស៊ើបស្រាវជ្រាវរបស់ក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ។

លោកបន្ថែមថា៖ ​«ក្រោយមក យើងមិនអស់ចិត្តត្រង់ថាស្អីទាំងអស់ យើងមានការប្រជុំវាយតម្លៃ ទៅលើអ្នកជំនាញ អ្នកបច្ចេកទេសចូលរួមទាំងអស់គ្នាទៀត។ អ៊ីចឹងអ្វីដែលជាការបំពេញតួនាទីរបស់ គ.ជ.ប.ទ គឺដូចមិនមានអីច្រើនជាងហ្នឹងទេ»។

អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយកាលពីឆ្នាំ២០១៤ ស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកដែលជាប់ឃុំ និងអ្នកដែលទើបដោះលែង ជាង១១ ០០០នាក់ ក្នុងនោះមាន៥០០នាក់ បានប្រាប់ថា ពួកគេទទួលរងការធ្វើទារុណកម្មក្នុងពេលឃុំឃាំង។ ប្រភពដដែលបានបន្តថា អំពើហិង្សានៅពេលជាប់ឃុំ មានករណីខ្លះបង្កឡើងដោយមន្ត្រីរដ្ឋាភិបាល ហើយករណីខ្លះទៀតគឺបង្កដោយការបំពានពីអ្នកជាប់ពន្ធនាគារផ្សេងទៀត នៅក្រោមការបញ្ជាដោយផ្ទាល់ ឬការដឹងឮពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពដើម្បីទប់ស្កាត់ និងស៊ើប​អង្កេតឱ្យបានច្បាស់នោះទេ។

របាយការណ៍ដដែលឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលសំណុំរឿងជាង៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម ឬការធ្វើបាប បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា ដែលក្នុងនោះរួមមានការប្រើអំពើហិង្សាលើអ្នកទោសជាស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។ ក្នុងនោះ ៤ខែដំបូង នៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន៤៩ករណី អំពីការធ្វើទារុណកម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។

ទិន្នន័យរបស់អង្គការលីកាដូ បង្ហាញអោយឃើញថា មនុស្សភាគច្រើនដែលបានរាយការណ៍អំពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក បានរៀបរាប់ថា ពួកគេទាំងនោះត្រូវបានវាយ ទាត់ ទះ ឬដាល់ ដែលជាញឹកញាប់រហូតដល់ពួកគាត់ហូរឈាម ហើយបាត់បង់ស្មារតី។

របាយការណ៍សរសេរថា៖ «មនុស្សជាច្រើនត្រូវបានវាយគ្រប់កន្លែងលើខ្លួនរបស់ពួកគាត់ ព្រមទាំងក្បាល និងក។ អ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំង»។

ត្រលប់មករឿងក្តីរបស់លោក ពេជ្យ ធារ៉េត វិញ ដែលរយៈពេលជិត២ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែអនុស្សាវរីយ៍របស់អ្នកស្រី ពេជ្រ លីណា ជាមួយលោក ពេជ្យ ធារ៉េត នៅតែដិតដាមក្នុងអារម្មណ៍របស់អ្នកស្រី ពេជ្រ លីណា ជានិច្ច។ មុនពេលស្លាប់ លោក ពេជ្យ ធារ៉េត បានមកជួយសង់ផ្ទះឱ្យបងស្រីរបស់ខ្លួន ដែលរូបភាពនេះនៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកស្រី ពេជ្រ លីណា មិនអាចឱ្យគាត់បំភេ្លចអនុស្សាវរីយ៍ជួបជុំបងប្អូននេះបានឡើយ។

អ្នកស្រីថ្លែងទាំងទ្រហោយំថា៖ «ពេលចុងក្រោយ គាត់មកធ្វើផ្ទះឱ្យខ្ញុំនៅភ្នំពេញ ខ្ញុំធ្វើផ្ទះនៅភ្នំពេញ ធ្វើផ្ទះជុំគ្នា គាត់ជួយធ្វើខ្ញុំ គាត់យកលុយ គាត់យកធូរថ្លៃ គាត់ជួយធ្វើ ឆាប់បានផ្ទះ ហើយបានបងនៅ។ តែថ្ងៃចុងក្រោយ គាត់សុំខ្ញុំទៅផ្ទះ គាត់សុំទៅលេងប្រពន្ធកូន ខ្ញុំថាកុំទៅអី[ខ្លាច]កូវីដ តែគាត់ថាគាត់នឹកកូនគាត់! ខ្ញុំជូនដាក់ឡានក្រុង គាត់ថាទៅតែ២ថ្ងៃទេ ខ្ញុំជូនប្អូនដាក់ឡាន!»

ចំណែកម្តាយជនរងគ្រោះវិញ បានដង្ហោយហៅរកយុត្តិធម៌ទាំងសំឡេងអួលដើមក ដោយរំពឹងថា ស្ថាប័នពាក់ព័ន្ធនឹងសើរើរឿងក្តីឡើងវិញ ស្វែងរកការពិត ករណីស្លាប់កូនរបស់គាត់ ដើម្បីឱ្យគាត់អស់ចិត្ត។

អ្នកស្រីថា៖ «ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័នជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំផង កុំឱ្យកូនខ្ញុំស្លាប់ដោយអយុត្តិធម៌អ៊ីចឹង។ សូមជួយនាងខ្ញុំផង តិចច្រើនក៏ដោយ ខ្ញុំចង់បានយុត្តិធម៌ សូមជួយគ្រួសារខ្ញុំផង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ