ចិនថ្លែងការពារវិធានការឆ្លើយតបវីរុសកូវីដរបស់ខ្លួន បន្ទាប់ពី WHO និងលោក ចូ បៃដិន បង្ហាញការព្រួយបារម្ភ

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ (REUTERS)

ប្រទេស​​ចិន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ បាន​ថ្លែង​ការ​ពារ​​វិធាន​​ការ​​ដោះ​ស្រាយ​​កា​រ​​ផ្ទុះ​​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន​សម្តែង​ការ​ព្រួយ​បារម្ភ ខណៈ​អ​ង្គការសុខភាពពិភពលោក (WHO) លើក​ឡើង​​ថា ទីក្រុង​ប៉េកាំង​ ហាក់​លាក់បាំងពីចំនួនជាក់លាក់នៃអ្នក​ស្លាប់​ដោយ​សារជំងឺនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមលោក Michael Ryan ជានាយកទទួលបន្ទុកស្ថានការណ៍អាសន្ន នៃអង្គការសុខភាពពិភពលោក បានឱ្យដឹងកាលពីថ្ងៃទី៤ ខែមករា ​ថាមន្ត្រីសុខាភិបាលចិនហាក់​មាន​ការ​រាយ​ការណ៍​ទាប​ពីទិន្នន័យ​លើករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេស ដែលករណីនេះពិតជាបានបង្កឱ្យមានជាការព្រួយបារម្ភខ្លាំង។

ចិន ក្នុងប៉ុន្មានរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថា​មាន​សញ្ញានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឡើងវិញខ្ពស់នៅក្នុងប្រទេស​ ដែលកើតឡើងបន្ទាប់ពីប្រទេសមួយនេះ កាលពីខែធ្នូកន្លងទៅ បាន​សម្រេចលុបចោលគោលនយោបាយ​កូវីដសូន្យរបស់ខ្លួន។

ទោះជាយ៉ាងណា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ស្រី Mao Ning បានលើកឡើងថា ប្រទេសចិនបានចែករំលែកទិន្នន័យនៃវីរុសកូវីដ-១៩ ប្រកប​ដោយ​តម្លាភាព និងយ៉ាងឆាប់រហ័សជាមួយអង្គការសុខភាពពិភពលោក ដោយលោកស្រីក៏បានអះអាងថា ករណីជំងឺរាតត្បាតរបស់ប្រទេសចិន គឺស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាននៅឡើយ។

លោកស្រីបន្តថា៖ «ការពិតបានបង្ហាញឱ្យឃើញថា ប្រទេសចិនតែងតែអនុវត្តស្របតាមគោលការណ៍ច្បាប់ ប្រកបដោយភាពបើកចំហ និងតម្លាភាព ក៏ដូចជារក្សាទំនាក់ទំនងជិតស្និទ្ធ ចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធជាមួយអង្គការសុខភាពពិភពលោក ទាន់ពេលវេលា»។

គួរបញ្ជាក់ថា អង្គការ WHO នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស ដែល​ធ្វើ​ឡើង​កាលពី​ដើម​សប្ដាហ៍នេះ ក៏​បាន​ស្នើឱ្យប្រទេស​ចិនចែ​ក​រំលែកទិន្នន័យស្តីពីការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ការស្លាប់ និងការចាក់វ៉ាក់សាំងនៅក្នុងប្រទេសផងដែរ ខណៈខ្លួនរកឃើញថា ប្រទេសមួយនេះ​ហាក់មិនសូវមានការយកចិត្តទុក​ដាក់​ពីភា​ព​ធ្ងន់​ធ្ងរ​នៃ​ការ​កើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេស។

គិតរហូតមកដល់ពេលបច្ចុប្បន្ន ចិនមានការឆ្លងវីរុសកូវីដ-១៩សរុបនៅក្នុងប្រទេសជិត ២​លាន​ករណី ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងប្រទេសមួយនេះមានត្រឹមតែ ៥ ២៥៩នាក់​ប៉ុណ្ណោះ ដោយវាត្រូវបានចាត់ទុកថាជាតួលេខដ៏ទាបមួយ​ បើធៀបនឹងចំនួនប្រជាជន ១,៤​ពាន់​លាន​នាក់​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ