សាច់ញាតិរបស់អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដ៏ល្បីឈ្មោះ គឺលោកស្រី ជឹង សុភាព (ហៅយាយភូ) បានទទួលដីព្រៃនៅកណ្ដាលឧទ្យានជាតិគិរីរម្យ ខណៈរដ្ឋមន្ត្រី ឧកញ៉ា និងសាច់ញាតិរបស់លោកស្រី ប៊ុន រ៉ានី ក៏ទទួលបានដីរដ្ឋផងដែរ។ នេះបើយោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីចុងខែធ្នូ។
យោងតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ប៉ុន្តែបានផ្សព្វផ្សាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ក្រុមហ៊ុនមួយដែលមានឈ្មោះថា One More បានទទួលដីព្រៃចំនួន ២២១,៩៤ហិកតា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយកក្រុមហ៊ុន One More ក្នុងនោះរួមមាន លោកស្រី ជឹង សុគន្ធាវី កូនស្រីរបស់អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច គឺលោកស្រី ជឹង សុភាព (ហៅយាយភូ) ដែលជាភរិយារបស់សមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន និងនាយក ២រូបទៀត របស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម គឺឈ្មោះ លូ ជាហូវ (Lau Jia Hao) និង លូ ជាហ្សេន (Lau Jia Zhen)។ នាយកទាំងពីររូបនេះកាន់កាប់ ភាពីម៉ិច គ្រុប នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បើទោះបីជាមិនទាន់ដឹងច្បាស់ថា អ្នកទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងលោកស្រី ជឹង សុភាព និងលោក ឡាវ ម៉េងឃីន ឬយ៉ាងណានោះ។
នៅពេលសួរអំពីករណីនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបិទទូរសព្ទ ខណៈអភិបាលរងខេត្តកំពង់ស្ពឺ លោកស្រី ឡុង បូណារ៉េត បាននិយាយថា លោកស្រីមិនមែនជាអ្នកទទួលខុសត្រូវចំពោះការងារនេះឡើយ។
នៅក្នុងអនុក្រឹត្យដាច់ដោយឡែកមួយទៀត លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងភរិយារបស់លោក គឺលោកស្រី ទេព បុប្ផាប្រសិទ្ធ ក៏ទទួលបានដីទំហំ ៥,២៥ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យោងតាមអនុក្រឹត្យដែលបានចុះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ផ្ទៃដីចំនួន ៤,៤ ហិកតា ត្រូវបានដកហូតពីដីសម្បទានសង្គមកិច្ច ចំណែកដីផ្សេងទៀតគឺបានមកពីអតីតដីព្រៃ។
បុគ្គលម្នាក់ទៀតឈ្មោះ វ៉ាន់ វណ្ណា ទទួលបានដីទំហំ ៨,៩ហិកតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភ្លាមៗ អត្តសញ្ញាណរបស់បុគ្គលឈ្មោះ វ៉ាន់ វណ្ណា មិនត្រូវបានដឹងច្បាស់ឡើយ។
បើយោងតាមអនុក្រឹត្យ ដីដែលត្រូវបានផ្តល់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គឺស្ថិតនៅតំបន់អភិវឌ្ឍន៍មួយក្នុងស្រុកព្រៃនប់ ក្នុងនោះកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកជំនួញម្នាក់ឈ្មោះ ឡៅ អានី និងក្រុមហ៊ុន Fu Hai សុទ្ធតែទទួលបានដី។
អនុក្រឹត្យនេះក៏បានផ្ទេរអាងស្តុកទឹកទំហំ ៦៤១,៤៦ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុន TP Moral Group ជាថ្នូរនឹងការ «រៀបចំអាងស្តុកទឹក» ដែលមានទំហំ ១៥៤,៩៣ហិកតា។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ អាងស្តុកទឹកនេះលាតសន្ធឹងលើឃុំចំនួន៣ គឺឃុំដូង ឃុំចំប៉ី និងឃុំពារាម ក្នុងស្រុកបាទី ប៉ុន្តែទីតាំងពិតប្រាកដមិនមានភាពច្បាស់លាស់ទេ ដោយសារអនុក្រឹត្យនេះមិនភ្ជាប់ជាមួយផែនទី។
យោងតាមឯកសារដែលបានចេញផ្សាយកាលពីឆ្នាំមុន ក្រុមហ៊ុន TP Moral Group របស់លោក ឃុន សៀ ធ្លាប់បានទទួលដីនៅភ្នំតាម៉ៅ សម្រាប់ការអភិវឌ្ឍ ប៉ុន្តែលោក ហ៊ុន សែន បានលុបចោលគម្រោងអភិវឌ្ឍន៍សម្រាប់តំបន់ព្រៃនោះ។
អនុក្រឹត្យដែលចេញកាលពីខែកុម្ភៈ និងខែមីនា ឆ្នាំមុន បានបង្ហាញថា រដ្ឋាភិបាលក៏មានគម្រោងធ្វើសម្បទានផ្នែកខ្លះនៃរមណីយដ្ឋានទេសចរណ៍ទន្លេបាទីដ៏មានប្រជាប្រិយ។
អ្នកនាំពាក្យសាលាខេត្តតាកែវ លោក មាស អ៊ុយ មានប្រសាសន៍ថា លោកមិនបានដឹងអំពីអនុក្រឹត្យនេះ ដែលប្រគល់ដីឱ្យក្រុមហ៊ុន TP Moral Group ឡើយ។ នាយកពីររូបរបស់ក្រុមហ៊ុនដែលមានឈ្មោះក្នុងគេហទំព័រក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងបានឡើយ។
យោងតាមឯកសារដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅកន្លែងផ្សេងទៀតក្នុងខេត្តតាកែវ ដីទំហំ ៦១ហិកតា នៅឃុំស្រែរនោង ស្រុកត្រាំកក់ និងឃុំលាយបូរ ត្រូវបានផ្តល់ឱ្យបុគ្គលម្នាក់ឈ្មោះ តាន់ បញ្ញាវុធ ប៉ុន្តែមិនច្បាស់អំពីទីតាំងឡើយ។ យោងតាមសៀវភៅមរណភាពរបស់ម្តាយលោកស្រី ប៊ុន រ៉ានី ដែលបានចេញផ្សាយកាលពីឆ្នាំ២០២០ ឈ្មោះ តាន់ បញ្ញាវុធ ទំនងជាប្អូនថ្លៃរបស់លោកស្រី ប៊ុន រ៉ានី៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kirirom National Park, Bati District Land Granted to Elites