ក្រសួងស្នើសមត្ថកិច្ចទប់ស្កាត់ចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ពាក់ព័ន្ធព្រឹត្តិការណ៍នៅផ្លូវវេងស្រេងលើបណ្ដាញសង្គម

តារាចម្រៀងរ៉េប យុវជន គា សុគន្ធ ក្នុងកម្មវិធីតន្ត្រីមួយធ្វើឡើងដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២។ (ហ៊ាន រង្សី/ VOD)

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ស្នើ​សមត្ថកិច្ច​​ចាត់​​វិធាន​ការ​ទប់ស្កាត់​​​បណ្ដាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយ​​​​ក​​បទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

នេះបើយោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣​នេះ ដែល​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា ផ្ញើ​ទៅកាន់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន

ក្នុងលិខិតនោះ លោកស្រី​​ ភឿង សកុណា អះ​អាង​ថា បច្ចុប្បន្ននេះ មាន​ Page (ទំព័រហ្វេស​ប៊ុក​) នៅ​លើ​បណ្តាញ​​​​សង្គម​មួយចំនួនបានយក​​បទ​ចម្រៀងអមដោយរូបភាព ក្រោមមចំណងជើង​ថា «ឈាមបាតុករ» មកផ្សព្វផ្សាយ​​។

លោកស្រី​ចាត់ទុក​ខ្លឹមសារបទ​ចម្រៀងនោះថា មានរូបភាព «អុចអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់​ធ្នាប់​ដល់​សង្គម​ [ដែលជា]របស់​អ្នក​និពន្ធ​ទំនុក​ច្រៀង និងអ្នកច្រៀងឈ្មោះ គា សុគន្ធ ដែល​ធ្លាប់​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ចាត់វិធានការបិទ និង​ផ្ដន្ទាទោសម្តងរួចហើយ មកផ្សព្វផ្សាយជាថ្មីឡើងវិញ»។

លោកស្រី​បញ្ជាក់​ថា ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងនេះ ក្រសួងស្នើអគ្គស្នងការនគរបាលជាតិ ពិនិត្យចាត់វិធានការនានាតាម​នីតិវិធី​ច្បាប់។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ​លោក ឆាយ គឹមខឿន លើក​ឡើងថា គិតត្រឹមរសៀល​ថ្ងៃសុក្រ​​នេះ លោកមិនទាន់ទទួលបានលិខិតស្នើសុំវិធានការនោះនៅឡើយទេ។

លោកថា៖ «ចំពោះវិធានការយ៉ាងណា ទាល់តែយើងខ្ញុំមើលឯកសារសិន។ អត់ឃើញឯកសារ ខ្ញុំមិនដឹង​ចា​ត់​កា​ររបៀបម៉េចនៅឡើយទេ ចាំឃើញឯកសារសិន យើងនឹងអនុវត្តតាមនីតិវិធីជាក់ស្តែង»។

បទចម្រៀងនេះត្រូវ​បាន​គេផ្សព្វផ្សាយនៅថ្ងៃខួប ៩ឆ្នាំ នៃព្រឹត្តិការ​ណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​​កម្មក​រ​នៅ​ផ្លូវ​វេង​ស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ខណៈកម្មករ​រាប់​រយ​​នាក់ ពេលនោះបាន​ចេ​ញ​តវ៉ា​ទាមទារប្រាក់​ឈ្នួលគោល​១៦០ដុល្លារក្នុងមួយខែ

ព្រឹត្តិការណ៍​ហិង្សា​នៅ​ពេល​នោះបណ្តាលឱ្យមនុស្សមួយចំនួនបានស្លាប់ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ខណៈអ្នក​ខ្លះ​បាត់​ខ្លួន​រហូត​បច្ចុប្បន្ន និងមនុស្សជាង២០នាក់ត្រូវបានចាប់ឃុំខ្លួន។

សង្គមស៊ីវិលយល់ថា ព្រឹត្តិ​ការណ៍​ដែល​បាន​កន្លងផុត​​​ទៅរយៈពេល​​៩ឆ្នាំមក​នេះ រដ្ឋាភិបាលជាអ្នក​ទទួលខុស​ត្រូវ នៅមិនទាន់ចាប់ជនដៃដល់មកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះនៅឡើយទេ ។

យុវជន គា សុគន្ធ បានបដិសេធ​ការចោទប្រកាន់​របស់ក្រសួងវប្បធម៌ ដោយសំអាងដូច្នេះថា៖ «នៅនេះអត់​ទាន់​អី​ទេ [មិនទាន់ចាប់ខ្លួន] ប៉ុន្តែ​មិនដឹងថា​វា​យ៉ាងម៉េចតទៅទៀតទេ ​[បទចម្រៀង​នេះ​ថ្មី ឬចាស់?] បទ​ថ្មី ទើប​នឹង​ចេញបានពី​រ​បីថ្ងៃ»។

ជាការ​កត់សម្គាល់ បទចម្រៀង​​​នេះ​ត្រូវបានគេចែកចាយនៅលើ​បណ្តាញសង្គម​​ ខណៈ​​អង្គ​កា​រ​​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​មួយចំនួន​​បាន​យក​ទៅ​ផ្សព្វផ្សាយ​នៅលើ​ទំព័រហ្វេស​ប៊ុក​​របស់​ខ្លួនផង​​ដែរ ក្នុង​នោះមាន​ទាំងអង្គ​ការ​សង់​ត្រាល់ និង​អង្គការ​លីកាដូ។

នាយក​ចាត់​ការ​ទូទៅអ​ង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើក​ឡើង​ថា វីដេអូដែល​​អង្គ​​ការលោក​​​បាន​​បង្ហោះនោះ​បាន​​សរសេរ​ខ្លឹមសារ​បញ្ជាក់​ច្បាស់​ពី​​គោល​​បំណង ដើម្បីជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តល់យុត្តិ​​ធ​ម៌​​ឱ្យ​ជន​រង​គ្រោះ ហើយ​ថារូបភាពក្នុងវីដេអូជា​បទចម្រៀងនេះ​ក៏ជាព្រឹត្តិការណ៍​ពិត​ដែល​បាន​កើតឡើង​នៅតាមបណ្តោយ​​ផ្លូវវេងស្រេង កាលពី៩ឆ្នាំមុន​ដែរ។

លោកថា៖ «ខ្ញុំគិតថា វាអត់មានចំនុចណាដែលយើ​ងគិត​ថាវា​ញុះ​ញង់ ឬ​ក៏បង្ក[អសន្តិសុខសង្គម]ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ គឺយើងចង់ឱ្យមានការស៊ើបអង្កេត និងការទប់ស្កាត់នៃ​ទង្វើ​ហ្នឹងកុំឱ្យកើតមាន​តទៅទៀត»។

ជន​រងគ្រោះមួ​យ​រូប​ដែល​ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធវាយនឹងដំបងរឹង ត្រូវចំក្បាល​​ហូរ​​ឈាម​​ស្រោច​​ខ្លួន នៅ​​​​មុន​ពេលចាប់ឃុំខ្លួន គឺ​ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ លោក វន់ ពៅ ចាត់​​ទុក​​ការ​ចោទ​ប្រកាន់​របស់​ក្រសួង ថា​ជា​ការមើលរំលងការពិត មិន​បាន​ជួយ​ជំរុញ​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទេ​។

លោកថា៖ «ករណីហ្នឹងក្រសួងគួរតែផ្តល់យុត្តិធម៌ គួរផ្តល់ពានរង្វាន់ដល់អ្នកដែលតាក់តែងបទចម្រៀងអ្នក​ដែល​ច្រៀង​ អ្នកដែលខំរក្សាទុកឯកសាររឿងពិតក្នុងសង្គម ត្រូវផ្តល់រង្វាន់ឱ្យគាត់ថែមទៀត ហើយ​ត្រូវដាក់​ទោស​ទណ្ឌ​ទៅលើអ្នកណាដែលប្រើហិង្សាទៅលើកម្មករ»។

ជុំវិញបញ្ហានេះ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍ផ្នត់​គំនិត លោក សេក សុជាតិ យល់ថា ក្នុងសង្គម​ប្រជាធិបតេយ្យ​ សេ​​​រីភាព​បញ្ចេញមតិត្រូវបានការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ថាសិល្បៈចម្រៀងជាផ្នែកមួយនៃសេរីភាពបញ្ចេ​ញ​មតិ ដើម្បីកែលម្អសង្គមដែរ។

លោកយល់ថា បើ​សិន​មាន​ចំណាត់ការណាមួយលើអ្នកបញ្ចេញមតិ​ដោយ​សន្តិវិធី ដើម្បីជំរុញឱ្យមានយុត្តិធម៌សង្គម នោះវានឹង​​បង្ហាញថា ​នគរបាលយុត្តិធម៌អនុវត្តផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។

យុវជន គា សុគន្ធ ជា​តារា​ចម្រៀង​រ៉េប មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​រិះ​គន់​បញ្ហាអយុត្តិធម៌សង្គម និងបញ្ហា​ព្រំដែន​។

ប៉ុន្តែ​យុវជនវ័យ​២៤ឆ្នាំរូបនេះ ត្រូវបាន​ដោះលែង​វិញកាល​ពី​ខែ​កញ្ញា ឆ្នាំ២០២១ ក្រោយ​​ពី​បាន​​​អនុវត្ត​ទោស​​​ជាប់​​ពន្ធនាគារ​​អស់​​រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កា​ត់​​ទោស​​យុវជន​រូប​នេះ​ពីបទ «ញុះញង់»។

ដោយឡែក ព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវវ៉េងស្រេង​ ដោយប្រើគ្រាប់​កាំភ្លើង បាន​បណ្ដាល​ឱ្យ​​កម្មករ៤នាក់ស្លាប់ ម្នាក់​បាត់ខ្លួន និង​ជិត​៤០នាក់រងរបួស ខណៈមនុស្ស២៣នាក់ត្រូវតុលាការចោទពីបទ បង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលនៅមិន​ទាន់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ