ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានច្រានចោលភ្លាមៗនូវសំណើបទឈប់បាញ់របស់រុស្ស៊ី ដោយលោកចាត់ទុកថា វាគឺជាល្បិចកលមួយរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ក្នុងការបង្អាក់ដល់ការរីកចម្រើនរបស់កងកម្លាំងអ៊ុយក្រែន ដើម្បីឆ្លៀតឱកាសពង្រឹងទ័ពរបស់រុស្ស៊ីវិញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងជាភាសារុស្សី ទៅកាន់វិមានក្រឹមឡាំង និងប្រជាជនរុស្ស៊ីទាំងមូល ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានឱ្យដឹងថា ទីក្រុងមូស្គូបានព្រងើយកន្តើយនឹងផែនការសន្តិភាពរបស់ទីក្រុងកៀវម្តងហើយម្តងទៀត ខណៈសង្គ្រាមនឹងត្រូវបញ្ចប់នៅពេលដែលទាហានរុស្ស៊ីចាកចេញ ឬត្រូវបានកម្ចាត់ចេញអស់ពីអ៊ុយក្រែន។
លោកបានលើកឡើងបន្តនៅក្នុងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូថា៖ «បច្ចុប្បន្ននេះ ពួកគេ [រុស្ស៊ី] ចង់ប្រើប្រាស់បទឈប់បាញ់ក្នុងរយៈពេលខ្លីនេះ ដើម្បីបង្អាក់ដល់ការរីកចម្រើនរបស់កងទ័ពយើងនៅក្នុងតំបន់ដុនបាស ហើយឆ្លៀតយកឱកាសនេះដើម្បីនាំយកឧបករណ៍ គ្រាប់រំសេវ និងកងទ័ព ចល័តចូលមកកៀកទីតាំងរបស់យើង»។
ទាក់ទិននឹងករណីនេះ លោកថា សកម្មភាពនេះនឹងមិនផ្ដល់អ្វីក្រៅតែពីផ្ដល់ការខាតបង់បន្ថែមទៀតដល់ពួកគេនោះទេ។
លោក ហ្សេលេនស្គី បន្ថែមថា៖ «ការបញ្ចប់សង្គ្រាម គឺមានន័យថា ការបញ្ចប់ការឈ្លានពានរបស់ប្រទេសអ្នកដែលបន្តធ្វើឡើងជារៀងរាល់ថ្ងៃ។ សង្គ្រាមនឹងអាចបញ្ចប់ទៅបាន លុះត្រាតែទាហានរបស់អ្នកចាកចេញ ឬត្រូវបានកម្ចាត់ដោយពួកយើង»។
គួរបញ្ជាក់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសជាឯកតោភាគីពីបទឈប់បាញ់សម្រាប់រយៈពេល៣៦ម៉ោង ដែលនឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃសុក្រនេះ ហើយបញ្ចប់នៅពាក់កណ្ដាលយប់ថ្ងៃសៅរ៍។
ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់នេះភ្លាមៗ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានឱ្យដឹងផងដែរថា លោក ពូទីន កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលត្រូវបង្ខំចិត្តប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីអាចឱ្យខ្លួនមានពេលក្នុងការកសាងយុទ្ធសាស្រ្តទ័ពឡើងវិញមួយចំនួន។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី១០ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុងតែព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ៕












