សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា រដ្ឋសភា ដែលជាស្ថាប័នបង្កើតច្បាប់របស់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតដកឧបនាយករដ្ឋមន្ត្រី ២រូប ចេញពីមុខតំណែងរបស់ពួកគេ ខណៈមានការលើកឡើងថា សកម្មភាពនេះកើតឡើងស្របពេលដែលវៀតណាមកំពុងតែបង្កើនការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីការសម្រេចចិត្តរបស់សភា ក្នុងការដកតំណែងមន្ត្រីជាន់ខ្ពស់ចំនួនពីររូប ដែលរួមមានលោក Pham Binh Minh និង Vu Duc Dam នោះទេ ខណៈពួកគេទាំង២នាក់ក៏មិនត្រូវបានចាប់ខ្លួន ឬត្រូវបានចោទប្រកាន់ពីបទណាមួយផងដែរ។
លោក Pham Binh Minh និង Vu Duc Dam មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ។
ទាក់ទិននឹងករណីនេះ សភាក៏បានផ្តល់សច្ចាប័នលើការតែងតាំងរដ្ឋមន្ត្រីបរិស្ថាន លោក Tran Hong Ha និងប្រធានបក្សប្រចាំទីក្រុង Haiphong លោក Tran Luu Quang ជាឧបនាយករដ្ឋមន្ត្រីថ្មីទាំងពីររូបផងដែរ។
គួរបញ្ជាក់ថា លោក Pham Binh Minh ដែលបច្ចុប្បន្នមានអាយុ៦៣ឆ្នាំ ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីការបរទេសវៀតណាមចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ និងក្លាយជាឧបនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៣។
ចំណែកឯលោក Vu Duc Dam អាយុ៥៩ឆ្នាំ ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០១៣ ដូចគ្នានេះគឺត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ការខិតខំប្រឹងប្រែងរបស់លោក ដើម្បីដឹកនាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងប្រទេសវៀតណាម៕