គ្រូបង្រៀនស្ម័គ្រចិត្តនៅកម្ពុជាក្រោម បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ កុមារ យុវជន និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីគ្រប់គ្រងដោយប្រទេសវៀតណាម ដើម្បីថែរក្សាអក្សរសាស្រ្តជាតិមិនឱ្យបាត់បង់ បើទោះបីមិនមានការជួយឧបត្ថម្ភពីរដ្ឋអំណាចវៀតណាមក៏ដោយ។

ជាព្រះសង្ឃខ្មែរក្រោម និងជាគ្រូបង្រៀនស្ម័គ្រចិត្តមួយអង្គ គឺព្រះតេជព្រះគុណ ថាច់ ថយ សព្វថ្ងៃគង់នៅវត្តមេពាំង ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានឱ្យដឹងថា ព្រះអង្គចាប់ផ្តើមបង្រៀនភាសាខ្មែរ និងភាសាបាលី អស់រយៈពេលជិត១៥ព្រះវស្សាមកហើយ។ ព្រះអង្គមើលឃើញថា ការរៀនភាសាខ្មែរនៅកម្ពុជាក្រោមមិនសូវបានទូលំទូលាយ ពោលគឺមានតែនៅតាមទីវត្តអារាមប៉ុណ្ណោះ ទើបព្រះអង្គសម្រេចព្រះទ័យបង្រៀនភាសាខ្មែរ និងភាសាបាលីនេះដល់កូនខ្មែររហូតមក។ ព្រះអង្គបន្តថា ការបង្រៀនភាសាខ្មែរនេះមិនទទួលបានប្រាក់បៀវត្សអ្វីនោះទេ គឺជាការងារស្ម័គ្រចិត្ត និងជាការស្រឡាញ់អក្សរសាស្រ្តជាតិរបស់ខ្លួន មិនចង់ឱ្យបាត់បង់ ជាពិសេសព្រះអង្គចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានចេះដឹងភាសាជាតិខ្លួនឯង។
ព្រះអង្គមានថេរដីកាថា៖ «ទី១ ដើម្បីឱ្យខ្លួនចេះ ហើយដល់ទី២ ដើម្បីជួយបន្តភាសាអក្សរសាសាស្រ្តរបស់ខ្លួនហ្នឹងតទៅថ្ងៃអនាគតទៀត ដល់ផ្នែកទី៣ វាចូលរួមក្នុងការថែរក្សា។ ហើយនៅកម្ពុជាក្រោម បើសិនយើងមិនខំប្រឹងប្រែងរៀនទេ យើងគ្មានសាលាណាទៅរៀនភាសាជាតិយើងទេ អ៊ីចឹងទាល់តែចូលមករៀននៅក្នុងវត្ត។ ទាល់តែប្រឹងប្រែងទាំងអស់គ្នា ដើម្បីម៉េច? ថ្ងៃក្រោយផុតពីចាស់ៗទៅ យើងអ្នកក្រោយៗហ្នឹង យើងស្នង យើងបន្តវេនគ្នាទៅទៀត»។
ព្រះអង្គបន្ថែមទៀតថា៖ «ភាសាខ្មែរយើងនៅកម្ពុជាក្រោម ទាំងអក្សរសាស្រ្ត ខាងរដ្ឋាភិបាលគេគ្រាន់តែគាំទ្រឱ្យយើងបើក ប៉ុន្តែយើងបើក យើងរៀន យើងបង្រៀនយ៉ាងណា អាហ្នឹងស្រេចទៅលើយើង គេគ្មានឧបត្ថម្ភ សូម្បីតែថវិកាឬក៏ប្រាក់បៀវត្សគ្រូបង្រៀន គឺគ្មានទេ»។
ព្រះសង្ឃមានព្រះជន្ម ៣៩ព្រះវស្សាអង្គនេះ រៀបរាប់ថា ភាសាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរ ជាភាសាផ្លូវការរបស់ខ្មែរ និងជាព្រលឹងវប្បធម៌ខ្មែរផងដែរ។ ដូច្នេះ ព្រះអង្គចាត់ទុកថា ការមិនសិក្សាអក្សរសាស្រ្តជាតិរបស់ខ្លួន គឺជាការបំភ្លេចចោលអត្តសញ្ញាណជាតិសាសន៍ខ្មែរ។
ព្រះភិក្ខុ ថាច់ ថយ មានថេរដីកាបន្តថា៖ «អាត្មាចង់និយាយមួយម៉ាត់ថា យើងនៅកម្ពុជាក្រោមបើយើងមិនខំប្រឹងពង្រឹងពង្រីកទេ យើងនឹងបាត់បង់។ អ៊ីចឹង ឱកាសដែលពួកអាត្មាស្រឡាញ់ ពួកអាត្មាបង្ហាត់បង្រៀន គឺចាប់តាំងពីពេលដែលអាត្មាចេះអក្សរសាស្រ្តខ្មែរ មានសមត្ថភាពក្នុងការអាចបង្ហាត់បង្រៀនបាន គឺអាត្មាចង់បង្ហាត់បង្រៀនជាមួយសិស្សចាប់តាំងពីចប់ថ្នាក់មក»។
របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ក្នុងឆ្នាំ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន៨ ៧៥០អង្គ ក្នុងនោះ ខេត្តព្រះត្រពាំង មាន៣ ៦១៦អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន៤៦១វត្ត ក្នុងនោះ ខេត្តព្រះត្រពាំងមាន ១៤៣វត្ត។

ស្រដៀងគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ទ្រី សារាង រស់នៅភូមិ កាសាំង ឃុំបង្រៃ ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានលើកឡើងថា ទោះបីជាបច្ចុប្បន្នពលរដ្ឋខ្មែរក្រោមត្រូវរស់ក្នុងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែក្នុងនាមជាជាតិសាសន៍ខ្មែរ គឺមិនអាចបោះបង់ចោលវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាជនជាតិខ្មែរបានទេ។ អ្នកស្រីបារម្ភថា អក្សសាស្រ្តខ្មែរអាចនឹងបាតបង់ បើមិនមានការបង្រៀនដល់យុវជនជំនាន់ក្រោយក្នុងទឹកដីកម្ពុជាក្រោមនោះ។
អ្នកស្រី ទ្រី សារាង និយាយថា៖ «មូលហេតុដែលជំរុញឱ្យខ្ញុំក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្តហ្នឹង គឺដោយសារទី១ គឺអាណិតដល់ប្អូនៗដែលជាកូនខ្មែរដែលជាបច្ឆាជនជំនាន់ក្រោយដែលនៅមានការល្ងិតល្ងង់ មិនទាន់មានការភ្ញាក់រឭក ដោយចាំបាច់ត្រូវការមានការសិក្សារៀនសូត្រទាំងអស់គ្នា ពីព្រោះថា ការសិក្សារៀនសូត្រនេះហើយជាប្រភពដ៏សំខាន់សម្រាប់ជីវិតយើងម្នាក់ៗ ជាផ្លូវបរិបទ ជាអាជីពនៃសុភមង្គលរបស់យើង នេះហើយជាមូលហេតុទី១»។
អ្នកស្រីបន្ថែមទៀតថា៖ «មូលហេតុទី២ទៀត គឺដោយសារយើងទាំងអស់គ្នាដឹងស្រាប់ហើយថាជាតិសាសន៍នីមួយៗតែងតែមានអក្សរសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ខុសៗពីគ្នាក៏ដោយ ហើយជាតិគេក៏រមែងខិតខំថែរក្សាមិនឱ្យបាត់បង់ផងដែរ ហើយចំពោះខេមរជាតិយើងវិញក៏មានអក្សរសាស្រ្តជាតិជាឪពុក ជាភាសារបស់ជាតិ។ ផ្ទុយទៅវិញ បើយើងគ្រប់គ្នាមិនជួយអភិរក្សថែរក្សានូវមរតជាតិនេះទេ ទីបំផុតជាតិរមែងសាបសូន្យដោយអាការផ្សេងៗដោយប្រការណាមួយជាមិនខាន»។
ស្រ្តីវ័យ៣១ឆ្នាំ ជាអ្នកខេត្តព្រះត្រពាំង រូបនេះ បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយដែលកំពុងរៀនភាសាខ្មែរក្នុងទឹកដីកម្ពុជាក្រោម ខិតខំរៀនសូត្រ ដើម្បីអភិរក្សអក្សរសាស្រ្តជាតិរបស់ខ្លួនឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។
អ្នកស្រី ទ្រី សារាង ស្នើថា៖ «បំណងរបស់ខ្ញុំ គឺចង់ផ្តាំផ្ញើទៅប្អូនៗជំនាន់ក្រោយថា ក្នុងនាមយើងជាកូនខ្មែរទាំងអស់គ្នា ដើម្បីរក្សានូវការស្ថិរភាពនូវនិរន្តរភាពចំពោះកេរមរតកទាំងឡាយដែលដូនតាបានបន្សល់ទុកមកនោះ គឺយើងទាំងអស់គ្នាគប្បីរួមកម្លាំងគ្នា ព្រួតដៃគ្នា ត្រូវចេះលើកស្ទួយ លើកតម្កើង និងឱ្យតម្លៃនូវអ្វីដែលជារបស់ខ្មែរ ដូច្នេះត្រូវចេះសិក្សានូវអក្សរសាស្រ្តជាតិរបស់ខ្លួន ត្រូវចេះរក្សានូវភាសាជាតិរបស់ខ្លួន ឱ្យសមនឹងពាក្យស្លោកថាប្រយ័ត្នគង់ ប្រហែសបាត់»។
មិនខុសគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត គឺលោក កៀង មករា ជាអ្នកខេត្តព្រះត្រពាំង បានប្រាប់វីអូឌីថា ការបង្រៀនភាសាខ្មែរក្នុងទឹកដីកម្ពុជាក្រោមនេះ គឺជាភារកិច្ចក្នុងនាមជាកូនខ្មែរមួយរូប ទោះបីជាលោកមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែលោកមានមោទកភាពដែលបានលើកតម្កើងអក្សរសាស្រ្តជាតិ តាមរយៈការងារស្ម័គ្រចិត្តជាគ្រូបង្រៀននេះ។
លោក កៀង មករា ថា៖ «មូលហេតុដែលខ្ញុំបង្រៀនអក្សរខ្មែរ បើនិយាយតាមពិតទៅ គឺអត់មែនកើតឡើងដោយការចង់ឬមិនចង់នោះទេ ព្រោះសម្រាប់ខ្ញុំ នេះចាត់ទុកជាកាតព្វកិច្ចរបស់ខ្លួន នៅពេលថ្នាក់រៀនផ្នែកពុទ្ធិកសិក្សា [វត្តអារាមខ្លួន] ត្រូវការ ក៏ខ្ញុំចូលខ្លួនបម្រើដោយស្ម័គ្រចិត្ត ពោលគឺកាលពី២ឆ្នាំមុន គ្រូចៅអធិការវត្តបានស្នើខ្ញុំឱ្យទទួលបន្ទុកមុខវិជ្ជាភាសាខ្មែរ អាចដោយសារមុខវិជ្ជានោះកំពុងខ្វះអាចារ្យបង្រៀនដែលមានចំណេះជំនាញ ហើយខ្ញុំក៏ព្រមទទួលដោយរីករាយឥតលក្ខខណ្ឌ មួយវិញទៀតមុខវិជ្ជានេះ ខ្ញុំក៏ពេញចិត្តផង»។
ចំណែកអគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា បងប្អូនខ្មែរក្រោមមានទម្លាប់មួយតែងតែនាំគ្នាជួយអភិរក្សថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ និងជួយបង្ហាត់បង្រៀនភាសាកំណើតរបស់ខ្លូនតាំងពីដូនតាមកម្ល៉េះ។ លោកបន្ថែមទៀតថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋខ្មែរក្រោមនៅតែសាមគ្គីគ្នាថែរក្សាបានជាច្រើននូវវត្តអារាមព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ សិល្បៈបុរាណខ្មែរបានយ៉ាងខ្ជាប់ខ្ជួន។
លោកមានប្រសាសន៍ថា៖ «ទម្លាប់របស់ខ្មែរយើងដែលនៅកម្ពុជាក្រោម មិនថាបច្ចុប្បន្នទេ គឺមានតាំងពីអតីតកាលមកម្ល៉េះ ជំនាន់ក្នុងទសវត្សរ៍ ៧០–៨០ ដែលយើងមានចាស់ព្រឹទ្ធាចារ្យមានអ្នកជាតិនិយមខ្មែរយើង មានអ្នកស្នេហាទៅលើខាងអភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងហ្នឹង គាត់បានបូជានូវកម្លាំងកាយចិត្តរបស់គាត់ តាំងពីចំណេះដឹងរបស់គាត់ មិនបានគិតអំពីប្រាក់ខែទេ។ ហើយរហូតតមកដល់បច្ចុប្បន្ននេះ គឺជារឿងមួយដែលជាមនសិការ ជាឧត្តមគតិ ស្ថិតនៅលើកូនខ្មែរយើងនៅកម្ពុជាក្រោមតរៀងមក»។


ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបានបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រាដែនដីឥណ្ឌូចិន។
ទោះជាយ៉ាងណាក៏ដោយ បើតាមឯកសារប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោមមួយចំនួនឱ្យដឹងថា កម្ពុជាក្រោមនៅក្រោមការត្រួតត្រារបស់បារាំង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម គឺមានសិទ្ធិស្មើគ្នាដូចជនជាតិវៀតណាមដែរ នៅក្នុងវិស័យអប់រំ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយក្នុងការសិក្សាភាសា អក្សរសាស្រ្ត ប្រវត្តិសាស្រ្តជាតិខ្មែររបស់ខ្លួន ។ ព្រះសង្ឃខ្មែរក្រោមដែលបញ្ចប់ការសិក្សានៅដែនដីកម្ពុជាក្រោមនៅពេលនោះ ក៏ត្រូវបានរដ្ឋាភិបាលនៅប្រទេសកម្ពុជាទទួលឱ្យចូលសិក្សានៅទីក្រុងភ្នំពេញ។ លើសពីនេះ មន្រ្តីសង្ឃធំៗនៅកម្ពុជាក៏តែងបាននិមន្តទៅទស្សនកិច្ចនៅកម្ពុជាក្រោម ដើម្បីជួបព្រះសង្ឃនិងពលរដ្ឋនៅទីនោះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់របស់ព្រះសង្ឃនៅកម្ពុជាចំពោះខ្មែរក្រោម និងជជែកអំពីការរៀបចំប្រព័ន្ធសិក្សានៅកម្ពុជាក្រោម ជាដើម។
ពិសេសជាងនេះទៅទៀត អាគារពុទ្ធសាសនបណ្ឌិត្យរង ក៏ត្រូវបានសាងសង់ឡើងនៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ដែលដើរតួនាទីជាមជ្ឈមណ្ឌលវប្បធម៌មួយនៅទូទាំងកម្ពុជាក្រោមទាំងមូល។ អាគារពុទ្ធសាសនបណ្ឌិត្យរងនេះ ត្រូវបានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងទៅសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៤២ ពោលគឺមួយឆ្នាំក្រោយពីអង្គបានឡើងគ្រងរាជ្យសម្បត្តិនៅកម្ពុជា។ ចាប់តាំងពីសម័យអាណានិគមបារាំង រហូតដល់សម័យសង្គមរាស្រ្តនិយម តមកដល់សម័យសាធាណរដ្ឋខ្មែរ ព្រះសង្ឃខ្មែរក្រោមជាច្រើនរយអង្គត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍ឱ្យមកបន្តការសិក្សានៅប្រទេសកម្ពុជា។
បែបនេះក្តី ចាប់តាំងពីក្រោយសម័យអាណានិគមបារាំង ជាពិសេសចាប់តាំងពីការឡើងកាន់អំណាចរបស់បក្សកុម្មុយនីស្តវៀតណាមនៅក្នុងឆ្នាំ១៩៧៥មក ការសិក្សាភាសាខ្មែរនៅកម្ពុជាក្រោម ត្រូវបានរឹតត្បិត ព្រះសង្ឃខ្មែរក្រោមមួយចំនួនត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញដោយសារការបំផុសចលនាសិក្សាភាសាខ្មែរ។ ចំណែកការសិក្សាប្រវត្តិសាស្រ្តខ្មែរ ក៏ត្រូវបានហាមឃាត់។ ដោយសារតែរឹតត្បិតរបស់រដ្ឋាភិបាលវៀតណាម និងដោយបារម្ភខ្លាចបាត់បង់អក្សរសាស្រ្តជាតិខ្មែររបស់ខ្លួននៅដែនដីកម្ពុជាក្រោមនេះហើយ ទើបព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម នៅក្នុងពេលបច្ចុប្បន្ន ខិតខំបង្ហាត់បង្រៀនភាសាខ្មែរនៅតាមទីវត្តអារាម បើទោះជាពួកគេមិនទទួលបាននូវប្រាក់បៀវត្សក៏ដោយ៕