ប្រជាពលរដ្ឋជិត ៩០% នៅខេត្តហឺណាន (Henan) ប្រទេសចិន ឆ្លងជំងឺកូវីដ-១៩

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ (REUTERS)

មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានឱ្យ​​ដឹង​នៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋស្ទើរតែ ៩០ភាគរយ នៅក្នុងខេត្ត​ហឺ​ណាន (Henan) ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ប្រទេសចិន ឥលូវនេះបានឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសនេះ​កំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះ​បើយោង​តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី​៩ ខែ​មករា ឆ្នាំ២០២៣ នេះ។

លោក កាន គុនចេង (Kan Quncheng) ប្រធានគណៈកម្មការកណ្ដាលនៃសុខាភិបាលខេត្តហឺណាន (Henan) បានប្រាប់សន្និសីទសារព័ត៌មានថា៖ «គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ មានចំនួន ៨៩ភាគរយ»។

ដោយមានប្រជាជនចំនួន៩៩,៤​លាន​នាក់ មាន​ប្រជាពលរដ្ឋ​ប្រហែល៨៨,៥​លាន​នាក់ នៅ​ក្នុងខេត្ត​ហឺណាន (Henan) បានឆ្លងជំងឺកូវីដ-១៩។

ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩​ បន្ទាប់ពីកាលពីខែមុន ខ្លួនបាន​លុបចោលគោលនយោបាយ «សូន្យកូវីដ» ការ​ធ្វើចត្តាឡី​ស័ក និង​ការធ្វើតេស្តទ្រង់ទ្រាយធំ ដែល​បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន និងបង្កឱ្យមានការតវ៉ាទូទាំងប្រទេសដែលមិន​ធ្លាប់​មាន។

គួរបញ្ជាក់ថា​ បាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិន ចាប់​តាំង​​​ពី​ប្រធា​នា​ធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាច​អស់រយៈពេល​មួយទសវត្សរ៍ ប្រឆាំង​នឹង​វិធាន​ការ «សូន្យកូវីដ» ដែលត្រូវបានដាក់ចេញជិត៣ឆ្នាំ ចាប់​តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្វីដែលធ្វើឱ្យក្រុមបាតុករ​ផ្ទុះកំ​ហឹង​កាន់​​តែ​​ខ្លាំង​​នោះ គឺ​អគ្គិភ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ឯអគារលំនៅឋានដ៏ខ្ពស់មួយកន្លែង នៅរដ្ឋធានីទីហ័រ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) ដែល​បាន​សម្លាប់​មនុស្ស១០​នាក់ ហើយ​ដែលក្រុមបាតុករចោទថាបណ្ដាល​មក​ពីវិធាន​ការ​បិទ​ខ្ទប់។

ជាការឆ្លើយតបនឹងក្រុមបាតុករ រដ្ឋាភិបាលក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺ​កូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ