តំណាងកូដករណាហ្គាដាក់លិខិតស្នើសុំតុលាការបង្ហាញ «ដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ»

អ្នកគាំទ្រនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងតំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​ ​ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន​ ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងកូដករណាហ្គាវើលដ៍ ៦រូប ដាក់លិខិតស្នើសុំទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដឹងអំពីលក្ខខណ្ឌអនុវត្តតាម «ដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ» ​ ដោយថា កន្លងមក តុលាការមិនបានប្រាប់ពួកគាត់ពីខ្លឹមសារនោះឡើយ ខណៈបារម្ភពីការចាប់ចងដោយមិនដឹងខ្លួន។

ការស្នើនេះធ្វើឡើងនៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ដោយមានសកម្មជនសហជីព និងជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ៥០នាក់ ​បាននាំគ្នាប្រមូលផ្តុំនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តតំណាងរបស់ពួកគេក្នុងការដាក់លិខិតស្នើសុំនោះ។

តំណាងកូដករ និងជាថ្នាក់ដឹកនាំ​​សហជីព​បុគ្គលិក​កម្មករ​ខ្មែរ​​​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ១រូបក្នុងចំណោម៦រូប​ កញ្ញា ឈឹម សុខន ប្រាប់វីអូឌីនៅពីមុខសាលាដំបូងរាជធានីភ្នំពេញថា កញ្ញាមកដាក់ពាក្យស្នើសុំដឹងពីលក្ខខណ្ឌដែល​ត្រូវអនុវត្តតាម «ដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ» នេះ គឺដើម្បីចង់ដឹងថា តុលាការហាមសកម្មភាពអីខ្លះ និងលើកលែងសកម្មភាពអ្វីខ្លះទៅលើពួកគាត់។

កញ្ញាថា រយៈពេលមួយឆ្នាំមកនេះ ក្រោយពួកគាត់ចេញពីពន្ធនាគារពាក់ព័ន្ធបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»​ តុលាការពុំបានផ្តល់ការណែនាំ ឬឯកសារពាក់ព័ន្ធណាដល់ពួកគាត់ពីបម្រាមតុលាការឡើយ។ ​

កញ្ញាច្រានចោលចំពោះការលើកឡើងថា ពួកគាត់បានដឹងពីបម្រាមរបស់តុលាការហើយ តែធ្វើជាមិនដឹង។ កញ្ញាអះអាងថា ពួកគាត់ជាពលរដ្ឋធម្មតាពិតជាមិនបានដឹងដោយខ្លួនឯងទេ គឺទាល់តែស្ថាប័នសាម៉ីជាអ្នកណែនាំដល់ពួកគាត់ជាអ្នកអនុវត្តឱ្យច្បាស់សិន។

កញ្ញាបន្តថា៖ «ដាក់តែបម្រាមមួយមុខ ហើយអត់ឱ្យពួកខ្ញុំដឹងថាបម្រាមហ្នឹងក្នុងលក្ខខណ្ឌអីខ្លះ! អ៊ីចឹងពេលណាដែលពួកខ្ញុំចង់ធ្វើអី ហើយដល់ពេលពួកខ្ញុំធ្វើហើយ ពួកខ្ញុំអត់ដឹង ហើយដល់ពេលខុសពីបម្រាមហ្នឹង គាត់ចោទ គាត់ចាប់ដូចកញ្ញា ស៊ីថរ អីជាដើម។ អ៊ីចឹងចាប់ដាក់ពន្ធនាគារវិញ គាត់[នឹង]ចោទថាពួកខ្ញុំអត់បានទទួលបម្រាមអី។ អាលក្ខខណ្ឌហ្នឹងហើយដែលពួកខ្ញុំចង់ដឹងហ្នឹង កុំឱ្យមានការចោទអ៊ីចឹង ព្រោះពួកខ្ញុំជាប្រជាជនធម្មតាទេ ហើយពួកខ្ញុំក៏អត់ធ្លាប់ជាប់គុកដែរ អ៊ីចឹងអត់ដែលមានបទពិសោធដឹងថាបម្រាមមានស្អីខ្លះទេ។ អ៊ីចឹងតុលាការគាត់ដឹងច្បាប់ គាត់ដឹងនីតិវិធី គាត់ត្រូវតែប្រាប់ដល់អ្នកអនុវត្ត»។

រីឯតំណាងកូដករណាហ្គាវើលដ៍មួយរូបទៀត អ្នកស្រី ឃ្លាំង សុបិន្ត លើកឡើងថា មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានវាយត្រាទទួលលិខិតពីពួកគាត់ហើយ តែមិនបានបញ្ជាក់ផ្លូវការថា នឹងធ្វើអ្វីបន្ត​ឡើយ។

យ៉ាងណា អ្នកស្រីថា ពួកគាត់ជាពលរដ្ឋសាមញ្ញ និងជាអ្នកស្ថិតក្រោមច្បាប់ ដូច្នេះមានតែមន្ត្រីពាក់ព័ន្ធជាអ្នកណែនាំដល់គាត់ ជាជាងការ​លើកឡើងថារឿងនេះពលរដ្ឋគួរតែបានដឹងដោយខ្លួនឯង។

អ្នកស្រីស្នើតុលាការឆ្លើយតបឆាប់ៗទៅកាន់លិខិតរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់ជាពលរដ្ឋបានដឹងពីខ្លឹមសារបម្រាមនោះ ដើម្បីកុំឱ្យរឿងរ៉ាវស្រដៀងគ្នាកើតឡើងលើពួកគាត់ ដូចអ្វីដែលកើតឡើងលើប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ពោលត្រូវសមត្ថកិច្ចចាប់ខ្លួនជាថ្មី ទាំងសាម៉ីខ្លួនមិនបានដឹងថាខុសអី។

អ្នកស្រីថា៖ «ដូចឃើញថ្មីៗហើយថា យើងមានបម្រាម ទាំងដែលយើងអត់ដឹង! ចង់ឱ្យមានការឆ្លើយតបឱ្យលឿន ពីព្រោះដូចក្រុមការងារខ្ញុំលើកអ៊ីចឹង ចុះបើចៃដន្យក្នុងបម្រាមហ្នឹងហាមថា អត់ឱ្យទៅផ្សារអូឫស្សី អត់ឱ្យទៅផ្សារបឹងកេងកង បើយើងភ្លាត់ទៅ យើងអត់ដឹង គេចុះមកចាប់ គេថាល្មើសបម្រាម ហើយយើងធ្វើអីទៀត បើសិនគេមកចាប់ឆៅៗ ហើយគេដឹងតែពីចោទតាមក្រោយហ្នឹង។ និយាយទៅ គាត់ធ្វើការអត់ដូចអនុសាសន៍របស់សម្តេច! សម្តេចថា កុំចេះតែចាប់ៗគេពេក ស៊ើបសួរឱ្យច្បាស់សិនទៅ គុកមិនមែនចេះតែមានកន្លែងដាក់ទេ។ តែពួកគាត់ចាប់ហើយបានចោទតាមក្រោយអ៊ីចឹង»។

​កូដករផ្សេងទៀតដែលមកចូលរួមដែរ ប្រាប់ថា គាត់មកលើកទឹកចិត្ត ដោយសារតំណាងបានតស៊ូមតិដើម្បីសហជីព និងជួយការពារសិទ្ធិដល់ពួកគាត់ ដូច្នេះនៅពេលតំណាងត្រូវរងដីកាដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការបែបនេះ ពួកគាត់មិនទុកតំណាងរបស់ពួកគាត់ចោលឡើយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់វីអូឌីនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា សាលាដំបូងបានទទួលលិខិតស្នើនេះហើយ ហើយចៅក្រមក៏បានទាក់ទងទៅមេធាវីរបស់តំណាងកូដករទាំងនោះឱ្យមកទទួលដីកាដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះរួចហើយដែរ។

លោកលើកឡើងថា«យើងបានទទួលលិខិតរបស់គាត់ហ្នឹងហើយ ហើយលោកចៅក្រមក៏បានទំនាក់ទំនងទៅមេធាវីគាត់ ដើម្បីមកទទួលអំពីដីកាដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះរួចហើយបាទ។ […] ត្រូវឱ្យចូលតាំងពីព្រឹកមិញផង ប៉ុន្តែចុះទៅ គាត់ចេញទៅបាត់ទៅ។ និយាយទៅ គេបានទំនាក់ទំនងទៅមេធាវីគាត់អស់ហើយ។ តាមពិត គេបញ្ជូនទៅតាមផ្លូវរដ្ឋបាលគេអស់ហើយ ប៉ូលិសខណ្ឌ ប៉ូលិសអីហ្នឹង គាត់បានបញ្ជូនទៅភាគីៗខ្លះគាត់បានទទួលហើយតើ! មិនមែននឹងឆ្លើយតបទេ [តែសាលាដំបូងរាជធានីភ្នំពេញ] គេឆ្លើយតបរហូតមកហើយ ការងារហ្នឹង»។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការដាក់លិខិតស្នើសុំនេះ គឺជារឿងសមហេតុផល ពីព្រោះប្រសិនតុលាការមិនឱ្យលិខិតបម្រាមមកពួកគាត់ទេ នោះពួកគេមិនបានដឹងថា​ធ្វើអ្វីខុសនោះទេ។  ​

លោក សុខសាន្ត ក៏បានលើកពីករណីកញ្ញា ឈឹម ស៊ីថរ ដោយថា កញ្ញាមិនបានទទួលដីកា សម្រេចរបស់តុលាការឡើយ ដូច្នេះការចាប់និងឃុំកញ្ញាដោយចោទថាល្មើសបម្រាមតុលាការនោះ ជារឿងមិនត្រឹមត្រូវទេ។ ​

លោកថា«ខ្ញុំស្នើសុំដោយទទូចដល់សាលាដំបូងរាជធានីភ្នំពេញ ការដាក់បម្រាមឱ្យគាត់គួរតែផ្តល់ជាលិខិតឱ្យគាត់ស៊ីញ៉េទទួលនូវអ្វីដែលសាលាក្រុងតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដូច្នេះហើយបើសិនជាគាត់ដាក់ឱ្យ ហើយបើសិនជាសាម៉ីខ្លួនទទួលហើយ ហើយល្មើស អាហ្នឹងមានន័យថាអាចដាក់ទោសទណ្ឌគាត់បាន។ ប៉ុន្តែបើយើងអត់បានផ្តល់ឱ្យគាត់ ហើយយើងដាក់ទោសគាត់ មានន័យថាជារឿងអយុត្តិធម៌សម្រាប់គាត់»។

​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃក្រុម​ហ៊ុនណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ជាលើកទី២ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលត្រលប់មកពីកិច្ចប្រជុំអន្តរជាតិនៅប្រទេសអូស្រ្តាលីវិញ។ ការចាប់និងឃុំខ្លួនប្រធានសហជីពរូបនេះ ដោយតុលាការចោទប្រកាន់ថា ​​​កញ្ញាបានល្មើស​បម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានទាត់ចោលបណ្តឹងសុំនៅក្រៅឃុំរបស់កញ្ញា ស៊ីថរ ដោយតុលាការបន្តឃុំខ្លួនប្រធានសហជីពរូបនេះ ​ក្រោមហេតុផលថា សំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅជំនុំជម្រះ។

ការសម្រេចរបស់តុលាការនេះ សង្គមស៊ីវិលបានចាត់ទុកថាជារឿងមិនត្រឹមត្រូវ ដោយថា បទល្មើសបម្រាមតុលាការនោះ ពុំមែន​ជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ តែជាកំហុសនីតិវិធីរបស់តុលាការ ដែលមិនបានផ្តល់ដំណឹងពាក់ព័ន្ធដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការទៅកញ្ញា និងមេធាវី ឱ្យបានដឹងជាមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ