ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនតាម «អនឡាញ» កក់ស្ទើរទាំងអស់ ដើម្បីឱ្យពលករបរទេសរបស់ខ្លួនស្នាក់នៅ។
កញ្ញា អ៊ុយ នីតា អ្នកទទួលភ្ញៀវនៅសណ្ឋាគារអូរមាស (O’Meas) និយាយថា៖ «ខ្ញុំមិនដឹងថាវាជាអ្វីទេ។ ខ្ញុំគ្រាន់តែដឹងថាពួកគេនិយាយថា អនឡាញ អនឡាញ»។
ពាក្យនេះត្រូវបានគេនិយាយតៗគ្នាពេញក្រុង ក្នុងចំណោមប្រជាពលរដ្ឋដែលបម្រើការជាអ្នករត់តុ អ្នកបើករ៉ឺម៉កកង់បី និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍។ នៅពេលសួរលម្អិត ពួកគេមិនអាចពន្យល់ថា «អនឡាញ» ពាក់ព័ន្ធនឹងអ្វីនោះទេ ប៉ុន្តែពួកគេនិយាយថា វា [អនឡាញ] ជាអ្វីដែលជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្រុងប៉ោយប៉ែត ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។
នៅក្រុងព្រះសីហនុ ការហាមប្រាមការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតនៅចុងឆ្នាំ២០១៩ បានប្រែក្លាយឧស្សាហកម្មកាស៊ីណូ ដែលរីកដូចផ្សិតទៅជាប្រតិបត្តិការឆបោកជាសកល ហើយជនបរទេសដែលត្រូវគេជួញដូរ ត្រូវបានបង្ខំឱ្យធ្វើការ ធ្វើទារុណកម្ម និងបង្ខាំងទុក។ ប្រជាពលរដ្ឋក្នុងតំបន់ បាននិយាយថា ឧស្សាហកម្ម «តាមអ៊ីនធឺណិត» នៅក្រុងប៉ោយប៉ែត មានការកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយពលករបរទេសនៅទីនេះភាគច្រើនមានសេរីភាពក្នុងការចេញ ចូល ឬធ្វើដំណើរដោយសេរី។
កញ្ញា អ៊ុយ នីតា និយាយថា មានភ្នាក់ងារជនជាតិចិន និងថៃ ទាក់ទងកញ្ញាស្ទើររាល់ថ្ងៃ ដើម្បីសាកសួរអំពីការកក់សណ្ឋាគារទាំងមូលនៅលើផ្លូវជាតិលេខ៥ ជិតព្រំដែនថៃ។
ហាត់ ណែត ដែលធ្វើការនៅផ្ទះសំណាក់ឈ្មោះ ស្ទឹងមាស (Stoeng Meas) និយាយថា មានភ្ញៀវចង់កក់ផ្ទះសំណាក់មួយឆ្នាំពេញ។
ម្ចាស់ផ្ទះសំណាក់សុភមង្គល (Sopheak Mongkol) ឈ្មោះ តាន់ អៃហៃ និយាយថា៖ «គេចេះតែមកសួរ ចាប់តាំងពីប៉ុន្មានខែមុន ដោយសារនៅក្នុងក្រុងពេញអស់ហើយ»។
ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៥ គឺជាក្រុងប៉ោយប៉ែត ដែលមានផ្សារ ហាងទំនិញ និងអគាររាប់សិប ដែលមានមន្ត្រីសន្តិសុខឈរយាម ហើយនិយាយថាមិនមានបន្ទប់សម្រាប់ជួលទេ ដោយសារក្រុមហ៊ុនបានកក់ទុករយៈពេលវែងសម្រាប់ពលករបរទេស។
អ្នកគ្រប់គ្រងអគារម្នាក់ និយាយថា អគារទាំងមូលរបស់គាត់ត្រូវបានជួលឱ្យជនជាតិឥណ្ឌូនេស៊ី ដែលធ្វើការងារតាមអ៊ីនធឺណិត។ អ្នកគ្រប់គ្រងរូបនោះ បន្តថា អគារនៅជិតនោះត្រូវបានជួលឱ្យពលករជនជាតិថៃ ហើយចុះពីផ្លូវបន្តិច គឺការដ្ឋានកំពុងសាងសង់ដែលត្រូវបានគេកក់អស់ហើយ។
ផ្លូវមួយមានអគារចំនួន៥ នៅលើប្លុកតែមួយ ហើយមានផ្លាកសញ្ញាធំមួយសរសេរថា «ការិយាល័យជួលសម្រាប់ល្បែងតាមអនឡាញ»។
នៅខាងក្នុងសណ្ឋាគារដែលត្រូវបានជួសជុស និងកែលម្អរួច មានសន្តិសុខយាមយ៉ាងតឹងរ៉ឹង រួមទាំងឧបករណ៍រុករកលោហៈធាតុ និងម៉ាស៊ីនស្កែនម្រាមដៃផងដែរ។ សណ្ឋាគារ Sand Palace មានតុកាស៊ីណូ និងម៉ាស៊ីនស្លុត (slot machines) អេឡិចត្រូនិចនៅជាន់ផ្ទាល់ដី នៅលើកម្រាលព្រំ ហើយបុគ្គលិកដែលនិយាយថា «អនឡាញ» គឺនៅជាន់លើ។
អ្នករាយការណ៍ព័ត៌មាន បានទៅជួបពលករបរទេសមួយក្រុមនៅក្នុងក្រុង និយាយថា ពួកគេជាជនជាតិថៃ ហើយមិនចេះនិយាយភាសាអង់គ្លេស ឬភាសាខ្មែរទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម មានប្រសាសន៍ថា វិនិយោគិនមានជំនឿចិត្តចំពោះសន្តិភាពនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលយើងមានសន្តិសុខ និងនីតិរដ្ឋត្រឹមត្រូវ ពួកគេ [វិនិយោគិន] នឹងមកធ្វើអាជីវកម្មក្នុងតំបន់របស់យើង ដូច្នេះអគារធំៗ និងកាស៊ីណូខ្ពស់ៗមានការកើនឡើង ដោយសារពួកគេទុកចិត្តលើរដ្ឋាភិបាល»។
ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរាយការណ៍ថាមានកាស៊ីណូកាន់តែច្រើនឡើង និងការជួញដូរមនុស្ស។
លោក សេក សុខុម និយាយថា លោកមិនប្រាកដថាអ្វីទៅជា «អនឡាញ» នោះទេ ប៉ុន្តែវាជាផ្នែកនៃ «ឧស្សាហកម្ម ៤.០»។
លោកនិយាយថា៖ «ខ្ញុំមិនច្បាស់ទេ អ្នកអាចសួរអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពួកគេដឹងថា អ្វីជាឧស្សាហកម្ម៤.០ […] មនុស្សលក់ផលិតផលតាមអ៊ីនធឺណិត លេងហ្គេមតាមអ៊ីនធឺណិត ទាញយកព័ត៌មានពិភពលោក»។
លោកបន្តថា៖ «ពួកគេប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដូច្នេះការគ្រប់គ្រង និងការបញ្ជូនព័ត៌មាន និងការលេងល្បែងស៊ីសង ត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ហើយក្រុមហ៊ុនមួយចំនួនចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បានបិទទូរសព្ទនៅពេលអ្នកសារព័ត៌មានទូរសព្ទទៅសួរ ខណៈអ្នកនាំពាក្យម្នាក់ទៀត គឺលោក សូ វិសុទ្ធី មិនអាចទាក់ទងបានទេ។
មិនថាវាជាល្បែងស៊ីសងតាមអ៊ីនធឺណិត ការឆបោក ឬអ្វីផ្សេងទៀត ឧស្សាហកម្ម «តាមអ៊ីនធឺណិត» ដែលកំពុងមានការកើនឡើងនៅក្រុងប៉ោយប៉ែត ក៏បានលើកស្ទួយសេដ្ឋកិច្ចតំបន់ជុំវិញផងដែរ។ សូម្បីតែផ្ទះសំណាក់ដែលមិនបានជួលឱ្យក្រុមហ៊ុន ក៏និយាយថា ពួកគេរវល់ជាងពេលមុន ហើយមានពលករចំណាកស្រុកដើម្បីមករកការងារធ្វើនៅទីនេះ។
លោក កែ អ៊ីន អាយុ៦០ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ បានមកដល់ក្រុងប៉ោយប៉ែត ជាមួយសាច់ញាតិ ៣នាក់។ លោកនិយាយថា ពួកគាត់មកតាមកូន ដែលបានមកនៅក្រុងប៉ោយប៉ែត ហើយធ្វើការជាអ្នកបោកគក់។
កំពុងជក់បារីពេលលោកយកអីវ៉ាន់ចុះពីឡាន លោក កែ អ៊ីន និយាយថា៖ «ក្រុងប៉ោយប៉ែតមានការងារច្រើន ខ្ញុំកំពុងរកការងារធ្វើ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Residents Say ‘Online’ Has Taken Over Poipet Accommodations