សង្គមស៊ីវិលព្រមលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមតាមការស្នើសុំរបស់សមត្ថកិច្ច

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

សង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងការ​ឃ្លាំមើល​សិទ្ធិមនុស្ស និងការងារ ព្រមលុបវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន  បន្ទាប់ពីសមត្ថកិច្ចបានកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ និងស្នើឱ្យលុបចោលវីដេអូចម្រៀងនោះ ក្រោម​​ហេ​​​តុផលថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

​​បទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាមបាតុករ» ដែលជាបទចម្រៀងរម្លឹកពីព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចទៅលើក្រុមបាតុករដែលធ្វើបាតុកម្មដោយអហិង្សាលើផ្លូវវេងស្រេង ទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ កាលពីដើមឆ្នាំ២០១៤។ ​

នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកជួបជាមួយសមត្ថកិច្ចនៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃអង្គារ​ថា សមត្ថកិច្ចបានសួរនាំគាត់ពាក់ព័ន្ធនឹងវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ»  ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា វីដេអូ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។ 

លោកបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចសាកសួរចប់ សមត្ថកិច្ចក៏បានស្នើសុំឱ្យអង្គការរបស់លោកលុបវីដេអូចម្រៀងដែលបង្ហោះនៅលើបណ្តាញសង្គមនិងគេហទំព័ររបស់ខ្លួនចេញវិញ។ យ៉ាងណា លោកថា មិនជំទាស់នឹងការស្នើសុំរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែលោកនៅតែអះអាងថា បទចម្រៀងដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួនមិនប៉ះពាល់ដល់អសន្តិសុខសង្គមនោះទេ។

លោកមានប្រសាសន៍ថា៖ «ដោយសារតែអាជ្ញាធរគាត់យល់ឃើញអ៊ីចឹង យើងក៏សម្រេចចិត្តដកទៅចុះ ក៏ប៉ុន្តែខ្ញុំសុំរក្សានូវគោលបំណង៣ គោលបំណងសំខាន់ ត្រូវធ្វើការស៊ើបអង្កេតឱ្យច្បាស់លាស់ មានតម្លាភាព ឱ្យមានការចូលរួមពីភាគីពាក់ព័ន្ទទាំងអស់ ដើម្បីលុបចោលនូវការសង្ស័យគ្នាថាអ្នកនេះ អ្នកនោះ។ មួយទៀត សុំកុំឱ្យយកហិង្សាទៅដោះស្រាយបញ្ហា។ ហើយទី៣ សេរីភាពបញ្ចេញ[មតិ]ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ»។

ក្នុងលិខិតកោះហៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលវីអូឌី​​ទទួលបាន​ ឱ្យដឹងថា សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន ៤នាក់ ឱ្យចូលបំភ្លឺនៅអគ្គស្នងការដ្ឋាន រួមមាន លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ដែលបានចូលបំភ្លឺនៅថ្ងៃទី៩ ខែមករា។ បន្ថែមពីនេះ កោះហៅលោក មឿន តុលា នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ រួមទាំង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១០ ខែមករា ខណៈលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ត្រូវចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា។ ការកោះហៅមន្ត្រីសង្គមស៊ីវិលទាំង៤រូបនេះ ​ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ​។

នៅលើ​ទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ ដែលបានបង្ហោះខ្លឹមសារនៅថ្ងៃទី១០ ខែមករា ថា​ កាលពីថ្ងៃចន្ទ​ មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានកោះហៅនាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក អំ សំអាត សាកសួរពាក់ព័ន្ធនឹងវីដេអូចម្រៀង​ដែល​មាន​ចំណងជើង​ថា​ “​ឈាម​បាតុករ​” ​។ អំឡុងពេលសាកសួរ សមត្ថកិច្ចបានប្រាប់ឱ្យលោក អំ សំអាត លុប​វីដេអូ​ចម្រៀងនោះចេញ​ពី​បណ្តាញ​សង្គម​ ​និង​គេហទំព័រ​របស់ខ្លូន បើពុំលុបទេ សមត្ថកិច្ចនឹងចាត់វិធានការ​តាម​ផ្លូវច្បាប់​​។​

ករណីនេះ អង្គការលីកាដូ ​បាន​លុប​វីដេអូ​ចម្រៀងនោះចេញពី​បណ្តាញ​សង្គម​របស់​អង្គការ ​កាលពីយប់ថ្ងៃទី៩ ខែមករា​ ​និង​ចេញពី​គេហទំព័រ​នៅ​ព្រឹកថ្ងៃអង្គារ​ផងដែរ។​

យ៉ាងណា ​អង្គការ​​លី​កា​ដូ ​នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ វីដេអូ​ចម្រៀង​នេះ​​មិនមែន​ជា​បទល្មើស​ញុះញង់​នោះ​ទេ​ ​ហើយ​ផ្ទុយទៅវិញ ការ​ចេញផ្សាយ​វីដេអូ​ ​គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​។​ ​អង្គការនេះនៅ​តែបន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ទៅលើ​អំពើ​ហិង្សា​ ​ការ​ស្លាប់​ ​និង​ការ​បាត់ខ្លួន​កម្មករ​ ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​ទប់​ស្កាត់​កុំ​ឱ្យ​កើតមាន​នូវ​អំពើ​ហិង្សា​ដ៏​អាក្រក់​ដូច្នេះបន្ត​ទៀត​ ​និង​បន្ត​ប្រារព្ធ​ខួប​នៃ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការលុបវីដេអូចម្រៀងរ៉េប «ឈាមបាតុករ» ចេញពីបណ្តាញសង្គមពីសំណាក់មន្ត្រីសង្គមស៊ីវិលដែលមានឈ្មោះកោះហៅនោះ ជារឿងល្អ ដោយបង្ហាញថា សង្គមស៊ីវិលទាំងនោះសហការបានល្អជាមួយសមត្ថ​កិច្ច។

លោកស្នើទៅមន្ត្រីអង្គការសង្គមស៊ីវិលទាំងអស់ មុននឹងធ្វើការបញ្ចេញមតិ ត្រូវគោរពតាមច្បាប់ កុំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសង្គមជាតិ។

លោកមានប្រសាសន៍ថា«យើងមានសេរីភាព តែធ្វើម៉េចការបញ្ចេញសេរីភាពរបស់យើងនេះ កុំឱ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃ និងសិទ្ធិអ្នកដទៃ និងប៉ះពាល់ដល់បរិស្ថានសង្គមទាំងមូល។ ពេលខ្លះទៅ ការប្រើប្រាស់ពាក្យសម្តី ឬការចាក់ផ្សាយតាមបែបជាព័ត៌មាន ស្ពតខ្លីៗមួយចំនួន វាធ្វើឱ្យប៉ះពាល់ដល់បរិយាកាសសន្តិសុខសង្គម។ ជួនកាលធ្វើឱ្យមានការញុះញង់ រើសអើង មានការយល់ច្រឡំ»។

យ៉ាងណា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលចូលបំភ្លឺនៅចំពោះសមត្ថកិច្ចនៅរសៀលថ្ងៃអង្គារ​ បានឱ្យដឹងថា លោកនឹងលុបវីដេអូបទចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ» ចេញពីបណ្តាញសង្គម និងគេហទំព័រ​នៅថ្ងៃនេះ ប៉ុន្តែលោកនៅតែចាត់ទុកថា ការណ៍ដែលសមត្ថកិច្ចបង្ខំឱ្យគាត់លុបវីដេអូចេញនោះ ជាការរឹតត្បិតសេរីភាពបញ្ចេញមតិ ដែលផ្ទុយពីច្បាប់។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកសមត្ថកិច្ចកោះហៅមន្ត្រីសង្គមស៊ីវិលសាកសួរ ជុំវិញ​វីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ»  ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា វីដេអូ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់​ធ្នាប់សង្គម និងដាក់លក្ខខណ្ឌឱ្យមន្ត្រីសង្គមស៊ីវិលទាំងនោះលុបវីដេអូចេញពីបណ្តាញសង្គម និងគេហទំព័ររបស់ខ្លួន ជាការគំរាមកំហែង។ ​

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការរឹតត្បិតបែបនេះទៀត យើងមានការព្រួយបារម្ភថា បញ្ហារបស់សង្គមជាតិ រឿងពិត រឿងកើតឡើងជាក់ស្តែងនៅក្នុងសង្គមជាតិ ត្រូវបានបិទបាំង ដោយមិនហ៊ានបញ្ចេញនោះទេ ព្រោះដោយសារតែមានការកោះហៅ មានការយកទៅសាកសួរជាដើមនេះ ហើយតម្រូវឱ្យមានការលុបចេញ»។

លោកបន្ថែមថា៖ «អ៊ីចឹងបញ្ហាបញ្ចេញមតិរបស់សកម្មជនសង្គម ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិល និងក្រុមសកម្មជននយោបាយផ្សេងៗ ហាក់ដូចជាចាប់ផ្តើមកាន់តែមានការរឹតរួម ហើយពោរពេញដោយការព្រួយបារម្ភ ការភ័យខ្លាចក្នុងការចាត់វិធានការពីអាជ្ញាធររដ្ឋាភិបាល តទៅថ្ងៃខាងមុខទៀត»។

យុវជន គា សុគន្ធ ជា​តារា​ចម្រៀង​រ៉េប មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​រិះ​គន់​បញ្ហាអយុត្តិធម៌សង្គម និងបញ្ហា​ព្រំដែន ជាដើម​។

ប៉ុន្តែ​យុវជនវ័យ​២៤ឆ្នាំរូបនេះ ត្រូវបាន​ដោះលែង​វិញកាល​ពី​ខែ​កញ្ញា ឆ្នាំ២០២១ ក្រោយ​​ពី​បាន​​​អនុវត្ត​ទោស​​​ជាប់​​ពន្ធនាគារ​​អស់រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កា​ត់​​ទោស​​យុវជន​រូប​នេះ​ពីបទ «ញុះញង់»។

ដោយឡែក ព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវវេងស្រេង​ ដោយប្រើ​​កាំភ្លើងពិត បាន​បណ្ដាល​ឱ្យ​​កម្មករ៤នាក់ស្លាប់ ហើយម្នាក់​បាត់ខ្លួនរហូតមកទល់ពេលបច្ចុប្បន្ន និង​ជិត​៤០នាក់រងរបួស ខណៈមនុស្ស២៣នាក់ត្រូវចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពួកគេពីបទ «បង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា» ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលនៅមិន​ទាន់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៍នោះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ