សហគមន៍សង្ឃរុក្ខាវ័នបារម្ភពីការបាត់បង់ព្រៃឈើបន្ថែមទៀត ក្រោយមានការកាត់ឆ្វៀលដីព្រៃជិត៥ពាន់ហិកតា

រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ព្រះសង្ឃ គណៈកម្មការ កម្លាំងសឹករងខេត្ត និងមន្ត្រីឧទ្យានុរក្សា ៩អង្គ/នាក់ ចុះចុច GPS នៅកែងព្រៃសន្លុងដែលប្រជាពលរដ្ឋរុករានភ្ជួរថ្មីក្នុងដីដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតនៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ្វេសប៊ុក៖ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF)

​​ប្រជាសហគមន៍បានបង្ហាញក្ដីព្រួយបារម្ភថា ប្រសិនបើផ្ទៃដីព្រៃសហគមន៍រតនរុក្ខា ដែលជាផ្នែកមួយនៃព្រៃសហគមន៍សង្ឃរុក្ខាវ័ន ទំហំជិត៥ ០០០ហិកតា ត្រូវបានកាត់​ឆ្វៀលជូនទៅពលរដ្ឋពិតមែន នឹងធ្វើឱ្យបាត់បង់ព្រៃឈើ និងជម្រក​សត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ការពារមួយនេះបន្ថែមទៀត។ ​

ក្តីបារម្ភនេះ ក្រោយអគ្គនាយកដា្ឋនតំបន់ការពារធម្មជាតិ​ កាលពីថ្ងៃទី​​១១ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើ​ទៅអភិបាលខេត្តឧត្តរមានជ័យ ឱ្យចាត់តាំងអភិបាលរងខេត្តទទួលបន្ទុក និងមន្ត្រីជំនាញ ដើម្បីចូលរួមចុះពិនិត្យទីតាំងកាត់ឆ្វៀលដីទំហំ​៤ ៥០០​ហិកតា​ពីព្រៃសហគមន៍រតនរុក្ខា ស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រគល់ទៅឱ្យពលរដ្ឋ​ចំនួន៤៣៦គ្រួសារដែលរស់នៅតំបន់នោះ។ ​

លិខិតបន្តថា៖ «សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្ដមអភិបាល មេត្តាជ្រាបថា ក្រុមការងារក្រសួងបរិស្ថាន នឹងចុះពិនិត្យទីតាំងស្នើសុំកាត់ឆ្វៀលដីចំនួន៤ ៥០០ហិកតា ចេញពីសហគមន៍ព្រៃឈើរតនរុក្ខា និងសុំប្រើប្រាស់ដីធ្លីស្របច្បាប់សម្រាប់ប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង»។

អតីតប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន លោក ប៊ុន សាលួត ព្រួយបារម្ភថា ​ប្រសិនបើមានការ​កាត់ឆ្វៀលដីព្រៃសហគមន៍រតនរុក្ខា ដែលជាផ្នែកមួយនៃព្រៃសហគមន៍សង្ឃរុក្ខាវ័ន​​ពិតមែន នឹងធ្វើឱ្យបាត់បង់ព្រៃ​ឈើ និង​ជម្រករបស់សត្វព្រៃគ្រប់ប្រភេទដែលរស់នៅទីនោះតែម្តង។​

តែយ៉ាងណា ប្រសិនបើសំណើកាត់ឆ្វៀលដីនេះកើតឡើងមែន​ លោកសង្ឃឹមថា ​នឹងបានដល់ដៃ​​ពលរដ្ឋ​​​សហគមន៍​មូលដ្ឋាន​ដែលចូលរួមការពារព្រៃឈើ មិនមែន​ឱ្យពលរដ្ឋនៅតំបន់ផ្សេង ​ឬអ្នកមានលុយមានអំណាចនោះទេ។

លោកថា៖ ​«​បើយើងចេះគ្រប់គ្រងបាន​ យើងទុក​គ្រប់គ្រងខ្លួនឯងទៅ។​​ ទីពីរ បើយើងគ្រប់គ្រងមិនបានទេ​ បានសេចក្ដីប្រកាសពីរដ្ឋាភិបាល​ហើយ ​យើងធ្វើតាមហ្នឹងទៅ។​ អាហ្នឹងឱ្យស្រួលគ្រប់គ្រងរបស់យើងទៅ​ ទោះបីយើងបាត់បង់ដីមែន តែបានទៅប្រជាពលរដ្ឋ​»។

ប្រធានព្រៃសហគមន៍​សង្ឃរុក្ខាវ័ន ព្រះតេជព្រះ​គុណ ថូ ធូរស់ ​មានថេរដីកាថា​ ប្រសិន​បើរដ្ឋាភិបាល​សម្រច​កាត់ដី​ព្រៃសង្ឃរុក្ខាវ័នមែន​ ទំហំនៃការបាត់បង់នៃព្រៃឈើនឹងកើនឡើង​​ ហើយការកាប់បំផ្លាញព្រៃឈើ​នៅតំបន់​ផ្សេង​ៗទៀត​អាចនឹងកើតមានកាន់តែច្រើនផងដែរ។

ព្រះតេជព្រះ​គុណ មានថេរដីកា​ថា​៖​ «ការសម្បទានដីរបស់រដ្ឋាភិបាលនេះ ​អាចពាក់ព័ន្ធនឹងការបាត់បង់​ដីសហគមន៍មួយចំនួន​ ជាពិសេស​ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន​។ អ៊ីចឹងបើពីមួយឆ្នាំទៅមួយឆ្នាំ​ យើងមាន​ការកាត់ឆ្វៀ​ល ឬសម្បទានដី​ ដែលធ្វើឱ្យបាត់បង់កំណើននៃការបាត់បង់ព្រៃឈើ​»។​

ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ​ លោក ភួង លីណា បានលើកឡើងថា ​ដីព្រៃ​សង្ឃរុក្ខាវ័នចំនួន​៤ ៥០០ហិកតា ​ទំនងជា​ត្រូវ​បានកាត់ឆ្វៀលតាមការស្នើសុំនោះមែន។

តែទោះជាយ៉ាងណា ​ប្រធានមន្ទីររូបនេះថានឹងមិនមាន​ផលប៉ះពាល់ធនធានធម្មជាតិនោះទេ ប្រសិនបើ​មានការកាត់​​ឆ្វៀលមែននោះ ដោយសារ​រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់រួចរាល់ហើយ​។

លោកថា៖ ​«​អត់ទាន់ច្បាស់ដែរ​ ប៉ុន្តែរដ្ឋាភិបាលបានចេញរួមគ្នា​ រដ្ឋាភិបាលបានចេញរួម ទៅលើការដាក់​ជាតំបន់សហគម​ន៍​ វាមិនមែនតែ​​សង្ឃរុក្ខាវ័នតែមួយទេអាហ្នឹង​ មុននឹងការសម្រេច​របស់រដ្ឋាភិបាល​ គេបានចុះសិក្សា​ ត្រួតពិនិត្យ វាយតម្លៃរួចរាល់អស់​ហើយ​»។

ទោះបីជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា ប្រសិនបើ​មាន​​ការកាត់ឆ្វៀលដីព្រៃសហគមន៍សង្ឃរុក្ខាវ័នមែន នឹងធ្វើឱ្យ​ទំហំ​​ព្រៃសហគមន៍កាន់តែរួមតូច​ ហើយបណ្តាលឱ្យប៉ះពាល់ដល់​ធនធាន​ធម្មជាតិនៅតំបន់នោះកាន់តែច្រើន​។

បន្ថែមពីនេះ ​លោក​បារម្ភថា​ ការកាត់ឆ្វៀល​ដីនេះ​នឹងមិនបានដល់ដៃ​ពលរដ្ឋ​នៅសហគមន៍មូលដ្ឋាននោះទេ តែផ្ទុយទៅវិញ​អាចនឹង​ផ្ទេរទៅឱ្យអ្នកមានលុយឬមានអំណាចច្រើនជាង។​

លោកបន្តថា៖​ «បើសិនបើការកាត់ឆ្វៀលនេះបានបម្រើដល់​ប្រជាពលរដ្ឋ វាមិនជាបញ្ហាចោទទេ​។ បញ្ហាចោទហ្នឹង គឺការកាត់ឆ្វៀលដី​ទៅឱ្យ​អ្នកដែលមានធនធានច្រើនរួចហើយ​»។

​ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំសរុបចំនួនជាង ៣ម៉ឺនហិកតា (៣០ ២៥៦) លាតសន្ធឹងក្នុងក្រុង-ស្រុក​ចំនួន៣ រួម​មាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ​កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយរក្សាដីព្រៃសហគមន៍មួយនេះទុក​ជា​ដែន​ជម្រកសត្វ​ព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ