អ៊ីរ៉ង់កាត់ទោសប្រហារជីវិតមនុស្ស៣នាក់ទៀតជុំវិញការតវ៉ាពាក់ព័ន្ធនឹងការស្លាប់របស់កញ្ញា Mahsa Amini

បាតុករ​លើក​បដា​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំកាន់​អំណាច​​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ស្ត្រី​ជន​ជាតិ​ឃឺដ​ កញ្ញា Mahsa Amini ដោយទាមទារ​ឱ្យអាជ្ញាធរ​ដោះលែង​បាតុករ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន និង​បញ្ឈប់​ការ​ប្រហារ​ជីវិត នៅ​ខាង​ក្រៅ​ស្ថានទូត​អ៊ីរ៉ង់ ​ក្នុង​ទីក្រុង​ម៉ិចស៊ិក ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Raquel Cunha)

តុលាការអ៊ីរ៉ង់ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកាត់​ទោស​ប្រហារ​ជីវិ​តម​នុស្ស​៣​នាក់ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទបានសម្លាប់សមាជិកនៃកងកម្លាំងសន្តិសុខ ក្នុង​អំឡុងពេល​​តវ៉ា​ចំពោះការ​ស្លាប់​របស់​កញ្ញា ម៉ាហ្សា អាមីនី (Mahsa Amini)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ភាពចលាចលបានកើតឡើងទូទាំងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការស្លាប់របស់កញ្ញា ម៉ាហ្សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ ដែលជាជនជាតិឃឺដ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុង​មន្ទីរឃុំឃាំង បន្ទាប់ពីការចាប់ខ្លួនកញ្ញាពីបទ រំលោភលើច្បាប់ស្តីពីសម្លៀកសម្រាប់ស្រ្តីរបស់​អ៊ីរ៉ង់។

អាជ្ញាធរអ៊ីរ៉ង់ បាន​និយាយ​ថា មនុស្ស​រាប់​រយ​នាក់ រួមទាំងសមាជិកនៃកងកម្លាំងសន្តិសុខ​ ត្រូវបាន​សម្លាប់ និងរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្ម ដែលពួកគេពណ៌នាថាជា «កុបកម្ម»។

ទីក្រុងតេអេរ៉ង់ បានចោទប្រកាន់បណ្តាប្រទេសបរទេស និងក្រុមប្រឆាំង ថា​​បាន​បង្ក​ភាពចលាចលនេះ។

យោងតាមគេហទំព័រផ្លូវការរបស់ខ្លួន ប្រធានតុលាការកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលីខាមីណៃ (Ayatollah Ali Khamenei) បាននិយាយថា៖ «គោលដៅរបស់ប្រជាជនដែល​មានវត្តមាននៅក្នុងកុបកម្ម មិនមែនដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់ប្រទេសនោះទេ ប៉ុន្តែដើម្បីបំផ្លាញភាពខ្លាំងរបស់ខ្លួន»។

លោកបន្ថែមថា៖ «ដោយគ្មានការសង្ស័យ សកម្មភាពទាំងនេះគឺជាអំពើក្បត់ជាតិ ហើយស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយបញ្ហានេះដោយភាពម៉ឺងម៉ាត់ និងយុត្តិធម៌»។

ការផ្ដន្ទាទោសប្រហារជីវិតនៅអ៊ីរ៉ង់ ក្នុងរយៈពេលថ្មីៗនេះ បាន​បង្កឱ្យមានកំហឹងជាសកល និងការដាក់ទណ្ឌកម្មថ្មីពីបស្ចិមប្រទេសប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

យោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ អ៊ីរ៉ង់គឺជាប្រទេសទីពីរ បន្ទាប់ពីប្រទេសចិន ក្នុងការអនុវត្តទោសប្រហារជីវិត ដោយយ៉ាងហោចណាស់មនុស្សចំនួន៣១៤នាក់ត្រូវបានប្រហារជីវិតនៅឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ