កូដករណាហ្គាប្រមូលផ្ដុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស បន្តទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ ប្រមូលផ្តុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយថា ដើម្បីបញ្ជាក់ទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ចំពោះជំហរបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ និងទាមទារដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់នានា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ ប្រមូលផ្តុំគ្នាបង្ហោះប៉ោងៗនៅពីមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយថា ដើម្បីបញ្ជាក់ទៅកាន់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ចំពោះជំហរបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ និងទាមទារដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់នានា។

ចងក្រណាត់ពណ៌ទឹកក្រូចនៅលើក្បាល ដោយមានខ្លឹមសារថា «ជាវិវាទការងារ សូមកុំលាបពណ៌» ព្រមទាំងកាន់បដាក្រណាត់ពណ៌ខ្មៅ លឿង បូករួមនឹងខ្លឹមសារទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ផងនោះ ក្រុមកូដករបានចងក្រណាត់ភ្ជាប់នឹងចង្កោម​ប៉ោងៗ ៣ពណ៌ ដូចជា ពណ៌ស ខៀវ និងទឹកក្រូច ដើរចេញពីវត្តអង្គមេត្រី សំដៅមកមណ្ឌលអប់រំកែប្រែទី២ (ម២) ឬពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣​។

ប្រាប់វីអូឌីនៅពីមុខវត្តអង្គមេត្រី ​ សមាជិកសហជីពបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សោម ចន្ទលក្ខិណា និយាយថា ​ប៉ោងៗពណ៌សបង្ហាញពីភាពស្មោះត្រង់, ខៀវ គឺតំណាងឱ្យការអនុញ្ញាតឱ្យទៅ និងទឹកក្រូច គឺសំដៅដល់ឯកសណ្ឋានអ្នកជាប់ឃុំ ដែលជារួម ខ្លឹមសារទាំងមូល ​ពួកគាត់ស្នើឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ គឺ កញ្ញា ឈឹម ស៊ីថរ មានសេរីភាពឡើងវិញ។

កញ្ញាបន្តថា ការទាមទារសេរីភាពការងារ គឺគ្មានអ្វីដែលគួរឱ្យខ្លាចទេ តែរឿងដែលគួរឱ្យខ្លាច គឺរស់នៅក្នុងសង្គមមួយដែលអះអាងថាកាន់លទ្ធិប្រជាធិបតេយ្យ តែគ្មានសិទ្ធិសេរីភាពតស៊ូមតិ។

កញ្ញាបន្ថែមថា អ្វីដែលកូដករកំពុងជួបប្រទះ គឺជាវិវាទការងារពិតប្រាកដ ដែលឫសគល់នៃបញ្ហា គឺបណ្តាលមកពីក្រុមហ៊ុនមិនគោរពច្បាប់ការងារកម្ពុជា និងរើសអើងសហជីព ស្របពេលជាង១ឆ្នាំមកនេះ កម្មកររងនូវការលាបពណ៌ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្មទៅវិញ។

កញ្ញា សោម ចន្ទលក្ខិណា ថា«បើសិនជាពួកខ្ញុំមានបានទទួលដំណោះស្រាយណាមួយដែលសមស្រប គឺពួកខ្ញុំអត់មានមកធ្វើកូដកម្មនេះទៀតទេ។ តែបច្ចុប្បន្ននេះ ពួកខ្ញុំរងភាពអយុត្តិធម៌បានមួយឆ្នាំ ហើយវិវាទពួកខ្ញុំអត់ទាន់បានទទួលដំណោះស្រាយណាមួយទេ។ ហើយអ្វីដែលជាក់ស្តែង ដែលទទួលបានមកវិញហ្នឹង គឺមានតែការចាប់ចង ចាប់ដាក់គុក ការដាក់ទោសទណ្ឌផ្សេងៗ ឡើងទៅតុលាការ។ អ៊ីចឹងខ្ញុំចង់ប្រាប់ថា ទាំងអស់ដែលខាងស្ថាប័នផ្សេងៗគាត់បានធ្វើមកដាក់លើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ វាមិនមែនជាដំណោះស្រាយទេ។ អ្វីដែលជាដំណោះស្រាយនោះ គឺការចូលតុចរចាត្រីភាគី ដែលមានតម្លាភាព និងសច្ចភាព។ បើយើងនិយាយឱ្យចំ គេហៅមានវិជ្ជាជីវៈត្រឹមត្រូវ កុំលម្អៀងដោយសារអត្ថប្រយោជន៍ផ្សេងៗ ក្រសួងការងារផ្ទាល់ជាអាជ្ញាកណ្តាល»។

សម្រាប់កម្មករក្រុមហ៊ុនណាហ្គារូបនេះ បើមិនមានដំណោះស្រាយដោយតម្លាភាព និងយុត្តិធម៌ទេ នោះវាប៉ះពាល់ទាំងសេដ្ឋកិច្ចកម្មករ និងមុខមាត់ប្រទេសជាតិ ខណៈក្រុមហ៊ុនណាហ្គាប្រើលុយរំលោភច្បាប់កម្ពុជា។

ជាការកត់សម្គាល់ អាជ្ញាធរបានបង្អាក់ដំណើរអ្នកទាំងនោះនៅពាក់កណ្ដាលផ្លូវ ខណៈនៅប្រមាណ២០ម៉ែត្រទៀតប៉ុណ្ណោះ ពួកគេនឹងដើរដល់ខ្លោងទ្វារពន្ធនាគារម២ហើយ។

ក្នុងនោះ អាជ្ញាធរគ្រាន់តែប្រាប់ថា នោះជាផ្លូវកែង មិនអាចឱ្យទៅជិតខ្លោងទ្វារបាន និងដើម្បីចៀសវាងមានបញ្ហាចរាចរណ៍។

យ៉ាងណា ក្រោយតស៊ូមតិជាងកន្លះម៉ោង ក្រុមកូដករជម្នះដើរមកដល់ទល់មុខនឹងខ្លោងទ្វារពន្ធនាគារបាន។

សមាជិកសហជីពម្នាក់ទៀត កញ្ញា វ៉ាន់ រីណា ប្រាប់ថា អ្នកដែលពន្ធនាគារអនុញ្ញាតឱ្យចូលសួរសុខទុក្ខបាន គឺមានតែសាច់ញាតិ និងមេធាវីកញ្ញា ឈឹម ស៊ីថរ ប៉ុណ្ណោះ ដូច្នេះទើបពួកគាត់មកបង្ហោះ​ប៉ោងប៉ោង ដើម្បីបង្ហាញការនឹករឭកដល់កញ្ញា។

កម្មករមួយរូបទៀត កញ្ញា ពៅ រស្មី ប្រាប់ថា គាត់មកចូលរួមបង្ហោះប៉ោងប៉ោងនេះ គឺដើម្បីបញ្ជាក់ជំហរទៅកញ្ញា ឈឹម ស៊ីថរ និងមហាជនថា ពួកគាត់មិនទុកថ្នាក់ដឹកនាំសហជីពចោលឡើយ ខណៈប្រធានបានជាប់ពន្ធនាគារដោយសារតែជួយការពារសិទ្ធិឱ្យកម្មករ។

កញ្ញា រស្មី ទាមទារឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បំពេញតួនាទីដោយយុត្តិធម៌ ដោះស្រាយបញ្ចប់វិវាទការងារនេះ និងទាមទារឱ្យមានការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់នានាផងដែរ។

កញ្ញា ពៅ រស្មី ថា«សិទ្ធិសេរីភាពការងារ វាមិនមែនជាបទឧក្រិដ្ឋអីដែលត្រូវចាប់គាត់ដាក់ពន្ធនាគារក្នុង១ឆ្នាំដល់ទៅ២ដងបែបនេះ។ ហើយវាអត់មានហេតុផលអីដែលត្រូវចាប់គាត់ដោយអយុត្តិធម៌បែបហ្នឹងទេ ពីព្រោះតុលាការអត់បានបង្ហាញបម្រាម [ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ]ហ្នឹង ឱ្យគាត់ដឹងខ្លួនទេ។ ហេតុអ្វីពេលគាត់ត្រលប់មកវិញ បែរជាចាប់គាត់ទៅវិញ? ហើយគាត់មិនមែនទើបតែចេញទៅ [ក្រៅប្រទេស]ម្តងទេ នេះគឺជាលើកទី៣ហើយ។ អ៊ីចឹងវាអត់មានអ្វីដែលត្រឹមត្រូវ ដែលត្រូវចាប់គាត់ទាំងអយុត្តិធម៌បែបហ្នឹង។ ហើយពួកយើងក៏មិនព្រងើយកន្តើយ ឬក៏រត់ចោលបងស្រី នៅពេលដែលបងស្រីព្យាយាមការពារសិទ្ធិសេរីភាពសម្រាប់ពួកយើង ដែលជាផលប្រយោជន៍រួមដល់កូនខ្មែរជំនាន់ក្រោយទេ»។

កញ្ញាអះអាងថា នឹងបន្តតស៊ូមតិរហូតបានដំណោះស្រាយ។ ក្រៅពីនោះ កញ្ញាស្នើក្រសួងពាក់ព័ន្ធបញ្ឈប់នូវការហៅកូដករទៅយកលុយតិចតួច ហើយដើរចេញពីក្រុមហ៊ុនល្បែងមួយនេះទាំងអយុត្តិធម៌ ដោយថា កម្មករនឹងមិនធ្វើការនៅក្រុមហ៊ុននេះមួយជីវិតទេ តែក៏មិនព្រមទទួលយកការបណ្តេញចេញពីការងារទាំងបង្ខំដោយសារការរើសអើងសហជីពបែបនេះដែរ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ធ្លាប់លើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ នៅមានផ្លូវ និងយន្តការដោះស្រាយបញ្ចប់ដោយយុត្តិធម៌។ អ្នកស្រីថា ទាំងកម្មករ និងក្រុមហ៊ុន សុទ្ធតែមានជម្រើស ជាក់ស្តែងកម្មករដែលគ្មានឈ្មោះកាត់ជាច្រើននាក់ សុខចិត្តដោះដូរជាមួយកម្មករដែលត្រូវក្រុមហ៊ុនបញ្ឈប់ត្រឹមចំនួនតិចជាង ខណៈក្រុមហ៊ុនទាមទារបញ្ឈប់បុគ្គលិកនូវចំនួនកំណត់មួយ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍យ៉ាងខ្លីថា លោកមិនមានយោបល់លើសកម្មភាពរបស់ក្រុមណាមួយទេ ឱ្យតែសកម្មភាពនោះមានច្បាប់ និងស្របច្បាប់។

លោកថា«មិនមានយោបល់លើសកម្មភាពរបស់ក្រុមណាមួយទេ ឱ្យតែសកម្មភាពនោះមានច្បាប់ និងស្របច្បាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធតបនឹងសំណួរវីអូឌី ដោយប្រាប់ថាលោកជាប់រវល់។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា វិវាទនេះគួរដោះបញ្ចប់ក្នុងឆ្នាំ២០២៣នេះ ដោយប្រើគោលការណ៍សម្បទានដោះស្រាយដោយស្មោះត្រង់។

លោកថា ភាពចម្រូងចម្រាសដែលលោកកត់សម្គាល់ក្នុងវិវាទនេះ គឺនៅត្រង់ថា ក្រុមហ៊ុនអះអាងរឿងមិនអាចទទួលយកបុគ្គលិកចាស់ទាំងនោះបាន ប៉ុន្តែក្រុមហ៊ុនបែរជាកំពុងប្រកាសរើសបុគ្គលិកជាច្រើននាក់ឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុន។ ដូច្នេះ លោកមើលឃើញថា ក្រុមហ៊ុនហាក់គុំកួនមិនចង់យកបុគ្គលិកទាំងនោះចូលមកធ្វើការវិញ។

លោក ឃុន ថារ៉ូ ថា«គុំកួននេះ ខ្ញុំចង់និយាយថា ក្រុមហ៊ុនមានចេតនាចង់ដករំលើងនូវឫសគល់វត្តមានសហជីពនៅក្នុងហ្នឹង មិនឱ្យមានរចនាសម្ពន្ធសហជីពរៀបចំដើម្បីតំណាងការពារសិទ្ធិនិងផលប្រយោជន៍កម្មករនៅក្នុងកាស៊ីណូហ្នឹង។ អ៊ីចឹងនេះគឺជាចេតនាពិតមួយដែលខ្ញុំសង្កេតឃើញ ខ្ញុំអាចនិយាយបានអ៊ីចឹង ព្រោះអីណាហ្គានេះមិនមែនជាលើកទី១ទេ ព្រោះពីមុនៗមក តាំងពីឆ្នាំ២០០៩ រហូតដល់អាណត្តិដែលកញ្ញា ស៊ីថរ ត្រូវបានបោះឆ្នោតជាប់ជាអនុប្រធាន និងបន្ទាប់មកក្លាយជាប្រធានសហជីពនេះ គឺការធ្វើទុក្ខបុកម្នេញនេះ មានមុនពីហ្នឹងទៀត»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ជាលើកទី២ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលត្រលប់មកពីកិច្ចប្រជុំអន្តរជាតិនៅប្រទេសអូស្រ្តាលីវិញ។ ការចាប់និងឃុំខ្លួនប្រធានសហជីពរូបនេះ ដោយតុលាការចោទប្រកាន់ថា កញ្ញាបានល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានទាត់ចោលបណ្តឹងសុំនៅក្រៅឃុំរបស់កញ្ញា ស៊ីថរ ដោយតុលាការបន្តឃុំខ្លួនប្រធានសហជីពរូបនេះ ក្រោមហេតុផលថា សំណុំរឿងរបស់កញ្ញាត្រូវបានបញ្ជូនទៅជំនុំជម្រះ។

ការសម្រេចរបស់តុលាការនេះ សង្គមស៊ីវិលបានចាត់ទុកថាជារឿងមិនត្រឹមត្រូវ ដោយថា បទល្មើសបម្រាមតុលាការនោះ ពុំមែនជាកំហុសរបស់កញ្ញា ឈឹម ស៊ីថរ ទេ តែជាកំហុសនីតិវិធីរបស់តុលាការ ដែលមិនបានផ្តល់ដំណឹងពាក់ព័ន្ធដីកាដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការទៅកញ្ញា និងមេធាវី ឱ្យបានដឹងជាមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ