អ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត ផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយដីធ្លី

អ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ា ដើម្បីទាមទារទៅអាជ្ញាធរ ពាក់ព័ន្ធឱ្យរកដំណោះស្រាយដីធ្លីជូនពួកគេ ក្រោយរដ្ឋាភិបាលដកហូតប្រគល់ឱ្យបុគ្គល២នាក់នៅភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ៖ ព្រាប ឥន្ទវណ្ឍនៈ)

ពលរដ្ឋបានឱ្យដឹងថា មានអ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ា នៅថ្ងៃអង្គារនេះ ដើម្បីទាមទារទៅអាជ្ញាធរ ពាក់ព័ន្ធឱ្យរកដំណោះស្រាយដីធ្លីជូនពួកគេ ក្រោយរដ្ឋាភិបាលដកហូតប្រគល់ឱ្យបុគ្គល២នាក់នៅភ្នំពេញ។

លោក នឹម វុត្ថា ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ប្រាប់វីអូឌីថា អ្នកភូមិដែលតវ៉ាដីធ្លីនោះមានគ្នាប្រហែលជិត១០០នាក់ និងមានដីកំពុងមានជម្លោះសរុបប្រហែល៤ហិកតា។

ពលរដ្ឋរូបនេះឱ្យដឹងថា ពួកគាត់បានទិញដីតគ្នាជាង១០ឆ្នាំមកហើយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយអ្នកខ្លះបានសង់ផ្ទះ ដាំដំណាំផ្សេងៗ និងអ្នកខ្លះបាន​ចាក់ដីដើម្បីអភិវឌ្ឍន៍ ដោយមានលិខិតបញ្ជាក់ការកាន់កាប់ពីរដ្ឋបាលខេត្តត្រឹមត្រូវតាមច្បាប់ថែមទៀតផង។

លោក នឹម វុត្ថា អះអាងថា គ្រួសារលោកបានទិញដីចំនួន២ឡូត៍ គឺ ១៩ម៉ែត្រ គុណ ២០ម៉ែត្រ ដោយបានសង់លំនៅឋាន ដាំដំណាំ និងបានបង់ពន្ធជូនរដ្ឋជាច្រើនឆ្នាំមកហើយដែរ។ លោកថា ថ្មីៗ ទីស្ដីការគណៈរដ្ឋមន្ត្រីចេញលិខិតមួយបញ្ជាទៅរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យវាស់វែងដីរបស់ពួកគាត់ និងចេញបណ្ណកម្មសិទ្ធិទៅឱ្យបុគ្គល២នាក់ឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលរស់នៅរាជធានីភ្នំពេញវិញ។

លោកបន្ថែមថា៖ «ការកាន់កាប់របស់យើងមានរយៈពេលជាង១០ឆ្នាំហើយ។ យើងបានធ្វើរបងចាក់ដីធ្វើផ្ទះនៅហ្នឹង អត់ដែលមានពីណាមករករឿងទេ។ ស្រាប់តែថ្មីៗនេះ មានអំណាច ស.ជ.ណ មួយចង់វាស់វែងធ្វើប្លង់ជាន់លើដីរបស់យើងខ្ញុំ។ ឯកសារកាន់កាប់យើងខ្ញុំមានទាំងអស់។ ការទិញបន្តគ្នា មានការបង់ពន្ធជូនរដ្ឋ មានការទទួលស្គាល់ពីអាជ្ញាធរទាំងអស់។ អ៊ីចឹងយើងជួបជុំគ្នានេះ តវ៉ាមិនឱ្យវាស់វែងទេ រង់ចាំដោះស្រាយជាមួយប្រជាពលរដ្ឋសិន ព្រោះពួកខ្ញុំក៏មានប្លង់កាន់កាប់ត្រឹមត្រូវដែរ»

ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀត លោក ស៊ុយ ម៉េងគ្រុយ និយាយថា គ្រួសារលោកក៏បានទិញដីតគ្នាចំនួន២ឡូត៍ផងដែរ គឺ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ដោយបច្ចុប្បន្នកំពុងចាក់ដីបំពេញ ដើម្បីរៀបចំធ្វើជាកន្លែង​លក់ដូរផ្សេងៗ។ លោកថា វាជារឿងអយុត្តិធម៌មួយ ដែលរដ្ឋាភិបាលកាត់ដីរបស់ពួកគាត់ទៅឱ្យបុគ្គលផ្សេង។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋទាំងអស់មានប្លង់កាន់កាប់ពេញសិទ្ធិ ដោយមានអាជ្ញាធរភូមិឃុំ-សង្កាត់ដឹងឮ និងបានបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវទាំងអស់។ ឥឡូវនេះ មានតែអំពាវនាវដល់សម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនេះទាំងអស់។ ដីនេះ សព្វថ្ងៃ ពលរដ្ឋបានធ្វើផ្ទះ ធ្វើរបងព័ទ្ធ ខ្លះដាំដំណាំ និងធ្វើអីផ្សេងៗទៀត។ ពលរដ្ឋខ្លះមានដី២ឡូត៍ ឬ ៣ឡូត៍ ទេ»

វីអូឌី មិនអាចសុំការអធិប្បាយពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានទេ នៅថ្ងៃអង្គារនេះ ដោយលោកទាំង២ ប្រាប់ថា កំពុងជាប់រវល់ប្រ​ជុំ មិនអាចនិយាយបាន។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងរ៉ាវជម្លោះដីធ្លីនេះច្បាស់ទេ ប៉ុន្តែលោកទទូចដល់អាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវដោះស្រាយករណីនេះ ដោយឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងតាមច្បាប់ ដើម្បីបញ្ចប់ជម្លោះ និងកុំឱ្យពលរដ្ឋខាតបង់ផលប្រយោជន៍។

លោកបន្ថែមថា៖ «នេះរឿងមួយស្ថិតនៅក្នុងស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយគួរតែបង្កើតគណៈកម្មការបង្គ្រប់កិច្ច ដែលគណៈកម្មការមួយមិនជាប់ពាក់ព័ន្ធទៅលើទំនាស់ ទី១។ ទី២ គណៈកម្មការនេះ គឺជាគណៈកម្មការមួយសុក្រឹតបំផុត ចុះមកពិនិត្យ និងដោះស្រាយ ដើម្បីបញ្ចប់ជម្លោះដីធ្លីនេះ»

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឱ្យពិនិត្យមើលលើបុគ្គលឈ្មោះ ហង្ស ម៉ៅ និងបក្ខពួកដែលបានយកឯកសារមិនត្រឹមត្រូវប្រើប្រាស់ ដើម្បីកាន់កាប់ដីធ្លីនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យចុះបញ្ជីដីធ្លីទៅឱ្យបុគ្គលឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល បានកាន់កាប់ជាកម្មសិទ្ធិតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលឆ្នាំ២០១១។

មួយទៀតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បិទបញ្ចប់ការបកស្រាយ និងប្រើប្រាស់កិច្ចសន្យានានា ហើយចំពោះអ្នកក្លែងបន្លំឯកសារដើម្បីទទួលយកប្រាក់ទូទាត់ផលប៉ះពាល់ដីធ្លីនេះ ក្នុងការធ្វើផ្លូវសាធារណៈពីក្រសួងសេដ្ឋកិច្ចនោះ គឺរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវចាត់វិធានការច្បាប់ និងស្នើដល់ស្ថាប័នតុលាការឃុំខ្លួនឈ្មោះ ហង្ស ម៉ៅ និងបក្ខពួកតាមច្បាប់ផងដែរ។

ពាក់ព័ន្ធរឿងជម្លោះដីធ្លីនេះ វីអូ ឌីមិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ ហង្ស ម៉ៅ ដែលទីស្តីការគណៈរដ្ឋមន្ត្រីចោទថាបានក្លែងឯកសារដើម្បីប្រើប្រាស់ដី និងបុគ្គលឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យទទួលបានដីជម្លោះនោះបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ