វត្តខ្មែរនៅកម្ពុជាក្រោម នៅតែព្យាយាមរក្សាវប្បធម៌និងប្រពៃណីខ្មែរសម្រាប់អ្នកជំនាន់ក្រោយ

វត្តមុនីរង្សីសិរីវង្សធម្មជោតិ៍ ក្នុងយប់បញ្ចុះខណ្ឌសីមា នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម។ (មេង គ្រុយពន្លក)

ក្រុមអ្នករៀបចំកម្មវិធីបុណ្យបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោមដែលមានចំនួនប្រមាណជាកន្លះលាននាក់បានមកចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីមួយ នៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម សម្រាប់រយៈពេលបីថ្ងៃ កាលពីចុងខែធ្នូកន្លងទៅ។

ផ្លូវត្រូវបានបិទ ក្នុងចម្ងាយប្រមាណជា៣០០ម៉ែត្រពីខ្លោងទ្វារវត្ត ក្នុងតំបន់ទីប្រជុំជនដែលមានប្រជាជនខ្មែរភាគច្រើនរស់នៅ ខណៈបរិវេណវត្តមានសភាពអ៊ូអរទាំងយប់និងថ្ងៃ ដោយមានតូបប្រមាណជា៣០០ ត្រូវបានរៀបចំឡើងសម្រាប់លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ និងរបស់របរចម្រុះទាំងឡាយ។

ជាមួយគ្នានេះ ក៏មានការសម្ដែងល្ខោនខ្មែរ ការច្រៀងចម្រៀងជាភាសាខ្មែរ និងការតាំងលម្អចង្កៀងបំភ្លឺផងដែរ។

ស្ថិតនៅក្នុងតំបន់ជុំវិញ ស្លាកសញ្ញាព័ត៌មានទាំងអស់ត្រូវបានដាក់ជាភាសាវៀតណាម ប៉ុន្តែពលរដ្ឋខ្មែរក្រោមបានធ្វើការសន្ទនាគ្នាជាភាសាខ្មែរ ដោយក្នុងនោះមានមួយចំនួនអាចនិយាយភាសាខ្មែរបានយ៉ាងរលូន និងខ្លះទៀតនិយាយដោយមានការលាយឡំជាមួយនឹងភាសាវៀតណាមតិចតួច។

គួរបញ្ជាក់ថា វត្តថ្មី ដែលជំនួសទីតាំងចាស់ ក្នុងចម្ងាយ២គីឡូម៉ែត្រនេះ ត្រូវបានផ្តល់មូលនិធិសាងសង់ដោយការបរិច្ចាគពីពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរក្រោម។ សម្រាប់ពលរដ្ឋខ្មែរក្រោម ការដាក់បញ្ចូលទឹកដីកម្ពុជាក្រោមឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅតែជាប្រធានបទដ៏ចម្រូងចម្រាសមួយរហូតមកដល់ពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោម នៅតែខិតខំថែរក្សា​ប្រពៃណី​ ​វប្បធម៌ ទំនៀមទម្លាប់ និង​ភាសា​ខ្មែរ នៅលើទឹកដីដូនតារបស់ពួកគេរហូតដល់ពេលបច្ចុប្បន្ន​។

ពលរដ្ឋខ្មែរក្រោម រស់នៅក្បែរទីតាំងវត្តមួយរូប កញ្ញា ស៊ីនធី ថាញ់លៀង អាយុ២៤ឆ្នាំ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី កាលពីចុងខែធ្នូ កន្លងទៅ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានលើកឡើងថា ការ​សាងសង់​ព្រះវិហារនេះត្រូវ​ចំណាយ​ពេល​ជិត១២​ឆ្នាំ ប៉ុន្តែទីតាំង​វត្ត​ថ្មីនេះ​នឹង​ក្លាយ​ជា​ទីតាំងដ៏សំខាន់មួយសម្រាប់​​ខ្មែរក្រោមនៅក្នុងសហគមន៍។

កញ្ញាថា​៖ «មានអារម្មណ៍ថាសប្បាយចិត្ត​ ពេលកសាងរួចរាល់អស់អ៊ីចឹង។​​ ចាប់ពីពេលហ្នឹងទៅ ​យើងអាចជុំជុំគ្នាក្នុងវត្ត​ និងអាចធ្វើពីធីបុណ្យផ្សេង​ៗទៀត​ងាយស្រួល​»។​

ពលរដ្ឋរស់នៅក្បែរទីតាំងវត្តមួយរូបទៀត គឺលោក យ័ញ សេត អាយុ៣៣ឆ្នាំ ដែលនៅតែបន្តហៅឈ្មោះខេត្តខ្មែរថាខេត្តឃ្លាំង​ បើទោះជាវៀតណាមបានប្តូរឈ្មោះទៅជាខេត្ត សុកត្រាំង ក្តី។ លោកបានឱ្យដឹងថា រូបលោកសប្បាយ​រីករាយ ​ដែល​ឃើញ​ព្រះវិហារថ្មីនេះ​មាន​រចនាប័ទ្ម​ដូចទៅនឹង​ប្រាសាទ​អង្គរវត្តនៅក្នុងប្រទេសកម្ពុជា ហើយខណៈ​ដែល​ធំ​ដឹងក្ដីឡើង​ក្រោមការគ្រប់គ្រងរបស់​រដ្ឋ​វៀតណាម លោក​យល់​ថា ការ​ការពារ​ប្រពៃណី​ខ្មែរ គឺពិត​ជា​រឿងដ៏​សំខាន់។

លោក យ័ញ សេត បានចូលរួមជាមួយនឹងក្រុមអ្នករៀបចំកម្មវិធីបុណ្យ ដោយលោកមានភារកិច្ចទទួលស្វាគមន៍ភ្ញៀវដែលមកកាន់ពិធីបុណ្យឆ្លងព្រះវិហារថ្មីនេះ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមរូបនេះ មិន​សប្បាយ​ចិត្ត​ឡើយ នៅពេលឃើញ​អាជ្ញាធរ​វៀតណាម​បង្ខំ​វត្តឱ្យដាក់​ទង់​ជាតិរបស់ប្រទេសវៀតណាមនៅក្នុងវត្តខ្មែរ។​

លោក យ័ញ សេត កាលពីពេលកន្លងទៅ ក៏ធ្លាប់មានបញ្ហាជាមួយនឹងអាជ្ញាធរវៀតណាម ទាក់ទងនឹងការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ​ខ្មែរ ដែលក្នុងនោះរួមមានការលើកឡើង ដែលថាទឹកដីកម្ពុជាក្រោមធ្លាប់ជាផ្នែកមួយរបស់ប្រទេសកម្ពុជា។

ទាក់ទិននឹងករណីនេះ លោក​ក៏ធ្លាប់ត្រូវ​បានអាជ្ញាធរវៀតណាមចាប់ឃាត់​ខ្លួនចំនួន​ពីរ​ដងផងដែរ​កាល​ពី​ឆ្នាំ​មុន ដោយ​លើក​ទី​មួយមាន​រយៈពេល​ពីរ​ថ្ងៃ និង​លើក​ទី​ពីរមាន​រយៈពេល​ប្រាំ​ម៉ោង។

លោកបន្តថា៖ ​«ចេះតែតស៊ូទៅ រាល់ថ្ងៃ ខ្ញុំរស់ដើម្បីជាតិ​ ខ្ញុំមិនរស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។​ ស្លាប់ខ្លួន រស់ជាតិ តែបើស្លាប់ជាតិ គឺសាបសូន្យ​! ប៉ូលិសសួរខ្ញុំថានរណាដឹកនាំខ្ញុំធ្វើអ៊ីចឹង ខ្ញុំថា​ចង់ធ្វើខ្លួនឯង​»។

លោក​បន្ថែមថា បើទោះ​បី​មាន​សម្ពាធ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​មាន​អារម្មណ៍​ថា វា​ជា​បេសកកម្ម​របស់​លោក​ក្នុង​ការ​ជួយ​ជន​ជាតិ​ខ្មែរឱ្យ​រក្សា​បាននូវ​ភាសា និង​ប្រពៃណី​របស់​ខ្លួន។

វត្តមុនីរង្សីសិរីវង្សធម្មជោតិ៍ គឺជាវត្តថ្មីចុងក្រោយមួយក្នុងចំណោមវត្តខ្មែររាប់រយនៅកម្ពុជាក្រោម ដែលមួយចំនួនមានអាយុកាលរាប់សតវត្សរ៍មកហើយ និងខ្លះទៀតមានសិលាចារឹកនៅលើជញ្ជាំង។

សម្រាប់ខេត្តព្រះត្រពាំង ដែលវៀតណាមបានប្តូរឈ្មោះទៅជាខេត្ត ត្រាវិញ (Tra Vinh) និងដែលស្ថិតនៅប៉ែកខាងកើតនៃខេត្តឃ្លាំង ខេត្តនេះមានវត្តជាង១៤០វត្ត ដោយមានវត្តមួយត្រូវបានអះអាងដោយអង្គការសមាគមខ្មែរកម្ពុជាក្រោម ថាមានអាយុកាលតាំងពីគ.ស. ៣៧៣ គឺ វត្តសម្បួររង្សី ដែលស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ ភាពតានតឹងបានកើនឡើងខ្ពស់ ក្នុងនោះ អំពើហិង្សាលើជនជាតិភាគតិច ត្រូវបានសង្កេតឃើញថា កើតមានឡើងចាប់ពីទសវត្សរ៍ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧០ ហើយកាលពី១៥ ឆ្នាំមុន ព្រះសង្ឃខ្មែរក្រោមក៏បានដឹកនាំការតវ៉ាម្តងហើយ ដែលបង្កឱ្យមានការបង្ក្រាប និងការចាប់ខ្លួនផងដែរ។

ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះនាម ថាច់ ថយ ព្រះជន្ម៣៩វស្សា គឺជាគ្រូបង្រៀននៅវត្តផ្នោកំបុត ក្នុងស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បានមានថេរដីកាថា វត្តអារាមនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់នៃការអប់រំភាសាខ្មែរនៅកម្ពុជាក្រោម។

ព្រះតេជព្រះគុណបន្ត​ថា បើទោះបីជាអាជ្ញាធរ​វៀតណាម​អនុញ្ញាតឱ្យមាន​ការ​អប់រំ​ជា​ភាសា​ខ្មែរខ្លះក្តី ប៉ុន្តែការ​រឹត​បន្តឹង​ជុំវិញ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរនៅតែមាន។

សម្រាប់ការសិក្សា ព្រះអង្គបន្ថែមថា មាន​ទាំង​ថ្នាក់​ពេញ​មួយ​ឆ្នាំ និង​វគ្គ​ពិសេស​ក្នុងអំឡុងពេលវិស្សមកាលពីការសិក្សាភាសាវៀតណាមនៅសាលារដ្ឋ។ ព្រះអង្គថា កូនសិស្សខ្មែរក្រោម ប្រុសស្រីភាគច្រើន គឺទទួលបានការសិក្សា​នៅតាម​វត្តអារាម។ ទោះជាយ៉ាងណា ព្រះអង្គថា គ្រូ​បង្រៀនភាសាខ្មែរ​ ពេល​ខ្លះ​ក៏បាន​ព្យាយាម​ឆ្លៀតបង្រៀន​ប្រវត្តិសាស្ត្រ​តាម​ទស្សនៈ​ខ្មែរផងដែរ។

សម្រាប់ព្រះភិក្ខុអង្គនេះ ការប្រឈមផ្សេងៗចំពោះទំនៀមទម្លាប់ខ្មែរក្នុងតំបន់ក៏កើតមានឡើងផងដែរ ដែលក្នុងនោះ ឪពុកម្តាយជាច្រើនមិនបានមើលឃើញពីផលប្រយោជន៍នៃការរៀនភាសា [ខ្មែរ] របស់កូនពួកគេនោះទេ។

ទាក់ទិននឹងករណីនេះ ព្រះអង្គបន្ត​ថា រូបព្រះអង្គ​កំពុង​តែព្យាយាម​​បង្រៀន​មនុស្ស​ជំនាន់​ក្រោយឱ្យ​មានចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​អំពី​វប្បធម៌​របស់​ខ្លួន ដោយ​ព្រះអង្គ​ជឿជាក់​ថា​ មនុស្ស​ជំនាន់ថ្មីនឹង​មាន​ការ​ចាប់​អារម្មណ៍​ជាង​ជំនាន់មុនៗនេះ។

ព្រះអង្គ​​ថា​៖ «ចង់បន្តបង្រៀន​ដល់ចាស់ ដល់ស្លាប់ មិនដែលមានគំនិតថា​ឈប់នោះទេ​​។ ប្រសិនបើ​អប់រំដល់ពួកគេបានច្រើន​ សង្ឃឹមថា​កូនខ្មែរក្រោមនឹងរៀនបានច្រើនជាងជំនាន់នេះ។ គំនិតតែមួយនៃខ្មែរកម្ពុជាក្រោម​ ចង់សិក្សាអក្សសាស្រ្តខ្មែរ​ គឺដើម្បីឱ្យខ្លួនចេះ​ ទីពីរដើម្បីជួយបន្ត​ភាសាអក្សរសាស្រ្តរបស់ខ្លួនទៅអនាគតទៀត។​ ហើយនៅកម្ពុជាក្រោម ​បើ​យើងមិនខំប្រឹងប្រែងរៀនទេ យើងអត់មានសាលាទៅរៀន​អក្សរជាតិទេ​ អ៊ីចឹងមានតែបង្រៀននៅក្នុងវត្ត​»។​

ពលរដ្ឋខ្មែរក្រោមម្នាក់រស់នៅក្បែរវត្តមួយនៅក្នុងខេត្តព្រះត្រពាំង លោក ថោង យិន បានលើកឡើងថា រូបលោកសង្កេត​ឃើញថា ​កុមារបាន​ចូល​រៀន​នៅ​សាលា​តាមវត្តអារាម​ច្រើន​ជាង​មុន។ ពលរដ្ឋខ្មែរក្រោមវ័យ៥៣ឆ្នាំ ដែលអះអាងថាមិនចេះអាននិងសរសេរភាសាខ្មែររូបនេះ និយាយថា កូនប្រុសរបស់គាត់ក៏បានចូលបួសនៅក្នុងវត្តមួយបន្ទាប់ពីបានបញ្ចប់ការសិក្សា ហើយកូនស្រីរបស់គាត់បានសិក្សាភាសាខ្មែរ និងបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃផងដែរ។

លោក​​ថា​៖ «ជាប្រពៃណីខ្មែរយើងដែលឱ្យកូនបួសដើម្បីរៀន និងអភិរក្សអក្សរខ្មែរ​។ គេអាចបំបាត់អត្តសញ្ញាណយើងបាន តែ​យើងអត់ភ្លេចថាយើងជានរណាទេ​»


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Pagodas in Vietnam Guide Rejuvenation of Khmer Traditions

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ