អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា លោក ឡាយ សំណាង ទៅតាមការបញ្ជារបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រោយរកឃើញថា មន្ត្រីរូបនេះបានកិបកេងថវិការដ្ឋជាង១ ៥០០លានរៀល ស្មើប្រមាណជាង៣៨ម៉ឺនដុល្លារ។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែមករានេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានឱ្យដឹងថា លោក ឡាយ សំណាង បានកិបកេងយកថវិកាគម្រោងជំនួយសង្គមជួយដល់ពលរដ្ឋក្រីក្រ និងជំនួយឧបត្ថម្ភនានាផ្សេងទៀត។
ប្រភពដដែលបញ្ជាក់ថា លោក ឡាយ សំណាង បានចូលបម្រើការងារជាមន្ត្រីរាជការ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០០២ លោកបានកាន់តំណែងជាប្រធានការិយាល័យអភិវឌ្ឍន៍ស្រុកបាភ្នំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ហើយចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧ ជាមន្ត្រីសម្របសម្រួលនៃកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិប្រចាំខេត្តមួយនេះ។
អ្នកនាំពាក្យ ACU បន្តថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ លោក ឡាយ សំណាង ទទួលតំណែងជាមន្ត្រីនៃនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច ហើយបានបន្តកាន់តំណែងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងនេះ ក្នុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ដោយទទួលបានតំណែងបន្ថែមជាភ្នាក់ងារជាអ្នកទទួល និងបើកថវិកាពីធនាគារជាតិយកទៅទុកនៅបេឡារបស់ក្រសួង និងបញ្ចូនថវិកានោះទៅតាមគោលដៅនានារហូតដល់បច្ចុប្បន្ននេះ។
អ្នកនាំពាក្យ ACU បន្តទៀតថា តាំងពីលោក ឡាយ សំណាង មានសិទ្ធិអំណាចក្នុងអាណត្តិបើកប្រាក់ពីរតនាគារជាតិ ដើម្បីបន្តបញ្ជូនប្រាក់ទៅតាមគោលដៅដែលក្រសួងបានសម្រេចនោះ គឺ ACU បានរកឃើញថា បុគ្គលរូបនេះបានកិបកេងយកប្រាក់គម្រោងចំនួន១១គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាង ១ ៥០០លានរៀល ឬស្មើនឹង ៣៨៧ ០០០ដុល្លារអាមេរិក តាំងពីឆ្នាំ២០១៩។
អ្នកនាំពាក្យបន្ថែមថា ក្នុងឆ្នាំ២០១៩ ACU បានរកឃើញករណីកិបកេងប្រាក់ចំនួន៤គម្រោង ក្នុងនោះ លោក ឡាយ សំណាង បានកិបកេងយកថវិការបបគោលនយោបាយជនពិការក្រីក្រនៅតាមសហគមន៍ចំនួន២ ០៦៣នាក់ ក្នុងខេត្តស្វាយរៀង ដែលមានចំនួនជាង៤៣៥លានរៀល, ថវិកាសម្រាប់ការប្រកួតកីឡាស្បៃស្បាល់អូឡាំពិកកម្ពុជា ចំនួន៩៥លានរៀល, ថវិកាឧបត្ថម្ភជូនអត្តពលិកជ័យលាភី និងប្រតិភូកីឡាស្ប៉ាស្យាល់អូឡាំពិកកម្ពុជា ចំនួន១០៦លានរៀល និងប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួន១ ៨៤៨នាក់ នៅខេត្តតាកែវ សៀមរាប និងឧត្តរមានជ័យ ដែលមានទឹកប្រាក់ជាង៣១៧លានរៀល។
អ្នកនាំពាក្យបន្តថា នៅឆ្នាំ២០២០ លោក ឡាយ សំណាង បន្តស៊ីដាច់ថវិកាសរុប៧គម្រោងទៀត ដោយក្នុងនោះមានថវិកាសម្រាប់ទូទាត់សោហ៊ុយបេសកកម្មក្នុងប្រទេសឆ្នាំ២០១៩ ចំនួន១៦៤លានរៀល, ថវិកាសម្រាប់ឧបត្ថម្ភដល់មន្ត្រីទទួលមរណភាពចំនួន១នាក់នៅឆ្នាំ២០១៩ ចំនួនជាង៧៤លានរៀល និងថវិកាសម្រាប់ឧបត្ថម្ភរបបគោលនយោបាយដល់កុមារកំព្រាចំនួន១នាក់ ដែលត្រូវធ្វើសមាហរណកម្មចំនួនជាង១លានរៀល។
លើសពីនេះ លោក ឡាយ សំណាង បានកិបកេងថវិកាសម្រាប់ពិធីបុណ្យសពកុមារចំនួន១រូប ចំនួន៥៤ម៉ឺនរៀល, ថវិការបបមជ្ឈមណ្ឌលជាតិព្យាបាលនៅត្រីមាសទី២ ចំនួនជាង១៧៦លានរៀល, ថវិការបបមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹម និងកងរាជអាវុធហត្ថខេត្តបាត់ដំបង សម្រាប់ត្រីមាសទី២ ចំនួនជាង១៦៦លានរៀល និងថវិការបបជូនបុរីទារក និងកុមារជាតិ ត្រីមាសទី៣ ចំនួនជាង៧៧លានរៀលទៀត។
បើតាមអ្នកនាំពាក្យ គឺលោក ឡាយ សំណាង មិនបានប្រគល់ប្រាក់ឱ្យទៅបេឡារបស់ក្រសួងសង្គមកិច្ចរក្សាទុកវិញឡើយ ក្រោយពេលខាងបេឡាករសួរនាំអំពីថវិកាដែលបានបើក ដោយបុគ្គលរូបនេះបានឆ្លើយដោះសាររហូត។
ACU ឱ្យដឹងថា ក្រសួងសង្គមកិច្ច បានរកឃើញភស្តុតាងថា លោក ឡាយ សំណាង បានកិបកេងថវិការដ្ឋចំនួន៧គម្រោងដែលមានទំហំទឹកប្រាក់ជាង ២៦ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ហើយបុគ្គលរូបនេះបានសារភាពថា ខ្លួនពិតជាប្រព្រឹត្តអំពើល្មើសនឹងច្បាប់ពិតមែន ហើយក្រសួងបានតម្រូវឱ្យលោក ឡាយ សំណាង ធ្វើកិច្ចសន្យានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និងពិន័យរដ្ឋបាល ដោយតម្រូវឱ្យសងសំណងថវិកាជាង២៦ម៉ឺនដុល្លារនោះមកឱ្យក្រសួងវិញផងដែរ។
ពាក់ព័ន្ធរឿងនេះ ក្រសួងសង្គមកិច្ច បានប្តឹងលោក ឡាយ សំណាង ពាក់ព័ន្ធការកិបកេងថវិការបស់ក្រសួងចំនួន៧គម្រោងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនៃពាក្យប្ដឹងនោះមក ACU ដើម្បីជាសមត្ថកិច្ច។
ACU ឱ្យដឹងទៀតថា ក្រោយទទួលបានបណ្តឹង និងសំណុំរឿងនេះ អង្គភាពមួយនេះបានស៊ើបអង្កេតស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល១៣ខែ ក្នុងការប្រមូលភស្តុតាង និងស្តាប់ចម្លើយសាក្សី ហើយបានរកឃើញថា លោក ឡាយ សំណាង ពិតជាបានប្រព្រឹត្តដូចនឹងការចោទប្រកាន់របស់ក្រសួងសង្គមកិច្ចពិតមែន។
បន្ថែមពីនេះ ACU បានរកឃើញអំពើកិបកេងយកផលប្រយោជន៍ដោយខុសច្បាប់របស់លោក ឡាយ សំណាង លើគម្រោងចំនួន៤ទៀត ដែលទឹកប្រាក់សរុបចំនួនជាង១២ម៉ឺនដុល្លារ ហើយ ACU បានរកឃើញបទល្មើសមួយទៀតដែលប្រព្រឹត្តដោយ ឡាយ សំណាង គឺបទល្មើសលាងសម្អាតប្រាក់។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានទេ នៅថ្ងៃនេះ។
កាលពីខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ចប់មុខតំណែងមន្ត្រីម្នាក់នៅក្រសួងនេះ ដែលមានតួនាទីថ្នាក់អនុរដ្ឋលេខាធិការ ក្រោយពីរកឃើញថា មន្ត្រីរូបនោះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយដើរសន្យាលក់ក្របខណ្ឌនគរបាលជាតិ ក្នុងតម្លៃចន្លោះពី១ម៉ឺន ទៅ២ម៉ឺនដុល្លារ។ លោកក៏បានទម្លាយដែរថា អំពើពុករលួយប្រភេទនេះកំពុងកើតមាននៅក្រសួងផ្សេងទៀត តែលោកសុំមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងនោះឡើយ។
បើតាមសន្ទស្សន៍យល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជានៅតែជាប្រទេសមានកម្រិតពុករលួយអាក្រក់ជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០នៃសមាជិកអាស៊ាន។
ច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ ចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។
ចំណែកច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕