សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការគាំទ្រដល់រុស្ស៊ី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ (REUTERS/Johanna Geron)

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំង​ឡាយ​លើ​ប្រទេស​បេឡារុស ស្របពេលដែលខ្លួនបន្ត​ដាក់សម្ពាធ​លើ​ប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេស​ទាំង​ឡាយ​ណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ ប្រធាន​គណៈកម្មការអឺរ៉ុបបានលើកឡើង​ថា៖ «យើងនឹងបន្តរក្សាការដាក់សម្ពាធលើវិមានក្រឹមឡាំង ជាមួយនឹងកញ្ចប់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរទាំងឡាយ ខណៈយើងក៏នឹងពង្រីកការដាក់ទណ្ឌកម្មទាំងនេះចំពោះអ្នកដែលគាំទ្រផ្នែកយោធាដល់សង្គ្រាមរបស់រុស្ស៊ី ដែលមានដូចជា បេឡារុស ឬ អ៊ីរ៉ង់ ជាដើម»។

ជាមួយគ្នានេះ លោកស្រីបន្ថែមថា៖ «​យើង [សហភាពអឺរ៉ុប] ​នឹង​រៀបចំការដាក់ទណ្ឌកម្ម​ថ្មីទាំងឡាយ​ប្រឆាំង​នឹងប្រទេស​បេឡារុស​ ជាការ​ឆ្លើយ​តប​នឹង​ការពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន»។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ណាមួយ​ថាតើទណ្ឌកម្ម​ថ្មីដែលដាក់លើប្រទេស​បេឡារុសនេះ នឹងផ្ដោតលើវិស័យអ្វីខ្លះនោះទេ។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅលើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាលពីខែកុម្ភៈ ឆ្នាំមុន ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ដែលត្រូវបានគេស្គាល់ថាជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ប្រធានា​ធិប​តីរុស្ស៊ី កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអះអាងថា ប្រទេសរបស់លោក គឺនឹ​ង​ឈរ​ជាមួយ​រុស្ស៊ីជានិរន្តរ៍​ក្នុង​សង្គ្រាម​តទល់នឹ​ង​ប្រទេស​អ៊ុយ​ក្រែន ដោយខ្លួនក៏បានប្រកាសអនុញ្ញាតឱ្យទាហានរុស្ស៊ីប្រើប្រាស់ទឹកដីនៃប្រទេសរបស់ខ្លួន ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយ​ក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ